28 C
Phnom Penh

លោក ហ៊ុន សែន ព្រមាន​ដក​អគ្គនាយក​និង​ថ្នាក់​ដឹកនាំ​ទូរទស្សន៍​ជាតិ​បើ​មិន​អាច​រៀបចំ​ផ្សាយ​ស៊ីហ្គេម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ខ្លាំង​កម្ពុជា​លោក ហ៊ុន សែន ព្រមាន​ដក​តំណែង​អគ្គនាយក និង​ថ្នាក់​ដឹកនាំ​ទូរទស្សន៍​ជាតិ​កម្ពុជា មុន​ម៉ោង ៩​យប់​នេះ (យប់​ថ្ងៃទី​១ ឧសភា) ប្រសិនបើ​អ្នក​ទាំងនោះ​មិន​អាច​រៀបចំ​ឲ្យ​មាន​ការ​ផ្សាយ​ផ្ទាល់​ពី​ព្រឹត្តិការណ៍​ប្រកួត​កីឡា​មុន​ពិធី​បើក​ព្រឹត្តិការណ៍​ស៊ីហ្គេម ដែល​កំពុង​ប្រកួត​គ្នា​នៅ​ពេលនេះ​ទេ​នោះ។

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​លើកឡើង​នៅ​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ចំណត​ផែ​កុងតឺន័រ​ថ្មី​តម្លៃ​ជិត ១​ពាន់​លាន​ដុល្លារ នៅ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ នា​ព្រឹក​ថ្ងៃទី​០១ ខែ​ឧសភា ឆ្នាំ​២០២៣ នេះ​ថា ព្រឹត្តិការណ៍​នៅ​មុន​ថ្ងៃ​ប្រកាស​បើក​ព្រឹត្តិការណ៍​ស៊ីហ្គេម​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៅ​ពេលនេះ គឺជា​ថ្ងៃ​បុណ្យ​ទូទាំង​ប្រទេស​ដែល​ភ្លើង​អគ្គីជ័យ​កីឡា​កំពុង​ហែ​នៅ​តាម​ខេត្ត​នានា​នៅ​ពេលនេះ ដែល​បាន​ក្លាយ​ទៅ​ជា​ពិធីបុណ្យ​ជាតិ​មួយ​ដ៏​សំខាន់​សម្រាប់​ពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង​ប្រទេស​ហើយ។

លោក ហ៊ុន សែន ព្រមាន​ថា បើ​ទូរទស្សន៍​ជាតិ​មិន​អាច​ផ្សាយ​អំពី​ព្រឹត្តិការណ៍​ប្រកួត​កីឡា​នៅ​មុន​ថ្ងៃ​បើក​ព្រឹត្តិការណ៍​ស៊ីហ្គេម​ខាង​មុខ​នេះ​បាន​ទេ លោក​នឹង​ដក​តំណែង​អគ្គនាយក និង​ថ្នាក់​ដឹកនាំ​ទូរទស្សន៍​ជាតិ​ចោល​មុន​ព្រឹត្តិការណ៍​ស៊ីហ្គេម​នេះ​តែម្តង។

ការ​ព្រមាន​នេះ ធ្វើឡើង​បន្ទាប់ពី​អគ្គនាយក​ទូរទស្សន៍​ជាតិ​កម្ពុជា​បាន​អះអាង​ថា ការ​ផ្សាយ​បន្ត​ផ្ទាល់​ពី​ព្រឹត្តិការណ៍​ប្រកួត​កីឡា​នៅ​មុន​ថ្ងៃ​បើក​ព្រឹត្តិការណ៍​ស៊ីហ្គេម ធ្វើឡើង​តែ​ការ​ប្រកួត​រវាង​កម្ពុជា និង​បរទេស​តែប៉ុណ្ណោះ ខណៈ​ការ​ប្រកួត​រវាង​បរទេស និង​បរទេស ទូរទស្សន៍​ជាតិ​មិន​មាន​កាលវិភាគ​សម្រាប់​ចាក់​ផ្សាយ​ឡើយ។

ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍​លើក​ទី​៣២ ឬ​ស៊ីហ្គេម ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៅ​សល់​ពេល​តែ ៤​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ដោយ​កម្មវិធី​ផ្លូវការ​នឹង​ត្រូវ​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​៥ ដល់​ថ្ងៃទី​១៧ ខែ​ឧសភា ឆ្នាំ​២០២៣ និង​មាន​កីឡា​ចំនួន ៣៧​ប្រភេទ រួម​មាន ៥៨១​វិញ្ញាសា ដែល​នឹង​ត្រូវ​ដាក់​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​ជា​ផ្លូវការ​ចាប់ពី​ថ្ងៃទី​៥ រហូត​ដល់​ថ្ងៃទី​១៧ ខែ​ឧសភា ខាងមុខ​នេះ។

ក្នុង​ចំណោម​វិញ្ញាសា​កីឡា​ទាំង ៣៧ នេះ កម្ពុជា​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​ទទួល​បាន​សិទ្ធិ​ដាក់​បញ្ចូល​ប្រភេទ​កីឡា​សក្ដានុពល និង​កីឡា​ប្រពៃណី​របស់​ខ្លួន​មួយ​ចំនួន ដូចជា អុក​ចត្រង្គ ល្បុក្កតោ និង​គុន​ខ្មែរ ជាដើម។

មុន​នឹង​ប្រកាស​បើក​ព្រឹត្តិការណ៍​ស៊ីហ្គេម​ជា​ផ្លូវការ​នៅ​ថ្ងៃទី​៥ ខែ​ឧសភា កម្ពុជា​បាន​រៀបចំ​ឲ្យ​មាន​ការ​ប្រកួត​នូវ​កីឡា​មួយ​ចំនួន​ជា​បន្តបន្ទាប់​ចាប់តាំងពី​ថ្ងៃទី​២៩ ខែ​មេសា មក ដូចជា​វិញ្ញាសា​កីឡា​បាល់ទាត់ និង​វិញ្ញាសា​អុក​ចត្រង្គ ជាដើម។

គិត​មក​ទល់​ពេលនេះ នៅ​សល់​តែ ៤​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ការ​ប្រកួត​កីឡា​ស៊ីហ្គេម​លើក​ទី​៣២ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នឹង​ចូល​មក​ដល់ ដែល​នឹង​ចាប់ផ្តើម​ឡើង​ពី​ថ្ងៃទី​៥ ដល់​ថ្ងៃទី​១៧ ខែ​ឧសភា ឆ្នាំ​២០២៣ ខណៈ​អាស៊ាន​ប៉ារ៉ាហ្គេម នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​៣ ដល់​ថ្ងៃទី​៩ ខែ​មិថុនា ឆ្នាំ​២០២៣ ខាងមុខ​នេះ។ ព្រឹត្តិការណ៍​ស៊ីហ្គេម​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៅ​ឆ្នាំ​២០២៣ នេះ​មាន​ការ​ចូលរួម​ពី​ប្រតិភូ​កីឡា​អាស៊ាន​ដល់​ទៅ​ជាង ១​ម៉ឺន​នាក់។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​២៥ ខែ​មេសា ឆ្នាំ​២០២៣ ប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន សែន បាន​ប្រកាស​មិន​យក​លុយ​ពី​ការ​ចូលរួម​ប្រកួត​ស៊ីហ្គេម​លើក​ទី​៣២ នៅ​កម្ពុជា​ទេ បើ​ទោះបីជា​តាម​គោលការណ៍​ប្រតិភូ​កីឡា​ស៊ីហ្គេម​តម្រូវ​ឲ្យ​កីឡាករ​ដែល​ចូលរួម​ក្នុង​ម្នាក់ៗ​ត្រូវ​បង់​លុយ ៥០​ដុល្លារ​ក្នុង ១​ថ្ងៃ​សម្រាប់​អាហារ និង​ការ​ស្នាក់នៅ​ក៏ដោយ។

បុរស​ខ្លាំង​រូប​នេះ​អះអាង​ថា រដ្ឋាភិបាល​កម្ពុជា​នឹង​បន្ថែម​ទឹកប្រាក់​ប្រមាណ ៧​លាន​ដុល្លារ​បន្ថែម​ទៀត​ដើម្បី​សម្រួល​ដល់​ការ​មិន​យក​ថ្លៃ​ហូបចុក ស្នាក់នៅ និង​ធ្វើ​ដំណើរ​របស់​ប្រតិភូ​កីឡា​ដែល​បាន​មក​ចូលរួម​ព្រឹត្តិការណ៍​ស៊ីហ្គេម​ខាងមុខ​នេះ ខណៈ​ដើមឡើយ គម្រោង​ចំណាយ​រៀបចំ​ស៊ីហ្គេម និង​អាស៊ាន​ប៉ារ៉ាហ្គេម​ឆ្នាំ​២០២៣ មាន​ចំនួន ១២៤​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ ដូច្នេះ​បើ​បន្ថែម ៧​លាន​ដុល្លារ​ទៀត គឺ​កើន​ដល់ ១៣១​លាន​ដុល្លារ​ហើយ​នៅ​ពេលនេះ​សម្រាប់​ការ​ចំណាយ​សរុប​ក្នុង​ព្រឹត្តិការណ៍​នេះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស