ក្រុមប្រឹក្សាធម្មនុញ្ញអះអាងថា មេដឹកនាំបក្សកាន់អំណាចដែលវៀតណាមលើកបន្តុប និងកំពុងក្រាញអំណាចជានាយករដ្ឋមន្ត្រីបន្តវង្សត្រកូល លោក ហ៊ុន សែន គឺជាអ្នកការពាររដ្ឋធម្មនុញ្ញ និងជាអ្នកលើកកម្ពស់នីតិរដ្ឋពិតប្រាកដរបស់ប្រទេសកម្ពុជា។
អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ លោក ព្រហ្ម វិចិត្រអក្ខរា បានសរសេរលើគណនីហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ នេះថា ព្រឹត្តិការណ៍ផ្ទុះអាវុធក្នុងឆ្នាំ១៩៩៧ និងព្រឹត្តិការណ៍បាតុកម្មក្នុងឆ្នាំ២០១៣ រួមទាំងសកម្មភាពជ្រុលនិយមរបស់គណបក្សនយោបាយមួយចំនួននាពេលថ្មីៗនេះ សុទ្ធតែរុញឱ្យប្រទេសកម្ពុជាស្ថិតនៅលើមាត់ជ្រោះនៃសោកនាដកម្មសង្គមជាតិទាំងអស់។
អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញរូបនេះលើកឡើងថា ក្រុមមនុស្សមួយក្តាប់តូចបានអះអាងថា ខ្លួនជាអ្នកប្រជាធិបតេយ្យដោយប្រើប្រាស់សិទ្ធិហួសព្រំដែនកំណត់ក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ដែលបង្កឱ្យមានភាពភ័យខ្លាច ដោយការបញ្ឆេះកំហឹងវណ្ណៈ ញុះញង់ឱ្យមានអំពើហិង្សាសង្គម ញុះញង់ឱ្យស្អប់ខ្ពើមអ្នកមានទ្រព្យសម្បត្តិ និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ដែលទង្វើទាំងនេះបានបំផ្លាញសេចក្តីសុខ និងសន្តិភាពរបស់ប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ។
ប្រភពដដែលបញ្ជាក់ថា ចេតនារបស់ពួកគេគឺមានផែនការផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់ប្រទេសកម្ពុជា តាមរយៈនៃការសុំឱ្យបរទេសដាក់ទណ្ឌកម្មលើប្រជាពលរដ្ឋខ្មែរ និងឈានទៅបំផ្លាញប្រទេសជាតិ ដូចជាករណីប្រទេសស៊ីរី ប្រទេសលីប៊ី ប្រទេសយៀមែន និងប្រទេសអ៊ីរ៉ាក់ ជាដើម ដើម្បីតែមហិច្ឆតាអំណាចនៃក្រុមបក្សពួករបស់ពួកគេតែប៉ុណ្ណោះ។
អ្នកវិភាគឯករាជ្យ និងជាប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៣០ មីនា នេះថា កម្ពុជាក្រោមការដឹកនាំរបស់លោក ហ៊ុន សែន ដែលពោរពេញដោយការរំលោភច្បាប់ រំលោភរដ្ឋធម្មនុញ្ញ រំលោភកិច្ចព្រមព្រៀងអន្តរជាតិឆ្នាំ១៩៩១ រំលោភសិទ្ធិមនុស្ស ជាន់ឈ្លីលទ្ធិប្រជាធិបតេយ្យសព្វថ្ងៃនេះ មិនអាចចាត់ទុកថាជាអ្នកការពាររដ្ឋធម្មនុញ្ញទេ ប៉ុន្តែអាចចាត់ទុកជាអ្នកបំផ្លាញរដ្ឋធម្មនុញ្ញវិញទើបត្រឹមត្រូវ។
លោក គឹម សុខ លើកឡើងថា ការបំផ្ទុះព្រឹត្តិការណ៍រដ្ឋប្រហារបង្ហូរឈាមឆ្នាំ១៩៩៧ មិនមែនលោក ហ៊ុន សែន ការពារប្រទេសកម្ពុជា ឬការពាររដ្ឋធម្មនុញ្ញនោះទេ គឺគាត់បំផ្លាញប្រទេសកម្ពុជា និងបំផ្លាញរដ្ឋធម្មនុញ្ញ ដើម្បីតែអំណាចរបស់គាត់ប៉ុណ្ណោះ។
លោកបន្ថែមថា ដើម្បីតែការពារអំណាចរបស់ខ្លួន លោក ហ៊ុន សែន បានជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មសង្គ្រាមយ៉ាងខ្លាំង ដោយសារតែគាត់ត្រូវទទួលខុសត្រូវលើការសម្លាប់កងទ័ពរាជានិយមដែលបានសារភាពចុះចាញ់នៅពេលនោះ។
ជាងនេះទៀត រដ្ឋាភិបាលរបស់គាត់ក៏បង្កើតឱ្យមានអំពើពុករលួយពេញប្រទេស និងបង្កើតឱ្យមានឃាតកម្មក្រៅប្រព័ន្ធច្បាប់យ៉ាងធ្ងន់ធ្ងរថែមទៀត ដែលឃាតកម្មទាំងនោះបានជាប់ពាក់ព័ន្ធនឹងក្រុមគ្រួសារលោក ហ៊ុន សែន និងលោក ហ៊ុន សែន ខ្លួនឯងយ៉ាងខ្លាំង ដែលទង្វើទាំងនោះអាចចាត់ទុកបានថាមេដឹកនាំខ្មែររូបនេះកំពុងជាប់ពាក់ព័ន្ធយ៉ាងខ្លាំងនឹងឧក្រិដ្ឋកម្មភេរវកម្មរដ្ឋសព្វថ្ងៃនេះ។
អ្នកវិភាគឯករាជ្យរូបនេះបញ្ជាក់ថា ក្នុងនាមជាមន្ត្រីជាន់ខ្ពស់នៃស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញ មិនគួរលើកឡើងពីទស្សនៈការពារបុគ្គលណាមួយបែបនេះទេ ព្រោះថារឿងដែលរំលោភច្បាប់ដែលខុសនឹងតួនាទីរបស់ខ្លួនដែលត្រូវបកស្រាយបំភ្លឺខ្លឹមសារច្បាប់ដោយឯករាជ្យ មិនមែនចេញមកបកស្រាយការពារអ្នកនយោបាយណាមួយនោះឡើយ។
កម្ពុជាក្រោមការដឹកនាំរបស់លោក ហ៊ុន សែន ជាង ៤០ឆ្នាំមកនេះ ត្រូវគេមើលឃើញថា បានរុញឱ្យប្រទេសក្រីក្រមួយនេះធ្លាក់ទៅក្នុងចំណោមប្រទេសដែលមានចំណាត់ថ្នាក់ទាបជុំវិញការអនុវត្តនូវរបបប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សសព្វថ្ងៃនេះ។
ជាក់ស្តែង អង្គការគម្រោងយុត្តិធម៌ពិភពលោក (The World Justice Project) បានរកឃើញថា កម្ពុជាបានជាប់ចំណាត់ថ្នាក់លេខទី១៣៩ ក្នុងចំណោមប្រទេស១៤០ ដោយសារតែការដឹកនាំដោយការរំលោភច្បាប់ គ្មានតម្លាភាព មានការគំរាមកំហែងសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋ និងការមិនធានាបាននូវប្រព័ន្ធយុត្តិធម៌របស់ខ្លួន ជាដើម៕