35 C
Phnom Penh

ICJ ស្នើ​ហ្វេសប៊ុក​ពិនិត្យ​ករណី​លោក ហ៊ុន សែន ប្រើ​សម្ដី​ហិង្សា​គំរាម​អ្នក​នយោបាយ​ប្រឆាំង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈកម្មការ​អ្នក​ច្បាប់​អន្តរជាតិ ICJ (International Commission of Jurists) ស្នើ​ឲ្យ​ក្រុមហ៊ុន Facebook ពិនិត្យ​ករណី​លោក ហ៊ុន សែន ប្រើប្រាស់​ពាក្យពេចន៍​ហិង្សា​ដើម្បី​គំរាមកំហែង​ដៃគូ​ប្រកួត​នយោបាយ កាលពី​ខែ​មករា ឆ្នាំ​២០២៣ ដែល​ធ្វើ​ឱ្យ​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ធ្លាក់​ចុះ​ខ្លាំង ខណៈ​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ជិត​មក​ដល់។

បើ​តាម​សេចក្តី​ថ្លែងការណ៍​ចំនួន ៥​សន្លឹក​របស់​គណៈកម្មការ​អ្នក​ច្បាប់​អន្តរជាតិ ICJ ដែល​បាន​ស្នើ​ទៅ​ក្រុមហ៊ុន Facebook ចេញផ្សាយ​កាលពី​ចុង​ខែ​មីនា ឆ្នាំ​២០២៣ នេះ បាន​ស្នើ​ឲ្យ​មាន​ការ​វាយតម្លៃ និង​ត្រួតពិនិត្យ​នេះ ដោយសារតែ​លោក ហ៊ុន សែន បាន​យក​ប្រព័ន្ធ​ផ្សព្វផ្សាយ​បណ្ដាញ​សង្គម​ហ្វេសប៊ុក «ញុះញង់» តាមរយៈ​ការ​ប្រើប្រាស់​ពាក្យពេចន៍​ហិង្សា ដែល​ធ្វើ​ឱ្យ​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ធ្លាក់​ចុះ​ខ្លាំង ខណៈ​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ជិត​មក​ដល់។

អង្គការ​ក្រៅ​រដ្ឋាភិបាល​តស៊ូ​មតិ​លើ​ផ្នែក​សិទ្ធិមនុស្ស និង​យុត្តិធម៌ ហៅ​កាត់​ថា ICJ បញ្ជាក់​ថា នៅ​មុន​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​នា​ខែ​កក្កដា នេះ លោក ហ៊ុន សែន និង​ក្រុម​អាជ្ញាធរ ក៏​បាន​ធ្វើ​សកម្មភាព​យ៉ាង​សកម្ម​ដើម្បី​បំបិទ​សំឡេង​អ្នក​ប្រឆាំង​តាមរយៈ​ការ​ថ្លែង​សារ​គំរាម និង​ព្រមាន​ចាប់​ខ្លួន​ចំពោះ​អ្នក​ដែល​ហ៊ាន​និយាយ​រិះគន់​គ្រួសារ​ត្រកូល​ហ៊ុន និង​គណបក្ស​ប្រជាជន​កម្ពុជា។

បើ​តាម ICJ លើកឡើង​ថា ការ​ស្នើ​ឲ្យ​ក្រុមហ៊ុន Facebook ពិនិត្យ​ពាក្យពេចន៍​លោក ហ៊ុន សែន នេះ គឺ​ធ្វើឡើង​ដើម្បី​ឲ្យ​ស្រប​ទៅ​តាម​ច្បាប់ និង​ស្តង់ដារ​សិទ្ធិមនុស្ស​អន្តរជាតិ ពិសេស​ឲ្យ​អនុលោម​ទៅ​តាម​គោលការណ៍​នៃ​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ (ICCPR) ក៏ដូចជា​គោលការណ៍​ណែនាំ​របស់​អង្គការ​សហប្រជាជាតិ​ស្ដីពី​ធុរកិច្ច និង​សិទ្ធិមនុស្ស។

ការ​ស្នើ​របស់ ICJ ទៅ​កាន់​ក្រុមហ៊ុន​ហ្វេសប៊ុក​នេះ បន្ទាប់ពី​បុរស​ខ្លាំង​កាន់​អំណាច​ជិត ៤០​ឆ្នាំ​នៅ​កម្ពុជា លោក ហ៊ុន សែន កាលពី​ថ្ងៃទី​៩ ខែ​មករា ឆ្នាំ​២០២៣ កន្លងទៅ ដោយ​បាន​ព្រមាន​ចាត់​វិធានការ​ច្បាប់ និង​ប្រើប្រាស់​ដំបង​លើ​ថ្នាក់​ដឹកនាំ និង​សកម្មជន​បក្ស​ប្រឆាំង។

ក្រៅពី​ព្រមាន​ប្រើ​ដំបង​ហើយ បុរស​ខ្លាំង​ក្រាញ​អំណាច​នៅ​កម្ពុជា​ក៏​បាន​ប្រកាស​តាម​កម្ទេច​ដោយ​មិន​ឲ្យ​អ្នក​រិះគន់​ចំណុច​ខ្វះខាត​របស់​គណបក្ស​ប្រជាជន​កម្ពុជា រស់នៅ​បាន​សុខ​ឡើយ បើ​មិន​បញ្ឈប់​សកម្មភាព​រិះគន់​លើ​គណបក្ស​ប្រជាជន​កម្ពុជា និង​គ្រួសារ​ត្រកូល​ហ៊ុន​នោះ។ លើស​ពី​នេះ កន្លងមក លោក ហ៊ុន សែន ក៏​បាន​ទទួលស្គាល់​ថា រូបលោក​ជា​មេដឹកនាំ​ហិង្សា​ផង​ដែរ។

ជា​រឿយៗ បុរស​ខ្លាំង​កាន់​អំណាច​ជិត ៤០​ឆ្នាំ​នៅ​កម្ពុជា តែងតែ​យក​វេទិកា​សាធារណៈ​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ដើម្បី​ថ្លែង​សារ​ព្រមាន និង​ប្រើប្រាស់​ពាក្យពេចន៍​អសុរោះ ហិង្សា ក្នុង​គោលដៅ​បំបាក់​ស្មារតី គំរាមកំហែង​ដៃគូ​ប្រកួត ព្រមទាំង​សកម្មជន និង​អ្នក​ការពារ​សិទ្ធិមនុស្ស​ដែល​មាន​មតិ​មិន​ស្រប​ទៅ​បក្ខពួក​របស់​ខ្លួន។

សារ​ព្រមាន​ហិង្សា​របស់​លោក ហ៊ុន សែន នេះ ត្រូវ​អ្នក​ដែល​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​គ្រួសារ​ត្រកូល​ហ៊ុន យក​ទៅ​ប្រើ និង​អនុវត្ត​រហូត​ឈាន​ទៅ​ដល់​ប្រើ​អំពើ​ហិង្សា​លើ​សកម្មជន​គណបក្ស​ប្រឆាំង បន្ទាប់ពី​លោក ហ៊ុន សែន បើក​ដៃ​ឲ្យ​ពួកគេ​ធ្វើ។

ពាក់ព័ន្ធ​នឹង​ការ​ប្រើ​ពាក្យពេចន៍​ហិង្សា​នេះ​ដែរ កាលពី​ឆ្នាំ​២០១៨ លោក ហ៊ុន សែន ក៏​ធ្លាប់​បាន​ព្រមាន​តាម​វាយ​អ្នក​តវ៉ា​ប្រឆាំង​នឹង​រូបលោក​ដល់​ផ្ទះ ប្រសិនបើ​ហ៊ាន​ដុត​រូប​របស់​លោក​អំឡុង​ពេល​តវ៉ា​ណា​មួយ​នោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស