39.4 C
Phnom Penh

ក្រុម​យុវជន​ស្នើ​ក្រសួង​យុត្តិធម៌​បន្ត​ជំរុញ​ឱ្យ​ស៊ើប​អង្កេត​ឯករាជ្យ​ករណី​ឃាតកម្ម​លោក ឈុត វុទ្ធី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​យុវជន​ស្រឡាញ់​បរិស្ថាន ស្នើ​ឲ្យ​ក្រសួង​យុត្តិធម៌​បន្ត​ជំរុញ​ទៅ​ស្ថាប័ន​អយ្យការ​ឲ្យ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ​លើ​ករណី​ឃាតកម្ម​លើ​លោក ឈុត វុទ្ធី ដើម្បី​ស្វែងរក​អ្នក​ផ្តើម​គំនិត និង​អ្នក​ពាក់ព័ន្ធ​ឲ្យ​មក​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ផ្លូវច្បាប់ បន្ទាប់ពី​ក្រុម​គ្រួសារ​ទទួល​រង​នូវ​ភាព​អយុត្តិធម៌​អស់​រយៈពេល ១១​ឆ្នាំ។

យុវជន​ប្រមាណ ២០​នាក់​នៅ​ថ្ងៃ​ព្រឹក​ពុធ ទី​២៦ មេសា នេះ បាន​នាំគ្នា​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​ពី​សួន​វត្ត​បទុមវតី ឆ្ពោះ​ទៅ​ក្រសួង​យុត្តិធម៌ ដើម្បី​ដាក់​ញត្តិ​ទាមទារ​យុត្តិធម៌​សម្រាប់​គ្រួសារ និង​លោក ឈុត វុទ្ធី។

ការ​ដើរ​ថ្មើរជើង​របស់​ក្រុម​យុវជន​អម​ជាមួយ​នឹង​រូបថត​ភ្ជាប់​ជាមួយ​សារ «យុត្តិធម៌​គង់​តែ​មាន​សម្រាប់​លោក ឈុត វុទ្ធី»

ក្រៅពី​សរសេរ​សារ​ភ្ជាប់​នឹង​រូបថត​ហើយ ពួកគេ​ក៏​បាន​សរសេរ​អក្សរ​នៅ​លើ​អាវ​ខ្លួន​ថា «ខ្ញុំ​ជា ឈុត វុទ្ធី ខ្ញុំ​ត្រូវការ​យុត្តិធម៌» និង «អ្នក​ការពារ​ព្រៃឈើ មិនមែន​ជា​អ្នកទោស​ទេ»

ការ​ទៅ​ដាក់​ញត្តិ​នេះ ក៏​មាន​ក្រុម​សមត្ថកិច្ច​ស្លៀកពាក់​ស៊ីវិល​តាម​ថត​រូប និង​សកម្មភាព​ពួកគេ​ដែរ។

បើ​តាម​ខ្លឹមសារ​ញត្តិ​ដែល​ក្រុម​យុវជន​យក​ដាក់​ទៅ​ក្រសួង​យុត្តិធម៌ នៅ​ថ្ងៃទី​២៦ ខែ​មេសា នេះ គឺ​ដើម្បី​ស្នើ​ទៅ​ក្រសួង​យុត្តិធម៌​ឱ្យ​បន្ត​ជំរុញ​ទៅ​ស្ថាប័ន​អយ្យការ​ឲ្យ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ ករណី​ឃាតកម្ម​លើ​លោក ឈុត វុទ្ធី ដើម្បី​ឈាន​ទៅ​រក​ការ​កំណត់​លើ​អ្នក​ផ្តើម​គំនិត និង​អ្នក​ពាក់ព័ន្ធ​មក​ទទួល​ខុសត្រូវ​តាម​ផ្លូវ​ច្បាប់។

ក្រុម​យុវជន​ថា ទោះបីជា​លោក ឈុត វុទ្ធី ត្រូវ​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​រយៈពេល ១១​ឆ្នាំ​ហើយ​ក៏​ពិត​មែន ប៉ុន្តែ​អ្នក​ផ្តើម​គំនិត និង​អ្នក​ពាក់ព័ន្ធ​ក្នុង​រឿង​ឃាតកម្ម​នេះ​នៅ​មិន​ទាន់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​មក​ដាក់​ទោស​នោះ​ឡើយ។

ជុំវិញ​ការ​ស្នើ​នេះ ក្រសួង​យុត្តិធម៌​ក៏​បាន​អនុញ្ញាត​ឲ្យ​តំណាង​យុវជន ២​រូប គឺ​លោក កើត សារ៉ាយ និង​កញ្ញា ធួន ស្រីពៅ បាន​ចូល​យក​ញត្តិ​ទៅ​ដាក់ ហើយ​បាន​សន្យា​ថា​នឹង​ឆ្លើយតប​ពួកគេ​នៅ​ពេល​ក្រោយ។

អ្នកស្រី ចក់ សុភាព នាយិកា​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) បាន​បង្ហោះ​សារ​ខ្លី​មួយ​លើ​គណនី​ហ្វេសប៊ុក​ជុំវិញ​ខួប ១១​ឆ្នាំ​នៃ​ឃាតកម្ម​លើ​លោក ឈុត វុទ្ធី ដោយ​សរសេរ​ថា «១១​ឆ្នាំ​ក្រោយ​មក យុត្តិធម៌ និង​ការពិត​មិន​ទាន់​ត្រូវ​បាន​លាតត្រដាង»។ អ្នកស្រី​ចងចាំ​វីរភាព​របស់​លោក ឈុត វុទ្ធី និង​សូម​ឧទ្ទិស​បុណ្យ​កុសល​ទាំងឡាយ​ជូន​ដល់​លោក​ជា​ដរាប។

ចំណែកឯ​សកម្មជន​ការពារ​ព្រៃឈើ លោក ហេង ស្រស់ ក៏​បាន​សរសេរ​លើ​ហ្វេសប៊ុក​របស់​ខ្លួន​ភ្ជាប់​ជាមួយ​ទីកន្លែង​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​លោក ឈុត វុទ្ធី កាលពី​ឆ្នាំ​២០១២ ថា ផ្លូវ​ទៅ​កន្លែង​លោក ឈុត វុទ្ធី ត្រូវ​បាន​គេ​អភិវឌ្ឍ​ស្អាត​ណាស់ ប៉ុន្តែ​ផ្លូវ​ទាំងនេះ​លោក​ថា បច្ចុប្បន្ន​បាន​ក្លាយ​ទៅ​ជា​ផ្លូវ​ដែល​ដឹក​ឈើ​ចេញពី​ព្រៃ​ធម្មជាតិ​កម្ពុជា​យក​ទៅ​លក់​នៅ​ក្រៅ​ប្រទេស។

លោក​រៀបរាប់​ថា ព្រៃឈើ​របស់​កម្ពុជា​ត្រូវ​បាន​ក្រុម​អ្នក​មាន​ងារ​ជា​ឧកញ៉ា​កាប់​បំផ្លាញ​ដឹក​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម និង​ប្រទេស​ផ្សេងៗ​ទៀត។ សកម្មជន​រូប​នេះ​អះអាង​ថា ក្រុម​ឧកញ៉ា​ទាំងនោះ បច្ចុប្បន្ន​កំពុង​តែ​សប្បាយ​ចាយ​លុយ​ដែល​បាន​បំផ្លាញ​ព្រៃឈើ និង​សម្បត្តិ​ជាតិ​ទាំងឡាយ ដោយសារ​ពួកគេ​មិន​ដែល​គិត​ថា​ជាតិ​សាសន៍​មួយ​នេះ ប្រទេស​មួយ​នេះ​ជា​ម្ចាស់​របស់​ពួកគេ​ឡើយ។

លោក​យល់​ថា ប្រសិន​ពួកគេ​ជា​ខ្មែរ មិន​បំផ្លាញ​ជាតិ​ឯង​ដល់​ម្ល៉ឹង​នោះ​ទេ ប៉ុន្តែ​សកម្មភាព​ទាំងនេះ​វា​ហាក់បីដូច​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ថា ក្រុម​ឧកញ៉ា​ទាំងនោះ​មិនមែន​ជា​ខ្មែរ ទើប​បាន​ជា​ពួកគេ​បំផ្លាញ​ធនធាន​ធម្មជាតិ​ដោយ​គ្មាន​ការ​ខ្លាចរអា។

ក្រៅពី​រៀបរាប់​សកម្មភាព​នៃ​ការ​បំផ្លាញ​ព្រៃឈើ លោក ហេង ស្រស់ បង្ហាញ​ការ​គោរព​ចំពោះ​វីរភាព​លោក ឈុត វុទ្ធី ដែល​បាន​បំពេញ​ការងារ​ការពារ​ព្រៃឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ។

ចំណែក​អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​លើកឡើង​ថា លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត មាន​បេះដូង​ធំ​ទូលាយ​ណាស់ បាន​ឲ្យ​ឃាតករ​ដែល​សម្លាប់​លោក ឈុត វុទ្ធី ជ្រកកោន​បាន ដោយ​លាក់​ខ្លួន​ក្នុង​បេះដូង​របស់​ពួកគាត់ ហេតុ​ដូច្នេះ​ហើយ​ទើប​រយៈពេល ១១​ឆ្នាំ​មក​នេះ សមត្ថកិច្ច​នៅ​តែ​រក​ឃាតករ​ទាំងនោះ​មិន​ឃើញ​នោះ។ ដូច្នេះ​លោក​ថា ក្រុម​អ្នក​ដែល​ចុះចូល ហើយ​អួត​កន្លងមក ហើយ​អួត​អំពី​បេះដូង​របស់​លោក ហ៊ុន សែន នោះ គឺ​មិន​ខុស​អ្វី​ទេ។

លោក ឈុត វុទ្ធី ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​លើ​រថយន្ត​របស់​លោក​កាលពី​ថ្ងៃទី​២៦ ខែ​មេសា ឆ្នាំ​២០១២ នៅ​ស្រុក​ថ្មបាំង ខេត្ត​កោះកុង។

ករណី​ឃាតកម្ម​នេះ មន្ត្រី​កងរាជ​អាវុធហត្ថ​ម្នាក់​ឈ្មោះ អ៊ិន រតនា បាន​រង​ការ​ចោទប្រកាន់​ថា​ជា​អ្នក​បាញ់​សម្លាប់​លោក ឈុត វុទ្ធី នៅ​លើ​រថយន្ត​របស់​លោក ក្នុង​ពេល​ដែល​មាន​ការ​ទាស់​ពាក្យ​សម្ដី​គ្នា​ជាមួយ​សន្តិសុខ​យាម​ឲ្យ​ក្រុមហ៊ុន ធីមប៊ឺ គ្រីន (Timber Green)។

បើ​តាម​ការ​ចុះផ្សាយ​របស់​បណ្ដាញ​ព័ត៌មាន​ផ្សេងៗ​គ្នា​នា​ពេល​កន្លងមក ឲ្យ​ដឹង​ថា ក្រុមហ៊ុន​នេះ​គឺជា​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា ទ្រី ភាព ដែល​ជា​មនុស្ស​ស្និទ្ធ​នឹង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយ​ក្រុមហ៊ុន​នេះ​ទទួល​បាន​សិទ្ធិ​កាប់​ព្រៃ​សម្អាត​បាត​អាង ដើម្បី​ធ្វើ​ទំនប់​វារីអគ្គិសនី​តាតៃ ដែល​ស្ថិត​នៅ​ក្នុង​ស្រុក​ថ្មបាំង ខេត្ត​កោះកុង។

ប៉ុន្តែ​បើ​តាម​របាយការណ៍​ផ្សេង​ទៀត​ចុះផ្សាយ​ថា ក្រុមហ៊ុន ធីមប៊ឺ គ្រីន គឺជា​របស់​ម្ចាស់​ភាគហ៊ុន​រកស៊ី​កាប់​ឈើ​ដ៏​ធំ​មួយ​របស់​អ្នកស្រី ខៀវ សស៊ីលាភ និង​ឈ្មួញ​ម្នាក់​ទៀត​មាន​តួនាទី​ជា​ឧកញ៉ា ហើយ​ជា​មន្ត្រី​យោធា​ផង ឈ្មោះ ហួរ ហាប់។ អ្នក​ទាំង​ពីរ​នេះ​ក៏​ជា​មនុស្ស​ដែល​ស្និទ្ធ​នឹង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​អ្នកស្រី ហ៊ុន ម៉ាណា ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស