29.3 C
Phnom Penh

អ្នក​ឃ្លាំមើល​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​លើក​កម្ពស់​វប្បធម៌​គោរព​ច្បាប់​ដើម្បី​លើក​ស្ទួយ​នីតិរដ្ឋ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​ឃ្លាំមើល​សង្គម អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​លើក​កម្ពស់​វប្បធម៌​គោរព​ច្បាប់ ដើម្បី​លើក​ស្ទួយ​ចំណាត់ថ្នាក់​នីតិរដ្ឋ​របស់​ខ្លួន​ឱ្យ​បាន​ល្អ​ជាង​ពេល​បច្ចុប្បន្ន ខណៈ​កម្ពុជា​បាន​ជាប់​ចំណាត់ថ្នាក់​ជា​ប្រទេស​ដែល​មាន​នីតិរដ្ឋ​ឈ្នះ​គេ​តែ​មួយ​លេខ​ប៉ុណ្ណោះ ក្នុង​ចំណោម​ប្រទេស​ដែល​មាន​នីតិរដ្ឋ​នៅ​បាត​តារាង​ឆ្នាំ​២០២២។

អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​២៣ ខែ​មេសា ឆ្នាំ​២០២៣ ថា នៅ​ពេល​ដែល​ចំណាត់ថ្នាក់​នីតិរដ្ឋ​ចុងក្រោយ​របស់​កម្ពុជា​ធ្លាក់​ចុះ​ទាប​ដល់​បាត​តារាង​បែប​នេះ រដ្ឋាភិបាល​គួរតែ​នាំគ្នា​បណ្តុះបណ្តាល​ឱ្យ​មាន​វប្បធម៌​គោរព​ច្បាប់ ដើម្បី​ជួយ​លើក​កម្ពស់​ចំណាត់ថ្នាក់​នីតិរដ្ឋ​របស់​ខ្លួន​ឱ្យ​បាន​ល្អ​ប្រសើរ​ឡើងវិញ។

របាយការណ៍​របស់​អង្គការ​គម្រោង​យុត្តិធម៌​ពិភពលោក (World Justice Project (WJP)) ដែល​ចេញ​ផ្សាយ​កាលពី​ចុង​ខែ​តុលា ឆ្នាំ​២០២២ បង្ហាញ​ថា ឆ្នាំ​២០២២ កន្លងទៅ កម្ពុជា​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​ចំណាត់ថ្នាក់​នៅ​បាត​តារាង ក្នុង​នោះ​កម្ពុជា​ទទួល​បាន​ត្រឹមតែ ០,៣១​ពិន្ទុ​ប៉ុណ្ណោះ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​ទី​១៣៩ នៅ​លើ​ប្រទេស​វេណេហ្ស៊ុយអេឡា តែ​មួយ​ប៉ុណ្ណោះ ខណៈ​ប្រទេស​វេណេហ្ស៊ុយអេឡា ត្រូវ​បាន​ចាត់​ថ្នាក់​នៅ​លេខ​រៀង​ចុង​គេ​បង្អស់ គឺ​ជាប់​ចំណាត់ថ្នាក់​លេខ​ទី​១៤០។

ពិន្ទុ​ស្តីអំពី​នីតិរដ្ឋ​ដែល​កម្ពុជា​ទទួល​បាន​ក្នុង​ឆ្នាំ​២០២២ មិន​សូវ​ខុសពី​ឆ្នាំ​២០២១ និង​ឆ្នាំ​២០២០ ប៉ុន្មាន​ទេ ក្នុង​នោះ​ឆ្នាំ​២០២១ ក្នុង​ចំណោម​ប្រទេស​១៣៩ កម្ពុជា​ជាប់​ចំណាត់ថ្នាក់​ទី​១៣៨ ចំណែក​ឆ្នាំ​២០២០ ក្នុង​ចំណោម​ប្រទេស​១២៨ កម្ពុជា​ជាប់​ចំណាត់ថ្នាក់​ទី​១២៧ សរុប​មក​ចាប់តាំងពី​ឆ្នាំ​២០១៦ មក កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លើ​ប្រទេស​វេណេហ្ស៊ុយអេឡា មួយ​លេខ​រហូត ស្រប​ពេល​ដែល​ប្រទេស​វេណេហ្ស៊ុយអេឡា រក្សា​ចំណាត់ថ្នាក់​បាត​តារាង​ជាប់ៗ​គ្នា​តាំងពី​ឆ្នាំ​២០១៥ មក។

ការ​កំណត់​នីតិរដ្ឋ​របស់​អង្គការ​គម្រោង​យុត្តិធម៌​ពិភពលោក (World Justice Project (WJP)) គឺ​ផ្អែក​ទៅ​លើ​វិសាលភាព​នៃ​ការ​ប្រើ​អំណាច​របស់​មេដឹកនាំ​ប្រទេស​នីមួយៗ​ជុំវិញ​ការ​ធានា​នូវ​រដ្ឋធម្មនុញ្ញ ការ​អនុវត្ត​ច្បាប់​ផ្សេងៗ រួម​ទាំង​ការ​ធានា​នូវ​សេរីភាព​សារព័ត៌មាន​ផង​ដែរ។ ជាង​នេះ​ទៀត ក៏​វាស់វែង​ទៅ​លើ​ការ​ប្រព្រឹត្ត​អំពើពុករលួយ ការ​បើក​ចំហ​សេរីភាព​របស់​រដ្ឋាភិបាល ការ​បើក​ចំហ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ ការ​ធានា​បាន​នូវ​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ និង​កត្តា​មួយ​ចំនួន​ទៀត​ផង​ដែរ។

កម្ពុជា​ដែល​ក្រោម​ការ​ដឹកនាំ​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ជាង ៤០​ឆ្នាំ ត្រូវ​គេ​រក​ឃើញ​ថា​បាន​ប្រព្រឹត្ត​អំពើ​ល្មើស​ច្បាប់​រាប់​មិន​អស់ ដូចជា​ការ​រំលោភ​ច្បាប់ រំលោភ​សិទ្ធិមនុស្ស រំលោភ​រដ្ឋធម្មនុញ្ញ និង​រំលោភ​ព្រះរាជ​តួនាទី​ព្រះមហាក្សត្រ​ខ្មែរ ជាដើម។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ធ្លាប់​ចេញ​របាយការណ៍​របស់​ខ្លួន​កាលពី​ពេល​កន្លងទៅ​ថា កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន បាន​បង្កើត​ឲ្យ​មាន​ការ​សម្លាប់ និង​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​រាប់​មិន​អស់ ដែល​បាន​ប្រព្រឹត្ត​ទៅ​ដោយ​ពុំ​មាន​ទោសទណ្ឌ ក្នុង​នោះ​លោក ហ៊ុន សែន បាន​ដំឡើង​បុណ្យ​ស័ក្តិ និង​ផ្តល់​រង្វាន់​ដល់​ពួក​ឃាតករ​ទាំងនោះ​ជាច្រើន​នាក់​ឱ្យ​ដឹកនាំ​ក្នុង​រដ្ឋាភិបាល​របស់​លោក​រហូត​ដល់​ពេលនេះ។

ជាក់ស្តែង កាលពី​ថ្ងៃទី​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ លោក ហ៊ុន សែន បាន​អះអាង​នៅ​ក្នុង​ពិធី​មួយ​នៅ​មជ្ឈមណ្ឌល​កោះពេជ្រ ក្នុង​ទីក្រុង​ភ្នំពេញ​ថា លោក​ពិត​ជា​មាន​ការ​សោកស្តាយ​ខ្លាំង​ណាស់​ដែល​លោក​មិន​បាន​សម្លាប់​មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​មាន​បំណង​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក នៅ​ពេល​ដែល​ពួកគេ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​លោក​កាលពី​ឆ្នាំ​២០១៣។

របាយការណ៍​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ បាន​បង្ហាញ​ដូចៗ​គ្នា​កាលពី​ពេល​កន្លងទៅ​ថា លោក ហ៊ុន សែន បាន​ជាប់​ឈ្មោះ​ជា​អ្នក​នៅ​ពីក្រោយ​អំពើ​ឃាតកម្ម​ក្រៅ​ប្រព័ន្ធ​ជាច្រើន​នៅ​កម្ពុជា ដូចជា​ការ​សម្លាប់​អ្នកស្រី ពិសិដ្ឋ ពីលីកា ការ​បាញ់​ប្រហារ​លើ​លោក ឈុត វុទ្ធី ការ​សម្លាប់​លោក ជា វិជ្ជា ការ​ផ្តាច់​ជីវិត​បណ្ឌិត កែម ឡី និង​ការ​ទទួល​យក​ផែនការ​របស់​វៀតណាម​អំឡុង​ឆ្នាំ​១៩៨៥ ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ស្លាប់​ក្នុង​ផែនការ «ក​៥» អស់​ជាង ២០​ម៉ឺន​នាក់​នៅ​ពេល​នោះ ជាដើម។

ក្រុម​អ្នក​ឃ្លាំមើល​អះអាង​ថា លោក ហ៊ុន សែន បាន​ជាប់​ពាក់ព័ន្ធ​ក្នុង​ឧក្រិដ្ឋកម្ម​ធំៗ​ទាំងអស់​ដែល​កើតមាន​នៅ​ក្នុង​ប្រទេស​កម្ពុជា ដូចជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ឧក្រិដ្ឋកម្ម​សង្គ្រាម ឧក្រិដ្ឋកម្ម​ឈ្លានពាន និង​ឧក្រិដ្ឋកម្ម​បែប​ភេរវកម្ម​រដ្ឋ ឬ​ឧក្រិដ្ឋកម្ម​បែប​បណ្ដាញ ដែល​ភស្តុតាង​នៃ​ឧក្រិដ្ឋកម្ម​ទាំងនោះ​គឺ​សុទ្ធតែ​មាន​ក្នុង​ដៃ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) ទាំងអស់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស