35 C
Phnom Penh

លោក ហ៊ុន សែន៖ បើ​ចង់​ឱ្យ​កម្ពុជា​បើក​ស៊ីហ្គេម​ទៀត ពលរដ្ឋ​ត្រូវតែ​ចូលរួម​ការពារ​សន្តិភាព​ជាមួយ​រដ្ឋាភិបាល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ក្នុង​ពិធី​បិទ​បញ្ចប់​ព្រឹត្តិការណ៍​ស៊ីហ្គេម​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​លើក​ទី​៣២ កាលពី​រាត្រី​ថ្ងៃ​ទី​១៧ ឧសភា ថា បើ​ពលរដ្ឋ​ខ្មែរ​ចង់​ឱ្យ​កម្ពុជា​បើក​ព្រឹត្តិការណ៍​បែប​នេះ​បន្ត​ទៀត​នៅ​ឆ្នាំ​២០៤៣ ត្រូវតែ​ចូលរួម​ជាមួយ​រដ្ឋាភិបាល​របស់​លោក ដើម្បី​ការពារ​សន្តិភាព​ព្រោះ​កីឡា​ត្រូវ​រស់​ក្រោម​សន្តិភាព។

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បាន​លើកឡើង​ថា នៅ​ពេលនេះ​ប្រជាជន​កម្ពុជា​ប្រាកដជា​យល់​យ៉ាង​ច្បាស់​នូវ​អត្ថន័យ​នៃ​ពាក្យ​ថា​កីឡា​រស់នៅ​ក្រោម​សន្តិភាព ហើយ​ភាព​ជោគជ័យ​នៃ​ការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​របស់​កម្ពុជា​នៅ​ពេលនេះ គឺជា​ស្មារតី​នៃ​ការ​សាមគ្គីភាព​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​ផង​ដែរ។

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន អំពាវនាវ​ឱ្យ​ពលរដ្ឋ​គ្រប់​និន្នាការ​នយោបាយ គ្រប់​សាសនា​ទាំងអស់​ទទួល​យក​នូវ​ភាព​ជោគជ័យ​នៃ​ព្រឹត្តិការណ៍​ស៊ីហ្គេម​នៅ​ពេលនេះ ក្នុង​នោះ​លោក ហ៊ុន សែន លើក​ជា​សំណួរ​ទៅ​កាន់​ទស្សនិកជន​ដែល​ចូលរួម​ផង​ដែរ​ថា តើ​ភាព​ជោគជ័យ​នេះ គឺជា​សាមគ្គីភាព និង​ជា​មិត្តភាព​ក្នុង​ចំណោម​បណ្តា​ប្រទេស​អាស៊ាន​មែន​ទេ? តើ​ភាព​ជោគជ័យ​នេះ​ជា​សមិទ្ធផល​រួម​របស់​ប្រជាជន​កម្ពុជា​មែន​ឬ​ទេ? ថា​តើ​ប្រជាជន​ទាំងអស់​ចង់​ឱ្យ​មាន​ព្រឹត្តិការណ៍​ស៊ីហ្គេម​បែប​នេះ​នៅ​ឆ្នាំ​២០៤៣ បន្ត​ទៀត​ដែរ​ឬ​ទេ?

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​ការ​បើក​ព្រឹត្តិការណ៍​ស៊ីហ្គេម និង​ការ​បិទ​បញ្ចប់​ព្រឹត្តិការណ៍​នេះ ត្រូវ​បាន​មន្ត្រី​ក្នុង​ជួរ​រាជរដ្ឋាភិបាល​បក្ស​កាន់​អំណាច និង​ពលរដ្ឋ​ជាច្រើន​ទទួលស្គាល់​ថា កម្ពុជា​ពិត​ជា​ទទួល​ជោគជ័យ​យ៉ាង​ខ្លាំង​ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​ជាតិ​លើកដំបូង​របស់​ខ្លួន​នៅ​ពេលនេះ។

ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ចាប់ផ្តើម​ពី​ថ្ងៃទី​៥ ខែ​ឧសភា រហូត​ដល់​ថ្ងៃទី​១៧ ខែ​ឧសភា ឆ្នាំ​២០២៣ នេះ ដែល​ចំណាយ​ទឹកប្រាក់​អស់ ១៣១​លាន​ដុល្លារ​អាមេរិក​ដោយ​រួម​បញ្ចូល​ទាំង​ថ្លៃ​ស្នាក់នៅ អាហារ​ហូបចុក និង​ការ​ធ្វើ​ដំណើរ​របស់​កីឡាករ​បរទេស ដែល​ត្រូវ​ចំណាយ​អស់ ៧​លាន​ដុល្លារ​អាមេរិក​ទៀត​នោះ។

ក្នុង​រយៈពេល​នៃ​ការ​ប្រកួត​ស៊ីហ្គេម​រយៈពេល ១៣​ថ្ងៃ​នេះ កម្ពុជា​បាន​ជ្រើសរើស​កីឡាករ​របស់​ខ្លួន​ឱ្យ​ចូលរួម​ប្រកួត​ចំនួន ១៣១២​នាក់ ខណៈ​មេដាយ​ដែល​កម្ពុជា​ទទួល​បាន​សរុប​មាន​ចំនួន ២៨២​មេដាយ ក្នុង​ចំណោម​ប្រទេស​ចំនួន​១១ ដែល​មាន​ចំនួន ៦០៨​វិញ្ញាសា ក្នុង​នោះ​កម្ពុជា​ទទួល​បាន​មេដាយ​មាស​សរុប ៨១​មេដាយ​លើ​វិញ្ញាសា​ចំនួន​១៩ ដូចជា គុនខ្មែរ ១៤​មេដាយ វិញ្ញាសា​វ៉ូរីណាម ១០​មេដាយ គុន​ល្បុក្កតោ ៩​មេដាយ និង​វិញ្ញាសា​ផ្សេង​ទៀត​ផង​ដែរ ចំណែក​មេដាយ​ប្រាក់​សរុប​ទទួល​បាន​ចំនួន ៧៤​មេដាយ និង​មេដាយ​សំរឹទ្ធ​ទទួល​បាន ១២៦​មេដាយ​ផង​ដែរ ដែល​ធ្វើ​ឱ្យ​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​រៀង​ទី​៤ នៅ​ក្រោម​វៀតណាម ដែល​ជាប់​លេខ​១ ថៃ​លេខ​២ និង​ឥណ្ឌូនេស៊ី​លេខ​៣។

បើ​ទោះបីជា​ប្រទេស​ឥណ្ឌូនេស៊ី ជាប់​ចំណាត់ថ្នាក់​លេខ​៣ ប៉ុន្តែ​មេដាយ​សរុប​ទទួល​ត្រឹមតែ ២៧៦​មេដាយ​ប៉ុណ្ណោះ ខណៈ​កម្ពុជា​ទទួល​បាន​ដល់​ទៅ ២៨២​មេដាយ ហើយ​មូលហេតុ​ដែល​កម្ពុជា​ជាប់​លេខ​ក្រោម​ប្រទេស​ឥណ្ឌូនេស៊ី ដោយសារ​កម្ពុជា​ចាញ់​មេដាយ​មាស​ចំនួន ៦​មេដាយ គឺ​កម្ពុជា​ទទួល​បាន ៨១​មេដាយ ខណៈ​ឥណ្ឌូនេស៊ី​ទទួល​បាន ៨៧​មេដាយ។

មេដាយ​ទាំងនេះ កម្ពុជា​ធ្វើ​តែ ៣៧​វិញ្ញាសា​ប៉ុណ្ណោះ​ក្នុង​ចំណោម​វិញ្ញាសា​ទាំង ៦០៨ ដែល​បាន​ដាក់​ចូល​ក្នុង​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​នេះ។

ទាក់ទិន​នឹង​ព្រឹត្តិការណ៍​ស៊ីហ្គេម​ដែល​កម្ពុជា​រៀបចំ​នៅ​ពេលនេះ ក៏​មាន​ការ​រិះគន់​ពី​អ្នកវិភាគ អ្នក​ឃ្លាំមើល​សង្គម អ្នក​សង្កេតការណ៍​ផង​ដែរ ដោយសារតែ​គេ​មើល​ឃើញ​ថា លោក ហ៊ុន សែន បាន​ប្រើប្រាស់​ព្រឹត្តិការណ៍​កំពូល​របស់​ជាតិ​នេះ​ដើម្បី​កេង​ចំណេញ​នយោបាយ​របស់​បក្ស​កាន់​អំណាច​របស់​គាត់​ផង និង​ដើម្បី​រំលេច​ខ្លួន​ឱ្យ​ខ្ពស់​ជាង​ព្រះមហាក្សត្រ​ផង និង​ធ្វើ​ប្រជាភិថុតិ​ទៅ​ដល់​ពលរដ្ឋ​ខ្មែរ​ផង​ដែរ។

ជុំវិញ​បញ្ហា​នេះ អ្នកវិភាគ​ឯករាជ្យ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ ធ្លាប់​រិះគន់​អំឡុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​នេះ​ថា លោក ហ៊ុន សែន ប្រកាស​ថា​កីឡា​ដើម្បី​ទាំងអស់​គ្នា ប៉ុន្តែ​អ្នក​នយោបាយ​ជាន់ខ្ពស់​លោក កឹម សុខា ដែល​ជា​មេដឹកនាំ​កំពូល​របស់​បក្ស​ប្រឆាំង​កំពុង​រង​នូវ​ការ​ផ្ដន្ទាទោស​ទាំង​អយុត្តិធម៌ មិន​បាន​ចូលរួម​អបអរ​កីឡា​ជាតិ​នេះ​ទេ ដោយសារតែ​ការ​ដឹកនាំ​នយោបាយ មិន​គិត​ពី​ផលប្រយោជន៍​ជាតិ​របស់​លោក ហ៊ុន សែន នេះ​ឯង។

លោក គឹម សុខ លើកឡើង​ថា មិនមែន​តែ​កីឡា​ទេ​ដែល​មិន​បាន​ធ្វើឡើង​ដើម្បី​ទាំងអស់​គ្នា សូម្បី​ប្រជាធិបតេយ្យ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ក៏​លោក ហ៊ុន សែន មិន​អនុវត្ត​មិន​ដើម្បី​ទាំងអស់​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស