38 C
Phnom Penh

អូស្ត្រាលី​ប្ដេជ្ញា​គាំទ្រ​ឱ្យ​មាន​សេរីភាព​បញ្ចេញមតិ គោរព​សិទ្ធិ និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រទេស​អូស្ត្រាលី ប្ដេជ្ញា​គាំទ្រ​ឲ្យ​មាន​សេរីភាព​នៃ​ការ​បញ្ចេញមតិ ការ​គោរព​សិទ្ធិ​ជា​មូលដ្ឋាន និង​លទ្ធិប្រជាធិបតេយ្យ​ក្នុង​នាម​ប្រទេស​ជា​មិត្ត​ដ៏​យូរ​អង្វែង និង​ជា​ដៃគូ​របស់​ប្រទេស​កម្ពុជា​កន្លងមក។

ស្ថានទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​១៨ មេសា នេះ​ថា ក្នុង​នាម​អូស្ត្រាលី​ជា​មិត្ត​ដ៏​យូរ​អង្វែង និង​ជា​ដៃគូ​របស់​កម្ពុជា អូស្ត្រាលី​នៅតែ​ប្ដេជ្ញា​បន្ត​ការ​គាំទ្រ​ឲ្យ​មាន​សេរីភាព​នៃ​ការ​បញ្ចេញមតិ និង​សិទ្ធិ​ជា​មូលដ្ឋាន​នានា ហើយ​អូស្ត្រាលី​នៅតែ​បន្ត​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ដៃគូ​នានា​របស់​ខ្លួន ដើម្បី​គាំទ្រ​ឲ្យ​មាន​ការ​គោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ទៅ​ថ្ងៃ​មុខ​បន្ត​ទៀត។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ត្រូវ​គេ​ឃើញ​ថា កំពុង​ធ្លាក់​ចុះ​យ៉ាង​ធ្ងន់ធ្ងរ​បន្ទាប់ពី​រដ្ឋាភិបាល​ខ្មែរ​ចាប់​ខ្លួន​សកម្មជន​នយោបាយ សកម្មជន​សង្គម និង​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ជាដើម។

មន្ត្រី​ជាន់ខ្ពស់​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នៃ​សមាគម​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា សម្ដែង​នូវ​ក្តី​សង្ឃឹម​ចំពោះ​វត្តមាន​របស់​ឯកអគ្គរដ្ឋទូត​ប្រទេស​អូស្ត្រាលី លោក វ៉ាយ អេត ដែល​បាន​ផ្តល់​ឱកាស​ដល់​អង្គការ​សង្គម​ស៊ីវិល​ឲ្យ​មាន​ឱកាស​ជួប​ពិភាក្សា​ចែករំលែក​ព័ត៌មាន​ពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ក្នុង​កិច្ចពិភាក្សា​ប្រចាំ​ត្រីមាស​របស់​ស្ថានទូត​អូស្ត្រាលី ជាមួយ​អង្គការ​សិទ្ធិមនុស្ស និង​ស្ថានទូត​ជាច្រើន​ទៀត​កាលពី​ពេល​ថ្មីៗ​នេះ។

លោក ស៊ឹង សែនករុណា ធ្លាប់​បាន​អំពាវនាវ​ទៅ​កាន់​ប្រទេស​លោក​សេរី​កាលពី​ដើម​ខែ​មេសា នេះ​ថា សូម​កុំ​ឲ្យ​ប្រទេស​លោក​សេរី​រើស​យក​បុគ្គល​នយោបាយ​ណា​មួយ ឬ​ក៏​បក្ស​នយោបាយ​ណា​មួយ​ឲ្យ​សោះ សូម​រើស​យក​ពលរដ្ឋ​ខ្មែរ​ដែល​ត្រូវការ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ពិតប្រាកដ។

លោក​បញ្ជាក់​ថា ទាល់តែ​មាន​ប្រព័ន្ធ​ប្រកួតប្រជែង​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ទើប​មាន​ការ​ចូលរួម​ពី​ពលរដ្ឋ​ខ្មែរ​គ្រប់​និន្នាការ​នយោបាយ​ដោយ​គ្មាន​ការ​ភ័យខ្លាច។

កាលពី​ចុងខែ​មីនា ឆ្នាំ​២០២៣ ឯកអគ្គរាជទូត​អូស្ត្រាលី លោក វ៉ាយ អេត បាន​ជួប​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ពិភាក្សា​ការងារ​អំពី​វិធីសាស្ត្រ​ដែល​អូស្ត្រាលី និង​កម្ពុជា​ធ្វើ​ការងារ​រួម​គ្នា​ទាំង​លក្ខណៈ​ទ្វេភាគី និង​ក្នុង​តំបន់ ក្នុង​នោះ លោក វ៉ាយ អេត បាន​លើកឡើង​អំពី​ការ​អភិវឌ្ឍ​វិស័យ​សេដ្ឋកិច្ច វិស័យ​សុខាភិបាល វិស័យ​អប់រំ វិស័យ​ពាណិជ្ជកម្ម វិស័យ​សន្តិសុខ​ព្រំដែន វិស័យ​ការពារ​ជាតិ ព្រមទាំង​លទ្ធិប្រជាធិបតេយ្យ សង្គម​ស៊ីវិល និង​សិទ្ធិមនុស្ស​ផង​ដែរ។

មាត្រា​៣៥ នៃ​រដ្ឋធម្មនុញ្ញ ចែង​ថា ប្រជាពលរដ្ឋ​ខ្មែរ​មាន​សិទ្ធិ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច​សង្គម និង​វប្បធម៌​របស់​ប្រទេស​ជាតិ ខណៈ​សេចក្តី​ស្នើ​ទាំងឡាយ​របស់​ពលរដ្ឋ​ត្រូវ​បាន​ដោះស្រាយ និង​ពិនិត្យ​យ៉ាង​ហ្មត់ចត់​ពី​អង្គការ​រដ្ឋ ប៉ុន្តែ​រដ្ឋាភិបាល​ក្រោម​ការ​គ្រប់គ្រង​របស់​បក្ស​កាន់​អំណាច​សព្វថ្ងៃ​នេះ ត្រូវ​គេ​មើល​ឃើញ​ថា បាន​អនុវត្ត​ផ្ទុយ​ពី​មាត្រា​ដែល​បាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ទាំងស្រុង។

ជាក់ស្តែង ប្រទេស​ដែល​ប្រកាន់​របប​ប្រជាធិបតេយ្យ ជាពិសេស​សហរដ្ឋ​អាមេរិក បាន​រក​ឃើញ​ជា​បន្តបន្ទាប់​ពី​ការ​រំលោភ​សិទ្ធិ​របស់​រដ្ឋាភិបាល​កម្ពុជា​លើ​ប្រជាពលរដ្ឋ​ខ្មែរ។ ជាក់ស្តែង របាយការណ៍​ប្រចាំ​ឆ្នាំ​២០២១ របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ស្ដីពី​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​បាន​ចេញ​ផ្សាយ​កាលពី​ពាក់កណ្តាល​ឆ្នាំ​២០២២ បាន​រក​ឃើញ​ថា មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​នៅតែ​បន្ត​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ជាពិសេស​តាមរយៈ​នៃ​ការ​គំរាមកំហែង​ដោយ​ប្រើ​កងកម្លាំង​ប្រដាប់​អាវុធ​ប្រឆាំង​នឹង​គូប្រជែង​នយោបាយ​របស់​លោក ហ៊ុន សែន ជាដើម។

របាយការណ៍​ខាងលើ​បាន​លាតត្រដាង​ថា រដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើការ​ចោទប្រកាន់​តាម​អំពើ​ចិត្ត​ពី​បទ «ញុះញង់» ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ចុងក្រោយ​នេះ ដោយ​ប្រើប្រាស់​ច្បាប់ ដើម្បី​ចោទប្រកាន់​មេដឹកនាំ​គណបក្ស​ប្រឆាំង និង​អ្នកគាំទ្រ​របស់​ពួកគេ​ពី​បទ​ឧក្រិដ្ឋ​ផង​ដែរ។

បន្ថែម​ពី​នេះ ក៏​មាន​ការ​យាយី​កាន់តែ​ខ្លាំង​ឡើងៗ​លើ​មេដឹកនាំ​សហជីព​ឯករាជ្យ សកម្មជន​បរិស្ថាន និង​ប្រជាពលរដ្ឋ​ដែល «បញ្ចេញមតិ​ដ៏​រសើប​ទាក់ទិន​នឹង​រឿង​នយោបាយ» ក្នុង​នោះ​រួមមាន​ទាក់ទិន​ការ​ឆ្លើយតប​របស់​រដ្ឋាភិបាល​ទៅ​នឹង​ការ​រីក​រាលដាល​ជំងឺ​កូវីដ-១៩ វិវាទ​ដីធ្លី បញ្ហា​ព្រំដែន​ជាមួយ​វៀតណាម និង​ទំនាក់ទំនង​ជាមួយ​ប្រទេស​ចិន ជាដើម។

ទាក់ទិន​នឹង​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ជាង ៤០​ឆ្នាំ​មក​នេះ អង្គការ Freedom House បាន​ចេញ​របាយការណ៍​របស់​ខ្លួន​កាលពី​ឆ្នាំ​២០២២ ថា ប្រព័ន្ធ​នយោបាយ​របស់​កម្ពុជា​ត្រូវ​បាន​លោក ហ៊ុន សែន គ្រប់គ្រង​ផ្ដាច់មុខ​ទាំងស្រុង ក្នុង​នោះ​គណបក្ស​ប្រឆាំង បណ្ដាញ​សារព័ត៌មាន​ឯករាជ្យ អ្នក​តវ៉ា​ទាមទារ​សិទ្ធិ​សេរីភាព និង​ពលរដ្ឋ​ខ្មែរ​កំពុង​រស់នៅ​ក្នុង​ភាព​ភ័យខ្លាច​គ្រប់ៗ​គ្នា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស