34 C
Phnom Penh

លោក ស ខេង ស្នើ​ទៅ​ចក្រភព​អង់គ្លេស​ជួយ​ទប់ស្កាត់​ការ​ជួញដូរ​មនុស្ស​និង​គ្រឿងញៀន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង លើកឡើង​ថា កម្ពុជា​តែ​ឯង​មិន​អាច​ទប់ស្កាត់​បទល្មើស​ជួញដូរ​មនុស្ស និង​គ្រឿងញៀន​បាន​ទេ ដោយសារ​បញ្ហា​ទាំងនេះ​មាន​ភាព​ស្មុគស្មាញ ដែល​តម្រូវ​ឲ្យ​មាន​កិច្ចសហការ​ពី​សហគមន៍​អន្តរជាតិ រួម​ទាំង​អង់គ្លេស​ផង​ដែរ។

ការ​លើកឡើង​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​នេះ ក្នុង​ជំនួប​ទ្វេភាគី​ជាមួយ​ឯកអគ្គរាជទូត​ចក្រភព​អង់គ្លេស លោក Dominic William កាលពី​ថ្ងៃទី​៥ ខែ​មេសា ឆ្នាំ​២០២៣ នេះ។

ក្នុង​ជំនួប​នោះ លោក ស ខេង បាន​លើកឡើង​ថា ទោះបី​រដ្ឋាភិបាល​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ទៅ​នឹង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​គ្រប់​ប្រភេទ​ដែល​កំពុង​កើតឡើង​នៅ​កម្ពុជា​ក្ដី ប៉ុន្តែ​បទល្មើស​នេះ​នៅ​តែ​មិន​ថយ​ចុះ។

លោក​បញ្ជាក់​ថា បទល្មើស​ឧក្រិដ្ឋកម្ម​ឆ្លងដែន ការ​ជួញដូរ​មនុស្ស និង​ការ​ជួញដូរ​គ្រឿងញៀន​នៅ​កម្ពុជា​បច្ចុប្បន្ន​ជា​បញ្ហា​ស្មុគស្មាញ។ លោក​ថា កម្ពុជា​តែ​ឯង​មិន​អាច​ទប់ស្កាត់​បទល្មើស​ទាំងអស់​នេះ​បាន​ទេ ដោយ​ទាមទារ​ឲ្យ​មាន​កិច្ច​សហប្រតិបត្តិការ​ទាំង​ក្នុង​កម្រិត​តំបន់ និង​សកលលោក ដើម្បី​រួម​សហការ​គ្នា​ធ្វើការ​ស្រាវជ្រាវ​ផ្ដន្ទាទោស​ដល់​អ្នក​ពាក់ព័ន្ធ ក៏ដូចជា​មេខ្លោង​មក​ផ្ដន្ទាទោស។

លោក ស ខេង ស្នើ​ទៅ​ឯកអគ្គរាជទូត​ចក្រភព​អង់គ្លេស លោក Dominic William ឲ្យ​ចែករំលែក​បទពិសោធន៍​ចំពោះ​ការងារ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ដល់​កម្ពុជា ដើម្បី​ជំរុញ​ឲ្យ​ការ​អនុវត្ត​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្លាំងក្លា។ ក្រៅពី​ឲ្យ​ចែករំលែក​ហើយ លោក​ក៏​ស្នើ​ទៅ​អង់គ្លេស​ជួយ​ទប់ស្កាត់​ការ​ជួញដូរ​មនុស្ស និង​គ្រឿងញៀន​ផង​ដែរ។

ស្ថានទូត​ចក្រភព​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន បន្ទាប់ពី​លោក Dominic William ជួប​ជាមួយ​លោក ស ខេង ថា អង់គ្លេស​ចាត់ទុក​ក្រសួង​មហាផ្ទៃ​ជា​ដៃគូ​សំខាន់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជាច្រើន រួម​មាន​សិទ្ធិ​ការងារ ហិរញ្ញវត្ថុ​ខុស​ច្បាប់ ការ​ជួញដូរ​មនុស្ស និង​បញ្ហា​កុងស៊ុល​ផង​ដែរ។

បើ​តាម​របាយការណ៍​ស្ដីពី​ការ​ជួញដូរ​មនុស្ស​ឆ្នាំ​២០២២ របស់​ក្រសួង​ការបរទេស​អាមេរិក ដែល​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​១៩ ខែ​កក្កដា បាន​ទម្លាក់​ចំណាត់ថ្នាក់​កម្ពុជា​មក​កម្រិត​ទី​៣ ដែល​អាក្រក់​បំផុត​ពុំ​ធ្លាប់​មាន​តាំងពី​ឆ្នាំ​២០១៥ មក ក្រោយ​ពេល​កម្ពុជា​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​កម្រិត​ទី​២ ក្រោម​ការ​ឃ្លាំមើល​អស់​រយៈពេល ៣​ឆ្នាំ​ជាប់ៗ​គ្នា​ចាប់តាំងពី​ឆ្នាំ​២០១៩ មក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស