26 C
Phnom Penh

លោក សម រង្ស៊ី ចោទ​លោក ហ៊ុន សែន ថា​ជា​ជន​ក្បត់​ជាតិ​សម្លាប់​ពលរដ្ឋ​ក្នុង​សម័យ ប៉ុល ពត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ចោទ​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ថា​ជា​ជន​ក្បត់​ជាតិ​ដែល​បាន​ចូលរួម​សម្លាប់​ពលរដ្ឋ​ខ្មែរ​ក្នុង​សម័យ ប៉ុល ពត ក្នុង​ឋានៈ​ជា​មេទ័ព​ខ្មែរក្រហម​ម្នាក់ ក្រោម​ការ​រៀបចំ​របស់​គណបក្ស​កុម្មុយនីស្ត​កម្ពុជា​ដែល​មាន​ដើមកំណើត​ពី​វៀតណាម អស់​រយៈពេល​ជាង ២​ឆ្នាំ​ក្នុង​សម័យ​នោះ។

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​ចន្ទ ថា ថ្ងៃទី​១៧ ខែ​មេសា ឆ្នាំ​២០២៣ គឺជា​ខួប​លើក​ទី​៤៨​ឆ្នាំ ដែល​កងទ័ព​ខ្មែរក្រហម​ចូល​កាន់កាប់​ទីក្រុង​ភ្នំពេញ ដោយ​បណ្តេញ​ពលរដ្ឋ​ចេញពី​ទីក្រុង​យ៉ាង​ឃោរឃៅ​ដែល​ដឹកនាំ​ដោយ ប៉ុល ពត ក្រោម​របប​ដែល​ពួកគេ​បង្កើត​មួយ​ឈ្មោះ​ថា «កម្ពុជា​ប្រជាធិបតេយ្យ»

លោក​បន្ថែម​ថា លោក ហ៊ុន សែន បាន​ចូលរួម​បម្រើ​របប​ខ្មៅ​ងងឹត​នេះ​ក្នុង​ឋានៈ​ជា​មេទ័ព​ខ្មែរក្រហម​ម្នាក់​នៅ​ភូមិភាគ​បូព៌ា​អស់​រយៈពេល​ជាង ២​ឆ្នាំ ចាប់ពី​ឆ្នាំ​១៩៧៥ ដល់​ពាក់កណ្តាល​ឆ្នាំ​១៩៧៧ ក្នុង​នោះ​លោក ហ៊ុន សែន ក៏​បាន​កាប់​សម្លាប់​ប្រជាពលរដ្ឋ​ស្លូតត្រង់​ជាច្រើន​ដែរ ជាពិសេស​ក្នុង​ចំណោម​សហគមន៍​ខ្មែរ​ឥស្លាម​នៅ​ស្រុក​ក្រូចឆ្មារ ខេត្ត​កំពង់ចាម។

លោក សម រង្ស៊ី លើកឡើង​ថា ក្រោយ​មក​ដោយសារតែ​លោក ហ៊ុន សែន អសមត្ថភាព​ប្រយុទ្ធ​ប្រឆាំង​នឹង​កងទ័ព​វៀតណាម​នៅ​តាម​ព្រំដែន ទើប ប៉ុល ពត និង​អង្គការ​ចាត់តាំង​ខាងលើ​សម្រេច​ចាត់​វិធានការ​លើ​រូប​គាត់ ប៉ុន្តែ​ដោយសារ​ខ្លាច​ថ្នាក់​លើ​របស់​ខ្លួន​សម្លាប់ គាត់​ក៏​រត់​ទៅ​ប្រទេស​វៀតណាម​សុំ​ឲ្យ​កងទ័ព​វៀតណាម​ជួយ​ការពារ និង​សុំ​ឲ្យ​វៀតណាម​យក​គាត់​ធ្វើជា​អ្នក​បម្រើ​របស់​ពួកគេ​តាំងពី​ពេល​នោះ​មក។

លោក​បន្ថែម​ថា ការ​រត់​ភៀសខ្លួន​ទៅ​ប្រទេស​វៀតណាម​នៅ​ពេល​នោះ មិនមែន​ដោយសារ​តែ​លោក ហ៊ុន សែន អាណិត​អាសូរ​ប្រជារាស្ត្រ​ខ្មែរ​ទេ ប៉ុន្តែ​ដោយសារតែ​គាត់​ខ្លាច​ថ្នាក់​លើ​របស់​គាត់​សម្លាប់​ប៉ុណ្ណោះ។

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា ក្រោយ​ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​១៩៧៩ ជាពិសេស​នៅ​ថ្ងៃទី​១៧ មេសា ពី​ឆ្នាំ​១៩៧៩ រហូត​ដល់​ឆ្នាំ​១៩៨៤ របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក ជា ស៊ីម លោក ហេង សំរិន និង​លោក ហ៊ុន សែន បាន​ធ្វើ​ពិធី​អបអរ​សាទរ​ថ្ងៃ​ជ័យជម្នះ ១៧​មេសា ជានិច្ច ពីព្រោះ​ពួកគេ​ចាត់ទុក​ថ្ងៃ​នោះ​ជា​ជ័យជម្នះ​របស់​ខ្លួន និង​បាន​ចោទ​ថា ប៉ុល ពត បាន​ប្លន់​ថ្ងៃ​ជ័យជម្នះ​នេះ​ពី​ពួកគេ ដូច្នេះ​គឺ​មាន​ន័យ​ថា អ្នក​ដែល​បន្ត​វេន​ពិតប្រាកដ​ពី ប៉ុល ពត ក្រោម​ការ​រៀបចំ​របស់​គណបក្ស​កុម្មុយនីស្ត​កម្ពុជា​ដែល​បាន​បង្កើត​ឡើង​ដោយ​វៀតណាម​ក្នុង​ឆ្នាំ​១៩៥១ គឺ​លោក ហ៊ុន សែន តែម្តង។

គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​ឈ្មោះ​ដើម​ថា បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក សឺន ង៉ុកមិញ ហៅ​អាចារ្យ មៀន កាលពី​ថ្ងៃទី​២៨ ខែ​មិថុនា ឆ្នាំ​១៩៥១។ លោក សឺន ង៉ុកមិញ ដែល​មាន​ឈ្មោះ​ជា​ភាសា​វៀតណាម​ថា ផាម យ៉ាំងហួ (Phạm Văn Hua) គឺជា​អតីត​សមាជិក​បក្ស​កុម្មុយនីស្ត​ឥណ្ឌូចិន ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក ហូ ជី មិញ (Ho Chi Minh) តាំងពី​ឆ្នាំ​១៩៣០ មក។

បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា បាន​ប្តូរ​ឈ្មោះ​ទៅ​ជា «បក្ស​ពលករ​កម្ពុជា» វិញ នៅ​ឆ្នាំ​១៩៦០ ប៉ុន្តែ​នៅ​ឆ្នាំ​១៩៦៦ បក្ស​ពលករ​កម្ពុជា បាន​ប្តូរ​ឈ្មោះ​ម្តង​ទៀត​ទៅ​ជា «បក្ស​កុម្មុយនីស្ត​កម្ពុជា» វិញ ដែល​ត្រូវ​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់ ប៉ុល ពត ប៉ុន្តែ​នៅ​ថ្ងៃទី​២ ខែ​ធ្នូ ឆ្នាំ​១៩៧៨ កម្មាភិបាល​មួយ​ចំនួន​នៃ​របប ប៉ុល ពត ដូចជា​លោក ប៉ែន សុវណ្ណ លោក ចាន់ ស៊ី លោក ហ៊ុន សែន លោក ជា ស៊ីម និង​លោក ហេង សំរិន បាន​នាំគ្នា​បង្កើត​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជ​មួយ​ក្រោម​ការ​ជ្រោមជ្រែង​របស់​វៀតណាម ដើម្បី​ផ្តួល​រំលំ​របប​ខ្មៅ​ងងឹត​នោះ។

ក្រោយ​ទទួល​បាន​ជ័យជម្នះ​នៅ​ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​១៩៧៩ កងទ័ព​វៀតណាម​ដែល​បាន​ចូល​ឈ្លានពាន​កម្ពុជា​នៅ​ពេល​នោះ បាន​លើក​បន្តុប​រដ្ឋាភិបាល​ថ្មី​មួយ​ដែល​មាន​សមាសភាព ដូចជា​លោក ប៉ែន សុវណ្ណ លោក ចាន់ ស៊ី លោក ហ៊ុន សែន លោក ជា ស៊ីម និង​លោក ហេង សំរិន ជាដើម ឱ្យ​ដឹកនាំ​ប្រទេស​កម្ពុជា ប៉ុន្តែ​ត្រូវ​ស្ថិត​ក្រោម​ការ​ចាត់ចែង​របស់​រដ្ឋាភិបាល​វៀតណាម​ទាំងស្រុង។ ជាង​នេះ​ទៀត អតីត​មេ​កម្មាភិបាល​ខ្មែរក្រហម​ទាំងនោះ​ក៏​បាន​ប្តូរ​ឈ្មោះ «បក្ស​កុម្មុយនីស្ត​កម្ពុជា» មក​ឈ្មោះ​ដើម​វិញ គឺ «បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា» នៅ​ពេល​នោះ​ផង​ដែរ។

ទីបំផុត នៅ​ឆ្នាំ​១៩៩១ បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា ត្រូវ​បាន​គេ​ប្ដូរ​ឈ្មោះ​ទៅ​ជា «គណបក្ស​ប្រជាជន​កម្ពុជា» វិញ នឹង​ត្រូវ​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន បន្តិច​ម្តងៗ​បន្ទាប់ពី​មេដឹកនាំ​មុនៗ​របស់​បក្ស​នេះ​ត្រូវ​បាន​ចាប់​ខ្លួន និង​ស្លាប់​ដោយ​អាថ៌កំបាំង​ជា​បន្តបន្ទាប់ ដែល​ជា​ហេតុ​នាំ​ឲ្យ​វៀតណាម​លើក​បន្តុប​លោក ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​របស់​ប្រទេស​កម្ពុជា​តាំងពី​ឆ្នាំ​១៩៨៥ មក។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​១៩ ខែ​មករា ឆ្នាំ​២០២៣ មេដឹកនាំ​ខ្មែរ​ដែល​វៀតណាម​លើក​បន្តុប លោក ហ៊ុន សែន ព្រមាន​ចាត់​វិធានការ​ច្បាប់ និង​ប្រើ​អំពើ​ហិង្សា​គ្រប់​វិធី​លើ​មេដឹកនាំ​នយោបាយ​ណា​ដែល​ហ៊ាន​ជីក​កកាយ​ប្រវត្តិ​ដើមកំណើត​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

លោក ហ៊ុន សែន បញ្ជាក់​ថា ចាប់ពី​ពេលនេះ​តទៅ គណបក្ស​ប្រជាជន​កម្ពុជា នឹង​ប្រើ​វិធានការ​ច្បាប់​ដើម្បី​ការពារ​ភាព​ស្អាតស្អំ​របស់​ខ្លួន ប៉ុន្តែ​បើ​ពួកគេ​នៅតែ​បន្ត​ព្រហើន​និយាយ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​គណបក្ស​លោក​ទៀត​នោះ លោក​ក៏​មិន​ខ្លាច​ចាត់​វិធានការ​បង្ក្រាប​ឱ្យ​អ្នក​ទាំងនោះ​ភ្លឺ​ភ្នែក​ដែរ។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា សព្វថ្ងៃ​នេះ ប្រទេស​កម្ពុជា និង​ប្រជាពលរដ្ឋ​ខ្មែរ​មិនមែន​គ្រប់គ្រង​ដោយ​ច្បាប់​នោះ​ទេ គឺ​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​សុទ្ធសាធ ចំណែក​គណបក្ស​ប្រជាជន​កម្ពុជា​ក៏​មិនមែន​គ្រប់គ្រង​ដោយ​មន្ត្រី​ជាន់ខ្ពស់​ក្នុង​បក្ស​នេះ​ដែរ គឺ​គ្រប់គ្រង​ដោយ​ក្រុម​គ្រួសារ​ហ៊ុន​តែប៉ុណ្ណោះ ចំណែក​ក្រុម​គ្រួសារ​ហ៊ុន ត្រូវ​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​វៀតណាម​ទាំងស្រុង ដូច្នេះ​មាន​ន័យ​ថា ប្រទេស​កម្ពុជា​គឺ​កំពុង​គ្រប់គ្រង​ដោយ​វៀតណាម​តាមរយៈ​ត្រកូល​ហ៊ុន​យ៉ាង​ណែន​រយៈពេល​ជាង ៤០​ឆ្នាំ​មក​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស