38.8 C
Phnom Penh

បុរស​ខ្លាំង​ប្ដេជ្ញា​គាំពារ​សេរីភាព​សារព័ត៌មាន​បន្ទាប់ពី​បញ្ជា​ក្រសួង​ព័ត៌មាន​ឱ្យ​បិទ​វិទ្យុ VOD

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន អះអាង​ថា រដ្ឋាភិបាល​ដឹកនាំ​ដោយ​បក្ស​ប្រជាជន​កម្ពុជា​នៅតែ​ប្ដេជ្ញា​ចិត្ត​គាំពារ​សេរីភាព​សារព័ត៌មាន បន្ទាប់ពី​បាន​បញ្ជា​ទៅ​ក្រសួង​ព័ត៌មាន ឲ្យ​បិទ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ VOD ដែល​ជា​វិទ្យុ​ឯករាជ្យ​ចុងក្រោយ​នៅ​កម្ពុជា​កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០២៣។

ការ​ប្ដេជ្ញា​របស់​បុរស​ខ្លាំង​ក្រាញ​អំណាច​ជិត ៤០​ឆ្នាំ​នៅ​កម្ពុជា ធ្វើឡើង​នា​ឱកាស​អបអរ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​លើក​ទី​៣០ នៅ​ថ្ងៃទី​៣ ឧសភា នេះ ខណៈ​ប្រទេស​លោក​សេរី​បង្ហាញ​ការ​ព្រួយ​បារម្ភ​ចំពោះ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា បន្ទាប់ពី​លោក ហ៊ុន សែន បញ្ជា​ឲ្យ​បិទ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ VOD។

ក្នុង​សារ​លិខិត​អបអរ​ទិវា​សេរីភាព​សារព័ត៌មាន​លើក​ទី​៣០ នេះ លោក ហ៊ុន សែន បាន​អះអាង​ថា រដ្ឋាភិបាល​កម្ពុជា​នៅតែ​បន្ត​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​គាំពារ​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញមតិ សេរីភាព​ខាង​សារព័ត៌មាន ស្រប​តាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

លិខិត​ដដែល​បញ្ជាក់​ថា តាមរយៈ​ការ​ប្ដេជ្ញា​ចិត្ត​នេះ ដែល​បាន​ធ្វើ​ឲ្យ​វិស័យ​សារព័ត៌មាន​នៅ​កម្ពុជា​មាន​ការ​រីកចម្រើន​គួរ​ជា​ទី​មោទនៈ​ដោយ​មធ្យោបាយ​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​កាន់តែ​ទំនើប និង​សម្បូរ​បែប ដែល​អាច​ឲ្យ​ពលរដ្ឋ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​បាន​ទទួល​ព័ត៌មាន​យ៉ាង​ទូលំទូលាយ​ទាន់​ពេលវេលា និង​គ្រប់​ទីកន្លែង។

មួយ​វិញ​ទៀត លោក ហ៊ុន សែន ថា​បច្ចុប្បន្ន​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អង្គភាព​សារព័ត៌មាន ព្រមទាំង​អ្នក​សារព័ត៌មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​កើនឡើង​ដ៏​ច្រើន​លើសលប់​ផង​ដែរ។

ស្រប​ពេល​ដែល​លោក ហ៊ុន សែន ប្រកាស​ប្ដេជ្ញា​ចិត្ត​នេះ តំណាង​ស្ថានទូត​ប្រទេស​លោក​សេរី​បង្ហាញ​ក្ដី​បារម្ភ​ចំពោះ​ស្ថានភាព​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា បើ​ទោះបី​បច្ចុប្បន្ន​កម្ពុជា​មាន​អង្គភាព និង​ស្ថាប័ន​ព័ត៌មាន​ជាង ២​ពាន់ និង​អ្នក​សារព័ត៌មាន​ប្រមាណ ៥០០០​នាក់​ក្ដី។

ករណី​នេះ ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា លោក ហ្សាក់ ប៉ឺឡេ ក៏​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា និង​ភាគី​ពាក់ព័ន្ធ​ផ្សេង​ទៀត ចូលរួម​ធានា​បរិយាកាស​មួយ​ប្រកប​ដោយ​សុវត្ថិភាព​សម្រាប់​អ្នក​សារព័ត៌មាន​នា​ពេល​បច្ចុប្បន្ន និង​អនាគត​ផង​ដែរ។

ចំណែក​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ក៏​បាន​សរសេរ​លើ​ហ្វេសប៊ុក​របស់​ខ្លួន​ក្នុង​ខួប​លើក​ទី​៣០ នៃ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​ថា គោលការណ៍​គ្រឹះ​នៃ​សេរីភាព​ផ្នែក​សារព័ត៌មាន និង​តួនាទី​ដ៏​សំខាន់​របស់​អ្នក​សារព័ត៌មាន​នៅ​ក្នុង​ការ​ជំរុញ​តម្លាភាព គណនេយ្យភាព និង​លទ្ធិប្រជាធិបតេយ្យ។

ការ​បង្ហាញ​ក្ដី​បារម្ភ​ពី​បណ្ដា​ប្រទេស​លោក​សេរី​នេះ ធ្វើឡើង​បន្ទាប់ពី​លោក ហ៊ុន សែន បាន​បន្ត​បង្ក្រាប និង​បិទ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ វីអូឌី ដោយ​ប្រើ​ពេល​មិន​ដល់ ២៤​ម៉ោង កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០២៣ ដោយ​ការ​បិទ​នេះ​មិន​បាន​អនុវត្ត​ទៅ​តាម​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន និង​រដ្ឋធម្មនុញ្ញ​កម្ពុជា​ឡើយ។

ក្រោយពី​បិទ​សារព័ត៌មាន វីអូឌី សហគមន៍​ជាតិ និង​អន្តរជាតិ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស​លោក ហ៊ុន សែន ដោយ​ចាត់ទុក​ការ​បិទ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (VOD) ជា​សារព័ត៌មាន​ឯករាជ្យ​ចុងក្រោយ​គេ ថា​បាន​ប៉ះពាល់​ដល់​សេរីភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ សេរីភាព​សារព័ត៌មាន និង​ដំណើរការ​បោះឆ្នោត​ជាតិ​នៅ​ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ​នេះ។

វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (VOD) ជា​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ដែល​សកម្ម​ក្នុង​ការ​ផ្សព្វផ្សាយ​អំពី​បញ្ហា​រឿង​ដីធ្លី បញ្ហា​បរិស្ថាន សិទ្ធិមនុស្ស សិទ្ធិ​ការងារ និង​បញ្ហា​អយុត្តិធម៌​ដែល​កើតឡើង​ក្នុង​សង្គម​កម្ពុជា​នា​ពេល​បច្ចុប្បន្ន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស