31.8 C
Phnom Penh

បុរស​ខ្លាំង​ទូល​ថ្វាយ​ព្រះមហាក្សត្រ​ឱ្យ​តែងតាំង​និង​រក្សា​តំណែង​អភិបាល​ខេត្ត​បី​រូប​ឱ្យ​នៅ​ដដែល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ខ្លាំង​កាន់​អំណាច​ជិត ៤០​ឆ្នាំ​នៅ​កម្ពុជា ទូល​ថ្វាយ​ព្រះមហាក្សត្រ​ឲ្យ​តែងតាំង និង​រក្សា​មុខតំណែង​អភិបាល​ខេត្ត​ចំនួន ៣​រូប​នៅ​តំណែង​ដដែល ស្រប​ពេល​ដែល​លោក​កំពុង​រៀបចំ​ផ្ទេរ​អំណាច​ទៅ​ឲ្យ​កូនប្រុស​ច្បង​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ជា​នាយករដ្ឋមន្ត្រី​បន្ត​វេន។

យោង​តាម​ព្រះរាជក្រឹត្យ​ដែល​ឡាយព្រះហស្តលេខា​ដោយ​ព្រះករុណា​ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី កាលពី​ថ្ងៃទី​១១ ខែ​មេសា ឆ្នាំ​២០២៣ បាន​ត្រាស់​បង្គាប់​តែងតាំង​មុខតំណែង​អភិបាល​ខេត្ត ៣​រូប​សម្រាប់​អាណត្តិ​ទី​២។ អភិបាល​ខេត្ត​ទាំង ៣​រូប​នោះ​រួម​មាន លោក អ៊ុំ រាត្រី ឋានន្តរស័ក្ដិ​ឧត្ដមមន្ត្រី​ថ្នាក់​លេខ​៤ ជា​អភិបាល​ខេត្ត​បន្ទាយមានជ័យ លោក គួច ចំរើន ឋានន្តរស័ក្ដិ​ឧត្ដមមន្ត្រី​ថ្នាក់​លេខ​២ ជា​អភិបាល​ខេត្ត​ព្រះសីហនុ និង​លោក អ៊ុន ចាន់ដា ឋានន្តរស័ក្ដិ​ឧត្ដមមន្ត្រី​ថ្នាក់​លេខ​២ ជា​អភិបាល​ខេត្ត​កំពង់ចាម ដដែល។

ព្រះបាទ​សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់​បង្គាប់​តែងតាំង និង​រក្សា​មុខតំណែង​អភិបាល​ខេត្ត​ទាំង ៣​រូប​ជា​ចៅហ្វាយ​ខេត្ត​ដដែល​នេះ បន្ទាប់ពី​លោក ហ៊ុន សែន បាន​ទូល​ថ្វាយ​ទៅ​ព្រះអង្គ។

ការ​តែងតាំង និង​រក្សា​មុខតំណែង​ឲ្យ​អភិបាល​ខេត្ត​ទាំង​បី​នៅ​ដដែល​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​បុរស​ខ្លាំង​ក្រាញ​អំណាច​ត​ពូជ​នៅ​កម្ពុជា កំពុង​រៀបចំ​ផ្ទេរ​អំណាច​ឲ្យ​កូនប្រុស​ច្បង​របស់​ខ្លួន​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​នៅ​កម្ពុជា។

មិនមែន​តែ​អភិបាល​ខេត្ត​ទេ​ដែល​ត្រូវ​បាន​តែងតាំង និង​រក្សា​មុខតំណែង​នោះ ថ្មីៗ​នេះ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ ដែល​ជា​មនុស្ស​ជំនិត​នឹង​គ្រួសារ​របស់​លោក ហ៊ុន សែន ក៏​បាន​ទូល​ថ្វាយ​ទៅ​ព្រះមហាក្សត្រ​ឲ្យ​ជួយ​ពន្យារ​ពេល​អាយុ​ចូល​និវត្តន៍​របស់​ចៅក្រម និង​ព្រះរាជអាជ្ញា​ពី ៦០ ទៅ ៦៥​ឆ្នាំ ដើម្បី​ឲ្យ​ពួកគេ​អាច​បន្ត​ការងារ​នៅ​ក្នុង​តុលាការ​បន្ត​ទៀត។ ចំណែក​អនុប្រធាន​តុលាការ​កំពូល លោក យូ ប៊ុនឡេង ដែល​មាន​អាយុ ៦៥​ឆ្នាំ​ហើយ ក៏​អាច​បន្ត​ការងារ​ជា​ចៅក្រម​នៅ​តុលាការ​កំពូល​ទៀត​ដែរ។

ដោយឡែក​ចៅក្រម និង​អយ្យការ​ដែល​សកម្ម​ក្នុង​ការ​ចោទប្រកាន់​លើ​ថ្នាក់​ដឹកនាំ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ព្រមទាំង​សហជីព អ្នក​ការពារ​សិទ្ធិមនុស្ស ពលរដ្ឋ​រងគ្រោះ​ដីធ្លី​ជាដើម ក្នុង​សំណុំរឿង «ក្បត់ជាតិ រួម​គំនិត​ក្បត់ និង​ញុះញង់» នោះ ត្រូវ​បាន​លោក កើត រិទ្ធ ទូល​ថ្វាយ​ព្រះមហាក្សត្រ​ឲ្យ​ដំឡើង​ថ្នាក់ និង​ឋានន្តរស័ក្តិ​ពួកគេ​ផង​ដែរ។

យ៉ាងណា លោក អ៊ុំ រាត្រី ជា​អភិបាល​ខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​បន្ទាយមានជ័យ ផង។ ចំណែក​លោក គួច ចំរើន ជា​អភិបាល​ខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ព្រះសីហនុ ហើយ​លោក អ៊ុន ចាន់ដា ជា​អភិបាល​ខេត្ត និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​ខេត្ត​កំពង់ចាម ផង​ដែរ។ អ្នក​ទាំង​បី​នាក់​បាន​ចូល​កាន់​តំណែង​ជា​អភិបាល​ខេត្ត​បន្ទាយមានជ័យ ខេត្ត​ព្រះសីហនុ និង​ខេត្ត​កំពង់ចាម កាលពី​ឆ្នាំ​២០១៩ ដូច​គ្នា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស