29 C
Phnom Penh

លោក ហ៊ុន សែន ចាត់ទុក​ពលរដ្ឋ​ខ្មែរ​ក្រៅ​ស្រុក​ដែល​រិះគន់​ពី​តំបន់​ត្រីកោណ​ថា​ជា​ក្រុម​បំផ្លាញ​ជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ចាត់ទុក​ពលរដ្ឋ​ខ្មែរ​ក្រៅ​ស្រុក​ដែល​លើកឡើង​ពី​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​រវាង​កម្ពុជា ឡាវ និង​វៀតណាម ថា​ជា​ក្រុម​ជ្រុល​និយម​បំផ្លាញ​ជាតិ​ដែល​មាន​ចេតនា​ផ្តួល​រំលំ​រដ្ឋាភិបាល។

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន បាន​ទម្លាយ​នូវ​រូបភាព និង​ឃ្លីប​វីដេអូ​ដែល​មាន​ប្រវែង​ជាង ២​ម៉ោង​អំពី​កិច្ចប្រជុំ​មួយ​តាម​ប្រព័ន្ធ zoom របស់​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​កាលពី​ថ្ងៃទី​៣០ ខែ​មេសា ឆ្នាំ​២០២៣ ថា ការ​ប្រជុំ​តាម​ប្រព័ន្ធ zoom របស់​ពួកគេ​មិន​អាច​លាក់បាំង​បាន​ទេ បើ​ទោះបីជា​ពួកគេ​នៅ​ក្រៅ​ប្រទេស និង​តាំង​ខ្លួន​ជា​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក៏ដោយ។

មេដឹកនាំ​ខ្មែរ​ដែល​តែង​ប្ដេជ្ញា​តាម​កម្ទេច​ក្រុម​អ្នក​ប្រជាធិបតេយ្យ លោក ហ៊ុន សែន លើកឡើង​ថា «ពួក​អ្នក​ជា​ជនជាតិ​ខ្មែរ​រស់នៅ​បរទេស និង​មាន​សញ្ជាតិ​បរទេស ប៉ុន្តែ​ពួកគេ​មិន​ស្គាល់​សេចក្តី​ត្រូវការ​របស់​ប្រជាជន​នៅ​ក្នុង​ប្រទេស​ឡើយ»

លោក ហ៊ុន សែន បន្ថែម​ថា ពួកគេ​ចង់​បាន​ប្រជាធិបតេយ្យ ប៉ុន្តែ​បែរ​ជា​នាំគ្នា​ប្រឆាំង​ជាមួយ​ការ​បោះឆ្នោត និង​លទ្ធផល​បោះឆ្នោត​របស់​កម្ពុជា​ខាងមុខ​នេះ​ទៅវិញ។

មេដឹកនាំ​ខ្មែរ​ដែល​តែង​លួច​លទ្ធផល​នៃ​ការ​បោះឆ្នោត លោក ហ៊ុន សែន បញ្ជាក់​ថា អ្នក​ទាំងនោះ​មិន​ត្រូវ​ភ្លេច​ទេ​ថា បរទេស​គ្មាន​លទ្ធភាព​សម្លាប់​ខ្មែរ​ដូច​ពួកគេ​ចង់​បាន​នោះ​ឡើយ និង​សូម​កុំ​ភ្លេច​ថា មនុស្ស​នៅ​ជាមួយ​ពួកគេ​ក៏​មាន​មនុស្ស​របស់​លោក​ដែរ។

លោក ហ៊ុន សែន សួរ​ថា តើ​ពួកគេ​ចង់​បំផ្លាញ​ប្រទេស​កម្ពុជា​ដល់​ណា​ទៀត?

កាលពី​ថ្ងៃទី​៣០ ខែ​មេសា ឆ្នាំ​២០២៣ ពលរដ្ឋ​ខ្មែរ​ក្រៅ​ស្រុក​ដែល​ខ្វល់ខ្វាយ​ពី​ប្រទេស​ជាតិ​ជាច្រើន​នាក់​បាន​បើក​កិច្ចប្រជុំ​តាម​ប្រព័ន្ធ zoom រយៈពេល​ជាង ២​ម៉ោង ដូចជា​បណ្ឌិត ឌី ការ៉េត ជាដើម​ដែល​លោក​បាន​លើកឡើង​ពី​ប្រវត្តិ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ថា​ជា​គណបក្ស​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​វៀតណាម ដើម្បី​គ្រប់គ្រង​ប្រទេស​កម្ពុជា​តាមរយៈ​នៃ​ការ​បង្កើត​ឱ្យ​មាន​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​រវាង​កម្ពុជា ឡាវ និង​វៀតណាម។

បណ្ឌិត ឌី ការ៉េត លើកឡើង​ថា តំបន់​ត្រីកោណ​អភិវឌ្ឍន៍​រវាង​កម្ពុជា វៀតណាម ឡាវ គឺជា​ផែនការ​របស់​វៀតណាម​ដែល​មាន​ចេតនា​បង្កប់​កងទ័ព​របស់​ពួកគេ​ចូល​ក្នុង​ទឹកដី​ខ្មែរ ដើម្បី​គ្រប់គ្រង​ខ្មែរ​តែប៉ុណ្ណោះ ព្រោះ​ថា​តំបន់​ត្រីកោណ​នេះ គឺ​មាន​ឈ្មោះ​ដើម​ថា សហព័ន្ធ​ឥណ្ឌូចិន​វៀតណាម ប៉ុន្តែ​ក្រោយ​មក​ដោយ​ខ្លាច​មាន​ការ​តវ៉ា វៀតណាម​បាន​កែ​ឈ្មោះ​មក​ជា តំបន់​ត្រីកោណ​អភិវឌ្ឍន៍ ហើយ​នៅ​ពេលនេះ វៀតណាម​បាន​កែ​ឈ្មោះ​មក ជា​តំបន់​ត្រីកោណ ដោយ​លុប​ពាក្យ​អភិវឌ្ឍន៍​ចោល​វិញ។

បណ្ឌិត ឌី ការ៉េត លើកឡើង​ថា ផែនការ​របស់​វៀតណាម​ក្នុង​ការ​គ្រប់គ្រង​ខ្មែរ​នេះ គឺជា​ផែនការ​សម្ងាត់​របស់​លោក ហ៊ុន សែន ជាមួយ​នឹង​វៀតណាម​ជា​យូរ​ណាស់​មក​ហើយ ព្រោះ​ថា​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​នេះ​ត្រូវ​បាន​វៀតណាម​ដាក់​ផែនការ​ពង្រីក​បន្តិច​ម្តងៗ​តាមរយៈ​នៃ​ការ​ដាក់​ខេត្ត​ខ្មែរ​ចូល​ក្នុង​តំបន់​នេះ​ចាប់ផ្តើម​ពី​ខេត្ត​ត្រឹមតែ​ពីរ​នៅ​លើកដំបូង និង​រហូត​ដល់​ដាក់​ខេត្ត​ចំនួន​៤​សព្វថ្ងៃ​នេះ។

អ្នកជំនាញ​ខាង​ភូមិសាស្ត្រ​នយោបាយ​រូប​នេះ​បញ្ជាក់​ថា តំបន់​អភិវឌ្ឍន៍​ត្រីកោណ​ដែល​មាន​ខេត្ត​មណ្ឌលគិរី ខេត្ត​រតនគិរី ខេត្ត​ស្ទឹងត្រែង និង​ខេត្ត​ក្រចេះ ដែល​បាន​ដាក់​បញ្ចូល​ជាមួយ​ខេត្ត​ឡាវ និង​វៀតណាម គឺជា​ការ​រៀបចំ​របស់​វៀតណាម​សុទ្ធសាធ ដើម្បី​គ្រប់គ្រង​ខ្មែរ​ជា​ជំហានៗ​ដោយ​ផ្តើម​ចេញពី​តំបន់​នេះ​ទៅ​ថ្ងៃ​អនាគត។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ប្រធាន​រដ្ឋសភា​ជាតិ​កម្ពុជា លោក ហេង សំរិន បាន​ចុះហត្ថលេខា​លើ​សេចក្តី​ថ្លែងការណ៍​រួម​ជាមួយ​ប្រធាន​រដ្ឋសភា​ឡាវ លោក សាយ សំភូន ភូមវិហាន និង​ប្រធាន​រដ្ឋសភា​វៀតណាម លោក វឿង ឌីញហ្វេ នៅ​ទីក្រុង​ភ្នំពេញ ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (CLV) ឲ្យ​កាន់តែ​ទូលំទូលាយ​ក្នុង​ក្របខ័ណ្ឌ​សភា​នៃ​ប្រទេស​ទាំង​បី​ទៅ​ថ្ងៃ​មុខ។

ជុំវិញ​ការ​បង្កើត​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​នេះ ក្រុម​អ្នក​សង្កេតការណ៍​សម្ដែង​នូវ​ក្តី​បារម្ភ​ថា គឺជា​ហានិភ័យ​យ៉ាង​ធំធេង​សម្រាប់​កម្ពុជា​ទៅ​ថ្ងៃ​អនាគត ព្រោះ​ថា​ខេត្ត​ទាំង​៤ របស់​កម្ពុជា​មាន​ចំនួន​ប្រជាជន​សរុប​ប្រមាណ​តែ ៥០​ម៉ឺន​នាក់​ប៉ុណ្ណោះ ខណៈ​ខេត្ត​ទាំង​៤ របស់​ប្រទេស​ឡាវ មាន​ប្រជាជន​ប្រមាណ ៧០​ម៉ឺន​នាក់។ ដោយឡែក​ខេត្ត​ទាំង​៤ របស់​ប្រទេស​វៀតណាម ដែល​បាន​ដាក់​ចូល​តំបន់​ត្រីកោណ​នេះ​មាន​ប្រជាជន​សរុប​ប្រមាណ​ដល់​ទៅ​ជាង ៧​លាន​នាក់​ឯណោះ។

ទាក់ទិន​នឹង​បញ្ហា​នេះ មន្ត្រី​សង្គម​ស៊ីវិល និង​ក្រុម​អ្នក​ឃ្លាំមើល​កម្ពុជា ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដក​ខ្លួន​ចេញពី​គម្រោង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​នេះ​ជាបន្ទាន់ ដើម្បី​អភិវឌ្ឍ​ខ្លួនឯង​ឱ្យ​រឹងមាំ​ជា​មុន​សិន ចាំ​គិតគូរ​ពិចារណា​រឿង​ការ​អភិវឌ្ឍ​រួម​គ្នា​នេះ​ឡើងវិញ ដើម្បី​បញ្ចៀស​ហានិភ័យ​នានា ឬ​គ្រោះថ្នាក់​ធ្វើ​ឱ្យ​បាត់បង់​ព្រំដែន​កម្ពុជា​ទៅ​ថ្ងៃ​ក្រោយ​បន្ថែម​ទៀត។

តំបន់​អភិវឌ្ឍន៍​ត្រីកោណ ឬ​ហៅថា CLV ត្រូវ​បាន​ព្រមព្រៀង​បង្កើត​ឡើង​កាលពី​ឆ្នាំ​១៩៩៩ ដោយ​រដ្ឋាភិបាល​កម្ពុជា ឡាវ និង​វៀតណាម ក្នុង​នោះ​មាន​ខេត្ត​ចំនួន​១២ ដែល​ភាគី​នីមួយៗ​បាន​ដាក់​ខេត្ត​ចំនួន ៤ ដូច​គ្នា​បញ្ចូល​ក្នុង​ង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​នេះ ក្នុង​នោះ​ខាង​ភាគី​កម្ពុជា បាន​ដាក់​ខេត្ត​ក្រចេះ ស្ទឹងត្រែង រតនគិរី និង​ខេត្ត​មណ្ឌលគិរី៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស