យ៉ាងហោចណាស់មានវត្តមានរបស់កងទ័ពរំដោះប្រជាជនចិន ចំនួន ៤៩នាក់មានតួនាទីចាប់ពីថ្នាក់វរនាវីឯកពិសេសដល់ចក្របាលរងឯក កំពុងបំពេញការងារជំនាញបច្ចេកទេសនៅមូលដ្ឋានកងទ័ពជើងទឹករាម។
ភស្តុតាងនៃវត្តមានកងទ័ពចិន ក្នុងខេត្តព្រះសីហនុ ដែលត្រូវបានលាតត្រដាងនៅពេលនេះ ធ្វើឡើងស្របពេលដែលបុរសខ្លាំង លោក ហ៊ុន សែន និងមន្ត្រីគ្រាក់ៗរបស់លោកតែងបដិសេធថា កម្ពុជាមិនល្ងង់ក្នុងការផ្ដល់មូលដ្ឋានទ័ពជើងទឹករបស់ខ្លួនទៅឲ្យចិនក៏ដោយ។
លោក តាំង សារ៉ាដា រាយការណ៍ពិស្ដារ៖
អគ្គនាយកអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសនៃក្រសួងការពារជាតិ កាលពីចុងឆ្នាំ២០២២ បានស្នើទៅអគ្គនាយករងនៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេសជានាយនាយកដ្ឋានទំនាក់ទំនងកិច្ចការអន្តរជាតិ ដើម្បីសុំពន្យារពេលស្នាក់នៅក្នុងប្រទេសកម្ពុជារយៈពេល ១២ខែបន្តទៀតជូនកងទ័ពចិន ចំនួន ៤៩នាក់ដោយឥតគិតថ្លៃ។
កងទ័ពចិនទាំង ៤៩នាក់នោះមានឋានន្តរសក្តិចាប់ពីវរនាវីឯកពិសេស ដល់ចក្របាលរងឯក ដែលកំពុងបំពេញការងារខាងជំនាញបច្ចេកទេសនៅមូលដ្ឋានសមុទ្ររាមនៃកងទ័ពជើងទឹករបស់កម្ពុជា។
នេះបើតាមលិខិតស្នើសុំដែលចុះហត្ថលេខាដោយលោកនាយឧត្តមសេនីយ៍ ចៅ ភិរុណ អគ្គនាយកនៃអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសរបស់ក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការសហប្រតិបត្តិការការងារបច្ចេកទេស វិទ្យាសាស្ត្រ ឧស្សាហកម្មការពារជាតិ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលសារព័ត៌មាន ឌឹ ខេមបូឌា ដេលី ទើបតែទទួលបាន។
នៅក្នុងលិខិតដដែលនោះបានឲ្យដឹងថា កងទ័ពចិនទាំង ៤៩នាក់នោះមានឋានន្តរសក្តិចាប់ពីថ្នាក់វរនាវីឯកពិសេសចំនួន ២រូប៖
- ទី១ មានឈ្មោះ Li Xuewen កើតថ្ងៃទី១៩ ខែមិថុនា ឆ្នាំ១៩៧៥ កាន់លិខិតឆ្លងដែនលេខ SE05149643
- ទី២ ឈ្មោះ Gao Jingxin កើតថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ១៩៧៨ កាន់លិខិតឆ្លងដែនលេខ SE0514964។
ចំណែកមន្ត្រីចាប់ពីថ្នាក់វរនាវីឯកចំនួន ៤រូប៖
- ទី១ឈ្មោះ Li Songlin កើតថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ១៩៨១ កាន់លិខិតឆ្លងដែនលេខ PE2096390
- ទី២ឈ្មោះ Zou Hongguang កើតថ្ងៃទី១៤ ខែមីនា ឆ្នាំ១៩៨២ កាន់លិខិតឆ្លងដែនលេខ PE2096391
- ទី៣ឈ្មោះ Fu DongDong កើតថ្ងៃទី១៨ ខែធ្នូ ឆ្នាំ១៩៨១ កាន់លិខិតឆ្លងដែនលេខ PE2096186
- ទី៤ ឈ្មោះ Li Aijun កើតថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៩ កាន់លិខិតឆ្លងដែនលេខ PE2097441។
លើសពីនេះ ក៏មានមន្ត្រីចាប់ពីថ្នាក់វរនាវីទោចំនួន ៥រូប វរនាវីត្រីចំនួន ១៤រូប អនុនាវីឯកចំនួន ៥រូប ចក្របាលទោចំនួន ១រូប ចក្របាលត្រីចំនួន ៣រូប ចក្របាលរងឯកចំនួន ១០រូប ចក្របាលរងទោចំនួន ៥រូប ដែលពួកគេសុទ្ធតែមានថ្ងៃកំណើតចាប់ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ២០០០។
នៅក្នុងលិខិតស្នើសុំដដែលនេះបញ្ជាក់ថា ការស្នើសុំនេះគឺយោងទៅតាមលិខិតលេខ០១៧-២០២២ ចុះថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ របស់ក្រុមការងារជំនាញភាគីចិន សម្រាប់គម្រោងសហប្រតិបត្តិការកំពង់ផែរាម ដោយសារទិដ្ឋាការរបស់ពួកគេជិតអស់សុពលភាព។
សាស្ត្រាចារ្យផ្នែកកិច្ចការទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យ Arizona State University សហរដ្ឋអាមេរិក លោក អៀ សុផល អះអាងថា ជាដំបូងលោករីករាយដែលពួកគេមិនត្រូវបានគេផ្តល់ឱ្យនូវលិខិតឆ្លងដែនរបស់កម្ពុជា ដូច្នេះពួកគេនឹងមិនត្រូវការការបន្តទិដ្ឋាការនោះទេ។ លោកបន្តថា ចំនួនកងទ័ពចិនទាំង ៤៩នាក់នេះហាក់ដូចជាកងអនុសេនាតូចមួយ ឬអាចពីរ ដែលមានទាហានចាប់ពី ២០ ទៅ ៥០នាក់ ហើយត្រូវបានបញ្ជាដោយអនុសេនីយ៍ឯកអ៊ីចឹងដែរ។
លោកបន្តថា កងអនុសេនាតូចពីរ ឬច្រើនបង្កើតបានជាក្រុមមួយដែលមានទាហានពី ១០០ ទៅ ២៥០នាក់ ហើយត្រូវបានបញ្ជាដោយមេក្រុម ឬមេទ័ព។

លោកថា ចិនបានដាក់ពង្រាយកងទ័ពនៅតំបន់រាមក្នុងគោលបំណងដើម្បីបង្កើតមូលដ្ឋានកងទ័ពជើងទឹកមួយសម្រាប់កងទ័ពជើងទឹករំដោះប្រជាជនចិន។ វាគឺជាផ្នែកនៃយុទ្ធសាស្ត្ររបស់ចិន សម្រាប់យុទ្ធសាស្ត្រផ្លូវសមុទ្រ “String of Pearls” របស់ខ្លួន ដើម្បីឡោមព័ទ្ធប្រទេសឥណ្ឌា និងធ្វើឱ្យអាស៊ីអាគ្នេយ៍ដូចទៅនឹងគោលលទ្ធិ «ម៉ុនរ៉ូ» (Monroe Doctrine) របស់សហរដ្ឋអាមេរិក ដែលគ្រប់គ្រងតំបន់ខ្លះរបស់អាមេរិកឡាទីន មកធ្វើជាទឹកដីរបស់ខ្លួនសព្វថ្ងៃនេះ។
កាលពីដើមខែមិថុនា ឆ្នាំ២០២២ កម្ពុជានិងចិនបានបើកការដ្ឋានសាងសង់សំណង់នានានៅមូលដ្ឋានរាមដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន ហើយសំណង់នោះនឹងត្រូវសាងសង់ដោយក្រុមកងទ័ពរំដោះប្រជាជនចិនតែម្តង។
រហូតមកទល់ពេលនេះ ភាគីកម្ពុជា និងចិន មិនបានបង្ហាញពីទំហំទឹកប្រាក់នៃជំនួយឥតសំណងរបស់រដ្ឋាភិបាលចិនឡើយ។ គម្រោងធ្វើទំនើបកម្មដែលមានការសាងសង់ថ្មី និងជួសជុលផងនោះ នឹងប្រើរយៈពេល ២៤ខែ។
ទោះជាយ៉ាងណាក៏ដោយ ការសាងសង់សំណង់ថ្មី និងការធ្វើទំនើបកម្មផ្សេងៗក្នុងមូលដ្ឋានទ័ពជើងទឹករាមនេះ បានក្លាយជាបញ្ហាចម្រូងចម្រាសមួយដោយសារមានការចោទប្រកាន់ពីសហរដ្ឋអាមេរិក ថាចិននឹងប្រើប្រាស់មូលដ្ឋាននេះសម្រាប់ពង្រីកអំណាចរបស់ខ្លួន។

ទាក់ទងទៅបញ្ហានេះ កាលពីខែវិច្ឆិកា កន្លងទៅ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មបន្ថែមលើមន្ត្រីយោធាកម្ពុជាពីររូប គឺនាយឧត្តមសេនីយ៍ ចៅ ភិរុណ ដែលមានតួនាទីជាអគ្គនាយកនៃអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសនៃក្រសួងការពារជាតិ និងនាយឧត្ដមនាវី ទៀ វិញ ជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងទឹក ដោយសារតែសហរដ្ឋអាមេរិកចោទមន្ត្រីទាំងពីររូបនេះថាបានប្រព្រឹត្តអំពើពុករលួយតាមរយៈគម្រោងនៅមូលដ្ឋានទ័ពជើងទឹក។
ក្រសួងហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិក ក៏ត្រូវបានគេរាយការណ៍មកថា ខ្លួនកំពុងបង្កកទ្រព្យសម្បត្តិ និងសកម្មភាពប្រព្រឹត្តអំពើពុករលួយរបស់ក្រុមមន្ត្រីយោធាជាន់ខ្ពស់របស់បុរសខ្លាំងលោក ហ៊ុន សែន ទាំងនេះ ជុំវិញការប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរក្នុងគម្រោងធ្វើទំនើបកម្មកំពង់ផែកងទ័ពជើងទឹករាមនេះ។

ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យបៀលប្រាយ (BBU) នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ បុរសខ្លាំងលោក ហ៊ុន សែន អះអាងថា រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់បានបញ្ជាក់រួចហើយថា កម្ពុជាមិនមានការសាងសង់ ឬការផ្ដល់មូលដ្ឋានទ័ពជើងទឹករបស់ខ្លួននៅកំពង់ផែសមុទ្ររាមក្នុងខេត្តព្រះសីហនុ ទៅឲ្យប្រទេសចិន នោះឡើយ ប៉ុន្តែបើប្រទេស និងអ្នកនយោបាយទាំងនោះមិនជឿ គឺដោយសារពួកគេមានបំណងចង់រករឿងលោកតែប៉ុណ្ណោះ។
លោកថា បច្ចុប្បន្នកម្ពុជាកំពុងពង្រឹងសមត្ថភាព និងធ្វើទំនើបកម្មកំពង់ផែយោធារបស់ខ្លួន ដែលធ្វើនៅលើទឹកដីរបស់ខ្លួន ហើយថាទំនើបកម្មនេះមិនមែនដើម្បីគំរាមកំហែងប្រទេសណាមួយនោះទេ តែគ្រាន់តែធ្វើដើម្បីពង្រីកសមត្ថភាពកងទ័ពជើងទឹករបស់កម្ពុជាតែប៉ុណ្ណោះ។ ជាងនេះទៅទៀត លោក ហ៊ុន សែន ក៏បានច្រានចោលចំពោះការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិមួយដែលអះអាងថា ទីតាំងកំពង់ផែសមុទ្ររាមដែលកំពុងស្ថាបនានោះ អាចដាក់នាវាចុះចតយន្តហោះរបស់ចិនចំនួន ២គ្រឿងបានដោយងាយ ថាជារឿងមិនពិតឡើយ។
បុរសខ្លាំងរូបនេះក៏បានស្នើទៅឲ្យបរទេស និងអ្នកនយោបាយទាំងនោះ ថាកុំបបួលខ្មែរ និងចិនឆ្កួត ប៉ុន្តែបើពួកគេចង់ឆ្កួតនោះ គឺឆ្កួតតែឯងទៅ ដោយថាលោកមិនល្ងង់ឲ្យចិនមកកាន់កាប់ស្រុកខ្មែរនោះទេ ហើយថាចិនក៏មិនល្ងង់យកនាវាដឹកយន្តហោះមកដាក់នៅផែរាមរបស់ខ្មែរនោះដែរ។
បុរសខ្លាំងក្រាញអំណាចតត្រកូលរូបនេះព្រមានទៅមិត្តភក្ដិបរទេសរបស់លោក ដែលទំនងចង់សំដៅទៅសហរដ្ឋអាមេរិក និងអ្នកនយោបាយដែលកំពុងរស់នៅក្រៅប្រទេសថា ឈប់ធ្វើយុទ្ធនាការបង្ខូចឈ្មោះកម្ពុជាលើរឿងសង់កំពង់ផែសមុទ្ររាមទៀតទៅ បើមិនដូច្នោះទេ កម្ពុជាប្រើសិទ្ធិបន្ទច់បង្អាក់យន្តការកុងសង់ស៊ីសក្នុងនាមជាសមាជិកអាស៊ាន។

លោក ហ៊ុន សែន ក៏បានអះអាងដែរថា រាល់ការអភិវឌ្ឍនានាក្នុងកំពង់ផែរាម គឺមានលក្ខណៈបើកចំហ និងមិនមែនជារឿងសម្ងាត់នោះទេ ហើយវាក៏ជាផ្នែកមួយនៃការលើកកម្ពស់សមត្ថភាពនៃកំពង់ផែយោធាកម្ពុជា ដែលនឹងអាចទទួលនាវាចម្បាំងធំៗឱ្យចូលចតផងដែរ។
បញ្ហាចម្រូងចម្រាសនៃការខ្វះតម្លាភាពអំពីការស្ថាបនាកំពង់ផែរាមនេះ រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅ បានថ្លែងបទអន្តរាគមន៍ក្នុងកិច្ចប្រជុំតុមូលស្ដីពីសន្តិសុខ និងការការពារជាតិនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ក្នុងវេទិកាថ្នាក់រដ្ឋមន្ត្រីសម្រាប់កិច្ចសហប្រតិបត្តិការនៅឥណ្ឌូ-ប៉ាស៊ីហ្វិក នៅទីក្រុងប៉ារីស ប្រទេសបារាំង ថា ប្រទេសតូចតាចដូចជាកម្ពុជាត្រូវទទួលរងគ្រោះដោយគ្រាន់តែកម្ពុជាធ្វើទំនើបកម្មមូលដ្ឋានកងទ័ពរបស់ខ្លួនប៉ុណ្ណោះ។
លោកថា ក្នុងខណៈដែលការងារជួសជុលមូលដ្ឋាននេះកំពុងដំណើរការនៅឡើយ អាមេរិកបានចោទប្រកាន់ថាកម្ពុជាបានផ្តល់មូលដ្ឋាននេះឱ្យទៅប្រទេសចិនផ្ដាច់មុខ។ លោកបន្តថា កម្ពុជាប្រកាន់នូវនយោបាយអព្យាក្រឹត្យអចិន្ត្រៃយ៍ ហើយរដ្ឋធម្មនុញ្ញរបស់កម្ពុជាក៏មិនបានអនុញ្ញាតឱ្យមានវត្តមានយោធាបរទេសនៅលើទឹកដីរបស់ខ្លួន និងមិនអនុញ្ញាតឱ្យកម្ពុជាបញ្ជូនកងទ័ពរបស់ខ្លួនទៅក្រៅប្រទេសនោះដែរ លើកលែងតែក្រោមឆត្ររបស់អង្គការសហប្រជាជាតិ ក្នុងនោះគឺបេសកកម្មរក្សាសន្តិភាពតែប៉ុណ្ណោះ។
លោក ប្រាក់ សុខុន អះអាងថា រាមគឺជាមូលដ្ឋានជើងទឹកដ៏តូចមួយហ៊ុមព័ទ្ធទៅដោយសណ្ឋាគារ និងតំបន់ទេសចរណ៍។ មូលដ្ឋាននេះគ្មានគោលដៅណាផ្សេងក្រៅពីការការពារដែនសមុទ្ររបស់ខ្លួន និងការពារអធិបតេយ្យ បូរណភាពទឹកដីរបស់ខ្លួនដែលជាញឹកញាប់ ត្រូវបានគេរំលោភបំពាននោះទេ។

លោកថា ដោយសារតែអ្វីទាំងអស់ដែលប្រទេសចិនធ្វើនៅក្នុងតំបន់ ត្រូវបានសហរដ្ឋអាមេរិកតាមដាន និងវិភាគយ៉ាងល្អិតល្អន់នោះ សូម្បីតែកិច្ចសន្យារវាងកម្ពុជា និងចិននៅក្នុងការស្ដារជួសជុល និងការធ្វើទំនើបកម្មមូលដ្ឋានទ័ពជើងទឹករាមនេះ ក៏បានក្លាយជាចំណុចកណ្ដាលនៃការចោទប្រកាន់ និងការដាក់សម្ពាធរហូតដល់ការគំរាមកំហែងផងដែរ។
ចំណែករដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ បាញ់ ដែលសារព័ត៌មានជប៉ុនបានលើកឡើងកន្លងមកថា កំពុងតែគំរាមផែនការរបស់លោក ហ៊ុន សែន ចង់ដំឡើងសាច់ញាតិរបស់លោកនៅក្នុងក្រសួងការពារជាតិ ដែលធ្វើឱ្យស្ថាប័ននេះធ្លាក់ក្នុងឥទ្ធិពលរបស់ចិន បានលើកឡើងក្នុងពិធីប្រគល់ និងទទួលរថយន្ត ១៥០គ្រឿងដែលជាជំនួយឥតសំណងរបស់ក្រសួងការពារជាតិចិន ដល់ក្រសួងការពារជាតិកម្ពុជា កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ កន្លងមកថា កម្ពុជាមានសិទ្ធិគ្រប់គ្រាន់ក្នុងការកសាងទំនើបកម្មនៅក្នុងមូលដ្ឋានសមុទ្ររាម ហើយការចោទប្រកាន់ថាកម្ពុជាអនុញ្ញាតឱ្យចិនតាំងមូលដ្ឋានទ័ពនៅក្នុងប្រទេស គឺជាអ្នកដែលមានភ្នែកល្អ តែធ្វើខ្វាក់ប៉ុណ្ណោះ។
រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជារូបនេះអះអាងថា ការកសាងទំនើបកម្មសមុទ្ររាមនេះ គឺដើម្បីបង្កើនសមត្ថភាពរបស់កងទ័ពជើងទឹកកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀតតែប៉ុណ្ណោះ ហើយការចោទប្រកាន់ថាមូលដ្ឋានជើងទឹករាមនេះបានដាក់ជាមូលដ្ឋានកងទ័ពចិននោះ គឺជាការញុះញង់បង្កើតបញ្ហាដល់កម្ពុជាយ៉ាងធ្ងន់ធ្ងរ។
លោក ទៀ បាញ់ បានសារភាពថា ចិនកំពុងជួយសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅមូលដ្ឋានទ័ពជើងទឹករាម ដោយថាកម្ពុជាត្រូវការជំនួយសម្រាប់ពង្រីក និងធ្វើទំនើបកម្មនៅទីនោះឲ្យកាន់តែធំជាងមុន ដែលអាចឲ្យនាវាធំៗចូលចតបាន។

លោកបន្តថា ចិននាំកម្លាំងមកជួយ ហើយនៅពេលណាសាងសង់រួច ពួកគេនឹងប្រគល់កំពង់ផែនោះមកឲ្យកម្ពុជាវិញ។ លោកបន្តថា កម្ពុជាមានសិទ្ធិពេញលេញក្នុងការប្រើប្រាស់មូលដ្ឋាននេះ ហើយកម្ពុជានឹងបំពាក់គ្រាប់មីស៊ីលក្រោយពេលដែលមូលដ្ឋានសមុទ្ររាមត្រូវបានធ្វើទំនើបកម្មរួចរាល់។
ទោះបីជាមន្ត្រីរដ្ឋាភិបាលកម្ពុជា និងភាគីចិនបានចេញមុខបដិសេធម្ដងហើយម្ដងទៀតក៏ដោយ ប៉ុន្តែរូបភាពផ្កាយរណបនៃក្រុមហ៊ុន ផ្លាណិត លាបស៍ (Planet Labs) របស់អាមេរិក កាលខែមករា ឆ្នាំ២០២៣ បានបង្ហាញពីការអភិវឌ្ឍនៅមូលដ្ឋានទ័ពជើងទឹករាមដែលទទួលបានជំនួយពីប្រទេសចិន និងអាចជួយឲ្យមហាអំណាចកុម្មុយនីស្តមួយនេះពង្រីកឥទ្ធិពលយោធារបស់ខ្លួនដែលមិនត្រឹមតែនៅតំបន់អាស៊ីអាគ្នេយ៍ប៉ុណ្ណោះទេ គឺថែមទាំងនៅច្រកសមុទ្រតៃវ៉ាន់ថែមទៀត។
សាស្ត្រាចារ្យផ្នែកកិច្ចការទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យ Arizona State University សហរដ្ឋអាមេរិក លោក អៀ សុផល អះអាងថា វត្តមានរបស់កងទ័ពរំដោះប្រជាជនចិននៅកម្ពុជា កំពុងផ្ទុយនឹងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ហើយវៀតណាម និងសមាជិកអាស៊ានផ្សេងទៀតនឹងមិនសប្បាយចិត្តចំពោះបញ្ហានេះទេ។
លោកបន្តថា នេះគឺជាការចាប់ផ្តើមនៃការបង្កឱ្យមានជាអស្ថិរភាពរបស់ចិននៅក្នុងតំបន់ ស្របពេលដែលពួកគេនៅតែបន្តទាមទារយកសមុទ្រចិនខាងត្បូងទាំងមូល ដោយផ្អែកលើខ្សែបន្ទាត់ ៩ចំណុច (Nine-Dash Line) នៅលើផែនទីរបស់ពួកគេ។
លោកបន្តថា រដ្ឋាភិបាលកម្ពុជាដែលតែងតែបដិសេធថាពុំមានកងទ័ពចិននៅក្នុងសមុទ្ររាមនោះ វាជារឿងប្រឌិតដែលពួកគេចង់បន្តដើម្បីនិយាយថា ទំនាក់ទំនងរបស់ពួកគេ គឺជាទំនាក់ទំនងល្អបំផុតជាមួយសហរដ្ឋអាមេរិកមិនធ្លាប់មាន (ក្នុងប្រវត្តិសាស្ត្រកម្ពុជា)។ដូច្នេះអ្វីៗទាំងអស់នៅព្រះរាជាណាចក្រកម្ពុជា គួរតែមានការផ្ទៀងផ្ទាត់ឡើងវិញទាំងអស់។
អ្នកវិភាគនយោបាយ លោក សេង សារី ប្រាប់សារព័ត៌មានក្នុងស្រុកថា សហរដ្ឋអាមេរិក និងសម្ពន្ធមិត្តរបស់ខ្លួន រួមមានប្រទេសអូស្ត្រាលី ជារឿយៗបានបង្ហាញក្តីបារម្ភអំពីលទ្ធភាពដែលចិនអាចយកកម្ពុជាជាមូលដ្ឋានក្នុងការរំកិលឥទ្ធិពលរបស់ខ្លួនក្នុងតំបន់អាស៊ីអាគ្នេយ៍។
លោកបន្ថែមថា តំបន់អាស៊ាននេះបើគេធ្វើការពិនិត្យលើបញ្ហាភូមិសាស្ត្រនយោបាយវិញ វាគឺជាតំបន់ដែលប្រឈមដោយផ្ទាល់ជាមួយនឹងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ហើយអូស្ត្រាលីជាប្រទេសមួយក្នុងចំណោមប្រទេសទាំងនោះ។ លោកបន្តថា បើចិនអាចពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់អាស៊ាន ហើយចិនអាចមានមូលដ្ឋានទ័ពដោយប្រើប្រាស់ប្រទេសណាមួយជាទីតាំងនៅក្នុងការពង្រីកឥទ្ធិពលទ័ពនោះ គឺមានន័យថា ចិនអាចរំកិលឥទ្ធិពលរបស់ខ្លួនបានកាន់តែកៀក ឬក៏ប្រឈមជាមួយនឹងប្រទេសដែលជាសម្ពន្ធមិត្តរបស់អាមេរិកដូចអូស្ត្រាលី ជាដើម។

លោក សេង សារី អះអាងថា កម្ពុជាបានប្រឹងពន្យល់អស់លទ្ធភាពថាខ្លួនគ្មានចេតនាប្រែក្លាយមូលដ្ឋានកងទ័ពជើងទឹករបស់ខ្មែរបម្រើឱ្យមហិច្ឆតាយោធានៃប្រទេសណាមួយឡើយ ហើយអាមេរិក និងសម្ពន្ធមិត្តរបស់ខ្លួនក៏មិនជឿលើការដោះសានោះដែរ ប៉ុន្តែមានតែពេលវេលាប៉ុណ្ណោះដែលនឹងអាចលាតត្រដាងការពិតបាន។
មន្ត្រីរដ្ឋាភិបាលក្រុងប៉េកាំង ធ្លាប់បានប្រាប់កាសែត ឌឹ វ៉ាស៊ីនតោន ប៉ុស្តិ៍ កាលពីពេលកន្លងទៅថា ផ្នែកមួយនៃមូលដ្ឋានទ័ពកងទ័ពជើងទឹករាម នឹងត្រូវគ្រប់គ្រង ហើយនឹងប្រើប្រាស់ដោយភាគីយោធាចិន។
មន្ត្រីចិនរូបនោះអះអាងថា មូលដ្ឋានកងទ័ពជើងទឹករាមនេះមិនត្រូវបានប្រើប្រាស់ផ្ដាច់មុខតែសម្រាប់វិស័យយោធាឡើយ ក៏ប៉ុន្តែក៏អាចមានក្រុមអ្នកវិទ្យាសាស្ត្រប្រើប្រាស់ទីតាំងនោះដែរ។ ជាងនេះទៅទៀត យោធាចិនក៏មិនជាប់ពាក់ព័ន្ធនឹងសកម្មភាពណាមួយនៅលើចំណែកផ្សេងទៀតនៃមូលដ្ឋានកងទ័ពជើងទឹករាម ដែលគ្រប់គ្រងដោយកម្ពុជានោះទេ។
មន្ត្រីរដ្ឋាភិបាលក្រុងប៉េកាំងដដែលក៏បានទម្លាយប្រាប់កាសែត ឌឹ វ៉ាស៊ីនតោន ប៉ុស្តិ៍ ឱ្យដឹងដែរថា ស្ថានីយបច្ចេកវិទ្យាប្រព័ន្ធផ្កាយរណបកំណត់ទីតាំងឈ្មោះ បៃឌូ (BeiDou Navigation Satellite System) របស់ចិន ត្រូវបានដំឡើងនៅចំណែកមួយដែលគ្រប់គ្រងដោយកងទ័ពចិននៅក្នុងកំពង់ផែជើងទឹករាម។ ប្រព័ន្ធផ្កាយរណបកំណត់ទីតាំងឈ្មោះ បៃឌូ របស់ចិន គឺជាប្រព័ន្ធកំណត់ទីតាំងជាក់លាក់ជាសាកល (GPS) របស់ចិន ដើម្បីជួយសម្រួលដល់ការចល័តទីតាំងទ័ព និងកំណត់គោលដៅបាញ់កាំជ្រួច។
កាសែតដដែលក៏បានស្រង់សម្ដីអតីតទីប្រឹក្សាមេបញ្ជាការកងទ័ពអាមេរិកប្រចាំតំបន់ឥណ្ឌូប៉ាស៊ីហ្វិក លោក អេរ៊ីក សេយឺរស៍ (Eric Sayers) ដោយព្រមានថា ការសាងសង់ជាសម្ងាត់របស់ចិននៅមូលដ្ឋានកងទ័ពជើងទឹករាមនេះ មានភាពស្រដៀងគ្នាទៅនឹងវិធីសាស្ត្រដែលចិនបានធ្វើនៅលើប្រជុំកោះស្ព្រែតលី (Spratly Islands) នៅតំបន់ជម្លោះដណ្តើមអធិបតេយ្យក្នុងសមុទ្រចិនខាងត្បូងចាប់តាំងពីឆ្នាំ២០១៥ មក។
លោកថា កាលនោះដំបូងឡើយចិនក៏បានអះអាងដែរថា ការសាងសង់កោះសិប្បនិមិត្តនៅលើតំបន់ទាំងនោះ គឺដើម្បីបម្រើឱ្យគោលដៅរក្សាសន្តិភាព ដោយបានសន្យាថា មិនបម្រើឱ្យវិស័យយោធានោះទេ ក៏ប៉ុន្តែក្រោយមកនៅពេលដែលអ្វីៗហួសពេលទៅហើយ គេបានឃើញនូវការធ្វើយោធូបនីយកម្មជាអចិន្ត្រៃយ៍ និងមិនអាចកែប្រែបាននៅតំបន់ទាំងនោះ។

នៅក្នុងពិធីបើកការដ្ឋានកន្លងមក ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា លោក វ៉ាង វិនធាន (Wang Wentian) អះអាងថា កម្ពុជានិងចិនគឺជាមិត្តដែកថែប ហើយកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅក្នុងការធ្វើទំនើបកម្មនេះ គឺស្របទៅតាមច្បាប់ជាតិនៃប្រទេសទាំងពីរ ព្រមទាំងមិនរំលោភបំពាននូវច្បាប់អន្តរជាតិណាមួយឡើយ។
លោកបញ្ជាក់តាមរយៈអ្នកបកប្រែថា លោកកត់សម្គាល់ឃើញថា ប្រទេសខ្លះឃោសនាបំប៉ោង និងលាបពណ៌ចំពោះកិច្ចសហប្រតិបត្តិការ និងការប្រាស្រ័យទាក់ទងគ្នាជាប្រក្រតីរវាងចិន និងកម្ពុជា ដោយយកលេសប្រជាធិបតេយ្យដាក់ទណ្ឌកម្មជាឯកតោភាគីស្រេចតែទំនើងចិត្ត ប្រើអំណាចយុត្តាធិការហួសព្រំដែនយ៉ាងគឃ្លើនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជាយ៉ាងកំរោល។ លោកបន្តថា លោកប្រឆាំងជាដាច់ខាតចំពោះទង្វើទាំងអស់នេះ។
សហរដ្ឋអាមេរិកបានសម្ដែងការព្រួយបារម្ភរបស់ខ្លួនម្តងហើយម្តងទៀត បន្ទាប់ពីទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសន្តិសុខលំហសមុទ្រដែលឧបត្ថម្ភថវិកាដោយសហរដ្ឋអាមេរិក (NCMS) ត្រូវបានកម្ទេចចោល។
មន្ត្រីអាមេរិកធ្លាប់និយាយថា ការវាយកម្ទេចទីតាំងនេះអាចត្រូវបានចងភ្ជាប់ទៅនឹងផែនការរបស់រដ្ឋាភិបាលក្នុងការដាក់ទ័ព និងបុគ្គលិកយោធាចិននៅឯមូលដ្ឋាននោះ។

អ្នកនាំពាក្យស្ថានទូតអាមេរិកនៅភ្នំពេញ លោក Chad Roedemeier បានប្រាប់សារព័ត៌មានក្នុងស្រុកកន្លងមកថា សហរដ្ឋអាមេរិកលើកទឹកចិត្តឲ្យរដ្ឋាភិបាលកម្ពុជាមានតម្លាភាពពេញលេញអំពីគម្រោងនៃការអភិវឌ្ឍនៅមូលដ្ឋានកងទ័ពជើងទឹករាម និងតួនាទីរបស់យោធាចិនក្នុងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ដែលលោកថាវាមានសារប្រយោជន៍សម្រាប់ពលរដ្ឋខ្មែរ ប្រទេសជិតខាង និងប្រទេសជាសមាជិកអាស៊ានផងដែរ។
លោកថា រាល់វត្តមានរបស់កងទ័ពចិន ដោយផ្ដាច់មុខនៅមូលដ្ឋានរាម នឹងគំរាមដល់ស្វ័យភាពកម្ពុជា និងធ្វើឲ្យសន្តិសុខតំបន់ចុះខ្សោយ។
នៅក្នុងជំនួបទ្វេភាគីជាមួយមេដឹកនាំកម្ពុជា និងជាប្រធានអាស៊ាន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅរាជធានីភ្នំពេញកាលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) បានបង្ហាញពីកង្វល់ចំពោះបញ្ហាមូលដ្ឋានយោធារាម ដែលត្រូវបានសង្ស័យថាផ្តល់សិទ្ធិផ្ដាច់មុខទៅឲ្យកងទ័ពចិន។
ចំណែកកាសែតសហរដ្ឋអាមេរិក The Wall Street Journal កាលពីខែកក្កដា ឆ្នាំ២០១៩ បានចុះផ្សាយអត្ថបទមួយដោយអះអាងថា កម្ពុជានិងចិនបានចុះហត្ថលេខាជាសម្ងាត់លើកិច្ចព្រមព្រៀងយោធាមួយជាមួយគ្នា។
ប្រភពដដែលបន្តថា កិច្ចព្រមព្រៀងនោះ កម្ពុជាបានអនុញ្ញាតឲ្យចិនមានសិទ្ធិផ្ដាច់មុខប្រើប្រាស់មូលដ្ឋានកងទ័ពជើងទឹករាមក្នុងរយៈពេល ៣០ឆ្នាំ ហើយកិច្ចព្រមព្រៀងនេះអាចបន្តឡើងវិញនៅរៀងរាល់ ១០ឆ្នាំម្ដង។ កម្ពុជាក៏បានអនុញ្ញាតឲ្យចិនដាក់ពង្រាយបុគ្គលិកយោធា រក្សាទុកសព្វាវុធ និងអនុញ្ញាតឲ្យនាវាចម្បាំងចិនចូលចតបានថែមទៀតផង។
ពាក់ព័ន្ធនឹងបញ្ហានេះ មន្ត្រីចារកម្មរបស់អាមេរិកមួយរូបបានប្រាប់សារព័ត៌មាន The Cambodia Daily ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា មន្ត្រីសមត្ថកិច្ចរបស់ចិននាពេលបច្ចុប្បន្ននេះអាចធ្វើការល្បាត ឬធ្វើអធិការកិច្ចរួមគ្នាជាមួយសមត្ថកិច្ចកម្ពុជាក្នុងខេត្តព្រះសីហនុ ក្រោយពីចិនព្យាយាមចង់កិច្ចសហការបែបនេះអស់រយៈពេលបីឆ្នាំមកហើយ។
មន្ត្រីរូបនេះនិយាយថា ព្យុះទណ្ឌកម្មរបស់អាមេរិកកំពុងធ្វើដំណើរបោកបក់ខ្លាំងមកដល់ប្រទេសកម្ពុជានៅពេលឆាប់ៗនេះហើយ ដោយសារកម្ពុជាពិតជាបានផ្តល់មូលដ្ឋានទ័ពជើងទឹករាមរបស់ខ្លួនឲ្យកងទ័ពរំដោះប្រជាជនចិន ជាអ្នកគ្រប់គ្រង។
មន្ត្រីចារកម្មអាមេរិកដដែលនោះ ឲ្យដឹងថា ព្យុះនៃការដាក់ទណ្ឌកម្មនេះនឹងធ្វើឡើងទៅបុគ្គលសំខាន់ៗក្នុងជួររដ្ឋាភិបាលលោក ហ៊ុន សែន ដែលពួកគេកំពុងសមគំនិតគ្នាក្នុងការសម្លាប់ប្រជាធិបតេយ្យ និងគាំទ្រផែនការគ្រប់គ្រងប្រទេសតាមបែបសន្តតិវង្ស៕