28 C
Phnom Penh

លោក ហ៊ុន សែន អួត​ថា​លោក​នឹង​ធ្វើ​ឱ្យ​ពិភពលោក​ស្គាល់​ខ្មែរ​កាន់តែ​ច្បាស់​តាមរយៈ​ស៊ីហ្គេម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំ​ខ្មែរ​ក្រាញ​អំណាច​ផ្ដាច់មុខ​នៅ​កម្ពុជា លោក ហ៊ុន សែន អួត​ថា ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​ដែល​ប្រទេស​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៅ​អំឡុង​ខែ​ឧសភា ឆ្នាំ​២០២៣ នេះ លោក​នឹង​ធ្វើ​ឲ្យ​ពិភពលោក​ស្គាល់​ខ្មែរ​កាន់តែ​ច្បាស់ ដើម្បី​ឲ្យ​គេ​ដឹង​ថា កម្ពុជា​ជា​ប្រទេស​តូច​តែ​មាន​បេះដូង​ធំ តាមរយៈ​ការ​រ៉ាប់រង​លើ​ការ​ចំណាយ​របស់​អត្តពលិក និង​ការ​ស្នាក់នៅ​របស់​ប្រតិភូ​កីឡា​របស់​ប្រទេស​ទាំងអស់​ដែល​មក​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម។

មេដឹកនាំ​កម្ពុជា​ដែល​ដឹកនាំ​តាម​បែប​ក្រុម​គ្រួសារ​និយម លោក ហ៊ុន សែន លើកឡើង​ក្នុង​ពិធី​សម្ពោធ​មន្ទីរពេទ្យ​កុមារ​ជាតិ​នៅ​ថ្ងៃទី​២០ មេសា នេះ​ថា កម្ពុជា​នឹង​រ៉ាប់រង​លើ​ការ​ចំណាយ​របស់​អត្តពលិក​របស់​ប្រទេស​ដែល​មក​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម ដែល​កម្ពុជា​នឹង​ប្រកាស​បើក​ព្រឹត្តិការណ៍​នេះ​នៅ​រយៈពេល ១៥​ថ្ងៃ​ខាងមុខ​នេះ ខណៈ​ការ​ប្រកួត​ស៊ីហ្គេម​ដែល​ប្រទេស​សមាជិក​អាស៊ាន​ផ្សេងៗ​ធ្វើ​ជា​ម្ចាស់​ផ្ទះ សុទ្ធតែ​តម្រូវ​ឲ្យ​កីឡាករ​ដែល​ចូលរួម​ទាំងនោះ​បង់​ថវិកា​ទាំងអស់។

មេដឹកនាំ​ខ្មែរ​ដែល​កំពុង​ត្រៀម​ផ្ទេរ​អំណាច​ឲ្យ​កូនប្រុស​ខ្លួនឯង លោក ហ៊ុន សែន លើកឡើង​ថា ទោះបី​កម្ពុជា​យក​លុយ​ពី​ប្រទេស​ដែល​ដឹកនាំ​កីឡាករ​មក​ចូលរួម​ប្រកួត​នៅ​កម្ពុជា​តាម​លក្ខខណ្ឌ​តម្រូវ​ក៏ដោយ ក៏​កម្ពុជា​មិន​អាច​យក​លុយ​នោះ​មក​ធ្វើ​មាន​ធ្វើ​បាន​កើត​ដែរ ដូច្នេះ​លោក​សម្រេច​ថា​នឹង​ផ្តល់​ឲ្យ​កីឡាករ​ដែល​ចូលរួម​ទាំងនោះ​ទាំង​កន្លែង​ស្នាក់នៅ និង​អាហារ​ហូបចុក ព្រមទាំង​សម្ភារៈ​គ្រប់​យ៉ាង​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​ស៊ីហ្គេម​នេះ​ដោយ​មិន​គិត​ថ្លៃ​តែម្តង។

មេដឹកនាំ​ខ្មែរ​ក្រាញ​អំណាច​ត​ត្រកូល លោក ហ៊ុន សែន បញ្ជាក់​ថា សព្វថ្ងៃ​នេះ​កេរ្តិ៍ឈ្មោះ​របស់​កម្ពុជា​បាន​ផ្សព្វផ្សាយ​តាមរយៈ​អង្ករ​របស់​ខ្លួន​បាន​ជាង ៧០​ប្រទេស​រួច​ទៅ​ហើយ ដូច្នេះ​ព្រឹត្តិការណ៍​ស៊ីហ្គេម​នា​ពេល​ដ៏​ខ្លី​ខាងមុខ​នេះ នឹង​ធ្វើ​ឲ្យ​ពិភពលោក​កាន់តែ​ស្គាល់​ពី​កម្ពុជា​កាន់តែ​ច្បាស់​បន្ថែម​ទៀត។

ប្រតិភូ​កីឡា​មកពី​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍​ទាំងអស់ នឹង​មិន​ត្រូវ​បង់​ថ្លៃ​ចំនួន ៥០​ដុល្លារ​ម្នាក់​ក្នុង ១​ថ្ងៃៗ​ដល់​ម្ចាស់​ផ្ទះ​កម្ពុជា​នោះ​ទេ។ គោលបំណង​នៃ​ការ​សម្រេច​មិន​យក​ប្រាក់​សម្រាប់​ការ​ស្នាក់នៅ​ហូបចុក​របស់​ប្រតិភូ​កីឡា ដើម្បី​បង្កើន​ចំណង​មិត្តភាព និង​ឈាន​ទៅ​រក​ភាព​ជោគជ័យ​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​ស៊ីហ្គេម​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​មាន​ការ​រិះគន់​ជុំ​ទិស​ពី​ការ​ដឹកនាំ​របស់​បក្ស​កាន់​អំណាច ថា​បាន​រំលោភ​សិទ្ធិមនុស្ស រំលោភ​ច្បាប់ និង​ប្រព្រឹត្ត​អំពើពុករលួយ​ធ្ងន់ធ្ងរ​ក្នុង​ស្ថាប័ន​ជាតិ​សព្វថ្ងៃ​នេះ។

ក្រុម​អ្នក​សង្កេតការណ៍​រិះគន់​ថា តាមរយៈ​នៃ​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ជិត ៤០​ឆ្នាំ​មក​នេះ ពិភពលោក​បាន​ស្គាល់​របប​ដឹកនាំ​របស់​គាត់​ច្បាស់​ហើយ ព្រោះ​កម្ពុជា​មិន​ដែល​បាន​ជាប់​ចំណាត់ថ្នាក់​ល្អ​ទេ​ជុំវិញ​ការ​គោរព​សិទ្ធិមនុស្ស និង​ការ​គោរព​ច្បាប់ ជាដើម ខណៈ​បេះដូង​របស់​លោក ហ៊ុន សែន ត្រូវ​គេ​ស្គាល់​ថា​គ្រាន់តែ​ជា​បេះដូង​ក្រដាស​ដែល​កប់​ក្នុង​ដី​រលួយ ត្រូវ​ទឹក​រលាយ ហើយ​ត្រូវ​ខ្យល់​នឹង​ប៉ើង​តាម​ខ្យល់​ប៉ុណ្ណោះ ដែល​ជា​បេះដូង​គ្មាន​មនោសញ្ចេតនា​ចំពោះ​ជាតិ និង​ប្រជាជន​នោះ​ឡើយ។

គណៈកម្មាធិការ​អូឡាំពិក​វៀតណាម (VOC) បាន​អះអាង​ថា ខ្លួន​ធូរ​ការ​ចំណាយ​រហូត​ដល់ ៥​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​នៅ​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​លើក​ទី​៣២ ដោយសារតែ​ម្ចាស់​ផ្ទះ​កម្ពុជា​មិន​យក​លុយ​ពី​ថ្លៃ​ស្នាក់នៅ និង​ហូបចុក​ទៅ​លើ​ប្រតិភូ​កីឡា​ទាំងអស់៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស