28 C
Phnom Penh

លោក អៀ ចាន់ណា អរគុណ​លោក ហ៊ុន សែន ដែល​អន្តរាគមន៍​ឱ្យ​លោក​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើង​ទៀន ថ្លែង​អំណរគុណ​ដល់​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ដែល​បាន​អន្តរាគមន៍​ឱ្យ​លោក​ទទួល​បាន​សិទ្ធិ​រស់នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន បន្ទាប់ពី​ត្រូវ​ជាប់​ពន្ធនាគារ​ជិត​មួយ​ឆ្នាំ។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើង​ទៀន​ប្រចាំ​ខេត្ត​តាកែវ លោក អៀ ចាន់ណា បាន​ចេញ​វីដេអូ​ឃ្លីប​ពី​ពន្ធនាគារ​ព្រៃស​សុំទោស​លោក ហ៊ុន សែន និង​សុំ​ឱ្យ​មេដឹកនាំ​បក្ស​កាន់​អំណាច​រូប​នេះ​អនុញ្ញាត​ឱ្យ​លោក​បាន​រស់នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន ដោយ​សន្យា​ថា​លោក​នឹង​មិន​ប្រព្រឹត្ត​ខុស​ច្បាប់​ដូច​កាលពី​ពេល​មុន​ទៀត​ឡើយ។

លោក អៀ ចាន់ណា សន្យា​ថា លោក​នឹង​គោរព​ច្បាប់​របស់​ប្រទេស​កម្ពុជា​គ្រប់​បែប​យ៉ាង​ទាំងអស់ ដើម្បី​មាន​ឱកាស​រស់នៅ​ដូច​ពលរដ្ឋ​ខ្មែរ​ទូទៅ និង​បាន​មើល​ថែ​ក្រុម​គ្រួសារ​របស់​លោក​ទៅ​ថ្ងៃ​មុខ។

ការ​ចេញ​វីដេអូ​ថ្លែង​អំណរគុណ​លោក ហ៊ុន សែន នេះ​ធ្វើឡើង​បន្ទាប់ពី​លោក អៀ ចាន់ណា ត្រូវ​បាន​លោក ហ៊ុន សែន ចេញ​មុខ​អន្តរាគមន៍​ឲ្យ​លោក​បាន​រស់នៅ​ក្រៅ​ឃុំ បន្ទាប់ពី​មន្ត្រី​បក្ស​ភ្លើង​ទៀន​រូប​នេះ​សុំទោស​លោក ហ៊ុន សែន កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ។

ក្រោយពី​ការ​ចេញ​វីដេអូ និង​លិខិត​សុំទោស​របស់​លោក អៀ ចាន់ណា មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន បាន​សរសេរ​លើ​ប្រព័ន្ធ​ទំនាក់ទំនង​តេឡេក្រាម​របស់​លោក​កាលពី​ថ្ងៃទី​១ ខែ​ឧសភា ថា លោក​បាន​ស្នើ​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ ពិនិត្យ​ករណី​លោក អៀ ចាន់ណា រួច​ហើយ ដើម្បី​ឱ្យ​មន្ត្រី​បក្ស​ភ្លើង​ទៀន​រូប​នេះ​បាន​រស់នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​នៅ​ពេលនេះ។

កាលពី​ថ្ងៃទី​៣០ ខែ​ឧសភា ឆ្នាំ​២០២២ លោក អៀ ចាន់ណា ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​នៅ​ក្បែរ​ផ្សារ​អ៊ីអន ក្នុង​ទីក្រុង​ភ្នំពេញ បន្ទាប់ពី​លោក​បាន​ចូលរួម​សកម្មភាព​នយោបាយ​ជាមួយ​គណបក្ស​ភ្លើង​ទៀន និង​ហែ​ក្បួន​ឃោសនា​គណបក្ស​នេះ​នៅ​មុន​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ឆ្នាំ​២០២២ កន្លង​ទៅ។

ការ​ចាប់​ខ្លួន​លោក អៀ ចាន់ណា នេះ​ធ្វើឡើង​បន្ទាប់ពី​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក ស៊ិន សុវណ្ណរ័ត្ន បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់​ខ្លួន​លោក អៀ ចាន់ណា ពី​បទ​រួម​គំនិត​ក្បត់​ដែល​បាន​ប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា​កាលពី​ឆ្នាំ​២០២០ និង​ពេល​បន្តបន្ទាប់​មក​ទៀត​តាម​មាត្រា​៤៥៣ នៃ​ក្រមព្រហ្មទណ្ឌ។

លោក អៀ ចាន់ណា គឺជា​តំណាង​យុវជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ភៀស​ខ្លួន​ទៅ​រស់នៅ​ប្រទេស​ន័រវែស (Norway) ក្នុង​ទីក្រុង​គ្រីសស្ទានសាន់ កាលពី​ឆ្នាំ​២០០៥ បន្ទាប់ពី​រដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើ​ទុក្ខបុកម្នេញ​ទាក់ទង​រឿង​ព្រំដែន ប៉ុន្តែ​នៅ​ឆ្នាំ​២០២០ លោក​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ចោទប្រកាន់​ពី​បទ​ក្បត់​ជាតិ តាម​មាត្រា​៤៥៣ នៃ​ក្រមព្រហ្មទណ្ឌ បន្ទាប់ពី​លោក​បាន​ចូលរួម​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី និង​ចេញ​ដីកា​ឱ្យ​ចាប់​ខ្លួន​កាលពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០២០ កន្លងទៅ​ផង​ដែរ។

ក្រៅពី​សុំ​ឱ្យ​លោក ហ៊ុន សែន អនុញ្ញាត​ឱ្យ​ខ្លួន​បាន​រស់នៅ​ក្រៅ​ឃុំ គេ​មិន​ប្រាកដ​ថា​លោក អៀ ចាន់ណា នឹង​ប្រកាស​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដូច​លោក ហ៊ុន កុសល និង​លោក យឹម ស៊ីណន ឬ​ក៏​អត់​នោះ​ទេ ខណៈ​ផែនការ​នយោបាយ​របស់​បក្ស​កាន់​អំណាច​នៅ​ពេលនេះ ត្រូវ​គេ​សង្កេត​ឃើញ​ថា​កំពុង​កៀរគរ​សកម្មជន និង​មន្ត្រី​បក្ស​ក្រៅ​រដ្ឋាភិបាល​ឱ្យ​ចុះចូល​នឹង​ខ្លួន​ឱ្យ​បាន​កាន់តែ​ច្រើន​នៅ​មុន​ការ​បោះឆ្នោត​ជាតិ​ខាងមុខ​នេះ។

អតីត​អ្នកទោស​នយោបាយ និង​ជា​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២ ឧសភា នេះ​ថា ការ​ស្នើសុំ​ឱ្យ​មាន​ការ​អន្តរាគមន៍​ពី​លោក ហ៊ុន សែន ដើម្បី​ឱ្យ​មាន​ឱកាស​បាន​រស់នៅ​ក្រៅ​ឃុំ​របស់​លោក អៀ ចាន់ណា គ្រាន់តែ​ដើម្បី​សម្រួល​ការ​លំបាក​របស់​គាត់​នៅ​ក្នុង​ពន្ធនាគារ​តែប៉ុណ្ណោះ ប៉ុន្តែ​ក៏​ជា​រូបភាព​មួយ​ផ្តល់​ឱកាស​ចំណេញ​នយោបាយ​ដល់​បក្ស​កាន់​អំណាច​នៅ​មុន​ការ​បោះឆ្នោត​នេះ​ដែរ។

លោក មាជ សុវណ្ណារ៉ា លើកឡើង​ថា ការ​សម្រេច​ចិត្ត​របស់​មនុស្ស​ម្នាក់ គឺជា​សិទ្ធិ​សេរីភាព​ផ្ទាល់ខ្លួន​របស់​គេ ប៉ុន្តែ​បើ​ការ​សម្រេច​ចិត្ត​ណា​មួយ​ដែល​នាំ​ទៅ​ដល់​ការ​ខាតបង់​ប្រយោជន៍​ជាតិ ក៏​មិន​គួរ​ឱ្យ​កើតមាន​ដែរ ព្រោះ​ថា​ប្រយោជន៍​ជាតិ​មិន​គួរ​ត្រូវ​បាន​បំផ្លាញ​ដោយ​ប្រយោជន៍​របស់​បុគ្គល​ផ្ទាល់ខ្លួន​នោះ​ឡើយ។

មន្ត្រី​ជាន់ខ្ពស់​អតីត​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា ដំណើរ​ឆ្ពោះ​ទៅ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​លើក​ស្ទួយ​ការ​គោរព​សិទ្ធិមនុស្ស មិនមែន​ជា​រឿង​ងាយ​នោះ​ទេ ព្រោះ​ថា​ឧបសគ្គ​ដែល​នឹង​កើតឡើង​មាន​ច្រើន​ណាស់ ប៉ុន្តែ​បញ្ហា​ស្ថិត​នៅ​ត្រង់​ថា តើ​អ្នក​ដែល​ប្រកាស​ថា​ខ្លួន​ជា​អ្នក​ស្រឡាញ់​ប្រជាធិបតេយ្យ​នោះ មាន​ជំហរ​រឹងមាំ និង​ស្មោះត្រង់​ចំពោះ​ជាតិ ស្មោះត្រង់​ចំពោះ​ប្រជាជន ស្មោះត្រង់​ចំពោះ​អ្នកគាំទ្រ​របស់​ខ្លួន ឬ​ក៏​អត់​ប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស