33 C
Phnom Penh

បក្ស​ភ្លើង​ទៀន​តែងតាំង​លោក គង់ មុនីកា ជា​អគ្គលេខាធិការ​ស្តីទី​ជំនួស​លោក លី សុធារ៉ាយុត្តិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្ស​ភ្លើង​ទៀន​សម្រេច​តែងតាំង​លោក គង់ មុនីកា ធ្វើជា​អគ្គលេខាធិការ​ស្តីទី​របស់​បក្ស​ភ្លើង​ទៀន និង​បញ្ចប់​មុខតំណែង​អគ្គលេខាធិការ​គណបក្ស​ភ្លើង​ទៀន លោក លី សុធារ៉ាយុត្តិ ដែល​កំពុង​បែកធ្លាយ​រឿង​អាស្រូវ​ផ្លូវភេទ។

ប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ទាវ វណ្ណុល បាន​ចេញ​សេចក្តី​សម្រេច​កាលពី​ថ្ងៃទី​២៣ ខែ​មេសា ឆ្នាំ​២០២៣ នេះ ដោយ​សម្រេច​បញ្ចប់​តំណែង​លោក លី សុធារ៉ាយុត្តិ ជា​អគ្គលេខាធិការ​គណបក្ស​ភ្លើង​ទៀន និង​សម្រេច​តែងតាំង​អតីត​ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ លោក គង់ មុនីកា ជា​អគ្គលេខាធិការ​ស្តីទី​របស់​គណបក្ស​ភ្លើង​ទៀន​ជំនួស​វិញ។

ការ​បញ្ចប់​មុខតំណែង​អគ្គលេខាធិការ​គណបក្ស​ភ្លើង​ទៀន​នេះ ធ្វើឡើង​បន្ទាប់ពី​មាន​ការ​បែកធ្លាយ​នូវ​សំឡេង​ទំនាក់ទំនង​ស្នេហា​ជាមួយ​ស្រី​កំណាន់​របស់​លោក លី សុធារ៉ាយុត្តិ ជា​បន្តបន្ទាប់​នៅ​ពេលនេះ។

អង្គភាព​សារព័ត៌មាន Fresh New ដែល​គេ​ស្គាល់​ថា​ជា​អង្គភាព​ព័ត៌មាន​មួយ​បម្រើ​និន្នាការ​នយោបាយ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ទម្លាយ​សំឡេង​លោក លី សុធារ៉ាយុត្តិ ដែល​បាន​ទំនាក់ទំនង​ស្នេហ៍​ជាមួយ​ស្រី​កំណាន់​របស់​ខ្លួន ដោយ​ប្រើ​ពាក្យ​អាសអាភាស​និយាយ​ពី​កេរ​ភេទ​របស់​ស្ត្រី និង​ការ​រួមរក្ស ជាដើម ហើយ​ការ​ទម្លាយ​សារ​សំឡេង​នេះ​មាន​រហូត​ដល់​ប្រមាណ​ជា ២០​ភាគ​ទៅ​ហើយ​នៅ​ពេលនេះ។

កាលពី​ដើម​ខែ​មេសា ឆ្នាំ​២០២៣ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើង​ទៀន លោក គឹមសួរ ភីរិទ្ធ បាន​អំពាវនាវ​ឱ្យ​សមត្ថកិច្ច​ស្វែងរក​ជន​ប្រព្រឹត្ត​ដែល​ទម្លាយ​រឿង​សម្ងាត់​ជីវិត​ឯកជន​របស់​លោក លី សុធារ៉ាយុត្តិ ដែល​បាន​យក​មក​ផ្សព្វផ្សាយ​ជា​សាធារណៈ​តាម​ផ្លូវ​ច្បាប់។

ការ​អំពាវនាវ​នេះ ធ្វើឡើង​បន្ទាប់ពី​អង្គភាព​សារព័ត៌មាន​ដែល​ស្និទ្ធ​នឹង​បក្ស​កាន់​អំណាច Fresh New ចាប់ផ្តើម​ទម្លាយ​សំឡេង​លោក លី សុធារ៉ាយុត្តិ ដែល​បាន​សាសង​រឿងរ៉ាវ​ផ្លូវភេទ​ជាមួយ​ស្រី​កំណាន់​របស់​ខ្លួន​ចាប់តាំងពី​ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០២៣ មក។

យ៉ាងណា​ក៏ដោយ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន អះអាង​ថា ការ​ចុះផ្សាយ​នូវ​សំឡេង​បែកធ្លាយ​របស់​លោក លី សុធារ៉ាយុត្តិ គឺជា​សិទ្ធិ​របស់​អង្គភាព Fresh New ប៉ុណ្ណោះ ហើយ​ប្រសិនបើ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើង​ទៀន​រូប​នេះ​មិន​ពេញចិត្ត​ការ​ចុះផ្សាយ​នេះ អាច​ដាក់​ពាក្យ​ប្ដឹង​អង្គភាព​សារព័ត៌មាន​នេះ​ទៅ​តុលាការ​បាន។

ទាក់ទង​នឹង​បញ្ហា​នេះ នាយក​ប្រតិបត្តិ​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា (CamboJA) លោក ណុប វី ធ្លាប់​បាន​លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា បញ្ហា​សំខាន់​ដែល​ត្រូវ​ចោទ​សួរ​ថា តើ​អ្នក​ណា​ជា​អ្នក​ធ្វើ​ឱ្យ​បែកធ្លាយ​សំឡេង​សន្ទនា​ឯកជន​នោះ។ ជាង​នេះ​ទៀត ក្រមសីលធម៌​អ្នក​សារព័ត៌មាន គឺ​ពឹង​ផ្អែក​ទៅ​លើ​ប្រភព​ព័ត៌មាន មុន​នឹង​ធ្វើការ​ចុះផ្សាយ ព្រោះ​ថា​ការ​ផ្ទៀងផ្ទាត់​ជាមួយ​ប្រភព គឺជា​រឿង​មួយ​ចាំបាច់​ណាស់​ដើម្បី​កសាង​ទំនុកចិត្ត​សម្រាប់​សារព័ត៌មាន​ទាំងអស់។

មាត្រា​៣០១ នៃ​ក្រមព្រហ្មទណ្ឌ ចែង​ថា អំពើ​ស្ដាប់ ឬ​ថត​សម្ដី​ដែល​និយាយ​ជា​ឯកជន ឬ​ជា​ការ​សម្ងាត់​ដោយ​គ្មាន​ការ​យល់ព្រម​ពី​បុគ្គល​ដែល​មាន​ការ​ពាក់ព័ន្ធ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ខែ​ទៅ ១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១​សែន​រៀល (១០០.០០០) ទៅ​ពីរ​លាន​រៀល (២.០០០.០០០) លើកលែងតែ​ករណី​ដែល​ច្បាប់​អនុញ្ញាត។

សារព័ត៌មាន The Cambodia Daily មិន​ទាន់​អាច​ទាក់ទង​លោក លី សុធារ៉ាយុត្តិ ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ការ​បញ្ចប់​តួនាទី​របស់​លោក​ពី​គណបក្ស​ភ្លើង​ទៀន​បាន​នៅឡើយ​ទេ​រហូត​ដល់​ម៉ោង​ផ្សាយ​នេះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស