28 C
Phnom Penh

គណៈសង្ឃ​នាយក​ប្រកាស​ឈប់​ទទួលស្គាល់​ព្រះ​ភិក្ខុ ប៊ុត ប៊ុនតិញ ថា​ជា​អ្នក​បួស​ស្រប​ច្បាប់​ទៀត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈសង្ឃ​នាយក​កម្ពុជា ប្រកាស​ឈប់​ទទួលស្គាល់​ព្រះ​ភិក្ខុ ប៊ុត ប៊ុនតិញ ថា​ជា​អ្នក​បួស​ស្រប​ច្បាប់​តាម​ព្រះពុទ្ធសាសនា​ចាប់ពី​ពេលនេះ​តទៅ ដោយ​ចាត់ទុក​ព្រះអង្គ​ជា​បុគ្គល​ក្រៅ​សហគមន៍​សង្ឃ​ខ្មែរ​មួយ​រូប បន្ទាប់ពី​ប្រមាថ​មាក់ងាយ​លើ​គោរមងារ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន កាលពី​ពេល​ថ្មីៗ​នេះ។

គណៈសង្ឃ​នាយក​កម្ពុជា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​កាលពី​ថ្ងៃទី​៣ ខែ​ឧសភា ឆ្នាំ​២០២៣ ថា គណៈសង្ឃ​នាយក​បាន​ចាត់ទុក​ព្រះ​ភិក្ខុ ប៊ុត ប៊ុនតិញ ថា​មិនមែន​ជា​អ្នក​បួស​ស្រប​តាម​ច្បាប់​ព្រះពុទ្ធសាសនា​ពិតប្រាកដ​ទេ ប៉ុន្តែ​គ្រាន់តែ​ជា​បុគ្គល​អសីលធម៌ អគុណធម៌ គ្មាន​វិន័យ បុគ្គល​ទ្រុស្តសីល បុគ្គល​មិន​គួរ​ឱ្យ​គោរព​បូជា និង​ជា​បុគ្គល​ក្លែងបន្លំ​ក្នុង​សាសនា ដើម្បី​ស្វែងរក​ប្រយោជន៍​ផ្ទាល់ខ្លួន ដោយ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត និង​អនាចារ​ផ្សេងៗ​គ្រប់​រូបភាព​ប៉ុណ្ណោះ។

គណៈសង្ឃ​នាយក​ខាងលើ​លើកឡើង​ថា ការ​បកស្រាយ​របស់​ព្រះ​ភិក្ខុ ប៊ុត ប៊ុនតិញ ជុំវិញ​គោរមងារ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​មាន​នាម​ថា «ពុទ្ធមាមកាភិបាល» ដែល​ផ្តល់​ដោយ​អង្គការ​ពុទ្ធសាសនា​ពិភពលោក គ្រាន់តែ​ជា​ការ​មួលបង្កាច់​ដែល​មាន​ចេតនា​ធ្វើ​ឱ្យ​ប៉ះពាល់ និង​បង្ខូច​កិត្តិយស​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន ប៉ុណ្ណោះ។

ប្រភព​ដដែល​បញ្ជាក់​ថា ការ​វែកញែក​ពាក្យ​បាលី មកៈ ដែល​ព្រះ​ភិក្ខុ​អង្គ​នេះ​ប្រែ​ថា​ឆ្កួត គ្រាន់តែ​ជា​ការ​យល់​ខុស​ដោយ​ខ្លួនឯង មាន​ភាព​ល្ងង់ខ្លៅ ខ្វះ​វិចារណញ្ញាណ ខ្វះ​សុភវិនិច្ឆ័យ ខ្វះ​ចំណេះដឹង​ផ្នែក​ភាសា​បាលី និង​ជា​ការ​បកស្រាយ​ខុស​ទាំង​ងងឹត​ងងុល​តែប៉ុណ្ណោះ ព្រោះ​ថា​ពាក្យ​ថា មកៈ ប្រែ​ថា​អ្នក​ស្រឡាញ់ ឬ​អ្នក​ជឿ​ស៊ប់ មិនមែន​ប្រែ​ថា ឆ្កួត ដូច​ការ​លើកឡើង​របស់​ព្រះ​ភិក្ខុ ប៊ុត ប៊ុនតិញ នោះ​ឡើយ ដូច្នេះ​គោរមងារ​ដែល​មាន​នាម​ថា ពុទ្ធមាមកាភិបាល មាន​ន័យ​ថា​ជា​អ្នក​រក្សា​ដ៏​ក្រៃលែង​នូវ​អ្នក​ស្រឡាញ់​រាប់អាន​ព្រះពុទ្ធសាសនា។

កាលពី​ថ្ងៃទី​២ ខែ​ឧសភា ឆ្នាំ​២០២៣ ព្រះ​ភិក្ខុ ប៊ុត ប៊ុនតិញ បាន​បកស្រាយ​ក្នុង​កិច្ចពិភាក្សា​មួយ​របស់​វិទ្យុ​អាស៊ីសេរី ថា ក្នុង​ព្រះពុទ្ធសាសនា​គេ​មិន​ដែល​ផ្តល់​គោរមងារ​ខុសពី​ការពិត​នោះ​ទេ ប៉ុន្តែ​គេ​ច្រើន​ប្រើ​ពាក្យ​ថា ពុទ្ធសាសនូបត្ថម្ភ ដែល​មាន​ន័យ​ថា អ្នក​ឧបត្ថម្ភ​ដល់​ព្រះពុទ្ធសាសនា ខណៈ​ក្នុង​គម្ពីរ​ក៏​មិន​ដែល​ចែង​ថា ព្រះពុទ្ធ​បាន​ផ្តល់​គោរមងារ​ដល់​ស្តេច​អង្គ​ណា ឬ​មេដឹកនាំ​រូប​ណា​ថា​ជា​អ្នក​ថែរក្សា​ព្រះពុទ្ធសាសនា​នោះ​ដែរ។

ព្រះ​ភិក្ខុ ប៊ុត ប៊ុនតិញ លើកឡើង​ថា ពាក្យ​ថា ពុទ្ធមាមកាភិបាល មិនមែន​ជា​ពាក្យ​ត្រឹមត្រូវ​នោះ​ទេ ព្រោះ​ពាក្យ​នេះ​មិន​មាន​ក្នុង​វចនានុក្រម​ព្រះពុទ្ធសាសនា​ឡើយ ប៉ុន្តែ​ពាក្យ​ថា មកៈ គឺ​ប្រែ​ថា​ឆ្កួត​ប៉ុណ្ណោះ ដូច្នេះ​លោក ហ៊ុន សែន គឺជា​មនុស្ស​ខុស​គេ​ដែល​ទទួលយក​គោរមងារ​ឆ្កួត​តែ​ម្នាក់ឯង​ក្នុង​មួយ​ពិភពលោក។

ព្រះ​ភិក្ខុ​អង្គ​នេះ​បញ្ជាក់​ថា គោរមងារ​ដែល​ផ្តល់​ដោយ​អង្គការ​ពុទ្ធសាសនា​ពិភពលោក​ដែល​ថា លោក ហ៊ុន សែន ជា​អ្នក​ថែរក្សា​ព្រះពុទ្ធសាសនា​នោះ គឺ​ខុសពី​ការពិត​ទាំងស្រុង ព្រោះ​ពុទ្ធវចនៈ​បាន​ចែង​ថា អ្នក​ដែល​ថែរក្សា​ព្រះពុទ្ធសាសនា​ឱ្យ​ឋិតឋេរ​ទៅ​មុខ​បាន លុះត្រាតែ​ពុទ្ធបរិស័ទ​គោរព​បដិបត្តិ​ធម៌ និង​វិន័យ​ឱ្យ​បាន​ត្រឹមត្រូវ​ប៉ុណ្ណោះ ដូច្នេះ​ពុទ្ធវចនៈ​នេះ​មិន​បាន​សំដៅ​ដល់​អ្នក​ដឹកនាំ​ណា​ម្នាក់​ថា​ជា​អ្នក​ត្រូវតែ​ថែរក្សា​ព្រះពុទ្ធសាសនា​នោះ​ទេ ប៉ុន្តែ​សំដៅ​ដល់​ធម៌ និង​វិន័យ​របស់​ពុទ្ធសាសនា​នៅ​ឋិតឋេរ​ប៉ុណ្ណោះ។

កាលពី​ថ្ងៃទី​២ ខែ​ឧសភា ឆ្នាំ​២០២៣ លោក ហ៊ុន សែន បាន​ទទួល​គោរមងារ​កិត្តិយស​ថា​ជា «ពុទ្ធមាមកាភិបាល» និង​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ផ្នែក «មនុស្ស​សាស្ត្រ និង​សាមគ្គីភាព» ពី​អង្គការ​ពុទ្ធសាសនិក​ពិភពលោក និង​សាកលវិទ្យាល័យ​ជាតិ ណេហ្គរី ប៉ាដាង នៃ​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី។

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​លើកឡើង​ក្នុង​ពិធី​ទទួល​គោរមងារ​នេះ​ថា ការ​ផ្តល់​គោរមងារ និង​សញ្ញាបត្រ​កិត្តិយស​នា​ពេលនេះ គឺជា​កិត្តិយស​ដ៏​ឧត្តុង្គឧត្តម​សម្រាប់​លោក និង​ប្រជាជន​កម្ពុជា​ទាំងអស់ និង​បាន​បង្ហាញ​អំពី​ទំនាក់ទំនង​ដែល​មិន​អាច​កាត់ថ្លៃ​បាន​រវាង​ព្រះពុទ្ធសាសនា សន្តិភាព និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​សុខដុមរមនា​នៃ​មនុស្ស​ជាតិ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស