32 C
Phnom Penh

គ្រួសារ​លោក គង់ គាំ រើ​ចេញពី​ផ្ទះ​និង​ដី​ធ្លាប់​រស់នៅ​៤០​ឆ្នាំ​បន្ទាប់ពី​លោក ហ៊ុន សែន រឹបអូស​យក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​ឧត្ដម​ទីប្រឹក្សា​គណបក្ស​ភ្លើង​ទៀន លោក គង់ គាំ និង​ភរិយា បាន​រើ​សម្ភារៈ​ចេញពី​ផ្ទះ និង​ដី​ដែល​លោក​ធ្លាប់​រស់នៅ​អស់​រយៈពេល ៤០​ឆ្នាំ កាលពី​ពេល​ថ្មីៗ​នេះ បន្ទាប់ពី​លោក ហ៊ុន សែន ព្រមាន​ចាត់​វិធានការ​ច្បាប់ ប្រសិនបើ​មិន​ប្រគល់​ដី​តម្លៃ​ប្រមាណ​ជា ៥០​លាន​ដុល្លារ​ទៅ​ឲ្យ​រដ្ឋ​វិញ​ទេ​នោះ។

កូនប្រុស​បង្កើត​របស់​លោក គង់ គាំ គឺ​លោក គង់ មុនីកា បាន​បង្ហោះ​រូបថត​ជាមួយ​ម្ដាយ​បង្កើត​របស់​លោក ដោយ​ភ្ជាប់​ជាមួយ​នឹង​រូប​ផ្ទះ​នៅ​ខាងក្រោយ ដោយ​បង្ហាញ​ពី​ការ​សោកស្ដាយ និង​ក្រៀមក្រំ​ជា​ពន់ពេក​ចំពោះ​ទ្រព្យសម្បត្តិ បើ​ទោះបីជា​គ្រួសារ​របស់​លោក​បាន​រស់នៅ​លើ​ដី​នេះ ៤០​ឆ្នាំ​ហើយ​ក្ដី។

លោក​ថា ដី​ដែល​គ្រួសារ​របស់​លោក​រស់នៅ​អស់​រយៈពេល ៤០​ឆ្នាំ​មក​នេះ គឺ​ជា​ទី​កំណើត​នៃ​អ្នក​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ផង និង​ជា​ប្រវត្តិសាស្ត្រ​ដែល​លោក និង​គ្រួសារ​មិន​អាច​បំភ្លេច​បាន​ផង។

លោក គង់ គាំ និង​ភរិយា បាន​សម្រេច​ប្រគល់​ដី​មួយ​កន្លែង​នៅ​សង្កាត់​ទន្លេបាសាក់ ទំហំ​ជាង​កន្លះ​ហិកតារ​ក្នុង​រាជធានី​ភ្នំពេញ​ដែល​មាន​តម្លៃ​ប្រមាណ​ជា ៥០​លាន​ដុល្លារ ទៅ​ឲ្យ​រដ្ឋ​វិញ ក្រោយ​ពេល​លោក ហ៊ុន សែន ព្រមាន​ចាត់​វិធានការ​ច្បាប់។ ក្រៅពី​ប្រគល់​ដី​ហើយ លោក គង់ គាំ ក៏​បាន​សារភាព​កំហុស និង​សុំ​អភ័យទោស​ជា​សាធារណៈ​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ផង​ដែរ។

មូលហេតុ​ដែល​នាំ​ឱ្យ​លោក ហ៊ុន សែន ព្រមាន​ចាត់​វិធានការ​លើ​អ្នក​នយោបាយ​អាយុ​ជាង ៨០​ឆ្នាំ​រូប​នេះ បន្ទាប់ពី​លោក គង់ គាំ បាន​ទម្លាយ​ប្រភព​ថ្ងៃ ៧​មករា ថា​មិន​មាន​ប្រភព​នៅ​កម្ពុជា​នោះ​ទេ ហើយ​មេដឹកនាំ​ដែល​កំពុង​គ្រប់គ្រង​អំណាច ក៏​មិនមែន​ខ្មែរ​ជា​អ្នក​បង្កើត​ដូច​គណបក្ស​ភ្លើង​ទៀន​នោះ​ដែរ។

លោក គង់ គាំ បញ្ជាក់​ថា អំឡុង​ពេល​នោះ​កាលពី​ពេល​ដែល​លោក​ធ្លាប់​រួម​រស់​ជាមួយ​បក្ស​កាន់​អំណាច គេ​តែង​ណែនាំ​ថា «ផឹក​ទឹក​ឱ្យ​នឹក​ប្រភព ហើយ​ជ្រក​ក្រោម​ម្លប់​ឲ្យ​នឹក​អ្នក​ដាំ»

ការ​លើកឡើង​របស់​លោក គង់ គាំ បាន​ធ្វើ​ឲ្យ​លោក ហ៊ុន សែន ប្រតិកម្ម​ខ្លាំងៗ ខណៈ​តំណាង​បក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ត្បូងឃ្មុំ ប្ដឹង​ទារ​សំណង​ជំងឺចិត្ត​ចំនួន ៥០​ម៉ឺន​ដុល្លារ ដោយ​ចោទ​ថា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខមាត់​ថ្នាក់​ដឹកនាំ​ប្រទេស៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស