28 C
Phnom Penh

អាមេរិក​ធ្វើ​យុទ្ធនាការ​ឱ្យ​ដោះលែង​អ្នកទោស​នយោបាយ​២១​រូប​ជុំវិញ​ពិភពលោក​រួម​ទាំង​លោក កឹម សុខា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហរដ្ឋ​អាមេរិក​ប្រកាស​ចាប់ផ្តើម​ធ្វើ​យុទ្ធនាការ​អ្នកទោស​នយោបាយ​ដោយ​គ្មាន​ហេតុផល (Without Just Cause Political Prisoners Campaign) ដើម្បី​ទាមទារ​ឱ្យ​មាន​ការ​ដោះលែង​អ្នកទោស​នយោបាយ​សំខាន់ៗ​ចំនួន ២១​រូប​នៅ​ជុំវិញ​ពិភពលោក​ដោយ​គ្មាន​លក្ខខណ្ឌ ដែល​ក្នុង​នោះ​មាន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ផង​ដែរ។

សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ពី​យុទ្ធនាការ​អ្នកទោស​នយោបាយ​ដោយ​គ្មាន​ហេតុផល (Without Just Cause Political Prisoners Campaign) កាលពី​ថ្ងៃទី​២៧ ខែ​មីនា ឆ្នាំ​២០២៣ នេះ​ថា សហរដ្ឋ​អាមេរិក​ថ្កោល​យ៉ាង​ខ្លាំង​ចំពោះ​ការ​កាត់ទោស​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ក្រោម​ហេតុផល​នយោបាយ​ពី​បទ​ក្បត់​ជាតិ ដែល​តម្រូវ​ឱ្យ​ដាក់​គុក​នៅ​ក្នុង​ផ្ទះ​រយៈពេល ២៧​ឆ្នាំ​កាលពី​ថ្ងៃទី​៣ ខែ​មីនា ឆ្នាំ​២០២៣ នេះ។

សហរដ្ឋ​អាមេរិក​លើកឡើង​ថា ការ​ផ្ដន្ទាទោស​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា គឺជា​ផ្នែក​មួយ​នៃ​ការ​គំរាមកំហែង និង​ការ​យាយី​ពី​សំណាក់​អាជ្ញាធរ​កម្ពុជា​ចំពោះ​អ្នក​នយោបាយ​បក្ស​ប្រឆាំង ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការងារ​ដោយ​ឯករាជ្យ​ក្នុង​ការ​អនុវត្ត​សេរីភាព​ជា​មូលដ្ឋាន​ជុំវិញ​ការ​បញ្ចេញមតិ និង​ការ​បង្កើត​សមាគម ជាដើម។

សហរដ្ឋ​អាមេរិក​បញ្ជាក់​ថា ចាប់តាំង​ពី​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ឆ្នាំ​២០១៧ មក លោក កឹម សុខា បាន​ក្លាយ​ជា​កម្មវត្ថុ​នៃ​ការ​ឃុំ​ខ្លួន​តាម​អំពើ​ចិត្ត និង​ហាមឃាត់​មិន​ឲ្យ​ចូលរួម​ក្នុង​សកម្មភាព​នយោបាយ​ថែម​ទៀត ក្នុង​នោះ​សហរដ្ឋ​អាមេរិក​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ជាបន្ទាន់ និង​ដោយ​គ្មាន​លក្ខខណ្ឌ។

ការ​ប្រកាស​យុទ្ធនាការ​អ្នកទោស​នយោបាយ​ដោយ​គ្មាន​ហេតុផល​នេះ ធ្វើឡើង​បន្ទាប់ពី​អ្នក​នយោបាយ​ប្រឆាំង​ធ្វើ​សកម្មភាព​តស៊ូ​ដើម្បី​សិទ្ធិ​សេរីភាព ត្រូវ​រដ្ឋាភិបាល​ចាប់​ឃុំ​ក្រោម​ហេតុផល​នយោបាយ​ជា​បន្តបន្ទាប់ ក្នុង​នោះ​ក៏​មាន​អ្នក​នយោបាយ​ប្រឆាំង​ដ៏​លេចធ្លោ​នៅ​កម្ពុជា​មួយ​រូប​ដែរ នោះ​គឺ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា។

យុទ្ធនាការ​អ្នកទោស​នយោបាយ​ដោយ​គ្មាន​ហេតុផល (Without Just Cause Political Prisoners Campaign) ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​អំឡុង​ពេល​កិច្ចប្រជុំ​កំពូល​លើកដំបូង​សម្រាប់​លទ្ធិប្រជាធិបតេយ្យ​ដែល​រៀបចំ​ដោយ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន (Joe Biden) នៅ​ចុង​ឆ្នាំ​២០២១ ហើយ​យុទ្ធនាការ​នេះ​គ្រោង​នឹង​ធ្វើ​ឡើង​ក្នុង​អំឡុង​ពេល​កិច្ចប្រជុំ​កំពូល​លើក​ទី​ពីរ​នៅ​ទីក្រុង​វ៉ាស៊ីនតោន ក្នុង​សប្តាហ៍​នេះ។

កាលពី​ថ្ងៃទី​៣ ខែ​មីនា ឆ្នាំ​២០២៣ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ប្រកាស​សាលក្រម​សម្រេច​ផ្ដន្ទាទោស​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ២៧​ឆ្នាំ ដោយ​ឃុំ​ខ្លួន​នៅ​ក្នុង​ផ្ទះ និង​មិន​អនុញ្ញាត​ឱ្យ​ជួប​ជាមួយ​អ្នកដទៃ​ក្រៅពី​សាច់ញាតិ​ឡើយ ព្រមទាំង​ត្រូវ​ដកហូត​សិទ្ធិ​មិន​ឲ្យ​ធ្វើ​នយោបាយ​អស់​មួយ​ជីវិត​ថែម​ទៀត។

ទាក់ទិន​នឹង​បញ្ហា​នេះ រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោក អែនតូនី ប្លីងខិន (Antony Blinken) បាន​លើកឡើង​កាលពី​ពេល​កន្លងទៅ​ថា នៅ​ពេល​ដែល​ប្រទេស​នានា​ឃុំឃាំង​អ្នកទោស​នយោបាយ ពួកគេ​បាន​បង្កើត​ឱ្យ​មាន​បរិយាកាស​នៃ​ការ​ភ័យខ្លាច ការ​រំលោភ​បំពាន​ដែល​ជា​ទម្រង់​នៃ​ការ​គាបសង្កត់ ការ​បង្ក្រាប​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​សិទ្ធិមនុស្ស ជាដើម។

លោក អែនតូនី ប្លីងខិន (Antony Blinken) លើកឡើង​ថា បុគ្គល​ទាំងនេះ​ភាគច្រើន​គឺជា​ក្តី​សង្ឃឹម​ដ៏​ល្អ​បំផុត និង​ភ្លឺ​បំផុត​របស់​ប្រទេស​ពួកគេ​សម្រាប់​អនាគត​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស ហើយ​ការ​ចាប់​អ្នក​នយោបាយ​ដាក់​គុក គឺជា​ការ​បំផ្លាញ​ក្តី​សង្ឃឹម​ប្រជាធិបតេយ្យ​យ៉ាង​ធ្ងន់ធ្ងរ ហើយ​នេះ​ក៏​ជា​មូលហេតុ​ដែល​ប្រទេស​ទាំងអស់​ត្រូវតែ​ឈរ​យ៉ាង​ម៉ឺងម៉ាត់​ប្រឆាំង​នឹង​ការ​ឃុំ​ខ្លួន​អ្នកទោស​នយោបាយ មិន​ថា​ពួកគេ​ត្រូវ​បាន​គេ​ឃុំឃាំង​នៅ​ទីណា​នោះ​ទេ ដើម្បី​ធ្វើការ​រួម​គ្នា​ឱ្យ​មាន​ការ​ដោះលែង​អ្នក​ទាំងនោះ។

ទិន្នន័យ​សង្គម​ស៊ីវិល​បាន​លាតត្រដាង​កាលពី​ពេល​ថ្មីៗ​នេះ​ថា គិត​ត្រឹម​ចុង​ឆ្នាំ​២០២២ កន្លងទៅ​នេះ អ្នកទោស​មនសិការ​ដែល​ត្រូវ​រដ្ឋាភិបាល​កម្ពុជា​ឃុំ​ខ្លួន​មាន​រាប់​រយ​នាក់ ក្នុង​នោះ​ក៏​មាន​អ្នកទោស​ដែល​ជា​សកម្មជន​នយោបាយ សកម្មជន​សិទ្ធិមនុស្ស សកម្មជន​ដីធ្លី សហជីព និង​អ្នក​សារព័ត៌មាន​ផង​ដែរ ដែល​អ្នក​ខ្លះ​ត្រូវ​ជាប់​ពន្ធនាគារ​ជាង ១​ឆ្នាំ និង​ខ្លះ​ទៀត​ត្រូវ​ជាប់​ឃុំ​ដល់​រហូត ១៥​ឆ្នាំ​ក៏​មាន ដោយឡែក​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខ ត្រូវ​តុលាការ​កាត់ទោស​ឱ្យ​ជាក់​គុក ២៧​ឆ្នាំ​ដែល​មាន​រយៈពេល​យូរ​ជាងគេ​បំផុត៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស