28 C
Phnom Penh

ព្រះមហាក្សត្រ​ផ្តល់​សញ្ជាតិ​ខ្មែរ​ដល់​កីឡាករ​ប្រេស៊ីល​លោក Thiago និង​ភរិយា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រះមហាក្សត្រ​ខ្មែរ​ត្រាស់​បង្គាប់​ផ្តល់​សញ្ជាតិ​ខ្មែរ​ដល់​កីឡាករ​ប្រដាល់​ជនជាតិ​ប្រេស៊ីល លោក Thiago Teixeira Manado និង​ភរិយា​របស់​លោក​ដែល​ជា​ជនជាតិ​ប៉ូឡូញ សញ្ជាតិ​អាមេរិកាំង អ្នកស្រី រ៉ូម៉ា ម៉ារៀ រ៉ូហ្សានស្កា ស្តេហ្វហ្វន (ROMA MARIA ROZANSKA-STEFFEN) តាម​ការ​ស្នើសុំ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ថ្វាយ​ព្រះអង្គ​កាលពី​ពេល​ថ្មីៗ​នេះ។

ព្រះមហាក្សត្រ​ខ្មែរ​ព្រះករុណា​ព្រះបាទ នរោត្តម សីហមុនី កាលពី​ថ្ងៃទី​១១ ខែ​មេសា ឆ្នាំ​២០២៣ បាន​ព្រះរាជទាន​សញ្ជាតិ​ខ្មែរ​ដោយ​សញ្ជាតូបនីយកម្ម​ជា​ចង្កោម​គ្រួសារ​ដល់​គ្រួសារ​លោក Thiago Teixeira Manado និង​ភរិយា​របស់​លោក គឺ​អ្នកស្រី រ៉ូម៉ា ម៉ារៀ រ៉ូហ្សានស្កា ស្តេហ្វហ្វន (ROMA MARIA ROZANSKA-STEFFEN) តាម​សំណើ​ទូល​ថ្វាយ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បន្ទាប់ពី​កីឡាករ​ប្រដាល់​បរទេស​រូប​នេះ​ចូលរួម​ជួយ​ផ្សព្វផ្សាយ​វិស័យ​កីឡា​គុន​ខ្មែរ​នា​ពេល​កន្លងមក។

កាលពី​ថ្ងៃទី​៨ ខែ​មេសា ឆ្នាំ​២០២៣ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បាន​ផ្តល់​រង្វាន់​ដល់​កីឡាករ​ប្រដាល់ Thiago Teixeira សញ្ជាតិ​ប្រេស៊ីល ចំនួន ២​ម៉ឺន​ដុល្លារ​អាមេរិក និង​ប្រកាស​ស្នើសុំ​ផ្តល់​សញ្ជាតិ​ខ្មែរ​ដល់​កីឡាករ​បរទេស​រូប​នេះ​ថែម​ទៀត។

ការ​ផ្តល់​សញ្ជាតិ​ខ្មែរ​ដល់​កីឡាករ​ប្រដាល់​ជនជាតិ​ប្រេស៊ីល​នេះ ធ្វើឡើង​បន្ទាប់ពី​លោក Thiago Teixeira Manado ត្រូវ​គណៈកម្មាធិការ​មួយ​ថៃ ដក​ខ្សែក្រវាត់ WMO របស់​លោក ក្រោយពី​អ្នក​ប្រដាល់​រូប​នេះ​ចេញ​ប្រកួត​តំណាង​ឱ្យ​គុន​ខ្មែរ​នៅ​ប្រទេស​អាល្លឺម៉ង់ កាលពី​ដើម​ខែ​មេសា កន្លងទៅ​នេះ។

កាលពី​ថ្ងៃទី​១ ខែ​មេសា ឆ្នាំ​២០២៣ កីឡាករ​ប្រដាល់ Thiago Teixeira បាន​ប្រកួត​ឈ្នះ​កីឡាករ​ប្រដាល់​ជនជាតិ​អង់គ្លេស លោក Joe Craven ក្នុង​កម្មវិធី APEX Fight Series នៅ​សង្វៀន LKH Arena ប្រទេស​អាល្លឺម៉ង់ ដែល​ត្រូវ​ទទួល​បាន​ខ្សែក្រវាត់​ពិភពលោក WMO (World Of Muaythai Organization) ពី​ការ​ប្រកួត​នោះ។

ក្រោយ​ឈ្នះ​ការ​ប្រកួត​ភ្លាម លោក Thiago បាន​យក​ទង់ជាតិ​របស់​កម្ពុជា​មក​ចង​ជាប់​នឹង​ខ្លួន​ដោយ​ឆ្លើយ​ទៅ​កាន់​សំណួរ​ពិធីករ​ថា ជើងឯក​ពិភពលោក WMO គុន​ខ្មែរ ជា​ក្បាច់គុន​មាន​ដើមកំណើត​ពី​កម្ពុជា។ បន្ថែម​លើ​នេះ កីឡាករ​ប្រដាល់​រូប​នេះ​ក៏​បាន​បង្ហោះ​វីដេអូ​ខ្លី​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​របស់​ខ្លួន​ថែម​ទៀត បន្ទាប់ពី​ការ​ប្រកួត​បាន​បញ្ចប់ ដោយ​និយាយ​ជា​ភាសា​ខ្មែរ​ថា៖ «គុន​ខ្មែរ! គុន​ខ្មែរ! គុន​ខ្មែរ» ជា​ក្បាច់គុន​មាន​ដើមកំណើត​ពី​កម្ពុជា»

ដោយសារតែ​បញ្ហា​នេះ នៅ​ថ្ងៃទី​៦ ខែ​មេសា ឆ្នាំ​២០២៣ ប្រធាន​ស្ថាប័ន​មួយ​ថៃ (WMO) លោក Chinawut Sirisampan បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ដោយ​ប្រកាស​ដក​ខ្សែក្រវាត់ WMO ពី​កីឡាករ​ប្រដាល់ Thiago Teixeira និង​មិន​ផ្តល់​ទឹកប្រាក់​ចំនួន ៣៥០០​ដុល្លារ​អាមេរិក​ជា​រង្វាន់​ដែល​លោក​ត្រូវ​ទទួល​បាន​ពី​ជ័យជម្នះ​ក្នុង​ការ​ប្រកួត​នេះ​ថែម​ទៀត។

ជុំវិញ​បញ្ហា​នេះ អ្នក​ប្រដាល់​ជនជាតិ​ប្រេស៊ីល​តំណាង​គុន​ខ្មែរ កីឡាករ Thiago Teixeira បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​ឆ្លើយតប​ទៅ​នឹង​គណៈកម្មាធិការ​មួយ​ថៃ WMO កាលពី​ថ្ងៃទី​៨ ខែ​មេសា ឆ្នាំ​២០២៣ ដោយ​សម្ដែង​នូវ​ការ​ខកចិត្ត​យ៉ាង​ខ្លាំង និង​ចាត់ទុក​ការ​ដក​យក​ខ្សែក្រវាត់​របស់​លោក​នេះ គឺជា​ការ​រើសអើង​មួយ​ដែល​ពិភពលោក​ស្អប់ខ្ពើម។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្រុម​អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា អ្វី​ដែល​កម្ពុជា​ត្រូវ​ធ្វើ​នោះ គឺ​រដ្ឋាភិបាល​ត្រូវតែ​លើកស្ទួយ​វិស័យ​កីឡា​របស់​ខ្លួន​ឱ្យ​ទៅ​ជា​កីឡា​ជាតិ ព្រោះ​កន្លងមក​កម្ពុជា​តែង​រៀបចំ​ការ​ប្រកួត​កីឡា​យក​ពានរង្វាន់​ជា​លក្ខណៈ​បុគ្គល​ប៉ុណ្ណោះ ដូចជា​ការ​ប្រកួត​យក​ពានរង្វាន់​របស់​ក្រុមហ៊ុន​ស្រាបៀ ឬ​ប្រកួត​យក​ពានរង្វាន់​របស់​ក្រុមហ៊ុន​លក់​ផលិតផល​ផ្សេងៗ ជាដើម ដែល​ទាំងអស់​នេះ​មិនមែន​ជា​ពានរង្វាន់​ថ្នាក់​ជាតិ​ឡើយ។

ប្រភព​ដដែល​បញ្ជាក់​ថា ពានរង្វាន់​ថ្នាក់​ជាតិ គឺជា​ពានរង្វាន់​របស់​ព្រះមហាក្សត្រ ព្រោះ​ព្រះអង្គ​ជា​ព្រះ​ប្រមុខ​រដ្ឋ ដូចជា​ប្រទេស​ថៃ​ធ្លាប់​ធ្វើ​រហូត​មក នោះ​ទើប​អាច​ជំរុញ​វិស័យ​កីឡា​កម្ពុជា​ឱ្យ​ខ្ពង់ខ្ពស់​ទៅ​មុខ និង​អាច​ជួយ​លើកស្ទួយ​ជីវភាព​កីឡាករ​ប្រដាល់​ក្នុង​ការ​ផ្សព្វផ្សាយ​ក្បាច់គុន​នៅ​លើ​ឆាក​អន្តរជាតិ​ឱ្យ​កាន់តែ​ទូលំទូលាយ​ផង​ដែរ។

ប្រវត្តិ​វប្បធម៌​ក្បាច់គុន​បុរាណ​ខ្មែរ​មាន​ប្រវត្តិ​យូរលង់​ណាស់​មក​ហើយ បើ​យោង​ទៅ​លើ​ភស្តុតាង​ដែល​បុព្វបុរស​ខ្មែរ​បាន​ឆ្លាក់​ជា​រូប​ក្បាច់គុន​ផ្សេងៗ​លើ​ផ្ទាំង​សិលា​តាម​ជញ្ជាំង​ប្រាសាទ​នានា​របស់​ខ្មែរ ដូចជា​ប្រាសាទ​បាយ័ន ប្រាសាទ​អង្គរវត្ត និង​ប្រាសាទ​ជាច្រើន​ទៀត ដែល​ប្រាសាទ​តំណាង​ជាតិ​របស់​កម្ពុជា​ទាំងនេះ​ត្រូវ​បាន​សាងសង់​ឡើង​តាំងពី​ដើម​សតវត្ស​ទី​១២ មក​ម្ល៉េះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស