32.9 C
Phnom Penh

លោក ហ៊ុន សែន ព្រមាន​ដក​តំណែង​គ្រួសារ​លោក ស៊ន តារា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ខ្លាំង​ក្រាញ​អំណាច​ជិត ៤​ទសវត្សរ៍​នៅ​កម្ពុជា គំរាម​ដក​តំណែង និង​គំរាម​ឪពុកម្ដាយ ព្រមទាំង​ប្អូនៗ​របស់​លោក ស៊ន តារា បើសិនជា​សកម្មជន​នយោបាយ​រូប​នេះ​នៅតែ​បន្ត​រិះគន់​លើ​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​កម្ពុជា និង​គ្រួសារ​ត្រកូល​ហ៊ុន​ទៀត។

ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​គរុសិស្ស គរុនិស្សិត និស្សិត និង​បុគ្គលិក​អប់រំ នៅ​ថ្ងៃ​អង្គារ ទី​២៥ មេសា នេះ លោក ហ៊ុន សែន ថ្លែង​ថា កន្លងមក លោក ស៊ន តារា បាន​ចោទ​ទៅ​លើ​រដ្ឋាភិបាល​ដែល​មាន​លោក​ជា​អ្នក​ដឹកនាំ ថា​ខ្វះ​ថវិកា​ទើប​មិន​បាន​រៀបចំ​ពិធីបុណ្យ​អុំទូក ប៉ុន្តែ​នៅ​ពេល​ដែល​លោក​មិន​យក​ថ្លៃ​គណៈប្រតិភូ​ដែល​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម និង​អាស៊ាន​ប៉ារ៉ាហ្គេម បែរជា​លោក ស៊ន តារា មក​រិះគន់ ហើយ​ថែមទាំង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​យក​ថវិកា​រាប់​លាន​ដុល្លារ​ទៅ​ចំណាយ​ទៅ​វិញ។

លោក​បង្ហាញ​ការ​ហួស​ចិត្ត​ដែល​សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ​ដាក់​លក្ខខណ្ឌ ដោយ​ទាមទារ​យក​តំណែង​នាយករដ្ឋមន្ត្រី​ជា​ថ្នូរ​នឹង​ការ​ចរចា​ជាមួយ​លោក ខណៈ​តំណែង​នេះ លោក ហ៊ុន សែន កំពុង​ត្រៀម​រៀបចំ​ផ្ទេរ​ឲ្យ​កូនប្រុស​ច្បង​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត បន្ត​វេន ទោះបីជា​លោក​កាន់​អំណាច​ជិត ៤០​ឆ្នាំ​ហើយ​ក្ដី។

បុរស​ខ្លាំង​ក្រាញ​អំណាច​ត​ពូជ​នៅ​កម្ពុជា​អះអាង​ថា លោក ស៊ន តារា គ្មាន​ឋានៈ​អ្វី​ដែល​ត្រូវ​ឲ្យ​លោក​ដាក់​ខ្លួន​ទៅ​ចរចា និង​យល់ព្រម​តាម​លក្ខខណ្ឌ​ទាមទារ​ឡើយ សូម្បី​គណបក្ស​នយោបាយ​ក្រៅ​រដ្ឋាភិបាល​នៅ​កម្ពុជា​បច្ចុប្បន្ន ក៏​លោក​មិន​ចាំបាច់​ទៅ​សុំ​ចរចា​អ្វី​នោះ​ដែរ។

លោក ហ៊ុន សែន បាន​ថ្លែង​លើ​វេទិកា​ដោយ​ប្រើ​ពាក្យ «អញ ហែង» រូប​នេះ ក៏​បាន​ព្រមាន​ដក​តំណែង និង​គំរាម​ហៅ​ឪពុកម្ដាយ ព្រមទាំង​ប្អូន​របស់​លោក ស៊ន តារា ទៅ​ប្រដៅ​នៅ​ផ្ទះ​របស់​លោក ដើម្បី​ឲ្យ​អប់រំ​កូន ប៉ុន្តែ​នៅ​ពេល​ដែល​លោក​ហៅ​ទៅ​ប្រដៅ​ដល់​ផ្ទះ ហើយ​ឪពុកម្ដាយ​លោក ស៊ន តារា អប់រំ​កូន​មិន​បាន​ទៀត លោក ហ៊ុន សែន ជំរុញ​ឲ្យ​គ្រួសារ​របស់​លោក ស៊ន តារា ចាកចេញ​ពី​តួនាទី​ដែល​ពួកគេ​កំពុង​ធ្វើ​បច្ចុប្បន្ន។

ការ​ព្រមាន និង​គំរាម​គ្រួសារ​របស់​លោក ស៊ន តារា ពី​សំណាក់​លោក ហ៊ុន សែន នៅ​ពេលនេះ ធ្វើឡើង​បន្ទាប់ពី​សកម្មជន​បក្ស​ប្រឆាំង លោក ស៊ន តារា នៅ​បន្ត​រិះគន់​រដ្ឋាភិបាល​កម្ពុជា និង​គ្រួសារ​ត្រកូល​ហ៊ុន។

ក្រោយពី​លោក ហ៊ុន សែន ព្រមាន និង​គំរាម​ខ្លាំងៗ ប្អូនប្រុស​របស់​លោក ស៊ន តារា គឺ​លោក ស៊ន សារ៉ាត បាន​បង្ហាញ​ការ​សោកស្ដាយ​ចំពោះ​សកម្មភាព​របស់​បងប្រុស​ខ្លួន ដែល​វាយប្រហារ​ជេរ​ប្រមាថ​លើ​ព្រះមហាក្សត្រ រដ្ឋាភិបាល និង​គ្រួសារ​របស់​លោក ហ៊ុន សែន។

លោក​បញ្ជាក់​ថា រូបលោក និង​គ្រួសារ​បាន​ផ្ដាច់​ទំនាក់ទំនង​ជាមួយ​បងប្រុស​របស់​ខ្លួន​ជា​យូរ​ណាស់​មក​ហើយ ដោយ​បារម្ភ​ខ្លាច​ប៉ះពាល់​ការងារ ប៉ុន្តែ​ប្រសិនបើ​បងប្រុស​បង្កើត​ខ្លួន​ត្រឡប់​មក​កម្ពុជា​វិញ លោក​នឹង​ពន្យល់​លោក ស៊ន តារា ឲ្យ​បញ្ឈប់​សកម្មភាព​វាយប្រហារ​ជេរ​ប្រមាថ​ព្រះមហាក្សត្រ និង​លោក ហ៊ុន សែន ថែម​ទៀត។

លោក ស៊ន សារ៉ាត ក៏​បាន​ប្ដេជ្ញា​ជំរុញ​ឲ្យ​លោក ស៊ន តារា ផ្ដាច់​ខ្លួន​ចេញពី​ក្រុម​បក្ស​ប្រឆាំង ហើយ​សន្យា​ថា​នឹង​សហការ​ជាមួយ​សមត្ថកិច្ច ក្នុង​ករណី​ដែល​ខ្លួន​ទទួល​បាន​ដំណឹង ឬ​ព័ត៌មាន​ណា​មួយ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម​នោះ។

ការ​លើកឡើង​របស់​លោក ស៊ន សារ៉ាត ដែល​ជា​ប្អូនបង្កើត​លោក ស៊ន តារា ធ្វើឡើង​ក្នុង​វីដេអូ​ឃ្លីប​ជាង ២​នាទី ដែល​ត្រូវ​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​យក​មក​ចុះផ្សាយ បន្ទាប់ពី​លោក ហ៊ុន សែន បាន​ប្រតិកម្ម​ខ្លាំងៗ​នា​ថ្ងៃ​នេះ។

ឆ្លើយតប​នឹង​សារ​ព្រមាន​របស់​លោក ហ៊ុន សែន នៅ​ថ្ងៃទី​២៥ មេសា នេះ សកម្មជន​បក្ស​ប្រឆាំង​លោក ស៊ន តារា បាន​សរសេរ​លើ​ហ្វេសប៊ុក​ដោយ​ប្រកាស​កាត់កាល​ក្រុម​គ្រួសារ​របស់​ខ្លួន​ចេញ ដោយសារ​លោក​មិន​អាច​មក​បម្រើ​លោក ហ៊ុន សែន ដែល​ជា​មនុស្ស​អគុណធម៌​បាន​ទេ។ លោក​បញ្ជាក់​ថា ការ​ធ្វើ​បែប​នេះ គឺ​ធ្វើឡើង​ដោយ​ស្ម័គ្រចិត្ត និង​ដោយ​គ្មាន​អ្នក​ណា​បង្ខំ​នោះ​ទេ។

លោក ស៊ន តារា អះអាង​ថា បើ​តាម​ច្បាប់​កម្ពុជា ច្បាប់​សកលលោក ច្បាប់​ធម្មជាតិ នរណា​ប្រព្រឹត្ត​អ្នក​នោះ​ទទួល នរណា​ស៊ី​អ្នក​នោះ​ឆ្អែត មាន​តែ​ច្បាប់ ប៉ុល ពត និង​ច្បាប់ ហ៊ុន សែន ទេ​ដែល​លោក​ស៊ី​ទៅ ឆ្អែត​ក្របី​ទៅ​វិញ។

លោក ស៊ន តារា អះអាង​ថា លោក​ក៏​ធ្លាប់​មាន​ចិត្ត​ស្រឡាញ់​សម្តេច​ខ្លះៗ​ដែរ​នូវ​សិល្បៈ​ក្នុង​ការ​ដឹកនាំ​ចំណុច​ខ្លះ លោក​រៀនសូត្រ ចងចាំ​តែ​ទង្វើ​អគុណធម៌​របស់​សម្តេច ធ្វើ​ឲ្យ​លោក​មាន​កម្លាំង​ចិត្ត​តស៊ូ​ដើម្បី​គុណធម៌ យុត្តិធម៌ និង​សីលធម៌​មេដឹកនាំ​គំរូ​ទោះ​ជា​លោក​ត្រូវ​ស្លាប់​នៅ​នឹង​កន្លែង​ក៏ដោយ។

អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​ចាត់ទុក​ការ​ធ្វើ​បាប​ឪពុក​ម្ដាយ និង​បងប្អូន​លោក ស៊ន តារា ដែល​មិន​ពាក់ព័ន្ធ និង​គ្មាន​កំហុស​ថា ខុស​ទាំង​សីលធម៌ ច្បាប់​សាសនា ច្បាប់​ជាតិ និង​អន្តរជាតិ​ផង​ដែរ។

ឪពុក​របស់​លោក ស៊ន តារា គឺ​លោក សុខ ស៊ុនណារ៉េត បច្ចុប្បន្ន​ជា​មន្ត្រី​យោធា​មាន​តួនាទី​ជា​នាយរង​សេនាធិការ​នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​កំពង់ស្ពឺ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស