30.7 C
Phnom Penh

សកម្មជន​បក្ស​ប្រឆាំង​ចាត់ទុក​បេះដូង​លោក ហ៊ុន សែន ជា​បេះដូង​ក្រដាស​ដែល​កប់​ក្នុង​ដី​រលួយ ត្រូវ​ទឹក​រលាយ​និង​ប៉ើង​តាម​ខ្យល់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សកម្មជន​បក្ស​ប្រឆាំង​ចាត់ទុក​បេះដូង​មេដឹកនាំ​ខ្មែរ លោក ហ៊ុន សែន ថា​ជា​បេះដូង​ដែល​គ្មាន​សាច់ គ្មាន​ឈាម​ដូច​បេះដូង​ក្រដាស​ដែល​គេ​បាន​រៀបចំ​នៅ​មុខ​ប្រាសាទ​អង្គរវត្ត​ដូច្នោះ​ដែរ ព្រោះ​ថា​បេះដូង​ក្រដាស គឺជា​បេះដូង​ដែល​កប់​ក្នុង​ដី​រលួយ ត្រូវ​ទឹក​រលាយ ហើយ​ត្រូវ​ខ្យល់​នឹង​ប៉ើង​តាម​ខ្យល់​ប៉ុណ្ណោះ។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ទឹម សុជា បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃ​ចន្ទ ទី​១៧ មេសា ថា គេ​អាច​សិក្សា​ហេតុផល​បាន​ថា បេះដូង​លោក ហ៊ុន សែន ជា​បេះដូង​ក្រដាស ព្រោះ​អ្វីៗ​ដែល​គាត់​បាន​ធ្វើ​ក្នុង​រយៈពេល​ដែល​គាត់​ដឹកនាំ​ប្រទេស​ជាង ៤០​ឆ្នាំ​មក​នេះ គ្មាន​កិច្ចការ​ណា​មួយ​ដែល​គិតគូរ​ដល់​ផលប្រយោជន៍​ជាតិ​នោះ​ទេ គឺ​មាន​តែ​គិត​ផលប្រយោជន៍​ក្រុម​គ្រួសារ​របស់​គាត់ និង​ការ​កេង​ចំណេញ​នយោបាយ​ប៉ុណ្ណោះ។

លោក ទឹម សុជា លើកឡើង​ថា រឿង​ងាយៗ​ដែល​គេ​អាច​វាយតម្លៃ​លើ​កិច្ចការ​របស់​លោក ហ៊ុន សែន ដែល​គាត់​កំពុង​ធ្វើ​នៅ​ពេលនេះ គឺ​ការ​រៀបចំ​ឲ្យ​មាន​បេះដូង​ក្រដាស​ច្រើន​ជាងគេ​នៅ​លើ​ពិភពលោក​នៅ​ពេលនេះ​ជាដើម ព្រោះ​ថា​ការ​រៀបចំ​នេះ​គឺជា​រឿង​ឥត​ប្រយោជន៍​សុទ្ធសាធ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ ត្បិត​បេះដូង​ក្រដាស​នេះ​ក្រៅតែ​ពី​បំបែក​កំណត់ត្រា​ពិភពលោក​ដែល​មេដឹកនាំ​ប្រទេស​ផ្សេង​មិន​ធ្វើ ព្រោះ​គេ​យល់​ឃើញ​ថា​ជា​រឿង​ឥត​ប្រយោជន៍ គឺ​គ្រាន់តែ​ជា​ល្បិច​នយោបាយ​ប្រជាភិថុតិ​លើ​ពលរដ្ឋ​ខ្មែរ​ប៉ុណ្ណោះ។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​បញ្ជាក់​ថា ព្រឹត្តិការណ៍​ដែល​លោក ហ៊ុន សែន បង្កើត​ឡើង​ដើម្បី​ធ្វើ​ប្រជាភិថុតិ ដូចជា​អន្សម​ធំ​ជាងគេ ក្រមា​វែង​ជាងគេ បេះដូង​ក្រដាស​ច្រើន​ជាងគេ និង​អ្នក​រាំ​បទ​ម៉ាឌីហ្សូន​ច្រើន​ជាងគេ គឺ​គ្មាន​ប្រយោជន៍​អ្វី​សម្រាប់​ជាតិ​ទាំងអស់ គ្រាន់តែ​ជា​ល្បិច​នយោបាយ​ទាក់ទាញ​ប្រជាប្រិយភាព​សម្រាប់​ខ្លួន​គាត់ ដើម្បី​កេង​ចំណេញ​នយោបាយ​សម្រាប់​បក្ស​កាន់​អំណាច​តែប៉ុណ្ណោះ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន អួត​ពី​ការ​រៀបចំ​បេះដូង​ក្រដាស​ច្រើន​ជាងគេ​រហូត​អាច​បំបែក​ឯកត្តកម្ម​លើ​ពិភពលោក​កាលពី​ពេល​ថ្មីៗ​នេះ រហូត​លោក​ចាត់ទុក​ថា កម្ពុជា​ជា​ប្រទេស​តូច​ដែល​មាន​បេះដូង​ធំ​ថែម​ទៀត។

កាលពី​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០២៣ ប្រទេស​កម្ពុជា​បាន​បំបែក​កំណត់ត្រា​ពិភពលោក​ដោយសារតែ​ការ​រៀបចំ​បេះដូង​ក្រដាស​ច្រើន​ជាងគេ​នៅ​លើ​ពិភពលោក។ ក្រោយ​ជាប់​កំណត់ត្រា​ពិភពលោក​នេះ មន្ត្រី​បក្ស​កាន់​អំណាច ជាពិសេស​លោក ហ៊ុន សែន លើកឡើង​ថា កម្ពុជា​ជា​ប្រទេស​តូច​តែ​បេះដូង​ធំ ដែល​លោក​ចង់​មាន​ន័យ​ថា ក្នុង​ឋានៈ​លោក​ជា​មេដឹកនាំ គឺ​មាន​បេះដូង​ទូលាយ​ពោរពេញ​ដោយ​គុណធម៌​ក្នុង​ការ​ដឹកនាំ​ប្រទេស​ដ៏​តូច​មួយ​នេះ។

សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លោក ស្រ៊ុន ស្រ៊ន បាន​លើកឡើង​ក្នុង​កម្មវិធី​ពិភាក្សា​នេះ​ដែរ​ថា បើ​គ្រាន់តែ​ដើម្បី​បង្ហាញ​ថា​មេដឹកនាំ​នៃ​ប្រទេស​មួយ​មាន​គុណធម៌​ខ្ពស់​ដឹកនាំ​ប្រទេស​ប្រកប​ដោយ​បេះដូង​ទូលាយ ដោយ​ការ​រៀបចំ​បេះដូង​ក្រដាស​ឲ្យ​បាន​ច្រើន​បែប​នេះ ប្រទេស​ភូមា ប្រទេស​រុស្ស៊ី និង​ប្រទេស​រំលោភ​សិទ្ធិមនុស្ស​ផ្សេង​ទៀត ក៏​អាច​រៀបចំ​បេះដូង​ក្រដាស​ឲ្យ​កាន់តែ​ច្រើន​ដើម្បី​ក្លាយ​ជា​ប្រទេស​ដែល​មាន​មេដឹកនាំ​បេះដូង​ទូលាយ​បាន​ដែរ។

លោក ស្រ៊ុន ស្រ៊ន លើកឡើង​ថា ការ​រៀបចំ​បេះដូង​ក្រដាស​នេះ បើ​ប្រើ​ក្នុង​អត្ថន័យ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​ប្លែក​ភ្នែក​នោះ គឺជា​រឿង​ត្រឹមត្រូវ ប៉ុន្តែ​មិន​អាច​យក​មក​ប្រើ​ក្នុង​អត្ថន័យ​បង្ហាញ​ថា​មេដឹកនាំ​នៃ​ប្រទេស​នោះ​មាន​បេះដូង​ទូលាយ​បាន​ទេ ព្រោះ​ថា​ដើម្បី​បង្ហាញ​ថា មេដឹកនាំ​នៃ​ប្រទេស​មួយ​មាន​បេះដូង​ទូលាយ​ក្នុង​ការ​ដឹកនាំ​រដ្ឋ ទាល់តែ​មាន​ការ​ដឹកនាំ​ដោយ​ការ​គោរព​ច្បាប់ ធានា​បាន​នូវ​នីតិរដ្ឋ និង​លទ្ធិប្រជាធិបតេយ្យ​ស្រប​តាម​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន ជាដើម។

អ្នក​ឃ្លាំមើល​កិច្ចការ​សង្គម​រូប​នេះ​បញ្ជាក់​ថា សម្រាប់​ប្រទេស​កម្ពុជា​ទាល់តែ​មេដឹកនាំ​ធានា​បាន​នូវ​ការ​អនុវត្ត​ច្បាប់ គោរព​តាម​រដ្ឋធម្មនុញ្ញ កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លើកស្ទួយ​សិទ្ធិមនុស្ស អនុវត្ត​តាម​គន្លង​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង​បើក​ឲ្យ​មាន​សេរីភាព​បញ្ចេញមតិ ជាដើម ទើប​អាច​ចាត់ទុក​ថា​មេដឹកនាំ​នោះ​មាន​បេះដូង​ទូលំទូលាយ​សម្រាប់​ប្រទេស​ដ៏​តូច​មួយ​នេះ។

កម្ពុជា​ដែល​ក្រោម​ការ​ដឹកនាំ​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ត្រូវ​គេ​មើល​ឃើញ​ថា បាន​រំលោភ​ច្បាប់ រំលោភ​សិទ្ធិមនុស្ស រំលោភ​ព្រះមហាក្សត្រ រំលាយ​បក្ស​ប្រឆាំង បង្កើត​ឲ្យ​មាន​អំពើពុករលួយ បង្កើត​ឲ្យ​មាន​ការ​សម្លាប់​ក្រៅ​ប្រព័ន្ធ​ច្បាប់ និង​បង្ក្រាប​ពលរដ្ឋ​ដែល​ទាមទារ​សិទ្ធិ​សេរីភាព​រហូត​ចាប់​ខ្លួន​ដាក់​គុក ជាដើម។

ជាក់ស្តែង កាលពី​អំឡុង​ឆ្នាំ​២០១៤ កងកម្លាំង​ចម្រុះ​របស់​រដ្ឋាភិបាល​កម្ពុជា​ដែល​មាន​លោក ហ៊ុន សែន ជា​អ្នក​ដឹកនាំ បាន​បាញ់​រះ​ទៅ​លើ​កម្មករ​ដែល​កំពុង​តវ៉ា​នៅ​មហាវិថី​វ៉េងស្រេង ក្នុង​បំណង​សុំ​ដំឡើង​ប្រាក់ខែ ១៦០​ដុល្លារ ដែល​ធ្វើ​ឱ្យ​មនុស្ស ៤​នាក់​ស្លាប់ ៣៨​នាក់​ផ្សេង​ទៀត​រង​របួស និង​ក្មេង​ប្រុស​ម្នាក់​ឈ្មោះ ខឹម សាផាត បាន​បាត់​ខ្លួន​មក​ទល់​សព្វថ្ងៃ​នេះ។

អស់​រយៈពេល ៩​ឆ្នាំ​ហើយ រដ្ឋាភិបាល​កម្ពុជា​ដែល​មាន​លោក ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី មិនទាន់​បង្ហាញ​ថា ស្ថាប័ន​ណា​មួយ​ជា​អ្នក​ទទួល​ខុសត្រូវ​ចំពោះ​ការ​បង្ក្រាប​បង្ហូរ​ឈាម​នោះ​ទេ ហើយ​ក៏​មិនទាន់​បាន​បញ្ជាក់​ថា ស្ថាប័ន​ណា​មួយ​ជា​អ្នក​ផ្តល់​សំណង​ជំងឺចិត្ត​ដើម្បី​ប៉ះប៉ូវ​ដល់​ការ​ឈឺចាប់​របស់​គ្រួសារ​ជនរងគ្រោះ​ដែរ។

អង្គការ​គម្រោង​យុត្តិធម៌​ពិភពលោក បាន​ដាក់​ប្រទេស​កម្ពុជា​ឲ្យ​ស្ថិត​ក្នុង​លេខ​រៀង​ទី​១៣៩ ក្នុង​ចំណោម ១៤០​ប្រទេស​ដែល​មាន​នីតិរដ្ឋ​ទាប​បំផុត កាលពី​អំឡុង​ខែ​តុលា ឆ្នាំ​២០២២ កន្លងទៅ ដោយសារតែ​គេ​រក​ឃើញ​ថា ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​កម្ពុជា​គ្មាន​តម្លាភាព មាន​ការ​គំរាមកំហែង​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ និង​ការ​មិន​ធានា​បាន​នូវ​ប្រព័ន្ធ​យុត្តិធម៌​របស់​ខ្លួន ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស