33 C
Phnom Penh

លោក សម រង្ស៊ី ទម្លាយ​ពី​ផែនការ​ផ្លាស់ប្ដូរ​មុខតំណែង​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​បក្ស​ប្រជាជន​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ទម្លាយ​ថា ក្រុម​គ្រួសារ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​រៀបចំ​ផ្លាស់ប្ដូរ​មុខតំណែង​រួចរាល់​ហើយ​សម្រាប់​អនាគត​កូនៗ​របស់​ពួកគេ ក្នុង​បំណង​រក្សា​អំណាច​ត្រកូល​ហ៊ុន​ទៅ​ថ្ងៃ​មុខ។

លោក សម រង្ស៊ី បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​តាមរយៈ​នៃ​ការ​ទម្លាយ​ពី​ផ្ទៃក្នុង​របស់​បក្ស​កាន់​អំណាច​កាលពី​ពេល​ថ្មី​នេះ​ថា កូនប្រុស​ច្បង​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត នឹង​ឡើង​ធ្វើ​ជា​នាយករដ្ឋមន្ត្រី ខណៈ​លោក ហ៊ុន សែន នឹង​កាន់​តំណែង​ជា​ប្រធាន​ព្រឹទ្ធសភា ចំណែក​លោក សាយ ឈុំ ដែល​ជា​ប្រធាន​ព្រឹទ្ធសភា​បច្ចុប្បន្ន នឹង​ធ្វើ​ជា​អនុប្រធាន​ព្រឹទ្ធសភា​វិញ។

លោក សម រង្ស៊ី លើកឡើង​ថា លោក ស ខេង នឹង​កាន់​តំណែង​ជា​ប្រធាន​រដ្ឋសភា​ជំនួស​លោក ហេង សំរិន ហើយ​លោក ហេង សំរិន នឹង​ចូល​និវត្តន៍ ចំណែក​លោក ទៀ សីហា អភិបាល​ខេត្ត​សៀមរាប បច្ចុប្បន្ន នឹង​ឡើង​កាន់​តំណែង​ជា​អគ្គមេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ​ជំនួស​ឪពុក​របស់​គាត់ គឺ​លោក ទៀ បាញ់ បន្ទាប់ពី​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​រូប​នេះ​ចូល​និវត្តន៍។

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា ការ​រៀបចំ​ប្រព័ន្ធ​ដឹកនាំ​របស់​ប្រទេស​កម្ពុជា​តាម​របៀប​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ដែល​រៀបចំ​សព្វថ្ងៃ​នេះ គឺជា​ប្រព័ន្ធ​ដឹកនាំ​គ្រួសារ​និយម​ដើម្បី​រក្សា​អំណាច​ត្រកូល​ហ៊ុន​ទៅ​ថ្ងៃ​មុខ ក្នុង​បំណង​ចៀសវាង​កុំ​ឲ្យ​លោក ហ៊ុន សែន ត្រូវ​បាន​កាត់ទោស​ដោយ​ប្រជារាស្ត្រ​ខ្មែរ ប្រសិនបើ​ត្រកូល​ហ៊ុន​បាត់បង់​អំណាច​នៅ​ថ្ងៃ​ណា​មួយ។

កាលពី​ចុងខែ​កញ្ញា ឆ្នាំ​២០២២ លោក ហ៊ុន ម៉ាណែត អះអាង​ថា នៅ​លើ​ពិភពលោក​នេះ​មិនមែន​ជា​រឿង​ចម្លែក​ទេ​ដែល​កូនចៅ​របស់​អ្នក​នយោបាយ​បាន​ទទួល​យក​អាជីព​ជា​អ្នក​នយោបាយ​បន្ត​ពី​គ្រួសារ ខណៈ​លោក​ជាប់​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​របស់​បក្ស​ប្រជាជន​កម្ពុជា​បន្ត​ទៅ​ថ្ងៃ​មុខ​ក៏​មិន​មាន​អ្វី​ខុស​នោះ​ដែរ។

លោក ហ៊ុន ម៉ាណែត លើកឡើង​ថា សម្រាប់​អ្នក​នៅ​ក្នុង​វង្ស​ត្រកូល​អ្នក​នយោបាយ​ចាប់​អាជីព​ជា​អ្នក​នយោបាយ រហូត​ពួកគេ​អាច​ក្លាយ​ទៅ​ជា​ប្រធានាធិបតី ជា​នាយករដ្ឋមន្ត្រី ឬ​ជា​សមាជិក​សភា ឬ​កាន់​តួនាទី​សំខាន់ៗ​នៅ​ក្នុង​ស្ថាប័ន​រដ្ឋ​នានា មិនមែន​ជា​រឿង​ខុស​នោះ​ទេ ឱ្យ​តែ​ពួកគេ​អនុវត្ត​តាម​គោលការណ៍​ឱ្យ​បាន​ត្រឹមត្រូវ។

ទាក់ទិន​នឹង​បញ្ហា​នេះ អ្នក​សង្កេតការណ៍​កម្ពុជា លោក សុខ សុគន្ធ ធ្លាប់​រិះគន់​កាលពី​ពេល​ថ្មីៗ​នេះ​ថា មេដឹកនាំ​នយោបាយ​នៅ​កម្ពុជា ជាពិសេស​លោក ហ៊ុន សែន គ្រាន់តែ​ជា​អ្នក​ប្រកប​មុខរបរ​ក្នុង​កិច្ចការ​នយោបាយ​ដោយ​រក​កន្លែង​ឈរ​ជើង​ដើម្បី​ជីវភាព​នយោបាយ​ខ្លួនឯង និង​ពង្រីក​អំណាច​សម្រាប់​ក្រុម​គ្រួសារ សាច់ញាតិ និង​បក្ខពួក​ប៉ុណ្ណោះ។

លោក​បន្ត​ថា ពួកគេ​មិនមែន​ប្រឡូក​នយោបាយ​ដើម្បី​ប្រទេស​ជាតិ ទឹកដី និង​ដើម្បី​ភាព​សុខសាន្ត​របស់​ពលរដ្ឋ​ខ្មែរ​នោះ​ទេ។

អង្គការ​ឃ្លាំមើល​ពិភពលោក គ្លប៊ល វីនេស (Global Witness) ធ្លាប់​បាន​ចេញ​របាយការណ៍​កម្រាស់​ជិត ៦០​ទំព័រ​កាលពី​ពេល​កន្លងទៅ​ថា ក្រុម​គ្រួសារ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន សព្វថ្ងៃ​នេះ​បាន​បែងចែក​គ្នា​កាន់​តួនាទី​ធំៗ​ក្នុង​ជួរ​រដ្ឋាភិបាល​ឯក​បក្ស​របស់​លោក​ទាំងអស់ ដូចជា​លោក ហ៊ុន សែន កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី អ្នកស្រី ប៊ុន រ៉ានី កាន់​តំណែង​ជា​ប្រធាន​កាកបាទក្រហម លោក ហ៊ុន ម៉ាណែត កាន់​តំណែង​ជា​អគ្គមេបញ្ជាការ​កងទ័ព​ជើងគោក លោក ហ៊ុន ម៉ានី កាន់​តួនាទី​ជា​ប្រធាន​គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា ហើយ​លោក ហ៊ុន ម៉ានិត កាន់​តួនាទី​ជា​ប្រធាន​នាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច​ក្រសួង​ការពារ​ជាតិ។

អង្គការ គ្លប៊ល វីនេស បញ្ជាក់​ថា មនុស្ស​ដែល​ជា​សែស្រឡាយ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងតែ​ចែក​តួនាទី​គ្នា​ក្ដោប​ក្ដាប់​សេដ្ឋកិច្ច​ធំៗ​របស់​កម្ពុជា​ទាំងអស់​ផង​ដែរ ដែល​ក្រុមហ៊ុន​ខ្លះ​កំពុង​រំលោភ​សិទ្ធិមនុស្ស ហើយ​ខ្លះ​ទៀត​កំពុង​រំលោភ​ច្បាប់​ដោយ​ការ​ប្រព្រឹត្ត​អំពើពុករលួយ ជាដើម។

ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ ធ្លាប់​បាន​ឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ប្រទេស​កម្ពុជា​បច្ចុប្បន្ន​មិនមែន​ដឹកនាំ​ដោយ​ច្បាប់​នោះ​ទេ ហើយ​ក៏​មិនមែន​ដឹកនាំ​ដោយ​ឯក​បក្ស​ណា​មួយ​នោះ​ដែរ គឺ​ដឹកនាំ​ដោយ​គ្រួសារ​របស់​លោក ហ៊ុន សែន ទាំងស្រុង។

លោក គឹម សុខ បញ្ជាក់​ថា ត្រកូល​ហ៊ុន​បាន​យក​ប្រទេស​កម្ពុជា​ធ្វើជា​ទ្រព្យសម្បត្តិ​កាន់កាប់​ផ្ដាច់មុខ​ទៅ​ហើយ សព្វថ្ងៃ​នេះ​ក៏​ជា​ហានិភ័យ​ក្នុង​ការ​បាត់បង់​ទឹកដី​ខ្មែរ​ទៅ​ថ្ងៃ​មុខ​ដែរ ព្រោះ​ថា​គ្រួសារ​មួយ​នេះ​បាន​ស្ថិត​ក្នុង​ការ​គ្រប់គ្រង​ទាំងស្រុង​របស់​រដ្ឋាភិបាល​វៀតណាម​យ៉ាង​ជោកជាំ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស