29 C
Phnom Penh

លោក ហ៊ុន សែន បញ្ចប់​តំណែង​មន្ត្រី​អាកាសចរ​ស៊ីវិល​ករណី​ដក​កាំភ្លើង​ភ្ជង់​អ្នក​បើក​រថយន្ត​តាម​ផ្លូវ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន បញ្ចប់​មុខតំណែង​មន្ត្រី​អាកាសចរ​ស៊ីវិល លោក បែល វ៉ាន់ដែត បន្ទាប់ពី​មន្ត្រី​រូប​នេះ​បាន​ដក​កាំភ្លើង​ភ្ជង់​ទៅ​លើ​អ្នក​បើក​រថយន្ត​នៅ​តាម​ដងផ្លូវ​ដូច​គ្នា​ក្នុង​រឿង​ស៊ីផ្លេ​រថយន្ត។

ក្នុង​អនុក្រឹត្យ​ចុះ​ថ្ងៃទី​១១ ខែ​មេសា ឆ្នាំ​២០២៣ លោក ហ៊ុន សែន បាន​សម្រេច​បញ្ចប់​តំណែង​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល និង​កិច្ចការ​ទូទៅ​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល លោក បែល វ៉ាន់ដែត ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​នេះ​តទៅ។

ការ​ចេញ​អនុក្រឹត្យ​ដក​តំណែង​លោក បែល វ៉ាន់ដែត នេះ លោក ហ៊ុន សែន មិន​បាន​បញ្ជាក់​ពី​មូលហេតុ​អ្វី​នោះ​ទេ ដោយ​គ្រាន់តែ​បង្ហាញ​ពី​ភាព​ចាំបាច់​តែប៉ុណ្ណោះ។

តែ​យ៉ាងណា​ក៏ដោយ ការ​ដក​តំណែង​លោក បែល វ៉ាន់ដែត នេះ ធ្វើឡើង​បន្ទាប់ពី​សមត្ថកិច្ច​ឃាត់​ខ្លួន និង​បាន​បញ្ជូន​ខ្លួន​មន្ត្រី​រូប​នេះ​ទៅ​កាន់​តុលាការ​កាលពី​ថ្ងៃទី​៣០ ខែ​មីនា កន្លងទៅ ពាក់ព័ន្ធ​នឹង​ករណី​ដក​កាំភ្លើង​ភ្ជង់​អ្នកដទៃ​ករណី​ជម្លោះ​រឿង​ស៊ីផ្លេ​រថយន្ត។

កាលពី​វេលា​ម៉ោង ១៩:៤០​យប់​ថ្ងៃទី​២៩ ខែ​មីនា កន្លងទៅ ជនរងគ្រោះ​ឈ្មោះ ឆែ វណ្ណម៉ូលីវ័ន្ត ភេទ​ប្រុស អាយុ ២២​ឆ្នាំ ជា​និស្សិត បើក​រថយន្ត​ទៅ​ផ្ទះ​ដែល​ស្ថិត​នៅ​ក្រុម​ទី​៣ ភូមិ​ខ២ សង្កាត់​ច្រាំងចំរេះទី២ ខណ្ឌ​ឫស្សីកែវ។ លុះ​ពេល​មក​ដល់​ខ្លោងទ្វារ​ច្រក​ចូល​បុរី ស្រាប់តែ​លោក បែល វ៉ាន់ដែត អាយុ ៣៨​ឆ្នាំ បាន​ឈប់​រថយន្ត​នៅ​ពី​មុខ​មិន​ព្រម​ទៅ​មុខ។ ជនរងគ្រោះ​រង់ចាំ​ប្រហែល ៥​នាទី ទើប​ស៊ីផ្លេ​រថយន្ត​មួយ​ដង និង​បើក​ភ្លើង​ហ្វា​ជាច្រើន​ដង រួច​ក៏​វ៉ា​រថយន្ត​ជនសង្ស័យ​ទៅ​មុន។

ពេល​នោះ លោក បែល វ៉ាន់ដែត បាន​បើក​ដេញ​តាម​ពីក្រោយ​រថយន្ត​ជនរងគ្រោះ​រហូត​ដល់​ចំណុច​កើតហេតុ រួច​ជនសង្ស័យ​បាន​ដក​កាំភ្លើង​ខ្លី​ភ្ជង់​ទៅ​លើ​ជនរងគ្រោះ​ពី​ក្នុង​រថយន្ត ដោយ​សួរ​ថា «មុន​ហ្នឹង​ស៊ីផ្លេ​ដាក់​នរណា?» រួច​ក៏​បើក​រថយន្ត​គេច​ខ្លួន​បាត់។

ក្រោយ​កើតហេតុ​នោះ កម្លាំង​សមត្ថកិច្ច​បាន​ឈាន​ទៅ​ឃាត់​ខ្លួន ហើយ​បាន​បញ្ជូន​លោក បែល វ៉ាន់ដែត ទៅ​កាន់​តុលាការ​នៅ​រសៀល​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០២៣ ប៉ុន្តែ​មិន​ត្រូវ​បាន​ឃុំ​ខ្លួន​នោះ​ទេ។

កាលពី​ខែ​មេសា ឆ្នាំ​២០២២ លោក ហ៊ុន សែន ធ្លាប់​បាន​ព្រមាន​ម្តង​រួច​មក​ហើយ​ថា រូបលោក​មាន​អំណាច​ពេញ​ដៃ​ក្នុង​ការ​បញ្ជា​ឲ្យ​ដក​តំណែង​ភ្លាមៗ​ពី​មន្ត្រី​ទាំងឡាយ​ណា​ដោយ​ប្រើ​ពេល​មិន​ដល់ ២៤​ម៉ោង​ឡើយ ឲ្យ​តែ​មន្ត្រី​រូប​នោះ​ប្រព្រឹត្ត​ខុស។

លោក​ព្រមាន​ថា កុំ​ថា​ឡើយ​មន្ត្រី​នោះ​ពាក់​ផ្កាយ សូម្បី​ពាក់​ដល់​លោក​ខែ ក៏​លោក​បញ្ជា​ឲ្យ​ដក​តំណែង និង​ចាប់​ខ្លួន​បាន​ដែរ។

ក្រុម​អ្នក​ឃ្លាំមើល​និយាយ​ថា ការ​ប្រកាស​ក្ដែងៗ​របស់​លោក ហ៊ុន សែន ធ្វើឡើង​គ្រាន់តែ​ឲ្យ​ពីរោះ​ស្ដាប់​តែប៉ុណ្ណោះ ពីព្រោះ​មន្ត្រី​របស់​លោក​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋ​ជាច្រើន មិន​ត្រូវ​បាន​ចាប់​ខ្លួន​មក​ផ្ដន្ទាទោស​ឡើយ។ ផ្ទុយទៅវិញ ពួកគេ​ត្រូវ​លោក ហ៊ុន សែន យក​មក​ធ្វើជា​ជំនួយការ​ផ្ទាល់​នៅ​កៀក​នឹង​ខ្លួន​របស់​លោក​ថែម​ទៀត។

ជាក់ស្ដែង ឧកញ៉ា លីម ប៊ុណ្ណា ហៅ​ខ្នា ដែល​លោក ហ៊ុន សែន ធ្លាប់​បញ្ជា​ឲ្យ​ចាប់​ខ្លួន​កាលពី​ឆ្នាំ​២០១៦ ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ ត្រូវ​បាន​តែងតាំង​ជា​ជំនួយការ​ផ្ទាល់​របស់​លោក​កាលពី​ថ្ងៃទី​១៨ ខែ​សីហា ឆ្នាំ​២០២២ ទៅវិញ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស