28 C
Phnom Penh

សហគមន៍​អឺរ៉ុប​ជំទាស់​ដាច់អហង្ការ​ចំពោះ គ.ជ.ប ដែល​ដកហូត​សិទ្ធិ​ចូលរួម​បោះឆ្នោត​របស់​បក្ស​ភ្លើង​ទៀន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហគមន៍​អឺរ៉ុប ប្រកាស​ជំទាស់​ដាច់អហង្ការ​ចំពោះ​សេចក្តី​សម្រេច​ដែល​គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត បាន​ដកហូត​សិទ្ធិ​ចូលរួម​ការ​បោះឆ្នោត​របស់​គណបក្ស​ភ្លើង​ទៀន ស្រប​ពេល​ដែល​គណបក្ស​នេះ​បាន​កំណត់​ពេល​ប្តឹង​ទៅ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ត្រឹម​ថ្ងៃទី​២០ ខែ​ឧសភា។

សហគមន៍​អឺរ៉ុប បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​១៥ ខែ​ឧសភា ថា ការ​បដិសេធ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ក្នុង​ការ​ចុះឈ្មោះ​គណបក្ស​ភ្លើង​ទៀន គឺជា​សញ្ញា​ដ៏​គួរ​ឱ្យ​ព្រួយបារម្ភ​មួយ​ទៀត​នៃ​ការ​ឲ្យ​លំហ​សេរីភាព​សម្រាប់​គណបក្ស​នយោបាយ​រួម​តូច​ចង្អៀត ដើម្បី​ប្រកួត​ប្រជែង​នៅ​ក្នុង​ការ​បោះឆ្នោត​សកល​នា​ពេល​ខាងមុខ​នេះ។

សហភាព​អឺរ៉ុប​បញ្ជាក់​ថា ការ​បោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​ទាមទារ​ឱ្យ​មាន​ការ​ប្រកួត​ប្រជែង​នយោបាយ​ដោយ​បើក​ចំហ និង​គួរ​ឱ្យ​ទុកចិត្ត​បាន ហើយ​ពលរដ្ឋ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ជ្រើសរើស​អ្នក​តំណាង​របស់​ពួកគេ​ដោយ​សេរី និង​យុត្តិធម៌​ផង​ដែរ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​គណបក្ស​ភ្លើង​ទៀន​ត្រូវ​បាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​សម្រេច​ដក​ឈ្មោះ​ចេញពី​បញ្ជី​មិន​ឱ្យ​ចូលរួម​ការ​បោះឆ្នោត​កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ។

ជុំវិញ​បញ្ហា​នេះ អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក សុន ឆ័យ បាន​លើកឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃទី​១៦ ខែ​ឧសភា ឆ្នាំ​២០២៣ នេះ​ថា គណបក្ស​ភ្លើង​ទៀន​បាន​ដាក់​ឯកសារ​ភ្ជាប់​ជាមួយ​ពាក្យ​សុំ​ចុះបញ្ជី​គណបក្ស​នយោបាយ​ឈរ​ឈ្មោះ​បោះឆ្នោត ដូចជា​លិខិត​ស្ដីពី​ការ​ចុះឈ្មោះ​ក្នុង​បញ្ជី​គណបក្ស​នយោបាយ​របស់​គណបក្ស សម រង្ស៊ី ថត​ចម្លង ដែល​ចេញ​ដោយ​ក្រសួង​មហាផ្ទៃ កាលពី​ថ្ងៃទី​២៣ ខែ​មីនា ឆ្នាំ​១៩៩៨ ទៅ គ.ជ.ប រួច​ហើយ។

ជាង​នេះ​ទៀត គណបក្ស​នេះ​ក៏​បាន​ដាក់​លិខិត​ស្ដីពី​ការ​ប្តូរ​ឈ្មោះ​គណបក្ស សម រង្ស៊ី មក​ជា​គណបក្ស​ភ្លើង​ទៀន ដែល​ចេញ​ដោយ​ក្រសួង​មហាផ្ទៃ កាលពី​ថ្ងៃទី​១ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ដែល​បាន​បញ្ជាក់​នីត្យានុកូលកម្ម ព្រមទាំង​លិខិត​ស្ដីពី​ការ​ចុះបញ្ជី​គណបក្ស​ភ្លើង​ទៀន​ដែល​ក្រសួង​មហាផ្ទៃ​បាន​ទទួលស្គាល់​ថែម​ទៀត ប៉ុន្តែ គ.ជ.ប នៅតែ​មិន​ទទួលស្គាល់​លិខិត​ទាំងនោះ​ដដែល។

លោក សុន ឆ័យ អះអាង​ថា ការ​សម្រេច​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ដោយ​បដិសេធ​ការ​ដាក់​បញ្ជី​បេក្ខជន​តំណាងរាស្ត្រ​របស់​គណបក្ស​ភ្លើង​ទៀន​នេះ គឺជា​ទង្វើ​ដែល​លោក និង​សហការី​ទាំងអស់​ក្នុង​គណបក្ស​ភ្លើង​ទៀន​មិន​អាច​ទទួល​យក​បាន​ជាដាច់ខាត។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើង​ទៀន​រូប​នេះ​បញ្ជាក់​ថា គណបក្ស​ភ្លើង​ទៀន​នឹង​រៀបចំ​ឯកសារ​ប្តឹង​ទៅ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ឱ្យ​បាន​ឆាប់​យ៉ាង​យូរ​ត្រឹម​ថ្ងៃទី​២០ ខែ​ឧសភា ខាងមុខ​នេះ ដើម្បី​ឱ្យ​គណបក្ស​របស់​លោក​អាច​ចូលរួម​ក្នុង​ការ​បោះឆ្នោត​នៅ​ពេល​ខាងមុខ​នេះ​បាន។

កាលពី​ថ្ងៃទី​១៥ ខែ​ឧសភា ឆ្នាំ​២០២៣ គណបក្ស​ភ្លើង​ទៀន​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ថា ការ​សម្រេច​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ដែល​បាន​បដិសេធ​វត្តមាន​របស់​ខ្លួន​ក្នុង​ការ​បោះឆ្នោត​ខាងមុខ​នេះ គឺ​ស្មើ​នឹង​បដិសេធ​លិខិត​គតិយុត្តិ​របស់​ក្រសួង​មហាផ្ទៃ​ដែល​បាន​ទទួល​ស្គាល់​គណបក្ស​ភ្លើង​ទៀន​ជា​គណបក្ស​ស្រប​ច្បាប់​ដូច្នោះ​ដែរ។ ជាង​នេះ​ទៀត វា​ក៏​ជា​ការ​សម្រេច​ដោយ​រំលោភ​បំពាន​ទៅ​លើ​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​យ៉ាង​ធ្ងន់ធ្ងរ​ថែម​ទៀត។

ប្រភព​ដដែល​បញ្ជាក់​ថា ការ​សម្រេច​របស់ គ.ជ.ប បែប​នេះ ក្រៅពី​រំលោភ​លើ​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត គ.ជ.ប ក៏​បាន​អនុវត្ត​ផ្ទុយ​ពី​ការ​បោះឆ្នោត​សកល និង​បោះឆ្នោត​អសកល​កន្លងមក​ផង​ដែរ ដែល គ.ជ.ប បាន​ទទួល​ស្គាល់​គណបក្ស​ភ្លើង​ទៀន​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នា​ពេល​កន្លងមក ជាពិសេស​គឺ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង ស្រុក ដែល​ទើប​បំបែក និង​បង្កើត​ថ្មី​ដែល​បាន​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃទី​៩ ខែ​មេសា ឆ្នាំ​២០២៣ នេះ​ថែម​ទៀត។

ជុំវិញ​បញ្ហា​នេះ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃទី​១៦ ឧសភា នេះ​ថា ការ​បដិសេធ​ការ​ចុះបញ្ជី​គណបក្ស​ភ្លើង​ទៀន បាន​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​ដំណើរការ​បោះឆ្នោត​ដែល​មាន​លក្ខណៈ​សេរី និង​យុត្តិធម៌ និង​ផ្ទុយ​ពី​គោលការណ៍​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​នៅ​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ។

មន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន បាន​សរសេរ​នៅ​លើ​គណនី Instagram របស់​លោក​នៅ​ថ្ងៃទី​១៦ ឧសភា នេះ​ថា មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ជា​ជន​ផ្ដាច់ការ​ដែល​ក្តោប​ក្តាប់​អំណាច​មិន​ស្រប​តាមរយៈ​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នោះ​ទេ ដូចជា ការ​បោះឆ្នោត​ឆ្នាំ​១៩៩៣ ដែល​រៀបចំ​ដោយ​អ៊ុនតាក់ លោក ហ៊ុន សែន បាន​ចាញ់​ឆ្នោត ប៉ុន្តែ​គាត់​ឡាំប៉ា​ដោយ​គំរាម​បង្កើត​តំបន់​អបគមន៍​ដើម្បី​តថ្លៃ​រហូត​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ទី​២ នៅ​ពេល​នោះ។

លោក អ៊ុំ សំអាន លើកឡើង​ថា នៅ​ឆ្នាំ​១៩៩៧ លោក ហ៊ុន សែន ខ្លាច​បរាជ័យ​ក្នុង​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​២ ឆ្នាំ​១៩៩៨ គាត់​បាន​ធ្វើ​រដ្ឋប្រហារ​កម្ទេច​គណបក្ស​ហ៊្វុនស៊ិនប៉ិច។ ដោយឡែក​នៅ​ឆ្នាំ​២០១៣ ដើម្បី​ឈ្នះ​ឆ្នោត​ទៀត លោក ហ៊ុន សែន បាន​បញ្ជា​ឱ្យ​ផ្តាច់​ចរន្ត​អគ្គិសនី​ពេល​កំពុង​រាប់​សន្លឹកឆ្នោត ដែល​ទង្វើ​នេះ​គឺជា​សកម្មភាព​លួច​សន្លឹកឆ្នោត​ទាំងស្រុង។

លោក​បន្ថែម​ថា នៅ​ឆ្នាំ​២០១៧ ព្រោះ​តែ​ខ្លាច​ចាញ់​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ លោក ហ៊ុន សែន បាន​បញ្ជា​ឲ្យ​តុលាការ​កំពូល​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ឱ្យ​ចូលរួម​ការ​បោះឆ្នោត​តែម្តង។

ចំណែក​អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៦ ឧសភា នេះ​ថា គណបក្ស​ភ្លើង​ទៀន​មាន​តែ​ស្នើ​ឱ្យ​ក្រសួង​មហាផ្ទៃ និង គ.ជ.ប ជួប​ពិភាក្សា​គ្នា​តែប៉ុណ្ណោះ ដើម្បី​ឱ្យ​ស្ថាប័ន​ទាំង​ពីរ​សម្រេច​ថា តើ​គណបក្ស​ភ្លើង​ទៀន​ត្រូវ​ធ្វើ​ដូចម្តេច​ដើម្បី​អាច​ចូលរួម​ការ​បោះឆ្នោត​នា​ពេល​ខាងមុខ​នេះ​បាន។

លោក សេក សុជាតិ បញ្ជាក់​ថា បើ​ជំនួប​នេះ​មិន​ជោគជ័យ គណបក្ស​ភ្លើង​ទៀន​គួរតែ​ប្តឹង​ទៅ​ក្រុមប្រឹក្សា​ធម្មនុញ្ញ ដើម្បី​ពិនិត្យ​មើល​ថា ហេតុ​អ្វី គ.ជ.ប មិន​ទទួល​លិខិត​គតិយុត្តិ​របស់​ក្រសួង​មហាផ្ទៃ​ដែល​បាន​ទទួល​ស្គាល់​ភាព​ស្រប​ច្បាប់​របស់​គណបក្ស​ភ្លើង​ទៀន​កន្លងមក ស្រប​ពេល​ដែល​ការ​បោះឆ្នោត​កាលពី​ពេល​កន្លងទៅ គ.ជ.ប បាន​អនុញ្ញាត​ឱ្យ​គណបក្ស​នេះ​ចូលរួម​ការ​បោះឆ្នោត​ដែរ​នោះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស