ក្រុមអ្នកឃ្លាំមើលសង្គមលើកឡើងថា គ្មានអ្នកនយោបាយខ្មែរណាម្នាក់មានចរិតពុតត្បុតដណ្តើមស្នាដៃអ្នកដទៃដូចមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន នោះទេ ព្រោះថាលោក ហ៊ុន សែន តែម្នាក់គត់ដែលជាកំពូលអ្នកដណ្តើមស្នាដៃរបស់អ្នកដទៃធ្វើជារបស់ខ្លួនឯង និងសម្រាប់ក្រុមគ្រួសាររបស់គាត់។
អនុប្រធានវេទិកាពលរដ្ឋ លោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៦ ឧសភា នេះថា ការកសាងគណបក្សប្រជាជនកម្ពុជាមិនមែនមានតែលោក ហ៊ុន សែន ម្នាក់ឯងទេ ហើយការកសាងប្រទេសជាតិក៏មិនមែនលោក ហ៊ុន សែន ធ្វើតែម្នាក់ឯងដែរ ប៉ុន្តែស្នាដៃដែលលោក ហ៊ុន សែន កំពុងតែអួតអាងនៅពេលនេះ បែរជាគាត់បំបិទអ្នកដទៃ ដូចជាលោក ជា ស៊ីម លោក ហេង សំរិន និងលោក ស ខេង ទៅវិញ។
លោក ម៉ែន ណាត លើកឡើងថា ចរិតនយោបាយដែលដណ្តើមស្នាដៃពីអ្នកដទៃ លោក ហ៊ុន សែន បានអនុវត្តក្នុងជីវិតនយោបាយរបស់គាត់អស់រយៈពេលជាង ៤០ឆ្នាំមកហើយ ដូចជាការដណ្តើមស្នាដៃពីលោក ប៉ែន សុវណ្ណ លោក ចាន់ ស៊ី ដែលជានាយករដ្ឋមន្ត្រីនៅអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ និងការដណ្តើមស្នាដៃពីមន្ត្រីជាន់ខ្ពស់បក្សកាន់អំណាចខ្លួនឯងរហូតដល់ពេលនេះ ជាដើម។
អនុប្រធានវេទិកាពលរដ្ឋរូបនេះបញ្ជាក់ថា ការដណ្តើមស្នាដៃពីអ្នកដទៃ បានបង្ហាញឱ្យឃើញកាន់តែច្បាស់ថែមទៀតនោះ លោក ហ៊ុន សែន កំពុងតែដណ្តើមស្នាព្រះហស្តរបស់ព្រះមហាក្សត្រខ្មែរបច្ចុប្បន្ន ដោយការរំលោភព្រះរាជតួនាទី និងព្រះរាជកិច្ចរបស់ព្រះអង្គ ព្រមទាំងព្យាយាមកម្ទេចស្នាព្រះហស្តរបស់អតីតព្រះមហាក្សត្រខ្មែរ សម្តេចព្រះនរោត្តម សីហនុ ថែមទៀត។
លោក ហ៊ុន សែន បានលើកឡើងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៅមជ្ឈមណ្ឌលកោះពេជ្រ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ នេះថា លោកគ្មានទម្លាប់ទៅដណ្ដើមស្នាដៃរបស់អ្នកដទៃទេ តែសូមកុំឱ្យតែអ្នកដទៃដណ្តើមស្នាដៃរបស់លោកទៅបានហើយ ព្រោះគ្រប់ដំណាក់កាលតាំងពីការផ្ដួលរំលំខ្មែរក្រហម ស្វែងរកសន្តិភាព និងការធ្វើកំណែទម្រង់នយោបាយ សេដ្ឋកិច្ច គឺសុទ្ធតែលោកបានយកជីវិតទៅប្ដូរទាំងអស់។
មេដឹកនាំដែលក្រាញអំណាចតវង្សត្រកូល លោក ហ៊ុន សែន អះអាងថា ផ្ដើមចេញពីការរំដោះប្រទេសដែលពោរពេញទៅដោយភ្លើងសង្គ្រាមរហូតមានសុខសន្តិភាព និងការអភិវឌ្ឍដូចពេលបច្ចុប្បន្ននេះ លោកសុទ្ធតែបានយកជីវិតរបស់សម្ដេចទៅប្ដូរគ្រប់ពេល ព្រោះក្នុងជីវិតរបស់លោក គឺជាជីវិតពោរពេញទៅដោយការធ្វើកំណែទម្រង់គ្រប់ដំណាក់កាល។
បុរសខ្លាំងក្រាញអំណាចនៅកម្ពុជារូបនេះអះអាងថា គ្រប់ពេលដែលលោកយកជីវិតទៅប្តូរសុទ្ធតែជាដំណាក់កាលសំខាន់ទាំងអស់ ដូចជាការរំដោះប្រទេសក្នុងថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ប្ដូរជាមួយសន្តិភាព។ ជាងនេះទៀត បញ្ហាកំណែទម្រង់ដីធ្លី កំណែទម្រង់សេដ្ឋកិច្ច មិនមែនជាបញ្ហាតូចតាចទេ ហើយក៏មានចរិតយកជីវិតទៅប្ដូរដូចគ្នាដែរ។
យ៉ាងណាក៏ដោយ លោក គឹម សុខ លើកឡើងកាលពីពេលថ្មីៗនេះថា មេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន កំពុងព្យាយាមលុបបំបាត់ស្នាព្រះហស្តរបស់សម្តេចព្រះនរោត្តម សីហនុ ដោយប្រឹងរំលេចពីស្នាដៃខ្លួនឯង ជាពិសេសក្នុងព្រឹត្តិការណ៍នៃការបើកកីឡាស៊ីហ្គេមកាលពីពេលថ្មីៗនេះ លោក ហ៊ុន សែន ព្យាយាមរំលេចតែថ្ងៃ ៧មករា ដែលជាជ័យជម្នះរបស់បក្សកាន់អំណាច និងនយោបាយឈ្នះឈ្នះដែលគាត់ខំឃោសនាប៉ុណ្ណោះ។
លោក គឹម សុខ បញ្ជាក់ថា ផ្ទុយទៅវិញ ស្នាព្រះហស្តសម្តេចព្រះនរោត្តម សីហនុ ដូចជាការទាមទារឯករាជ្យជាតិពីប្រទេសបារាំង ក្នុងឆ្នាំ១៩៥៣ ការដឹកនាំកម្ពុជាឱ្យទទួលបាននូវការបង្រួបបង្រួម និងផ្សះផ្សាជាតិតាមរយៈកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ និងការរៀបចំរបបដឹកនាំប្រទេសសាជាថ្មីដោយប្រកាន់យកលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស ដែលមានក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ជាដើម មិនត្រូវបានលោក ហ៊ុន សែន យកមកផ្សព្វផ្សាយនោះឡើយ។
ទាក់ទិននឹងបញ្ហានេះ អតីតមេដឹកនាំប្រឆាំង លោក សម រង្ស៊ី លើកឡើងកាលពីពេលថ្មីៗនេះថា រយៈពេល ៣៨ឆ្នាំដែលមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីបានបន្សល់ទុកនូវបញ្ហាដ៏ធ្ងន់ធ្ងរសម្រាប់ប្រទេសកម្ពុជា ក្នុងនោះវិស័យសេដ្ឋកិច្ច ជំពាក់បំណុលបរទេសវ័ណ្ឌក វិស័យសង្គមពោរពេញទៅដោយអំពើជួញដូរមនុស្ស និងការលាងលុយកខ្វក់ ជាដើម ខណៈរបបនយោបាយ គឺត្រូវបានដឹកនាំតាមរបប ហ្វាស៊ីស ទាំងស្រុង។
លោក សម រង្ស៊ី បញ្ជាក់ថា ការដឹកនាំដ៏អាក្រក់ដែលលោកបានរៀបរាប់នេះ គឺជាគ្រាប់បែកដែលជាស្នាដៃរបស់លោក ហ៊ុន សែន បន្សល់ទុកឲ្យប្រទេសកម្ពុជា និងពលរដ្ឋខ្មែរទៅថ្ងៃអនាគត៕