ស្នងការសហភាពអឺរ៉ុប ដើម្បីកិច្ចការការពារជាតិ និងលម្ហអាកាស ដាក់សំណើថវិកាសម្រាប់គាំទ្រវិស័យសន្តិសុខនៃប្រទេសអ៊ុយក្រែន ក្នុងទំហំជាង ៩០ពាន់លានដុល្លារដើម្បីត្រៀមទុកជាមុន ប្រសិនបើផែនការសន្តិភាពរបស់លោក ដូណាល់ ត្រាំ បរាជ័យ ដែលមិនអាចជួយបញ្ចប់សង្គ្រាមរបស់រុស្ស៊ី នៅអ៊ុយក្រែន។
នេះបើតាមការចុះផ្សាយរបស់ទស្សនាវដី្ត Newsweek ដែលបានស្រង់សំណេររបស់លោក Andrius Kubilius ស្នងការសហភាពអឺរ៉ុបទទួលបន្ទុកវិស័យការពារ និងលម្ហអាកាស ចុះផ្សាយនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ នេះ។
គោលដៅចម្បងនៃកញ្ចប់ជំនួយដ៏មហាសាលនេះ ដើម្បីគាំទ្រអ៊ុយក្រែន ដែលក្នុងនោះមានទាំងការចំណាយទៅលើការទិញ និងផលិតអាវុធជួយប្រទេសអ៊ុយក្រែន។
ផែនការសន្តិភាពរបស់លោក ត្រាំ ជាប្រធានាធិបតីសហរដ្ឋអាមេរិកកំពុងតែធ្លាក់ទឹក ដោយសារតែរុស្ស៊ី មិនព្រមទទួលយកបទឈប់បាញ់គ្នារយៈពេល ៣០ថ្ងៃដែលជាការសាកល្បងចង់ដឹងពីជំហររបស់រុស្ស៊ី និងអ៊ុយក្រែន។
សំណើបទឈប់បាញ់នេះ សម្រាប់អ៊ុយក្រែន បានប្រកាសថាក្រុងគៀវ ទទួលយកបាន ឱ្យតែរុស្ស៊ី គោរពម៉ត់ចត់ កុំបំពានបទឈប់បាញ់ និងគ្មានលក្ខខណ្ឌជាមុនដាក់លើអ៊ុយក្រែន។
ដោយមើលឃើញពីផែនការសន្តិភាពរបស់លោក ត្រាំ កំពុងតែស្ថិតលើវិថីបរាជ័យ សហភាពអឺរ៉ុបមាន ២៧ប្រទេស បូកនឹងប្រទេសអង់គ្លេស បានសច្ចារួមគ្នាពង្រឹងការគាំទ្រអ៊ុយក្រែន ទាំងជំនួយយោធា និងសេដ្ឋកិច្ច។ នេះបើតាមលោក Andrius Kubilius ស្នងការសហភាពអឺរ៉ុបទទួលបន្ទុកវិស័យការពារ និងលម្ហអាកាស។
បើតាមលោក Andrius Kubilius សហភាពអឺរ៉ុបត្រូវបង្កើនជំនួយយោធា និងជំនួយមិនមែនយោធាដល់ទៅពីរដង ជាមួយនឹងការពង្រឹងឧស្សាហកម្មយោធារបស់អ៊ុយក្រែន ដែលអាចមានរោងចក្រផលិតអាវុធដោយខ្លួនឯង។
ជាមួយនឹងការបង្កើនជំនួយយោធាសម្រាប់អ៊ុយក្រែន ដែលត្រូវកើនឡើងដល់ទៅពីរដងសម្រាប់ឆ្នាំ២០២៥ និងឆ្នាំ២០២៦ បាននាំឱ្យអឺរ៉ុបនៅតែជាសហគមន៍ធំជាងគេក្នុងការបញ្ជូនជំនួយយោធាទៅឱ្យអ៊ុយក្រែន ដែលរាប់តាំងពីឆ្នាំ២០២៤ សហភាពអឺរ៉ុបផ្ដល់ជំនួយយោធា និងជំនួយមិនមែនយោធាហក់ឡើងជិត ១៤០ពាន់លានដុល្លារ។ ចំណែកសហរដ្ឋអាមេរិក បញ្ជូនជំនួយសម្រាប់អ៊ុយក្រែន ជាប្រទេសធំទី២ មានទំហំជាង ១៣០ពាន់លានដុល្លារ។ ជំនួយសហរដ្ឋអាមេរិកមានតែក្នុងរដ្ឋការលោក ចូ បៃដិន ប៉ុណ្ណោះ តែក្នុងរដ្ឋការលោក ដូណាល់ ត្រាំ គេពុំឮថាឃើញបន្តជួយនោះទេ លើកលែងចុងក្រោយនេះ លោក ត្រាំ យល់ព្រមលក់សម្ភារៈសឹកទៅឱ្យអ៊ុយក្រែន ក្នុងកញ្ចប់ ៥០លានដុល្លារ។
អឺរ៉ុបបានសច្ចារួមគ្នាថា ត្រូវតែបន្តជួយអ៊ុយក្រែន លុះត្រាសង្គ្រាមរបស់រុស្ស៊ី ត្រូវបានបិទបញ្ចប់។ ក្នុងការសច្ចាជួយអ៊ុយក្រែន អឺរ៉ុបក៏បានសម្រេចបង្កើតរួមគ្នានូវក្រុមចម្រុះសន្តិសុខសុច្ឆន្ទៈសម្រាប់អ៊ុយក្រែន ដែលមាន ៣០ប្រទេសចូលរួម។
ក្រុមចម្រុះនេះ ត្រូវបញ្ជូនទ័ពទៅឲ្យប្រទេសអ៊ុយក្រែន ក្នុងបរិបទអ៊ុយក្រែន និងរុស្ស៊ី ឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម។ តែផែនការនេះ ត្រូវបានក្រុងមូស្គូ ប្រឆាំងដាច់ខាត ដោយចាត់ទុកថាជាកម្លាំងកងទ័ពក្រុមយោធាណាតូ។
ក្រុងមូស្គូ ព្រមានថា ក្រុមចម្រុះនេះ បើបញ្ជូនទ័ពទៅអ៊ុយក្រែន គឺជាសញ្ញាប្រកាសអាសន្នសន្តិសុខដល់អធិបតេយ្យភាពរុស្ស៊ី។ ក្រុងមូស្គូ ចាត់ទុកថាជាសញ្ញាសង្គ្រាមរបស់ណាតូ និងរុស្ស៊ី។
បើទោះជារុស្ស៊ី គំរាមដូចនេះក្ដី តែអឺរ៉ុបដែលមានអង់គ្លេស និងបារាំង ឈានមុខគេ បានប្រកាសថា ក្រុមនេះមិនត្រូវឆ្លងកាត់ការយល់ព្រមពីក្រុងមូស្គូ នោះទេ ព្រោះវាជាកិច្ចព្រមព្រៀងទ្វេភាគីជាមួយអ៊ុយក្រែន។
ស្របពេលដំណើរការឈានឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាពរុស្ស៊ី-អ៊ុយក្រែន ត្រូវជាប់គាំង ឬគេហៅថាកំពុងធ្លាក់ទឹក ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានងាកទៅរកមេដឹកនាំប្រទេសតួកគី គឺប្រធានាធិបតីតួកគី Recep Tayyip Erdogan ឱ្យមកជួយស្រោចស្រង់ផែនការរបស់លោក។
មេដឹកនាំប្រទេសទាំងពីរបានពិភាក្សាគ្នាតាមទូរសព្ទកាលពីថ្ងៃចន្ទ ទី៥ ខែឧសភា ឆ្នាំ២០២៥។ លោក ត្រាំ សរសេរនៅលើបណ្ដាញសង្គម Truth Social របស់លោកថា លោករង់ចាំធ្វើការជាមួយលោកប្រធានាធិបតី Erdogan ដើម្បីបញ្ចប់សង្គ្រាមដ៏សាហាវរវាងរុស្ស៊ី និងអ៊ុយក្រែន។
ការពិត លោក ត្រាំ បរាជ័យទៅហើយ ដែលវាខុសពីការអះអាងរបស់លោកថា ឱ្យតែលោកឈ្នះឆ្នោតជាប្រធានាធិបតីអាមេរិកឡើងវិញ លោកធានាថានឹងបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ត្រឹម ២៤ម៉ោងប៉ុណ្ណោះ។
ក្រោយពីផុត ២៤ម៉ោង លោក ត្រាំ សន្យាថា ១០០ថ្ងៃនឹងត្រូវធ្វើឱ្យចប់ភ្លើងសង្គ្រាម តែនៅពេលនេះ ហួស ១០០ថ្ងៃទៅហើយ។ ឥឡូវនេះ លោក ត្រាំ ប្រកាសថានឹងដកខ្លួនឈប់ដើរតួនាទីជាអ្នកសម្របសម្រួលស្វែងរកសន្តិភាពឲ្យរុស្ស៊ី និងអ៊ុយក្រែន ព្រោះតែភាគីច្បាំងគ្នាទាំងពីរនេះមិនធ្វើឱ្យមានកិច្ចព្រមព្រៀងណាមួយជាក់លាក់។
លោក ត្រាំ បានប្រាប់ទៅក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃសុក្រ ទី១៨ ខែមេសា ថា ទីក្រុងវ៉ាស៊ីនតោន នឹងលែងប្រឹងស្វែងរកដំណោះស្រាយសន្តិភាពក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ទៀតហើយ បើភាគីទាំងពីរមិនព្រមចូលតុចរចា។
យ៉ាងណា រដ្ឋការលោក ត្រាំ បានប្រកាសសុំពេល ១០០ថ្ងៃថែមទៀត ដើម្បីសម្របសម្រួលស្ថានការណ៍ឡើងវិញ ជាមួយនឹងក្ដីសង្ឃឹមថា លោកប្រធានាធិបតីតួកគី Recep Tayyip Erdogan អាចជួយស្រោចស្រង់ផែនការរបស់លោក ត្រាំ បានឡើងវិញ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

