27 C
Phnom Penh

ក្រុម​អ្នក​សង្កេតការណ៍​ជំរុញ​ឱ្យ​មាន​ការ​វាយតម្លៃ​ពី​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​រយៈពេល​៣០​ឆ្នាំ​មក​នេះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា អស់​រយៈពេល ៣០​ឆ្នាំ​ហើយ​ចាប់ពី​រដ្ឋធម្មនុញ្ញ​ត្រូវ​បាន​បង្កើត​ឡើង និង​ដាក់​ឱ្យ​ប្រើប្រាស់​តាំងពី​ឆ្នាំ​១៩៩៣ មក គួរតែ​ធ្វើការ​វាយតម្លៃ​ម្តង​ពី​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល ថា​តើ​រដ្ឋាភិបាល​ដែល​ដឹកនាំ​កន្លងមក​បាន​ធ្វើ​ប្រយោជន៍​អ្វី​ខ្លះ និង​បាន​ច្រើន​ប៉ុនណា​សម្រាប់​ប្រទេស​ជាតិ និង​ប្រជាពលរដ្ឋ​របស់​ខ្លួន។

អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​៣ ឧសភា នេះ​ថា ការ​វាយតម្លៃ​ពី​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​ដែល​បាន​ដឹកនាំ​អស់​រយៈពេល ៣០​ឆ្នាំ​មក​នេះ គឺ​ដើម្បី​ឱ្យ​ដឹង​ថា តើ​រដ្ឋាភិបាល​បាន​ចំណាយ​ធនធាន​ជាតិ ដូចជា​ធនធាន​មនុស្ស ធនធាន​លុយកាក់ និង​ធនធាន​សម្ភារៈ​អស់​ច្រើន​ប៉ុនណា​សម្រាប់​ការ​ដឹកនាំ​របស់​ខ្លួន។

បណ្ឌិត ឡៅ ម៉ុងហៃ លើក​ជា​សំណួរ​ថា៖

  • តើ​រដ្ឋាភិបាល​បាន​បង្កើត​ឱ្យ​មាន​ការងារ​មាន​ប្រយោជន៍​សម្រាប់​ពលរដ្ឋ​គ្រប់​គ្នា​ធ្វើ ៨​ម៉ោង​ក្នុង ១​ថ្ងៃៗ​បាន​ហើយ​ឬ​នៅ?
  • តើ​ការងារ​ដែល​រដ្ឋាភិបាល​បង្កើត​មក​សព្វថ្ងៃ​នេះ មាន​ប្រសិទ្ធភាព​ជួយ​ជីវភាព​រស់នៅ និង​សុខមាលភាព​របស់​ពលរដ្ឋ​បាន​ដល់​កម្រិត​ណា​ដែរ?
  • ក្រៅពី​ការ​បង្កើត​ការងារ​សម្រាប់​ពលរដ្ឋ តើ​រដ្ឋាភិបាល​បាន​ជួយ​ដោះស្រាយ​បញ្ហា​សង្គម​បាន​ដល់​ត្រឹម​កម្រិត​ណា​ហើយ​នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​មាន​បញ្ហា ដូចជា​កម្មករ កសិករ និង​បញ្ហា​ទូទៅ ដូចជា​ការ​រំលោភ​ដីធ្លី ជាដើម​នោះ?

បណ្ឌិត ឡៅ ម៉ុងហៃ សង្កត់​ធ្ងន់​ថា បញ្ហា​ដែល​ធំ​ជាងគេ​សម្រាប់​ការ​វាយតម្លៃ​នេះ គឺ​ដើម្បី​ឱ្យ​ដឹង​ផង​ដែរ​ថា តើ​រដ្ឋាភិបាល​ដែល​បាន​ដឹកនាំ​ប្រទេស​ក្រោម​រដ្ឋធម្មនុញ្ញ​អស់​រយៈពេល ៣០​ឆ្នាំ​មក​នេះ បាន​ថែរក្សា​ភោគទ្រព្យ​ជាតិ និង​បូរណភាព​ទឹកដី​របស់​ខ្លួន​បាន​ពេញលេញ​កម្រិត​ណា​ហើយ​នៅ​ពេលនេះ។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​គេ​មើល​ឃើញ​ថា កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​បក្ស​កាន់​អំណាច​សព្វថ្ងៃ​នេះ កំពុងតែ​បំផ្លាញ​ប្រទេស​កម្ពុជា​គ្រប់​រូបភាព និង​គ្រប់​ទម្រង់​ទាំងអស់។

កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ចាប់តាំងពី​លោក ហ៊ុន សែន ត្រូវ​បាន​វៀតណាម​លើក​បន្តុប​ជា​នាយករដ្ឋមន្ត្រី​ឱ្យ​ដឹកនាំ​ប្រទេស​កម្ពុជា​ជាង ៤០​ឆ្នាំ​មក​នេះ ត្រូវ​គេ​មើល​ឃើញ​ថា កម្ពុជា​ត្រូវ​បាន​ធ្លាក់​ទៅ​ជា​ឧបករណ៍​សម្រាប់​ប្រើប្រាស់ ដើម្បី​បម្រើ​ផលប្រយោជន៍​នយោបាយ និង​អំណាច​របស់​លោក ហ៊ុន សែន តែប៉ុណ្ណោះ។

ជាក់ស្តែង ដើម្បី​ទទួល​បាន​ការ​ជ្រោមជ្រែង​ពី​វៀតណាម ឱ្យ​ខ្លួន​អាច​កាន់​អំណាច​ជា​នាយករដ្ឋមន្ត្រី​ដល់​ពេលនេះ លោក ហ៊ុន សែន បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ខុស​ច្បាប់​កាត់​ទឹកដី​ឱ្យ​វៀតណាម​រាប់​មិន​អស់ ដែល​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​បាត់បង់​នូវ​អធិបតេយ្យ​ជាតិ និង​ឯករាជភាព​របស់​ខ្លួន​ស្ទើរតែ​ទាំងស្រុង​ទៅ​ហើយ​នៅ​ពេលនេះ។

ក្រៅពី​ចុះហត្ថលេខា​កាត់​ទឹកដី​ឱ្យ​បរទេស​ឈ្លានពាន​ដើម្បី​អំណាច លោក ហ៊ុន សែន បាន​បើក​ដៃ​ឱ្យ​ពួក​ឧកញ៉ា​ដែល​រកស៊ី​ខុស​ច្បាប់​ប្រមូល​លុយ​ឱ្យ​គ្រួសារ​ហ៊ុន ដោយ​ការ​ប្រព្រឹត្ត​បទល្មើស​គ្រប់​បែប​យ៉ាង​តាមរយៈ​នៃ​ការ​បង្កើត​មុខរបរ​ខុស​ច្បាប់​នានា ដូចជា​ការ​ប្រព្រឹត្ត​អំពើ​ជួញដូរ​មនុស្ស ការ​លាង​លុយ​កខ្វក់ និង​ការ​កាប់​បំផ្លាញ​ព្រៃឈើ ព្រមទាំង​លក់​ដី​រដ្ឋ​ក្នុង​តំបន់​អភិរក្ស​ឱ្យ​ក្រុម​ឯកជន ដើម្បី​ប្រមូល​លុយ​ធ្វើជា​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​ថែម​ទៀត។

រយៈពេល ៣០​ឆ្នាំ​បន្ទាប់ពី​កម្ពុជា​មាន​រដ្ឋធម្មនុញ្ញ លោក ហ៊ុន សែន បាន​រំលោភ​ច្បាប់​កំពូល​មួយ​នេះ​ជា​បន្តបន្ទាប់ និង​បាន​កែប្រែ​ខ្លឹមសារ​នៃ​ច្បាប់​នេះ ដែល​ជា​ច្បាប់​មួយ​ធានា​នូវ​ផលប្រយោជន៍​ជាតិ និង​ផល​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ រួម​ទាំង​សិទ្ធិ​នានា​ផង​នោះ ទៅ​ជា​ច្បាប់​មួយ​ដែល​បម្រើ​ផល​ប្រយោជន៍ និង​ការពារ​អំណាច​ឱ្យ​មេដឹកនាំ​ដែល​រំលោភ​សិទ្ធិមនុស្ស និង​ជាន់ឈ្លី​លទ្ធិប្រជាធិបតេយ្យ​ទៅវិញ។

កាន់តែ​ធ្ងន់​ទៀត​នោះ នៅ​ពេល​ដែល​មាន​ការ​តវ៉ា​ពី​ប្រជាពលរដ្ឋ លោក ហ៊ុន សែន តែងតែ​បញ្ជា​ឱ្យ​អាជ្ញាធរ​ក្រោម​បង្គាប់​របស់​ខ្លួន​ចាប់​ពលរដ្ឋ​ស្លូតត្រង់​ដាក់​គុក ដោយ​ចោទប្រកាន់​ពី​បទ​ផ្សេងៗ​ទៅ​តាម​ច្បាប់​ដែល​រដ្ឋាភិបាល​របស់​គាត់​បាន​បង្កើត​ឡើង ដើម្បី​គាបសង្កត់ និង​បំបិទ​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​រហូត​មក។

ជុំវិញ​បញ្ហា​នេះ កាលពី​ថ្ងៃទី​២៦ ខែ​មករា ឆ្នាំ​២០២៣ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី បាន​លើកឡើង​ថា ប្រទេស​កម្ពុជា​បាន​ក្លាយ​ទៅ​ជា​ឋានសួគ៌​ដ៏​សុខសាន្ត​សម្រាប់​ក្រុម​ចោរ និង​ឧក្រិដ្ឋជន​គ្រប់​ប្រភេទ​ដែល​មក​រស់នៅ​ក្រោម​ការ​ការពារ​ពី​រដ្ឋអំណាច​ពុករលួយ ដែល​កំពុង​ដឹកនាំ​ដោយ​លោក ហ៊ុន សែន ដែល​ពួកគេ​អាច​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ខុស​ច្បាប់​តាម​អំពើ​ចិត្ត​គ្រប់​បែប​យ៉ាង​បច្ចុប្បន្ន​នេះ។

លោក សម រង្ស៊ី លើកឡើង​ថា រយៈពេល ៣៨​ឆ្នាំ​ដែល​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ធ្វើ​ជា​នាយករដ្ឋមន្ត្រី បាន​បន្សល់​ទុក​នូវ​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​សម្រាប់​ប្រទេស​កម្ពុជា ក្នុង​នោះ​វិស័យ​សេដ្ឋកិច្ច​ជំពាក់​បំណុល​បរទេស​វ័ណ្ឌក វិស័យ​សង្គម​ពោរពេញ​អំពើ​ជួញដូរ​មនុស្ស និង​ការ​លាង​លុយ​កខ្វក់ ជាដើម ខណៈ​របប​នយោបាយ គឺ​ដឹកនាំ​តាម​របប ហ្វាស៊ីស ថែម​ទៀត។

ទាក់ទិន​នឹង​បញ្ហា​នេះ អង្គការ​គម្រោង​យុត្តិធម៌​ពិភពលោក បាន​បន្ត​ដាក់​កម្ពុជា​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ទាប​ដដែល ឲ្យ​ឈរ​ក្នុង​លេខ​រៀង​ទី​១៣៩ ក្នុង​ចំណោម ១៤០​ប្រទេស​ដែល​មាន​នីតិរដ្ឋ​ទាប​បំផុត​កាលពី​អំឡុង​ខែ​តុលា ឆ្នាំ​២០២២ កន្លងទៅ ដោយសារតែ​គេ​រក​ឃើញ​ថា ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​កម្ពុជា​គ្មាន​តម្លាភាព មាន​ការ​គំរាមកំហែង​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ និង​ការ​មិន​ធានា​បាន​នូវ​ប្រព័ន្ធ​យុត្តិធម៌​របស់​ខ្លួន ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស