29 C
Phnom Penh

អ្នក​ឃ្លាំមើល៖ កិច្ចការ​នយោបាយ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​មិនមែន​ជា​មុខ​ជំនួញ​សម្រាប់​អ្នក​នយោបាយ​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​ឃ្លាំមើល​សង្គម និង​នយោបាយ លើកឡើង​ថា ក្នុង​នាម​ជា​អ្នក​នយោបាយ​ត្រូវតែ​ដាក់​ចិត្ត​ដាក់​កាយ​ធ្វើ​នយោបាយ​ដើម្បី​បម្រើ​ពលរដ្ឋ និង​ជួយ​សង្គម​ជាតិ​ឲ្យ​រីកចម្រើន មិនមែន​ធ្វើ​នយោបាយ​ដើម្បី​តែ​ផលប្រយោជន៍​គ្រួសារ និង​បក្ខពួក​ខ្លួនឯង​នោះ​ទេ។

មន្ត្រី​ជាន់ខ្ពស់​សង្គម​ស៊ីវិល​ទទួល​បន្ទុក​កិច្ចការ​សិទ្ធិមនុស្ស លោក ស៊ឹង សែនករុណ សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​១០ ឧសភា ថា អ្នក​ធ្វើ​នយោបាយ​គ្រាន់តែ​ជា​អ្នក​ស្ម័គ្រចិត្ត​យក​ចំណេះ​ជំនាញ​របស់​ខ្លួន​ទៅ​បម្រើ​ពលរដ្ឋ និង​សង្គម​ជាតិ​ប៉ុណ្ណោះ ប៉ុន្តែ​បើ​ការ​អនុវត្ត​ផ្ទុយ​ពី​នេះ នោះ​មាន​ន័យ​ថា​ពួកគេ​មិនមែន​ជា​អ្នក​នយោបាយ​ក្នុង​សង្គម​ប្រជាធិបតេយ្យ ដើម្បី​ដឹកនាំ​រក​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​នោះ​ទេ។

លោក ស៊ឹង សែនករុណា លើកឡើង​ថា ប្រសិនបើ​ពួកគេ​ជា​អ្នក​នយោបាយ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​ពិតប្រាកដ ពួកគេ​ត្រូវតែ​គោរព​តាម​ឆន្ទៈ​របស់​ពលរដ្ឋ និង​ធ្វើ​អ្វីៗ​ដើម្បី​ពលរដ្ឋ ហើយ​ប្រសិនបើ​ពលរដ្ឋ​មិន​ពេញចិត្ត​តាមរយៈ​នៃ​ការ​ទាមទារ តវ៉ា​រិះគន់ ពួកគេ​ត្រូវតែ​ចេះ​ទទួល​យក​កំហុស និង​ហ៊ាន​លាឈប់​ពី​តំណែង​ភ្លាមៗ មិន​រក​លេស​ដោះសា ឬ​គេចវេះ​នូវ​ការ​ទទួល​ខុសត្រូវ​របស់​ខ្លួន​នោះ​ឡើយ។

អ្នកវិភាគ​នយោបាយ សង្គម និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ ធ្លាប់​បាន​លើកឡើង​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា កំហុស​ដ៏​ធំ​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន គឺ​លក់​ជាតិ​ខ្មែរ​ដើម្បី​អំណាច និង​ប្រយោជន៍​គ្រួសារ បក្ខពួក ដែល​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ក្លាយ​ទៅ​ជា​ប្រទេស​ក្រីក្រ​រង​នូវ​ការ​បំផ្លិចបំផ្លាញ ហិនហោច រលាយ​រលត់​ទ្រព្យសម្បត្តិ​ជាតិ​គ្រប់​ទីកន្លែង។

លោក គឹម សុខ អះអាង​ថា ដើម្បី​អំណាច និង​ប្រយោជន៍​ផ្ទាល់ខ្លួន លោក ហ៊ុន សែន ព្យាយាម​យ៉ាង​ខ្លាំង​ដើម្បី​ទាញ​កម្ពុជា​ឱ្យ​ឃ្លាត​ឆ្ងាយ​បន្តិច​ម្តងៗ​ពី​ការ​ដឹកនាំ​តាម​បែប​ប្រជាធិបតេយ្យ ដោយ​ការ​បំបិទ​សិទ្ធិ​បញ្ចេញមតិ បំបិទ​សិទ្ធិ​នយោបាយ និង​សិទ្ធិ​សេរីភាព​សារព័ត៌មាន ជាដើម តាមរយៈ​នៃ​ការ​ចោទ​ប្តឹង​ដែល​មិន​សម​ហេតុផល​គ្រប់​រូបភាព រហូត​ឈាន​ដល់​ការ​ចាប់​ឃុំ​ខ្លួន​អ្នក​តវ៉ា​ទាំង​អយុត្តិធម៌​ថែម​ទៀត ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​រស់នៅ​ក្នុង​ភាព​ភ័យខ្លាច​គ្រប់ៗ​គ្នា។

ទាក់ទិន​នឹង​បញ្ហា​នេះ អតីត​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី បាន​លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​ចាប់​យក​ប្រទេស​កម្ពុជា​ទាំងមូល​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ដាច់មុខ​សម្រាប់​គ្រួសារ​របស់​គាត់​រួច​ទៅ​ហើយ ដែល​មាន​ន័យ​ថា អំណាច​ផ្ដាច់ការ​ដោយ​ការ​ប្លន់​អំណាច​ប្រជារាស្ត្រ និង​បំផ្លិចបំផ្លាញ​ជាតិ​នេះ នឹង​បន្ត​ជា​រៀង​រហូត​តាមរយៈ​ផែនការ​របស់​លោក ហ៊ុន សែន ដែល​ចង់​ឲ្យ​កូន និង​ចៅ​របស់​គាត់​គ្រប់គ្រង​ប្រទេស​កម្ពុជា​បន្ត​ពី​ខ្លួន​ទៅ​ថ្ងៃ​មុខ​បន្ត​ទៀត។

ទាក់ទិន​នឹង​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ជាង ៤០​ឆ្នាំ​មក​នេះ អង្គការ Freedom House បាន​ចេញ​របាយការណ៍​របស់​ខ្លួន​កាលពី​ឆ្នាំ​២០២២ ថា ប្រព័ន្ធ​នយោបាយ​របស់​ប្រទេស​កម្ពុជា​ត្រូវ​បាន​លោក ហ៊ុន សែន គ្រប់គ្រង​ផ្ដាច់មុខ​ទាំងស្រុង ក្នុង​នោះ​គណបក្ស​ប្រឆាំង បណ្ដាញ​សារព័ត៌មាន​ឯករាជ្យ អ្នក​តវ៉ា​ទាមទារ​សិទ្ធិ​សេរីភាព និង​ពលរដ្ឋ​ខ្មែរ​រស់នៅ​ក្នុង​ភាព​ភ័យខ្លាច​គ្រប់​ទីកន្លែង។

ចំណែក​អង្គការ​គម្រោង​យុត្តិធម៌​ពិភពលោក បាន​ដាក់​ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​លេខ​រៀង​ទី​១៣៩ ក្នុង​ចំណោម ១៤០​ប្រទេស​ដែល​មាន​នីតិរដ្ឋ​ទាប​បំផុត​កាលពី​អំឡុង​ខែ​តុលា ឆ្នាំ​២០២២ កន្លងទៅ ដោយសារតែ​គេ​រក​ឃើញ​ថា ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​កម្ពុជា​គ្មាន​តម្លាភាព មាន​ការ​គំរាមកំហែង​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ និង​ការ​មិន​ធានា​បាន​នូវ​ប្រព័ន្ធ​យុត្តិធម៌​របស់​ខ្លួន ជាដើម។

យ៉ាងណាក៏ដោយ ការ​ដឹកនាំ​របស់​មេដឹកនាំ​ខ្មែរ លោក ហ៊ុន សែន សព្វថ្ងៃ​នេះ ត្រូវ​គេ​មើល​ឃើញ​ថា មាន​តែ​ធ្វើ​ឱ្យ​បែកបាក់​សាមគ្គី​ផ្ទៃក្នុង​ជាតិ និង​បង្កើត​ភាព​សម្អប់​កាន់តែ​ខ្លាំង​ពី​បណ្តា​ប្រទេស​ជា​មិត្ត​កាន់តែ​ខ្លាំង​ឡើងៗ​ប៉ុណ្ណោះ។ ជាង​នេះ​ទៀត ការ​ដឹកនាំ​ដោយ​រំលោភ​ច្បាប់ រំលោភ​ព្រះមហាក្សត្រ រំលោភ​សិទ្ធិ​ពលរដ្ឋ និង​ជាន់ឈ្លី​លទ្ធិប្រជាធិបតេយ្យ​របស់​មេដឹកនាំ​ខ្មែរ​រូប​នេះ គឺ​មាន​តែ​បំផ្លាញ​ជាតិ​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ មិនមែន​ជា​ការ​ជួយ​ជាតិ​នោះ​ឡើយ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស