34 C
Phnom Penh

សង្គម​ស៊ីវិល​ទទូច​ទៅ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍​ទៅ​ភាគី​ថៃ​ដោះលែង​ពលករ​ខ្មែរ​ឱ្យ​មាន​សេរីភាព​វិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​សង្គម​ស៊ីវិល​ធ្វើការ​លើក​កម្ពស់​សិទ្ធិ​ពលករ អំពាវនាវ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ជួយ​អន្តរាគមន៍ និង​ស្វែងរក​ដំណោះស្រាយ​ជាមួយ​ភាគី​ថៃ ដើម្បី​ដោះលែង​ពលករ​ខ្មែរ​ដែល​កំពុង​ជាប់​ឃុំឃាំង​នៅ​ប្រទេស​ថៃ ឲ្យ​មាន​សេរីភាព​ឡើងវិញ។

ក្នុង​សេចក្តី​ថ្លែងការណ៍​ស្ដីពី​ការ​ចាប់​ខ្លួន​ពលករ​កម្ពុជា​ពី​សំណាក់​អាជ្ញាធរ​ថៃ ចេញ​ផ្សាយ​នៅ​ថ្ងៃទី​០៣ ខែ​ឧសភា ឆ្នាំ​២០២៣ មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) ឲ្យ​ដឹង​ថា ពលករ​ខ្មែរ​ជាង ៨០០​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​អំឡុង​ពេល​ដែល​ពួកគេ​ធ្វើ​ដំណើរ​វិលត្រឡប់​ទៅ​បំពេញ​ការងារ​នៅ​ប្រទេស​ថៃ វិញ បន្ទាប់ពី​បុណ្យ​ចូលឆ្នាំ​រួច។

ប្រភព​ដដែល​ថា ពលករ​ខ្មែរ​ភាគច្រើន​ដែល​ត្រូវ​បាន​អាជ្ញាធរ​ថៃ ចាប់​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​ដោយ​ទទួល​រង​ការ​ធ្វើ​ទារុណកម្ម និង​ដាក់​ខ្នោះ ជាដើម។ ការ​ចាប់​ខ្លួន​នេះ ដោយសារ​ពួកគេ​ពុំ​មាន​ឯកសារ​គ្រប់គ្រាន់ ឬ​ក៏​ផុត​សុពលភាព ឬ​ក៏​ការ​ធ្វើ​ដំណើរ​មិន​ត្រឹមត្រូវ​តាម​នីតិវិធី និង​មិន​មាន​លទ្ធភាព​ក្នុង​ការ​បង់​ប្រាក់​តាម​ច្រក​ព្រំដែន​ផ្លូវការ។

លើស​ពី​នេះ ពលករ​ខ្មែរ​ជាច្រើន​ត្រូវ​បាន​អាជ្ញាធរ​ថៃ ឃុំ​ខ្លួន​នៅ​ក្នុង​អគារ​ដែល​មាន​លក្ខណៈ​តូច​ចង្អៀត។ ករណី​នេះ មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅ​ដល់​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលករ​ចំណាកស្រុក​ប៉ុណ្ណោះ​ទេ វា​ក៏​ជះឥទ្ធិពល​អវិជ្ជមាន​មក​លើ​សេដ្ឋកិច្ច និង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ក្រុម​គ្រួសារ​ពួកគេ​ផង​ដែរ ដោយសារ​ពួកគេ​មិន​មាន​ប្រាក់ចំណូល​កើនឡើង។ ផ្ទុយទៅវិញ កាន់តែ​ជំពាក់​បំណុល​បន្ថែម ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​មក​លើ​ផ្នែក​សុខភាព​ផ្លូវចិត្ត ជាដើម។

អង្គការ​សង់ត្រាល់ អំពាវនាវ​ដល់​រដ្ឋាភិបាល ពិសេស​អាជ្ញាធរ​មាន​សមត្ថកិច្ច ជួយ​អន្តរាគមន៍ និង​ស្វែងរក​ដំណោះស្រាយ​ជាមួយ​ភាគី​ថៃ ដើម្បី​ដោះលែង​ពលករ​ខ្មែរ​ដែល​កំពុង​ជាប់​ឃុំ​ឲ្យ​មាន​សេរីភាព​ឡើងវិញ។

ការ​ទាមទារ​បែប​នេះ ដោយ​អង្គការ​សង់ត្រាល់​ថា​ដើម្បី​ការពារ​សិទ្ធិ​របស់​ពួកគេ​ឲ្យ​មាន​សុខ​សុវត្ថិភាព​ទាំង​ពេល​ធ្វើ​ដំណើរ អំឡុង​ពេល​ស្នាក់នៅ និង​ធ្វើការ​នៅ​ប្រទេស​គោលដៅ ស្រប​តាម​រដ្ឋធម្មនុញ្ញ​កម្ពុជា មាត្រា​៣២ ដែល​បាន​ធានា​នូវ​សិទ្ធិ​រស់​រាន​មាន​ជីវិត​ប្រកប​ដោយ​សេចក្តី​ថ្លៃថ្នូរ ស្មើ​មុខ​ស្មើ​មាត់​គ្នា​ក្នុង​សង្គម។

មួយ​វិញ​ទៀត ពលករ​ចំណាកស្រុក​កម្ពុជា​ក៏​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​នៅ​ក្នុង​ដំណើរការ​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​នៃ​ប្រទេស​ជាតិ តាមរយៈ​ប្រាក់​បញ្ញើ​ត្រឡប់​មក​មាតុប្រទេស​ប្រមាណ​ជាង ២​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។

ប្រភព​ដដែល​អះអាង​ថា លើស​ពី​នេះ​ទៀត ពួកគេ​ក៏​បាន​អភិវឌ្ឍ​ជំនាញ​ការងារ​ស្ទើរ​គ្រប់​វិស័យ​ដែល​ជា​ធនធាន​មនុស្ស​ដ៏​មាន​សក្ដានុពល​សំខាន់​អាច​ប្រើប្រាស់​ដើម្បី​ចូលរួម​ចំណែក​អភិវឌ្ឍ​ប្រទេស​ជាតិ​ទាំងមូល ប៉ុន្តែ​ជានិច្ចកាល បញ្ហា​ប្រឈម​របស់​ពលករ​កម្ពុជា​មិនទាន់​ត្រូវ​បាន​ដោះស្រាយ​ឲ្យ​មាន​ប្រសិទ្ធភាព​នៅឡើយ។

បើ​តាម​អង្គការ​សង់ត្រាល់ អះអាង​ថា ក្នុង​រយៈពេល ៤​ខែ ចាប់ពី​ខែ​មករា ដល់​ខែ​មេសា ឆ្នាំ​២០២៣ ករណី​នៃ​ការ​ឃាត់​ខ្លួន​ពលករ​កម្ពុជា​ដែល​ឆ្លងដែន​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ មាន​ការ​កើនឡើង​ចំនួន ២៥​ករណី ក្នុង​នោះ​មាន​ជនរងគ្រោះ​ចំនួន ១២៩៧​នាក់ ដែល​ជាង ៧០០​នាក់​ជា​ស្រី និង​ជាង ៦០​នាក់​ជា​កុមារ។

ករណី​នេះ មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​សម្របសម្រួល​ក្នុង​ការ​ផ្តល់​ភាព​ស្រប​ច្បាប់​ដល់​ពលករ​កម្ពុជា ដែល​បាន​បាត់បង់​ភាព​ស្រប​ច្បាប់ ឬ​អ្នក​មិនទាន់​មាន​ឯកសារ​ស្រប​ច្បាប់ ដើម្បី​ឲ្យ​ពួកគេ​ទទួល​បាន​ការ​ការពារ ការ​គាំពារ និង​ធានា​នូវ​អត្ថប្រយោជន៍​ពេញលេញ​ស្រប​តាម​ច្បាប់ និង​គោលការណ៍​សិទ្ធិមនុស្ស​ជា​សកល។

បើ​តាម​របាយការណ៍​ក្រសួង​ការងារ​កម្ពុជា ឲ្យ​ដឹង​ថា គិត​ត្រឹម​ឆ្នាំ​២០២២ ពលករ​ខ្មែរ​ដែល​កំពុង​ស្នាក់នៅ និង​ធ្វើការ​នៅ​ក្រៅ​ប្រទេស​មាន​ជាង ១​លាន ៣​សែន​នាក់ ក្នុង​នោះ​ប្រទេស​ថៃ មាន​ចំនួន​ជាង ១​លាន ២​សែន​នាក់។

របាយការណ៍​ដែល​ក្រសួង​ការងារ​បង្ហាញ​នេះ ធ្វើឡើង​ហាក់​ផ្ទុយ​ពី​របាយការណ៍​របស់​អង្គការ​សង់ត្រាល់ (Central) ដែល​រក​ឃើញ​ថា ពលករ​ខ្មែរ​ដែល​កំពុង​រស់នៅ និង​ធ្វើការ​ក្នុង​ប្រទេស​ថៃ ទាំង​ស្រប​ច្បាប់ និង​មិន​ស្រប​ច្បាប់​មាន​ជាង ២​លាន​នាក់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស