27 C
Phnom Penh

អ្នក​មាន​ជម្លោះ​ដីធ្លី​៣​ខេត្ត​ស្វែងរក​អន្តរាគមន៍​ពី​លោក ហ៊ុន សែន និង​ក្រសួង​ពាក់ព័ន្ធ​ជា​ថ្មី​ទៀត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋ​រងគ្រោះ​ដីធ្លី​មកពី​ខេត្ត​កោះកុង ខេត្ត​កំពង់ស្ពឺ និង​សៀមរាប ឡើង​មក​រក​កិច្ច​អន្តរាគមន៍​ពី​លោក ហ៊ុន សែន និង​ក្រសួង​ពាក់ព័ន្ធ​ជា​ថ្មី​ទៀត ដើម្បី​ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​វិវាទ​ដីធ្លី​របស់​ពួកគេ បន្ទាប់ពី​វិវាទ​នេះ​អូស​បន្លាយ​ជាង ១០​ឆ្នាំ​ហើយ ប៉ុន្តែ​មិន​មាន​ដំណោះស្រាយ។

ប្រជាពលរដ្ឋ​រងគ្រោះ​ដីធ្លី​ក្នុង​ខេត្ត​កោះកុង ប្រមាណ​ជាង ៥០០​នាក់ កាលពី​ថ្ងៃ​ពុធ បាន​នាំគ្នា​ឡើង​មក​ភ្នំពេញ​ជា​ថ្មី​ទៀត ដើម្បី​ដាក់​ញត្តិ​នៅ​ក្រសួង​មហាផ្ទៃ ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី ក្រសួង​ដែនដី ជា​ថ្មី​ទៀត។

តំណាង​ពលរដ្ឋ​លោក ឈឹម សាផាន បាន​លើកឡើង​ថា ដីធ្លី​របស់​ពួកគាត់​ត្រូវ​ក្រុមហ៊ុន «កោះកុង​ស៊ូហ្គើ» និង «កោះកុង​ផ្លេនថេសិន» របស់​ឧកញ៉ា លី យ៉ុងផាត់ សមាជិក​ព្រឹទ្ធសភា​ឈូស​ឆាយ និង​រំលោភ​យក​របស់​ពួកគាត់​អស់​តាំងពី​ឆ្នាំ​២០០៦ មក​ម្ល៉េះ។

ក្រៅពី​បាត់បង់​នោះ តំណាង​ពលរដ្ឋ​ជិត ២០​នាក់​ជាប់​បណ្តឹង​នៅ​តុលាការ​ពាក់ព័ន្ធ​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ នេះ ក្រោម​បទ​ចោទ​ដូច​គ្នា គឺ «បង្ក​ចលាចល និង​ធ្វើ​ឲ្យ​ខូច​សណ្ដាប់ធ្នាប់​សាធារណៈ អំពើ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​អំពើ​ប៉ះពាល់​កម្មសិទ្ធិ​នៃ​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ»។

ចំណែក​ពលរដ្ឋ​ម្នាក់​ទៀត​នៅ​ភូមិ​ជីខលើ ស្រុក​ស្រែអំបិល ដែល​កំពុង​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ឧកញ៉ា ហេង ហ៊ុយ និយាយ​ថា ពួកគាត់​ឡើង​មករ​កិច្ច​អន្តរាគមន៍​នេះ​ដោយសារ​បច្ចុប្បន្ន ពួកគាត់​គ្មាន​ដី​សម្រាប់​អាស្រ័យ​ដើម្បី​ចិញ្ចឹម​ជីវិត​ឡើយ។ លោកស្រី​បញ្ជាក់​ថា ទោះបីជា​ជម្លោះ​ដីធ្លី​នេះ​កើតឡើង​តាំងពី​ឆ្នាំ​២០០៧ មក​ក្ដី ប៉ុន្តែ​មក​ដល់​ពេលនេះ​នៅ​មិនទាន់​ទទួល​បាន​ដំណោះស្រាយ​ទេ។

ពលរដ្ឋ​ដែល​ឡើង​មក​ភ្នំពេញ​ដើម្បី​ស្វែងរក​កិច្ច​អន្តរាគមន៍​ដោះស្រាយ​វិវាទ​ដីធ្លី​នេះ មិនមែន​មាន​តែ​ខេត្ត​កោះកុង នោះ​ទេ។ នៅ​ថ្ងៃ​ពុធ​នេះ​ដែរ​ក៏​មាន​ប្រជាពលរដ្ឋ​សហគមន៍​ស្រែពស់ នៅ​ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ និង​ខេត្ត​សៀមរាប ដែរ។

យ៉ាងណាក៏ដោយ ក្រុម​សន្តិសុខ​ទាំង​ស្លៀកពាក់​ឯកសណ្ឋាន និង​ស៊ីវិល បាន​ហាមឃាត់​មិន​ឲ្យ​ប្រជាពលរដ្ឋ​រងគ្រោះ​ដីធ្លី​លើក​បដា ក្រោម​ហេតុផល​ថា ប៉ះពាល់​សណ្ដាប់ធ្នាប់​សាធារណៈ។

ការ​តស៊ូ​របស់​ក្រុម​ប្រជាពលរដ្ឋ​ឡើង​មក​ដាក់​ញត្តិ​ម្ដង​ហើយ​ម្ដង​ទៀត​បន្ទាប់ពី​ដីធ្លី​របស់​ពួកគេ​ត្រូវ​ឧកញ៉ា លី យ៉ុងផាត់ សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស​ប្រជាជន​កម្ពុជា និង​ឧកញ៉ា ហេង ហ៊ុយ បាន​រំលោភ​យក​តាំងពី​អំឡុង​ឆ្នាំ​២០០៦ និង​ឆ្នាំ​២០០៧ ប៉ុន្តែ​រយៈពេល​ជាង ១០​ឆ្នាំ រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន មិនទាន់​បាន​ដោះស្រាយ​នៅឡើយ។

បើ​តាម​របាយការណ៍​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០២២ បាន​រក​ឃើញ​ថា ក្នុង​ឆ្នាំ​២០២១ ប្រជាពលរដ្ឋ​ចំនួន​ជិត ២​ម៉ឺន​គ្រួសារ (១៧០៣៣​គ្រួសារ) បាន​រង​ផល​ប៉ះពាល់​ដោយសារ​វិវាទ​ដីធ្លី ដែល​មាន​ទំហំ​ជាង ៥០០០០​ហិកតារ (៥២៦០១,៨៧​ហិកតារ)។

អាដហុក ឲ្យ​ដឹង​ទៀត​ថា មាន​ពលរដ្ឋ​រងគ្រោះ​ដីធ្លី ១៥៧​នាក់​កំពុង​ជាប់​បណ្ដឹង​អាជ្ញា និង​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​ពី​តុលាការ ខណៈ​ជនរងគ្រោះ ១៧​នាក់​ទៀត​កំពុង​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​ក្នុង​ពន្ធនាគារ​ដោយសារ​ការ​តវ៉ា​ទាមទារ​ដីធ្លី​របស់​ខ្លួន៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស