លោក ហ៊ុន សែន ព្រមានសហព័ន្ធកីឡាកម្ពុជាមិនឱ្យរៀបចំកម្មវិធីប្រកួតណាមួយសម្រាប់កីឡាករខ្មែរដែលមានឈ្មោះចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនោះឡើយ ព្រោះវាអាចធ្វើឱ្យកីឡាករបាត់បង់ឱកាសដោយប្រការណាមួយ។
លោក ហ៊ុន សែន បានចេញខ្សែអាត់សំឡេងប្រវែងជាង ១២នាទីទាំងយប់កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ដោយបញ្ជាឱ្យសហព័ន្ធកីឡាប្រដាល់កម្ពុជាយកចិត្តទុកដាក់លើកីឡាករប្រដាល់របស់កម្ពុជា ដែលត្រូវចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេមខាងមុខឱ្យបានហ្មត់ចត់ មុននឹងព្រឹត្តិការណ៍នេះមកដល់ ដោយមិនអនុញ្ញាតឲ្យមានការរៀបចំការប្រកួតសម្រាប់កីឡាករប្រដាល់ទាំងនោះឡើយ។
លោក ហ៊ុន សែន បញ្ជាក់ថា សហព័ន្ធកីឡាប្រដាល់កម្ពុជាត្រូវត្រួតពិនិត្យកីឡាករប្រដាល់ដែលត្រូវចូលរួមប្រកួតទៅតាមទីតាំងក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឱ្យបានត្រឹមត្រូវ និងមិនឱ្យមានហេតុការណ៍ថ្លោះធ្លោយណាមួយកើតឡើងជាយថាហេតុដាច់ខាត សម្រាប់ការប្រកួតតាមវិញ្ញាសាក្នុងព្រឹត្តិការណ៍ស៊ីហ្គេមខាងមុខនេះ។
ការព្រមាននេះ ធ្វើឡើងដើម្បីកុំឱ្យកីឡាករប្រដាល់ដែលមានឈ្មោះត្រូវចូលរួមក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឡើងប្រកួតនៅកម្មវិធីផ្សេងៗមុននឹងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម បន្ទាប់ពីកីឡាករប្រដាល់ខ្មែរ លោក ឈឿន ល្វៃ បានរងរបួសក្នុងការប្រកួតកាលពីពេលថ្មីៗនេះ។
គិតត្រឹមថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ នេះ សល់រយៈពេលតែ ១៨ថ្ងៃទៀតប៉ុណ្ណោះ ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងត្រូវប្រកាសបើកព្រឹត្តិការណ៍ស៊ីហ្គេមនេះហើយនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ បន្ទាប់ពីបានរង់ចាំអស់រយៈពេល ៦៤ឆ្នាំមក។
ព្រឹត្តិការណ៍ស៊ីហ្គេមនឹងចាប់ផ្តើមពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ខណៈអាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) នឹងចាប់ផ្តើមពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ផងដែរ។
ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងមានការចូលរួមពីប្រទេសជាច្រើន ដូចជា ថៃ ឥណ្ឌូនេស៊ី វៀតណាម ហ្វីលីពីន ឡាវ មីយ៉ាន់ម៉ា និងម៉ាឡេស៊ី ផងដែរ ខណៈវិញ្ញាសាប្រកួតមានចំនួន ៣៨ប្រភេទ រួមមានប៉េតង់ តេក្វាន់ដូ (WT) ប្រដាល់គុនខ្មែរ បាល់ទាត់ គុនល្បុក្កតោ និងកាយវប្បកម្ម ជាដើម។
កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ មានវិញ្ញាសាចំនួន ១២ប្រភេទ រួមមានអត្តពលកម្ម ហែលទឹក លេងអុក បាល់ទះអង្គុយ វាយសី និងវាយកូនឃ្លីលើតុ ជាដើម។
ទាក់ទងនឹងបញ្ហានេះ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមក្នុងឆ្នាំ២០២៣ នេះ លោក វ៉ាត់ ចំរើន អះអាងថា តាមការគ្រោងទុក មេដាយដែលត្រូវផលិតសម្រាប់ព្រឹត្តិការណ៍កីឡាអន្តរជាតិនេះមានចំនួនសរុបប្រមាណជា ៦ពាន់មេដាយសម្រាប់កីឡាករ ប៉ុន្តែក្នុងនោះក៏មានការផលិតមេដាយជាច្រើនទៀតសម្រាប់ទុកជាវត្ថុអនុស្សាវរីយ៍ដើម្បីផ្តល់ជូនគណៈប្រតិភូ ម្ចាស់ឧបត្ថម្ភ និងភ្ញៀវនានាផងដែរ៕