41.3 C
Phnom Penh

“តើ​អាច​មាន​ទោស​ខាង​វិន័យ​កងទ័ព​ទេ បើ​លោក ហ៊ុន ម៉ាណែត មិន​អនុវត្ត​តាម​ការ​តែងតាំង​របស់​ព្រះមហាក្សត្រ?”

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​បាន​ចោទ​សួរ​ទៅ​កាន់​បេក្ខជន​អនាគត​នាយករដ្ឋមន្ត្រី​ដ៏​ចម្រូងចម្រាស​របស់​បក្ស​កាន់​អំណាច លោក ហ៊ុន ម៉ាណែត ថា​តើ​អាច​មាន​ទោស​ខាង​វិន័យ​កងទ័ព​ទេ បើ​នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤ ដែល​ត្រូវ​ព្រះមហាក្សត្រ​ទើប​តែងតាំង​រូប​នេះ​នៅតែ​បន្ត​ពាក់​ឯកសណ្ឋាន​ឋានន្តរស័ក្តិ​ផ្កាយ​មាស​៣ ដែល​ផ្ទុយ​ពី​ព្រះរាជក្រឹត្យ​តែងតាំង​របស់​ព្រះមហាក្សត្រ។

អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត សេង សារី បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​១៩ មេសា នេះ ដោយ​លើក​ជា​សំណួរ​ទៅ​កាន់​លោក ហ៊ុន ម៉ាណែត ថា តើ​ថ្ងៃ​ណា​ទើប​នាយ​ឧត្តមសេនីយ៍​រូប​នេះ​ពាក់​ឯកសណ្ឋាន​កងទ័ព​ដែល​មាន​ឋានន្តរស័ក្តិ​ផ្កាយ​មាស​៤ តាម​ការ​តែងតាំង​នៃ​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ​ខ្មែរ?

បណ្ឌិត សេង សារី លើកឡើង​ថា មក​ទល់​ពេលនេះ​មាន​រយៈពេល ១​ខែ​ហើយ​ដែល​លោក ហ៊ុន ម៉ាណែត នៅតែ​បន្ត​ពាក់​ឯកសណ្ឋាន​កងទ័ព​ដែល​មាន​ឋានន្តរស័ក្តិ​ផ្កាយ​៣ ក្នុង​ពេល​ចូលរួម​ក្នុង​កម្មវិធី​កងទ័ព​ផ្សេងៗ។ លោក​បន្ថែម​ថា បើ​លោក ហ៊ុន ម៉ាណែត នៅតែ​ស្រឡាញ់​ត្រឹម​ឯកសណ្ឋាន​ឋានន្តរស័ក្តិ​ផ្កាយ​៣ គាត់​គួរតែ​បោះបង់​ផ្កាយ​ដែល​ព្រះមហាក្សត្រ​តែងតាំង​ទៅ​ឱ្យ​ថ្នាក់​ក្រោម​របស់​ខ្លួន​នោះ​ទៅ ហើយ​ពួកគេ​ប្រាកដជា​ដណ្តើម​គ្នា​រើស​យក​មក​ពាក់​មិន​ខាន មិន​ឱ្យ​ធ្លាក់​ដល់​ដី​ទាន់​នោះ​ទេ?

អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម​រូប​នេះ​លើក​ជា​សំណួរ​ថា តើ​មាន​ច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ ប្រកាស​ក្រសួង ឬ​បទបញ្ជា​ផ្ទៃក្នុង​ណា​មួយ​ដែល​ចែង​ថា ទាល់តែ​ធ្វើ​ពិធី​បំពាក់​ឋានន្តរស័ក្តិ​រួច ទើប​អាច​ពាក់​ឯកសណ្ឋាន​ឋានន្តរស័ក្តិ​ផ្កាយ​មាស​៤ ដែល​ព្រះមហាក្សត្រ​តែងតាំង​រួច​ហើយ ឬ​មួយ​ការ​ពាក់​ឯកសណ្ឋាន​ផ្កាយ​៤ ក្រោយ​ពិធី​បំពាក់​ឋានន្តរស័ក្តិ គ្រាន់តែ​ជា​ទម្លាប់​ដែល​គេ​ចេះ​តែ​នាំគ្នា​ធ្វើ​តៗ​គ្នា​មក ឬ​យ៉ាង​ណា?

កាលពី​ថ្ងៃទី​១៧ ខែ​មេសា ឆ្នាំ​២០២៣ ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​កិច្ច​សហប្រតិបត្តិការ​ឆ្នាំ​២០២២ និង​លើក​ទិសដៅ​បន្ត​ឆ្នាំ​២០២៣ រវាង​បញ្ជាការដ្ឋាន​កងទ័ព​ជើងគោក​នៃ​កងយោធពល​ខេមរភូមិន្ទ​ជាមួយ​នឹង​បញ្ជាការដ្ឋាន​កងទ័ព​ការពារ​ព្រំដែន​នៃ​ក្រសួង​ការពារ​ជាតិ​វៀតណាម លោក ហ៊ុន ម៉ាណែត បាន​ប្រើ​ឯកសណ្ឋាន​កងទ័ព​ដែល​មាន​ឋានន្តរស័ក្តិ​ផ្កាយ​៣ ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ ស្រប​ពេល​ដែល​លោក​ត្រូវ​បាន​ព្រះមហាក្សត្រ​ដំឡើង​ឋានន្តរស័ក្តិ​ជា​នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤ ទៅ​ហើយ​នោះ។

កាលពី​ថ្ងៃទី​១៧ ខែ​មីនា ឆ្នាំ​២០២៣ ព្រះករុណា​ព្រះបាទ សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី បាន​ត្រាស់​បង្គាប់​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់ «នាយ​ឧត្តមសេនីយ៍» ដល់​លោក ហ៊ុន ម៉ាណែត បន្ទាប់ពី​លោក ហ៊ុន សែន ដែល​ជា​ឪពុក បាន​ទូល​ថ្វាយ​ព្រះអង្គ​ឱ្យ​ដំឡើង​ឋានន្តរស័ក្តិ​ដល់​លោក ហ៊ុន ម៉ាណែត ទៅ​ជា​នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​បួន ស្រប​ពេល​ដែល​កូនប្រុស​ច្បង​របស់​លោក​រូប​នេះ​កំពុង​ត្រៀម​ខ្លួន​ស្នង​មរតក​អំណាច​ជា​នាយករដ្ឋមន្ត្រី​បន្ត​ពី​លោក​នា​ពេល​ដ៏​ឆាប់​ខាងមុខ​នេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០២៣ មេដឹកនាំ​ខ្មែរ​កាង​អំណាច​ត​ត្រកូល លោក ហ៊ុន សែន លើកឡើង​ថា កូនប្រុស​របស់​គាត់​មិន​ចង់​ឲ្យ​គាត់​ស្នើ​ព្រះមហាក្សត្រ​ដំឡើង​ឋានន្តរស័ក្តិ​ឲ្យ​ខ្លួន​គេ​ទេ តែ​នៅ​ទីបំផុត ក្នុង​នាម​លោក​ជា​ឪពុក​ត្រូវតែ​ស្នើ​ទៅ​ព្រះមហាក្សត្រ​ឲ្យ​ដំឡើង​ឋានន្តរស័ក្តិ​ឲ្យ​លោក ហ៊ុន ម៉ាណែត ទាំង​ដែល​កូនប្រុស​របស់​គាត់​មិន​ដឹង​ថា​ខ្លួនឯង​ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្តិ​ផង​នោះ។

លោក ហ៊ុន សែន បញ្ជាក់​ថា ការ​ដំឡើង​ឋានន្តរស័ក្តិ​ឱ្យ​កូនប្រុស​បង្កើត​ខ្លួនឯង​នេះ គឺជា​ផែនការ​ឆ្ពោះ​ទៅ​រក​ការ​ក្តោប​ក្តាប់​អំណាច​ដើម្បី​ឱ្យ​លោក ហ៊ុន ម៉ាណែត មាន​អំណាច​គ្រប់គ្រាន់​ក្នុង​ការ​ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​បន្ត​ពី​លោក​នៅ​ថ្ងៃ​មុខ។

ក្រៅពី​ស្នើសុំ​ព្រះមហាក្សត្រ​ឲ្យ​ដំឡើង​ឋានន្តរស័ក្តិ​ឲ្យ​លោក ហ៊ុន ម៉ាណែត លោក ហ៊ុន សែន ក៏​បាន​ចេញ​អនុក្រឹត្យ​តែងតាំង​កូនប្រុស​បង្កើត​របស់​គាត់​ម្នាក់​ទៀត គឺ​លោក ហ៊ុន ម៉ានិត ជា​មេបញ្ជាការ​រង​នៃ​បញ្ជាការដ្ឋាន​កងទ័ព​ជើងគោក បន្ថែម​ពី​លើ​តួនាទី​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច​នៃ​ក្រសួង​ការពារ​ជាតិ​សព្វថ្ងៃ​នេះ​ផង​ដែរ។

យ៉ាងណា​ក៏ដោយ ក្រោយពី​ការ​លើកឡើង​របស់​បណ្ឌិត សេង សារី សារព័ត៌មាន​ដែល​ស្និទ្ធ​នឹង​បក្ស​កាន់​អំណាច ចុះផ្សាយ​នៅ​ថ្ងៃទី​១៩ មេសា នេះ​ថា ក្រសួង​ការពារ​ជាតិ​កម្ពុជា នឹង​ប្រារព្ធ​ពិធី​បំពាក់​ឋានន្តរស័ក្តិ​ថ្នាក់​នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤ ដល់​លោក ហ៊ុន ម៉ាណែត ជា​ផ្លូវការ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស