31 C
Phnom Penh

ព្រះមហាក្សត្រ​ត្រាស់​បង្គាប់​ពន្យារ​អាយុ​ចូល​និវត្តន៍​ចៅក្រម​និង​ព្រះរាជអាជ្ញា​សាលា​ឧទ្ធរណ៍​៥​ឆ្នាំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រះមហាក្សត្រ​ត្រាស់​បង្គាប់​ពន្យារ​ពេល​អាយុ​ចូល​និវត្តន៍​របស់​ចៅក្រម និង​ព្រះរាជអាជ្ញា​សាលា​ឧទ្ធរណ៍​រយៈពេល ៥​ឆ្នាំ​ទៀត ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ចំពោះ​មុខ​អំពី​កង្វះ​ខាត​ចំនួន​ចៅក្រម និង​ព្រះរាជអាជ្ញា​នៅ​ថ្នាក់​តុលាការ​ជាន់ខ្ពស់ បន្ទាប់ពី​មាន​សំណើ​របស់​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ។

យោង​តាម​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​៨ ខែ​មេសា ឆ្នាំ​២០២៣ ឡាយព្រះហស្តលេខា​ដោយ​ព្រះករុណា​ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បាន​ត្រាស់​បង្គាប់​ពន្យារ​ពេល​នៃ​ការ​ចូល​និវត្តន៍ និង​ការ​បន្ត​ការងារ​របស់​ចៅក្រម និង​ព្រះរាជអាជ្ញា​នៅ​ថ្នាក់​សាលា​ឧទ្ធរណ៍ និង​មហាអយ្យការ​អម​សាលា​ឧទ្ធរណ៍​ចាប់ពី​អាយុ ៦០ ទៅ ៦៥​ឆ្នាំ ដោយ​ព្រះរាជក្រឹត្យ​នេះ​មាន​អានុភាព​រយៈពេល ១០​ឆ្នាំ គិត​ចាប់​ពី​ថ្ងៃ​ឡាយព្រះហស្តលេខា​នេះ​តទៅ។

ប្រភព​ដដែល​ឲ្យ​ដឹង​ថា ការ​ពន្យារ​អាយុ​នេះ គឺ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ចំពោះ​មុខ​អំពី​កង្វះ​ខាត​នៃ​ចំនួន​ចៅក្រម និង​ព្រះរាជអាជ្ញា​នៅ​ថ្នាក់​តុលាការ​ជាន់ខ្ពស់ រួម​ទាំង​ធានា​និរន្តរភាព​ល្អ​នៃ​កិច្ច​ដំណើរការ​របស់​ស្ថាប័ន​តុលាការ និង​អង្គការ​អយ្យការ​កម្ពុជា​ផង​ដែរ។

ចំពោះ​ការ​ពន្យារ​ចូល​និវត្តន៍​នេះ ធ្វើឡើង​សម្រាប់​រយៈពេល ១​ឆ្នាំ​ម្ដង ប៉ុន្តែ​មិន​ត្រូវ​ឲ្យ​លើស​អាយុ ៦៥​ឆ្នាំ​ឡើយ។ លើស​ពី​នេះ ការ​អនុញ្ញាត​ឲ្យ​ពន្យារ​ពេល​នៃ​ការ​ចូល​និវត្តន៍ និង​ការ​បន្ត​ការងារ​នេះ ធ្វើឡើង​ដោយ​ផ្អែក​លើ​សមត្ថភាព​ការងារ គុណសម្បត្តិ និង​ស្នាដៃ​ការងារ​ដែល​បម្រើ​ឲ្យ​វិស័យ​យុត្តិធម៌ ព្រមទាំង​សុខភាព និង​សម្បទា​វិជ្ជាជីវៈ​របស់​សាមី​ខ្លួន​ម្នាក់ៗ។

ការ​ទូល​ថ្វាយ​ទៅ​ព្រះមហាក្សត្រ​ដើម្បី​ស្នើសុំ​ពន្យារ​ពេល​អាយុ​ចៅក្រម និង​ព្រះរាជអាជ្ញា​សាលា​ឧទ្ធរណ៍​ពី​សំណាក់​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ ធ្វើឡើង​ក្រោម​ហេតុផល​ថា កង្វះ​ខាត​ចៅក្រម និង​ព្រះរាជអាជ្ញា និង​មហាអយ្យការ​អម​សាលា​ឧទ្ធរណ៍​ក្នុង​ការ​បំពេញ​ការងារ។ មិន​ត្រឹមតែ​ស្នើសុំ​ពន្យារ​អាយុ​ទេ លោក កើត រិទ្ធ ដែល​ជា​មនុស្ស​ស្និទ្ធ​នឹង​លោក ហ៊ុន សែន ក៏​បាន​ទូល​ថ្វាយ​ព្រះមហាក្សត្រ​ដំឡើង​ថ្នាក់ និង​ឋានន្តរស័ក្តិ​ដល់​ចៅក្រម ៨៥​រូប​ផង​ដែរ។

ក្នុង​ចំណោម​ចៅក្រម​ទាំង ៨៥​រូប ក្នុង​នោះ​ក៏​មាន​លោក កូយ សៅ ដែល​ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​សំណុំរឿង​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ស្រប​ពេល​ដែល​អនុប្រធាន​តុលាការ​កំពូល លោក យូ ប៊ុនឡេង ក៏​ត្រូវ​លោក កើត រិទ្ធ ទូល​ថ្វាយ​ព្រះមហាក្សត្រ​ឲ្យ​បន្ត​ការងារ​ត​ទៅ​មុខ​ទៀត ទោះបី​ជា​មាន​អាយុ ៦៥​ឆ្នាំ​ហើយ​ក្ដី។

ដោយឡែក​តំណាង​អយ្យការ​ចំនួន ៤៧​រូប ក្នុង​នោះ​ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដែល​សកម្ម​ក្នុង​ការ​ចោទប្រកាន់​ទៅ​លើ​ថ្នាក់​ដឹកនាំ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ព្រមទាំង​អ្នក​ការពារ​សិទ្ធិមនុស្ស និង​សហជីព​នោះ គឺ​មាន​លោក សៀង សុខ លោក សេង ហៀង លោក ឆាយ ហុង និង​លោក លឹម ប៊ុនហេង ជាដើម។

រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ មាន​អាយុ ៤៤​ឆ្នាំ ហើយ​បច្ចុប្បន្ន​លោក​មាន​តួនាទី​ជា​មន្ត្រី​ជាន់ខ្ពស់​ទាំង​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល និង​ក្នុង​ជួរ​បក្ស។ លោក កើត រិទ្ធ គឺជា​សមាជិក​គណៈកម្មាធិការ​កណ្ដាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អនុប្រធាន​ទី​១​នៃ​ក្រុម​ការងារ​គណបក្ស​ប្រចាំ​ស្រុក​មោងឫស្សី ខេត្ត​បាត់ដំបង។ លោក​គឺជា​មនុស្ស​ម្នាក់​ដែល​ចេញ​មុខ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​ការ​ជ្រើសរើស​លោក ហ៊ុន ម៉ាណែត ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​បន្ត​វេន​ពី​លោក ហ៊ុន សែន។

លោក កើត រិទ្ធ ទូល​ថ្វាយ​ទៅ​ព្រះមហាក្សត្រ​ដោយ​ស្នើសុំ​រក្សា​ចៅក្រម​ចាស់ៗ ហើយ​ដំឡើង​ថ្នាក់ និង​ឋានន្តរស័ក្តិ​ចៅក្រម និង​ព្រះរាជអាជ្ញា ស្រប​ពេល​ដែល​រដ្ឋមន្ត្រី​តាម​ក្រសួង​នីមួយៗ​របស់​ជាតិ​ជាង ១០​ស្ថាប័ន បាន​តែងតាំង​កូនៗ និង​សាច់ញាតិ​របស់​ខ្លួន​ធ្វើជា​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និង​មុខតំណែង​សំខាន់ៗ​ក្នុង​ក្រសួង និង​ស្ថាប័ន​ទាំងនោះ​ដោយ​លោក ហ៊ុន សែន ជា​អ្នក​បើក​ដៃ។

បុរស​ខ្លាំង​កាន់​អំណាច​ជិត ៤០​ឆ្នាំ​នៅ​កម្ពុជា លោក ហ៊ុន សែន បាន​បើក​ដៃ​ឲ្យ​រដ្ឋមន្ត្រី​តាម​ក្រសួង​ធ្វើ​ដូច្នេះ បន្ទាប់ពី​ខ្លួន​លោក​ផ្ទាល់​កំពុង​រៀបចំ​ផ្ទេរ​អំណាច​ទៅ​កូនប្រុស​ច្បង​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ឲ្យ​បន្ត​វេន​ជា​នាយករដ្ឋមន្ត្រី៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស