31 C
Phnom Penh

លោក កែវ បេងវឌ្ឍន៍ ដែល​ពាក់ព័ន្ធ​រឿង​ពុករលួយ​ត្រូវ​បាន​តែងតាំង​ជា​ទីប្រឹក្សា​លោក ហ៊ុន សែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រះមហាក្សត្រ​ខ្មែរ​សម្តេច​ព្រះបាទ នរោត្តម សីហមុនី ត្រាស់​បង្គាប់​តែងតាំង​លោក កែវ បេងវឌ្ឍន៍ ជា​ទីប្រឹក្សា​ផ្ទាល់​របស់​លោក ហ៊ុន សែន ឲ្យ​មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន ស្រប​ពេល​ដែល​លោក​កំពុង​ជាប់​ឈ្មោះ​ក្នុង​រឿង​អាស្រូវ​ពុករលួយ​ជួយ​រៀបចំ​សាច់ញាតិ​ខ្លួនឯង​ក្នុង​ស្ថាប័ន​ជាតិ។

ព្រះមហាក្សត្រ​ខ្មែរ​សម្តេច​ព្រះបាទ នរោត្តម សីហមុនី បាន​ចេញ​ព្រះរាជក្រឹត្យ​កាលពី​ថ្ងៃទី​២០ ខែ​មេសា ឆ្នាំ​២០២៣ ដោយ​ទ្រង់​យល់ស្រប​តាម​សេចក្តី​ក្រាប​បង្គំ​ទូល​ថ្វាយ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន ក៏​បាន​តែងតាំង​លោក កែវ បេងវឌ្ឍន៍ ជា​ទីប្រឹក្សា​ផ្ទាល់​របស់​លោក ហ៊ុន សែន ឲ្យ​មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​ដោយ​ពុំ​ទទួល​ប្រាក់​បំណាច់​មុខងារ។

ការ​តែងតាំង​លោក កែវ បេងវឌ្ឍន៍ នេះ ធ្វើឡើង​បន្ទាប់ពី​មន្ត្រី​រាជរដ្ឋាភិបាល​រូប​នេះ​បាន​ជាប់​ឈ្មោះ​ក្នុង​រឿង​អាស្រូវ​ប្រព្រឹត្ត​អំពើពុករលួយ​ក្នុង​ស្ថាប័ន​រដ្ឋ​ធ្ងន់ធ្ងរ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

កាលពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០២២ មន្ត្រី​មួយ​ចំនួន​ស្នើ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ ឲ្យ​បើក​ការ​ស៊ើបអង្កេត​លើ​ករណី​អគ្គនាយកដ្ឋាន​ហិរញ្ញវត្ថុ​ថ្នាក់​ក្រោម​ជាតិ​នៃ​ក្រសួង​សេដ្ឋកិច្ច លោក កែវ បេងវឌ្ឍន៍ ដែល​បាន​ដាក់​គ្រួសារ និង​សាច់ញាតិ​របស់​ខ្លួន​ឲ្យ​ចូល​ធ្វើការ​នៅ​ក្នុង​ស្ថាប័ន​ដែល​ខ្លួន​កំពុង​ដឹកនាំ​សព្វថ្ងៃ​នេះ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មាន​អំពើពុករលួយ​កើតមាន​ក្នុង​ស្ថាប័ន​រដ្ឋ។

ការ​ស្នើ​នេះ ធ្វើឡើង​បន្ទាប់ពី​អគ្គនាយកដ្ឋាន​ហិរញ្ញវត្ថុ​ថ្នាក់​ក្រោម​ជាតិ​នៃ​ក្រសួង​សេដ្ឋកិច្ច លោក កែវ បេងវឌ្ឍន៍ បាន​ដាក់​លោក កែវ បេងវី ដែល​ត្រូវ​ជា​ប្អូនប្រុស​បង្កើត និង​លោក កែវ បេងវឌ្ឍន៍វិស្ណុ ត្រូវជា​កូនបង្កើត ឲ្យ​ធ្វើ​ជា​ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ហិរញ្ញវត្ថុ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ទី​៣ នៅ​ក្នុង​អគ្គនាយកដ្ឋាន​ហិរញ្ញវត្ថុ​ថ្នាក់​ក្រោម​ជាតិ​នៃ​ក្រសួង​សេដ្ឋកិច្ច នៅ​ពេលនេះ។

ការ​តែងតាំង​សែស្រឡាយ​សាច់ញាតិ​ខ្លួនឯង មិនមែន​មាន​តែ​ស្ថាប័ន​រដ្ឋ​មួយ​នេះ​ទេ ជាក់ស្តែង​កាលពី​ថ្ងៃទី​២១ ខែ​មករា ឆ្នាំ​២០២២ កូនៗ​របស់​រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក លោក លឹម គានហោ ក៏​ត្រូវ​បាន​តែងតាំង​ជា​រដ្ឋលេខាធិការ និង​អនុរដ្ឋលេខាធិការ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​ព្រមៗ​គ្នា បន្ទាប់ពី​លោក ហ៊ុន សែន បាន​ទូល​ថ្វាយ​ទៅ​ព្រះមហាក្សត្រ​ដែរ។

អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ លើកឡើង​ថា ដោយសារតែ​ប្រទេស​កម្ពុជា​ដឹកនាំ​ដោយ​គ្រួសារ​លោក ហ៊ុន សែន ដូច្នេះ​ប្រព័ន្ធ​រដ្ឋាភិបាល​គ្រួសារ​មួយ​នេះ​នឹង​ការពារ​តែ​អ្នក​ដែល​ប្រព្រឹត្ត​អំពើពុករលួយ បក្ខពួក​និយម​ប៉ុណ្ណោះ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មាន​អំពើពុករលួយ​ជា​ប្រព័ន្ធ និង​ការ​បង្កើត​បក្ខពួក​និយម គ្រួសារ​និយម​នៅ​ពេញ​ក្រសួង​ស្ថាប័ន​យ៉ាង​អនាធិបតេយ្យ​បែប​នេះ។

ជាមួយ​គ្នា​នេះ​ផង​ដែរ បេក្ខជន​ថ្នាក់​បណ្ឌិត​ខាង​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​នៃ​សាកលវិទ្យាល័យ​វីជិនញ៉ា លីញឈ្បើក (Virginia University of Lynchburg) អ្នកស្រី ស៊ូ ឡាក់ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​២០ មេសា នេះ​ថា ការ​ដឹកនាំ​តាម​បែប​គ្រួសារ​និយម​នៅ​កម្ពុជា គឺ​ចាប់ផ្តើម​ពី​គ្រួសារ​ត្រកូល​ហ៊ុន​មុនគេ ជា​ហេតុ​នាំ​ឲ្យ​មន្ត្រី​ថ្នាក់​ក្រោម​របស់​គាត់​អនុវត្ត និង​យក​គំរូ​តាម។

ចំណែក​អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា អះអាង​ថា ការ​ដាក់​ក្រុម​គ្រួសារ និង​សាច់ញាតិ​របស់​ខ្លួន​នៅ​តាម​ស្ថាប័ន​រដ្ឋ មិនមែន​ទើប​នឹង​កើតមាន​ទេ ហើយ​ក៏​មិនមែន​មាន​តែ​ស្ថាប័ន​មួយ​នេះ​ដែរ។ លោក​ចាត់ទុក​ការ​ដាក់​គ្រួសារ សាច់ញាតិ​នេះ វា​បង្ហាញ​ពី​អំពើពុករលួយ​ជា​ប្រព័ន្ធ​នៅ​ក្នុង​ស្ថាប័ន​រដ្ឋ​នីមួយៗ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​អនុវត្ត​ការងារ និង​ថវិកា​ចំណាយ​របស់​ជាតិ ជាដើម។

លោក​បញ្ជាក់​ថា វា​ក៏​បាន​ជះ​ឥទ្ធិពល​អាក្រក់​ដល់​សង្គម​ជាតិ ជាពិសេស​ការ​អភិវឌ្ឍ​ប្រទេស។ លោក​បន្ត​ថា ប្រទេស​ប្រជាធិបតេយ្យ​គេ​មិន​តែងតាំង និង​ដាក់​គ្រួសារ ព្រមទាំង​សាច់ញាតិ​របស់​ខ្លួន​នៅ​ក្នុង​ស្ថាប័ន​រដ្ឋ​ដែល​កំពុង​ដឹកនាំ ឬ​កាន់​អំណាច​នោះ​ឡើយ។

អង្គការ​តម្លាភាព​អន្តរជាតិ (Transparency International) កាលពី​អំឡុង​ឆ្នាំ​២០២២ បាន​រក​ឃើញ​ថា កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​រៀង​ទី​១៥៧ ក្នុង​ចំណោម​ប្រទេស និង​ដែនដី​ចំនួន ១៨០ នៅ​លើ​ពិភពលោក។ ចំណាត់ថ្នាក់​នេះ​បង្ហាញ​ថា កម្ពុជា​នៅតែ​ជា​ប្រទេស​មាន​កម្រិត​ពុករលួយ​អាក្រក់​ជាង​គេ​បំផុត​ក្នុង​ចំណោម​ប្រទេស​ទាំង ១០ នៃ​សមាគម​អាស៊ាន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស