31 C
Phnom Penh

មន្ត្រី​បក្ស​ប្រឆាំង៖ តើ​សមាជិក​បក្ស​ប្រជាជន​ឈឺចាប់​ទេ​ដែល​ខំ​បម្រើ​បក្ស​ស្ទើរ​មួយ​ជីវិត​មិន​បាន​តំណែង​នឹង​គេ?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លើក​ជា​សំណួរ​ថា តើ​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ឈឺចាប់​ទេ​នៅ​ពេល​ដែល​ខ្លួន​ស្មោះត្រង់​នឹង​គណបក្ស បម្រើ​គណបក្ស​ស្ទើរ​មួយ​ជីវិត មិន​បាន​តំណែង​អ្វី​សោះ ប៉ុន្តែ​មន្ត្រី​បក្ស​ប្រឆាំង​ទទួល​បាន​តំណែង​ធំ​ជាង​ខ្លួន​បន្ទាប់ពី​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច។

មន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក សួន សុរីដា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​២៥ មេសា ថា ថ្មីៗ​នេះ​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន បាន​អូស​ទាញ​មន្ត្រី​ខាង​គណបក្ស​ប្រឆាំង​យ៉ាង​ច្រើន​ទៅ​បម្រើ​នយោបាយ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​ផ្តល់​តំណែង​ខ្លះ​ជា​រដ្ឋលេខាធិការ ខ្លះ​ជា​អនុរដ្ឋលេខាធិការ​នៅ​តាម​ក្រសួង​នានា ស្រប​ពេល​ដែល​អ្នក​ទាំងនោះ​គ្មាន​គុណសម្បត្តិ​បន្តិច​សោះ​សម្រាប់​បក្ស​កាន់​អំណាច ហើយ​អ្នក​ខ្លះ​គ្មាន​ចំណេះ​ជំនាញ​វិជ្ជាជីវៈ​ចំពោះ​តំណែង​ដែល​ពួកគេ​ទទួល​បាន​នោះ​ថែម​ទៀត។

អតីត​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​រូប​នេះ​លើក​ជា​សំណួរ​ថា តើ​អ្នក​ដែល​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ឈឺចាប់​ទេ​នៅ​ពេល​ដែល​ខ្លួន​ស្មោះត្រង់​នឹង​គណបក្ស បម្រើ​គណបក្ស​ស្ទើរ​មួយ​ជីវិត អ្នក​ខ្លះ​មិន​បាន​តំណែង​អ្វី​ផង ប៉ុន្តែ​មន្ត្រី​គណបក្ស​ប្រឆាំង​ជាច្រើន​ពី​មុន​ធ្លាប់​តែ​រិះគន់​គណបក្ស​ប្រជាជន​កម្ពុជា​កប់ៗ​មាត់ ជាពិសេស​រិះគន់​លោក ហ៊ុន សែន ឥឡូវ​នេះ​ស្រាប់​តែ​ទទួល​បាន​តំណែង​ជា​រដ្ឋលេខាធិការ និង​ជា​អនុរដ្ឋលេខាធិការ​ធំ​ជាង​ខ្លួន​ដែល​ស្មោះត្រង់​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​ទៅ​វិញ។

លោក សួន សុរីដា លើកឡើង​ថា អ្នក​ដែល​ស្មោះត្រង់​នឹង​គណបក្ស​ប្រជាជន​កម្ពុជា ស្មោះត្រង់​ផង អស់​លុយកាក់​បម្រើ​បក្ស​ផង នៅតែ​គ្មាន​តម្លៃ​ដូច​មន្ត្រី​គណបក្ស​ប្រឆាំង​ដែល​ត្រឹមតែ​ប្រកាស​សុំ​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច​ត្រឹមតែ ២ ទៅ ៣​ថ្ងៃ ដូច្នេះ​អ្នក​ដែល​ចង់​ឆាប់​បាន​តំណែង​ធំ ត្រូវតែ​ចូល​បក្ស​ប្រឆាំង​សិន បន្ទាប់​មក​ចាំ​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច​វិញ នោះ​ពួកគេ​នឹង​ទទួល​បាន​តំណែង​ខ្ពង់ខ្ពស់​លឿន​ជាង​ដែល​ពួកគេ​នៅ​បន្ត​ស្មោះត្រង់​នឹង​បក្ស​កាន់​អំណាច​ដូច​ពេល​កន្លងមក។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​សកម្មជន និង​មន្ត្រី​បក្ស​ប្រឆាំង​ភាគី​លោក កឹម សុខា បាន​នាំគ្នា​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច​ជា​បន្តបន្ទាប់ ក្រោយ​ពេល​លោក កឹម សុខា ត្រូវ​កាត់ទោស​ឱ្យ​ជាប់​គុក​មិន​ទាន់​ដល់ ២​ខែ​ផង​នោះ។

កាលពី​ថ្ងៃទី​៣ ខែ​មីនា ឆ្នាំ​២០២៣ មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ត្រូវ​តុលាការ​ក្រុង​ភ្នំពេញ​កាត់ទោស​ពី​បទ​ក្បត់​ជាតិ​ឱ្យ​ជាក់​គុក ២៧​ឆ្នាំ ប៉ុន្តែ​នៅ​ថ្ងៃទី​២១ ខែ​មេសា ឆ្នាំ​២០២៣ លោក យឹម ស៊ីណន ជា​សកម្មជន​ដែល​ស្និទ្ធ​នឹង​លោក កឹម សុខា បាន​ប្រកាស​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​បក្ស​កាន់​អំណាច និង​ត្រូវ​ព្រះមហាក្សត្រ​តែងតាំង​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​ថ្ងៃទី​២២ មេសា ផង​ដែរ។

ចំណែក​លោក ហ៊ុន កុសល ក៏​បាន​ប្រកាស​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច​ដែរ​កាលពី​ថ្ងៃទី​២៣ ខែ​មេសា ឆ្នាំ​២០២៣ និង​ត្រូវ​បាន​តែងតាំង​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ បន្ទាប់ពី​សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច​បាន ១​ថ្ងៃ។

ក្រៅពី​លោក យឹម ស៊ីណន និង​លោក ហ៊ុន កុសល អតីត​អនុប្រធាន​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ខេត្ត​សៀមរាប លោក ប៉ែន ផល្លីកា និង​អតីត​អ្នក​តាក់តែង​គោលនយោបាយ​សុខាភិបាល​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក ប៉ែន រដ្ឋា ក៏​ត្រូវ​បាន​ព្រះមហាក្សត្រ​តែងតាំង​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ក្រសួង​សុខាភិបាល កាលពី​ថ្ងៃទី​២៤ ខែ​មេសា ឆ្នាំ​២០២៣ នេះ បន្ទាប់ពី​ពួកគេ​បាន​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច ប៉ុន្តែ​អ្នក​ទាំង​ពីរ​នាក់​នេះ​មិន​បាន​រង​នូវ​ការ​ចោទប្រកាន់ ឬ​ជាប់​ពន្ធនាគារ​អ្វី​នោះ​ឡើយ។

ទាក់ទិន​នឹង​បញ្ហា​នេះ អ្នកវិភាគ​នយោបាយ​ឯករាជ្យ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​អះអាង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ទោះ​អ្នក​ណា​រត់​ចោល​លោក កឹម សុខា ក៏ដោយ ក៏​លោក​នៅតែ​គាំទ្រ​លោក កឹម សុខា ដដែល ហើយ​ក៏​មិនមែន​មាន​តែ​លោក​ម្នាក់​ឯង​ដែរ គឺ​មាន​ពលរដ្ឋ​ខ្មែរ​ជាច្រើន​នាក់​ទៀត។ លោក​បន្ត​ថា ក្រោយពី​គេ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា គឺជា​មេដឹកនាំ​ជាន់ខ្ពស់​តែ​ម្នាក់​គត់​ដែល​ប្រឹង​ក្រាញ​ននៀល​តស៊ូ​នៅ​សមរភូមិ​នយោបាយ ខំ​រក​យុត្តិធម៌​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ។

លោក គឹម សុខ បញ្ជាក់​ថា ទង្វើ​លោក កឹម សុខា គឺជា​គំរូ​វីរភាព​នៃ​មេដឹកនាំ​ដែល​មាន​ជំហរ​រឹងមាំ មិន​ព្រម​ចុះចាញ់ មិន​បោះបង់​គោលដៅ ហើយ​គុណធម៌​ប្រជាធិបតេយ្យ​ដ៏​ស្វាហាប់​របស់​លោក​បាន​ក្លាយ​ជា​និមិត្តរូប​នៃ​ការ​តស៊ូ​នយោបាយ​មាន​តម្លៃ​សកល​ដូច​លោក ណែលសុន ម៉ានដឺឡា (Nelson Mandela) តំណាង​ឱ្យ​ប្រទេស​អាហ្វ្រិក​ខាងត្បូង និង​លោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) តំណាង​ឱ្យ​ប្រទេស​ភូមា ដូច្នោះ​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស