នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ប្រកាសលុបចោលនូវការលក់សំបុត្រសម្រាប់អ្នកចូលទស្សនាព្រឹត្តិការណ៍ស៊ីហ្គេមខាងមុខ ទាំងខ្មែរ និងបរទេស មិនតម្រូវឲ្យបង់ប្រាក់ឡើយ ព្រមទាំងស្ដីបន្ទោសឱ្យមន្ត្រីក្រោមឱវាទថាជាមន្ត្រីដែលខ្វះការចេះដឹង។
ប្រមុខរាជរដ្ឋាភិបាលខ្មែរ លោក ហ៊ុន សែន បានលើកឡើងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ដ្រីនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ នេះ ដោយប្រកាសលុបចោលនូវការលក់សំបុត្រសម្រាប់អ្នកចូលទស្សនាព្រឹត្តិការណ៍ស៊ីហ្គេមខាងមុខថា ទាំងព្រឹត្តិការណ៍បើកកម្មវិធីនៃការប្រកួតស៊ីហ្គេម និងព្រឹត្តិការណ៍បិទបញ្ចប់ស៊ីហ្គេម គឺមិនមានការបង់ប្រាក់នោះឡើយ។ ក្នុងនោះ លោក ហ៊ុន សែន ក៏បានប្រកាសឲ្យអ្នកដែលបានទិញសំបុត្ររួច នាំគ្នាទៅប្ដូរយកលុយវិញផងដែរ។
មេដឹកនាំកម្ពុជា លោក ហ៊ុន សែន លើកឡើងថា ការផ្សព្វផ្សាយពីការលក់សំបុត្រចូលទស្សនាព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមដែលកម្ពុជានឹងរៀបចំពីសំណាក់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍នេះ គឺជារឿងខុសទំនង ព្រោះថាការប្រកាសលក់សំបុត្រទាំងនោះមិនមានការយល់ព្រមពីរូបលោកដែលជានាយករដ្ឋមន្ត្រីក្នុងនាមជាមេដឹកនាំជាន់ខ្ពស់របស់ប្រទេសកម្ពុជានោះទេ។
មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន បញ្ជាក់ថា រដ្ឋាភិបាលរបស់លោកបានចំណាយលុយអស់រាប់រយលានដុល្លារអាមេរិក រួមទាំងជំនួយរបស់មិត្តចិនថែមទៀតលើមូលដ្ឋានសម្ភារៈបច្ចេកទេសសម្រាប់រៀបចំឱ្យមានការប្រកួតកីឡាស៊ីហ្គេមនេះ ស្របពេលដែលកម្ពុជាក៏បានទន្ទឹងរង់ចាំព្រឹត្តិការណ៍នេះអស់រយៈពេលជាង ៦០ឆ្នាំមកដែរហើយនោះ។
លោក ហ៊ុន សែន គូសបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជានឹងមិនអនុញ្ញាតឱ្យមានការលក់សំបុត្រសម្រាប់អ្នកចូលទស្សនាដាច់ខាត សូម្បីទូរទស្សន៍បរទេសនានាដែលផ្សាយបន្តទៅក្រៅប្រទេសក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមនេះ ក៏មិនតម្រូវឱ្យបង់លុយដែរ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (CAMSOC) បានប្រកាសលក់សំបុត្រសម្រាប់ពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជាកាលពីពេលថ្មីៗនេះ។
កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (CAMSOC) បានប្រកាសលក់សំបុត្រសម្រាប់អ្នកចូលទស្សនាពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ នៅដើមខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះក្នុងតម្លៃ ១០ម៉ឺនរៀល និង ២០ម៉ឺនរៀលក្នុងម្នាក់ៗ។
ក្រោយការស្ដីបន្ទោសរបស់លោក ហ៊ុន សែន គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ នេះ បានចេញសេចក្តីជូនដំណឹងដោយអនុញ្ញាតឲ្យប្រជាពលរដ្ឋទូទៅចូលទស្សនាការប្រកួត និងផ្តល់សិទ្ធិផ្សព្វផ្សាយដល់ទូរទស្សន៍បរទេសនានាដែលផ្សាយបន្តទៅក្រៅប្រទេសក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមនេះ ដោយមិនមានការបង់ប្រាក់ឡើយ។
កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានប្រកាសស្វាគមន៍ការរាប់ថយក្រោយ ១០០ថ្ងៃនៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាទទួលរៀបចំសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣ នេះ។
ព្រឹត្តិការណ៍ស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងចាប់ផ្ដើមនៅថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ ខណៈអាស៊ានប៉ារ៉ាហ្គេមនឹងត្រូវចាប់ផ្ដើមពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះផងដែរ៕