28.8 C
Phnom Penh

ព្រះមហាក្សត្រ​តែងតាំង​លោក ហៃ វណ្ណា ដែល​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច​ជា​ទីប្រឹក្សា​លោក ហ៊ុន សែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​សកម្មជន​នយោបាយ​នៅ​ប្រទេស​ជប៉ុន លោក ហៃ វណ្ណា ដែល​បាន​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​បាន​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​តែងតាំង​ជា​ទីប្រឹក្សា​លោក ហ៊ុន សែន មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ។

យោង​តាម​ព្រះរាជក្រឹត្យ​ដែល​សារព័ត៌មាន ឌឹ ខេមបូឌា ដេលី ទទួល​បាន​នៅ​ព្រឹក​ថ្ងៃទី​៨ ខែ​កក្កដា ឆ្នាំ​២០២៥ បាន​ឲ្យ​ដឹង​ថា ព្រះករុណា​ព្រះបាទ​សម្ដេច ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា ទ្រង់​បាន​ចេញ​ព្រះរាជក្រឹត្យ​តែងតាំង និង​ផ្ដល់​ឋានៈ​ជូន​លោក ហៃ វណ្ណា ជា​ទីប្រឹក្សា​លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ។

លោក ហៃ វណ្ណា បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​របស់​ខ្លួន​ថា លោក​សូម​អរ​ព្រះគុណ​ចំពោះ​ព្រះករុណា​ព្រះបាទ​សម្ដេច ព្រះ​បរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​សព្វព្រះរាជហឫទ័យ​តែងតាំង និង​ផ្ដល់​ឋានៈ​ដ៏​ខ្ពង់ខ្ពស់​នេះ​ដល់​រូបលោក។

សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ លោក ហៃ វណ្ណា បាន​ចេញ​វីដេអូ​ប្រកាស​ផ្ដាច់​ខ្លួន​ពី​លោក សម រង្ស៊ី និង​សុំទោស​លោក ហ៊ុន សែន រួម​ទាំង​សុំ​ចុះចូល​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា កាលពី​ថ្ងៃទី​១៨ ខែ​តុលា ឆ្នាំ​២០២៤ បន្ទាប់ពី​លោក ហ៊ុន សែន គំរាមកំហែង​ដល់​សមាជិក​គ្រួសារ និង​ចាប់​ខ្លួន​ប្អូនប្រុស​របស់​លោក​ដាក់​ពន្ធនាគារ​ធ្វើ​ចំណាប់ខ្មាំង។

ក្នុង​វីដេអូ​ប្រវែង​ជាង ៣​នាទី លោក ហៃ វណ្ណា អះអាង​ថា អំពើ​ជ្រុល​និយម​របស់​លោក​ដែល​ប្រកាស​ពី​ការ​បះបោរ​ប្រឆាំង​នឹង​រដ្ឋាភិបាល​កម្ពុជា​កន្លង​មក គឺ​ធ្វើ​តាម​ក្រុម​ប្រឆាំង​ជ្រុល​និយម​ប៉ុណ្ណោះ ដូច្នេះ​ចាប់​ពី​ពេលនេះ​តទៅ លោក​នឹង​ចូល​ទៅ​រួម​រស់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ​ម្តង។

ភ្ជាប់​ជាមួយ​វីដេអូ​របស់​លោក ហៃ វណ្ណា លោក ហ៊ុន សែន ដែល​ប្រើប្រាស់​សមាសភាព​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រកាស​ស្វាគមន៍​លោក ហៃ វណ្ណា ដែល​ទទួលស្គាល់​កំហុស ហើយ​ផ្ដាច់​ខ្លួន​ចេញពី​លោក សម រង្ស៉ី និង​ស្នើ​ដល់​អ្នក​ស្អប់​លោក ហៃ វណ្ណា ឱ្យ​ឈប់​ខឹងសម្បា​នឹង​សកម្មជន​ប្រឆាំង​រូប​នេះ​តទៅទៀត។

អ្នក​ឃ្លាំមើល​សង្កេត​ឃើញ​ថា រដ្ឋាភិបាល​របស់​ពីរ​នាក់​ឪពុក​និង​កូន​ត្រកូល​ហ៊ុន តែងតែ​ប្រើប្រាស់​ប្រព័ន្ធ​ច្បាប់ និង​តុលាការ ដើម្បី​ដាក់​សម្ពាធ​បង្ខំ​ឱ្យ​សកម្មជន​សង្គម និង​នយោបាយ​ធ្វើការ​សុំទោស ឬ​បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ប៉ុន្តែ​សកម្មជន​នយោបាយ​មួយ​ចំនួន​នៅតែ​ប្ដេជ្ញាចិត្ត​មិន​ព្រម​ចុះចូល ឬ​សុំទោស​លោក ហ៊ុន សែន ឡើយ ដោយ​សុខចិត្ត​ទទួល​ទោស​គ្រប់​ចំនួន៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស