42.2 C
Phnom Penh

លោក អៀ ចាន់ណា មន្ត្រី​បក្ស​ភ្លើង​ទៀន​ចេញ​វីដេអូ​សុំទោស​លោក ហ៊ុន សែន ឱ្យ​លើកលែង​ទោស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​របស់​គណបក្ស​ភ្លើង​ទៀន ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ ចេញ​វីដេអូ​សុំទោស​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន និង​សុំ​ឱ្យ​លោក ហ៊ុន សែន លើកលែង​ទោស​ឱ្យ​ដោយ​លោក​សុខចិត្ត​ទទួលស្គាល់​នូវ​កំហុស​គ្រប់​យ៉ាង​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​កាលពី​ពេល​កន្លងមក។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើង​ទៀន​ប្រចាំ​ខេត្ត​តាកែវ លោក អៀ ចាន់ណា នៅ​មុន​ការ​ផ្សាយ​នេះ​បន្តិច បាន​ចេញ​វីដេអូ​ឃ្លីប​ពី​ពន្ធនាគារ​ព្រៃស​សុំទោស​លោក ហ៊ុន សែន ឱ្យ​លើកលែង​ទោស ដោយ​សន្យា​ថា​លោក​នឹង​មិន​ប្រព្រឹត្ត​ខុស​ច្បាប់​ដូច​កាលពី​ពេល​មុន​ទៀត​ឡើយ។

ការ​ចេញ​វីដេអូ​សុំទោស​លោក ហ៊ុន សែន នេះ ធ្វើឡើង​បន្ទាប់ពី​លោក អៀ ចាន់ណា ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ព្រៃស​អស់​រយៈពេល​ជិត​មួយ​ឆ្នាំ​មក​ហើយ​បើ​គិត​ទល់​នឹង​ពេលនេះ។

ក្រោយ​ការ​ចេញ​វីដេអូ និង​លិខិត​សុំទោស​របស់​លោក អៀ ចាន់ណា មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​សរសេរ​លើ​ប្រព័ន្ធ​ទំនាក់ទំនង​តេឡេក្រាម​របស់​លោក​ថា លោក​បាន​ស្នើ​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ ពិនិត្យ​ករណី​លោក អៀ ចាន់ណា ដើម្បី​ឱ្យ​មន្ត្រី​បក្ស​ភ្លើង​ទៀន​រូប​នេះ​បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​នៅ​ពេលនេះ។

លោក អៀ ចាន់ណា ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​នៅ​ក្បែរ​ផ្សារ​អ៊ីអន ក្នុង​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃទី​៣០ ខែ​ឧសភា ឆ្នាំ​២០២២ បន្ទាប់ពី​លោក​បាន​ចូលរួម​សកម្មភាព​នយោបាយ​ជាមួយ​គណបក្ស​ភ្លើង​ទៀន និង​ហែ​ក្បួន​ឃោសនា​គណបក្ស​នេះ​នៅ​មុន​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ឆ្នាំ​២០២២ កន្លងទៅ។

ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ស៊ិន សុវណ្ណរ័ត្ន បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់​ខ្លួន​លោក អៀ ចាន់ណា ពី​បទ​រួម​គំនិត​ក្បត់ ដែល​បាន​ប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា​កាលពី​ឆ្នាំ​២០២០ និង​ពេល​បន្តបន្ទាប់​មក​ទៀត​តាម​មាត្រា​៤៥៣ នៃ​ក្រមព្រហ្មទណ្ឌ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស