38.8 C
Phnom Penh

លោក ហ៊ុន ម៉ាណែត អួត​ពី​ឪពុក​ថា​បាន​នាំ​កិត្តិយស​ជូន​ជាតិ​ដ៏​ធំធេង​ក្នុង​ការ​រៀបចំ​កីឡា​ស៊ីហ្គេម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កូនប្រុស​ច្បង​របស់​មេដឹកនាំ​ខ្មែរ​ដែល​កំពុង​ត្រៀម​ស្នង​មរតក​អំណាច​ដ៏​ចម្រូងចម្រាស លោក ហ៊ុន ម៉ាណែត អួត​ពី​ឪពុក​របស់​ខ្លួន​ថា​ជា​អគ្គមគ្គុទ្ទេសក៍​ដ៏​ឆ្នើម ប៉ិនប្រសប់ និង​ឈ្លាសវៃ​ក្នុង​ការ​រៀបចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​ព្រឹត្តិការណ៍​កីឡា​អាស៊ី​អាគ្នេយ៍​លើក​ទី​៣២ នៅ​ពេលនេះ ដែល​បាន​នាំ​កិត្តិយស និង​ជា​មោទកភាព​ដ៏​ធំធេង​មួយ​សម្រាប់​ប្រទេស​កម្ពុជា។

លោក ហ៊ុន ម៉ាណែត លើកឡើង​ក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា​ក្នុង​វត្ត​បទុមវង្សា នៅ​ក្នុង​ខេត្ត​កណ្តាល កាលពី​ថ្ងៃទី​៣ ខែ​ឧសភា ឆ្នាំ​២០២៣ នេះ​ថា លោក ហ៊ុន សែន ពិត​ជា​មេដឹកនាំ​ទទួល​ខុសត្រូវ​ខ្ពស់​លើ​ជោគវាសនា​ជាតិ និង​ប្រជាជន ដោយ​បាន​ធ្វើ​ឱ្យ​កម្ពុជា​មាន​សុខ​សន្តិភាព​ពេញលេញ ស្ថិរភាព​សង្គម និង​ការ​អភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ។

កូនប្រុស​មេដឹកនាំ​ក្រាញ​អំណាច​ត​វង្ស​ត្រកូល​រូប​នេះ​លើកឡើង​ថា លោក ហ៊ុន សែន បាន​កែប្រែ​កម្ពុជា​ពី​ប្រទេស​ដែល​ញាំញី​ដោយ​សង្គ្រាម ការ​បែកបាក់ និង​ភាព​ភ័យខ្លាច មក​ជា​ទឹកដី​កោះ​សុខ​សន្តិភាព ស្ថិរភាព និង​ភាព​សប្បាយ​រីករាយ​រួបរួម​គ្នា ហើយ​បើក​ចំហ​បេះដូង និង​ទឹកចិត្ត​យ៉ាង​ទូលំទូលាយ ដើម្បី​ទទួល​ស្វាគមន៍​បណ្តា​មិត្តភ័ក្ដិ​អន្តរជាតិ​មកពី​គ្រប់​ទិសទី ជាពិសេស​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់​ផ្ទះ​នៅ​ពេលនេះ។

ទោះជា​យ៉ាងណា​ក៏ដោយ អ្នកវិភាគ​ឯករាជ្យ និង​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ថ្ងៃទី​២ ឧសភា ថា ការ​រៀបចំ​ព្រឹត្តិការណ៍​ស៊ីហ្គេម​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់​ផ្ទះ​នៅ​ពេលនេះ លោក ហ៊ុន សែន បាន​ធ្វើ​ឱ្យ​បាត់បង់​ប្រយោជន៍​ជាតិ​យ៉ាង​ធំធេង​ដើម្បី​តែ​មុខមាត់​របស់​គាត់ ក្នុង​ចេតនា​ឱ្យ​គេ​សរសើរ​ថា កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​គាត់ គឺ​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​មួយ​នេះ​ដោយ​មិន​ត្រូវការ​លុយ​ពី​ការ​បង់​សម្រាប់​ការ​ចូលរួម​របស់​កីឡាករ​បរទេស​ទាំងនោះ។

លោក គឹម សុខ លើកឡើង​ថា គោលដៅ​ធំ​នៃ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ីហ្គេម​ដែល​ប្រទេស​នីមួយៗ​ចង់​ឱ្យ​មាន​លើ​ទឹកដី​របស់​ពួកគេ មិនមែន​ត្រឹមតែ​មោទកភាព​ជាតិ​របស់​គេ​ទេ ប៉ុន្តែ​ក៏​ដើម្បី​ទទួល​បាន​ចំណូល​រាប់​លាន​ដុល្លារ​ចូល​ទៅ​ក្នុង​ប្រទេស​របស់​គេ​ដែរ ដើម្បី​ឱ្យ​ពលរដ្ឋ​របស់​គេ​អាច​ទទួល​បាន​ចំណូល​កាន់តែ​ច្រើន​ក្នុង​ឱកាស​នៃ​ការ​បើក​ឱ្យ​មាន​ព្រឹត្តិការណ៍​នេះ ខណៈ​ប្រទេស​ទាំងនោះ​មិនមែន​ជា​ប្រទេស​ក្រីក្រ និង​ជា​ប្រទេស​ដែល​ជំពាក់​បំណុល​បរទេស​វ័ណ្ឌក​ដូច​កម្ពុជា​នោះ​ដែរ។

អ្នកវិភាគ​ឯករាជ្យ​រូប​នេះ​បញ្ជាក់​ថា លោក ហ៊ុន សែន ជា​មេដឹកនាំ​ប្រទេស​ក្រីក្រ ប៉ុន្តែ​ធ្វើ​ឫក​គ្រាន់បើ​ជាង​ប្រទេស​អ្នក​មាន ខណៈ​ការ​អភិវឌ្ឍ​នានា​តែង​រត់​ខ្ចី​លុយ​ពី​បរទេស​រហូត​ក្លាយ​ខ្លួន​ជា​កូនបំណុល​វ័ណ្ឌក ហើយ​លុយ​ដែល​បាន​ចំណាយ​លើ​ស៊ីហ្គេម​ដើម្បី​មុខមាត់​របស់​គាត់​នៅ​ពេលនេះ គឺ​សុទ្ធសឹងតែ​ជា​លុយ​ដែល​ពលរដ្ឋ​បង់​ពន្ធ​ដើម្បី​សង​បំណុល​បរទេស​ប៉ុណ្ណោះ ដូច្នេះ​សម្រាប់​កម្ពុជា និង​ពលរដ្ឋ​ខ្មែរ​មាន​តែ​ខាតបង់​ប៉ុណ្ណោះ​សម្រាប់​ព្រឹត្តិការណ៍​មួយ​នេះ។

ចំណែក​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត មាស នី លើកឡើង​ថា លោក​មិន​អាច​វាយតម្លៃ​ពី​ការ​សម្រេច​ចិត្ត​របស់​លោក ហ៊ុន សែន មិន​ព្រម​ទទួល​យក​លុយ​ដែល​កីឡាករ​បរទេស​ត្រូវ​បង់​សម្រាប់​ការ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​នេះ​ទេ ប៉ុន្តែ​លោក​គ្រាន់តែ​ដឹង​ថា សម្រាប់​កីឡាករ​បរទេស​ទាំងនោះ​គេ​មាន​លុយ​គ្រប់គ្រាន់​សម្រាប់​ការ​ចូលរួម​ប្រកួត​យក​មេដាយ​ជូន​ជាតិ​របស់​គេ ទាំង​ការ​ស្នាក់នៅ ការ​ហូបចុក និង​ការ​ធ្វើ​ដំណើរ ជាដើម ប្រសិនបើ​កម្ពុជា​តម្រូវ​ឱ្យ​ពួកគេ​បង់​លុយ​ដូច​ច្បាប់​ស៊ីហ្គេម​បាន​កំណត់​ក្នុង​មួយ​ថ្ងៃ​ម្នាក់​ត្រូវ​បង់ ៥០​ដុល្លារ​នោះ។

ព្រឹត្តិការណ៍​ស៊ីហ្គេម​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់​ផ្ទះ​នៅ​ឆ្នាំ​២០២៣ នេះ​មាន​ការ​ចូលរួម​ពី​ប្រតិភូ​កីឡា​អាស៊ាន​ដល់​ទៅ​ជាង ១​ម៉ឺន​នាក់ ហើយ​បើ​គិត​ចំនួន​ទឹកប្រាក់​ដែល​កម្ពុជា​ត្រូវ​ចំណាយ គឺ​ប្រមាណ​ជាង ៧​លាន​ដុល្លារ​សម្រាប់​ការ​ស្នាក់ ការ​ធ្វើ​ដំណើរ និង​អាហារ​ហូបចុក​រយៈពេល ១៣​ថ្ងៃ​របស់​កីឡាករ​បរទេស​ទាំងនោះ នេះ​គេ​មិនទាន់​គិត​ពី​វត្តមាន​មុន​ពិធី​ផ្លូវការ​របស់​ក្រុម​កីឡាករ​កីឡាការិនី​បាល់ទាត់​ដែល​ត្រូវ​ប្រកួត​មុន​ថ្ងៃ​បើក​ព្រឹត្តិការណ៍​ស៊ីហ្គេម​ជា​ផ្លូវការ​នៅឡើយ​ទេ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​២៥ ខែ​មេសា ឆ្នាំ​២០២៣ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បាន​ប្រកាស​ថា កម្ពុជា​នឹង​មិន​យក​លុយ​ពី​ការ​ចូលរួម​ប្រកួត​ស៊ីហ្គេម​លើក​ទី​៣២ នៅ​កម្ពុជា​នោះ​ទេ បើ​ទោះបីជា​តាម​គោលការណ៍ ប្រតិភូ​កីឡា​ស៊ីហ្គេម​តម្រូវ​ឲ្យ​កីឡាករ​ដែល​ចូលរួម​ក្នុង​ម្នាក់ៗ​ត្រូវ​បង់​លុយ ៥០​ដុល្លារ​ក្នុង ១​ថ្ងៃ​សម្រាប់​អាហារ និង​ការ​ស្នាក់នៅ​ក៏ដោយ។

លោក ហ៊ុន សែន អះអាង​ថា រដ្ឋាភិបាល​កម្ពុជា​នឹង​បន្ថែម​ទឹកប្រាក់​ប្រមាណ ៧​លាន​ដុល្លារ​បន្ថែម​ទៀត​ដើម្បី​សម្រួល​ដល់​ការ​មិន​យក​ថ្លៃ​លើ​ការ​ហូបចុក ការ​ស្នាក់នៅ និង​ការ​ធ្វើ​ដំណើរ​របស់​ប្រតិភូ​កីឡា​ដែល​បាន​មក​ចូលរួម​ព្រឹត្តិការណ៍​ស៊ីហ្គេម​ខាងមុខ​នេះ។

លោក ហ៊ុន សែន បញ្ជាក់​ថា ដោយសារតែ​ការ​មិន​យក​លុយ​ពី​កីឡាករ​បរទេស​ទាំងនោះ ពី​ដើម​ឡើយ​កម្ពុជា​គ្រោង​ចំណាយ​រៀបចំ​ស៊ីហ្គេម និង​អាស៊ាន​ប៉ារ៉ាហ្គេម​ឆ្នាំ​២០២៣ មាន​ចំនួន​ទឹកប្រាក់​ត្រឹមតែ ១២៤​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ ដូច្នេះ​បើ​បន្ថែម ៧​លាន​ដុល្លារ​ទៀត គឺ​កើន​ដល់ ១៣១​លាន​ដុល្លារ​ហើយ​នៅ​ពេលនេះ​សម្រាប់​ការ​ចំណាយ​សរុប​ក្នុង​ព្រឹត្តិការណ៍​នេះ។

ការ​ប្រកួត​កីឡា​ស៊ីហ្គេម​លើក​ទី​៣២ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​៥ ដល់​ថ្ងៃទី​១៧ ខែ​ឧសភា ឆ្នាំ​២០២៣ ខណៈ​អាស៊ាន​ប៉ារ៉ាហ្គេម នឹង​ចាប់ផ្តើម​ពី​ថ្ងៃទី​៣ ដល់​ថ្ងៃទី​៩ ខែ​មិថុនា ឆ្នាំ​២០២៣ ខាងមុខ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស