35 C
Phnom Penh

លោក ហ៊ុន សែន សន្យា​ថា​នឹង​ឡង់សេ​បទ «មី​ឆុង មី​កំប៉ុង មីឆា» ឱ្យ​កាន់តែ​ល្បី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន សន្យា​ថា​នឹង​ឡង់សេ​បទ «មី​ឆុង មី​កំប៉ុង មីឆា» ដែល​ច្រៀង​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​ដោយ​លោក ព្រាប សុវត្ថិ និង​កញ្ញា តន់ ចាន់សីមា មុន​ពិធី​ប្រកាស​បើក​ព្រឹត្តិការណ៍​ស៊ីហ្គេម​ឱ្យ​កាន់តែ​ល្បី បន្ទាប់ពី​អ្នកវិភាគ​លោក គឹម សុខ រិះគន់​ថា​បទ​នេះ​មិន​គួរ​ច្រៀង​ក្នុង​ព្រឹត្តិការណ៍​កំពូល​របស់​ជាតិ។

លោក ហ៊ុន សែន បាន​អះអាង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​ពេទ្យ​បញ្ចប់​ការ​សិក្សា​ពី​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល នៅ​ថ្ងៃទី​១៨ ខែ​ឧសភា នេះ​ថា បទចម្រៀង​នេះ​គ្រាន់តែ​កំដរ​ឆាក​មុន​ប្រកាស​បើក​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ីហ្គេម​ជា​ផ្លូវការ​ប៉ុណ្ណោះ ដូច្នេះ​មិនមែន​ជា​រឿង​ខុស​ទាស់​អ្វី​នោះ​ទេ។

លោក ហ៊ុន សែន អះអាង​ថា លោក គឹម សុខ រិះគន់​លោក ព្រាប សុវត្ថិ បែប​នេះ​គឺជា​រឿង​ល្អ​សម្រាប់​គាត់​ទៅវិញ​ទេ ព្រោះ​ថា​ការ​រិះគន់​លោក ព្រាប សុវត្ថិ ដែល​ច្រៀង​បទ​នេះ​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​នេះ គឺ​ស្មើ​នឹង​រិះគន់​អ្នកគាំទ្រ​លោក ព្រាប សុវត្ថិ ដូច្នោះ​ដែរ​ដែល​ជា​ការ​បង្កើត​សត្រូវ​កាន់តែ​ច្រើន​សម្រាប់​ខ្លួន។

លោក ហ៊ុន សែន បញ្ជាក់​ថា ក្នុង​ពិធី​នេះ​គេ​មិន​គួរ​យក​បទ​ល្ខោន ឬ​បទ​ភ្លេងការ ដូចជា​បទ​កន្សែង​ក្រហម ជាដើម មក​ច្រៀង​នោះ​ទេ ស្រប​ពេល​ដែល​អ្នក​ចូលរួម​សុទ្ធតែ​យុវវ័យ​រាប់​ម៉ឺន​នាក់​នោះ ហើយ​ការ​ច្រៀង​បទ​នេះ​ក៏​ដើម្បី​កំដរ​អារម្មណ៍​អ្នក​ចូល​ទស្សនា​ព្រឹត្តិការណ៍​ស៊ីហ្គេម​នេះ​ដែរ។ យ៉ាងណា​ក៏ដោយ លោក ហ៊ុន សែន បញ្ជាក់​ថា លោក​មិនទាន់​បាន​ស្តាប់​ខ្លឹមសារ​បទចម្រៀង​នេះ​ឱ្យ​បាន​ចប់​នៅឡើយ​ទេ។

កាលពី​ថ្ងៃទី​៥ ខែ​ឧសភា ឆ្នាំ​២០២៣ ក្នុង​ពិធី​ប្រកាស​បើក​ព្រឹត្តិការណ៍​ស៊ីហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ កម្ពុជា​បាន​ប្រគំ​បទចម្រៀង ៣​បទ ក្រោម​ចំណងជើង​ថា «កម្ពុជា​ស្វាគមន៍» «នេះ​ជា​ពេលវេលា​របស់​យើង» និង​បទ «កម្ពុជា​ជា​ផ្ទះ​របស់​យើង» ក្រៅពី​ចម្រៀង ៣​បទ​នេះ​ក៏​មាន​ការ​ប្រគំ​បទ «មី​ឆុង មី​កំប៉ុង មីឆា» ដែល​ច្រៀង​ដោយ​អ្នក​ចម្រៀង លោក ព្រាប សុវត្ថិ និង​កញ្ញា តន់ ចាន់សីមា មុន​ពិធី​ប្រកាស​បើក​ព្រឹត្តិការណ៍​ស៊ីហ្គេម​នេះ​ផង​ដែរ។

បទ «មី​ឆុង មី​កំប៉ុង មីឆា» ជា​បទចម្រៀង​ដែល​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន កាឡាក់ស៊ី ណាវ៉ាត្រា របស់​អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជា​ប្រភេទ​បទ រាំ​ញាក់​កន្ត្រាក់​អារម្មណ៍ មិនមែន​ជា​បទ​ប្រភេទ​លំនាំ​បែប​ប្រពៃណី​ខ្មែរ​ឡើយ។

កាលពី​ថ្ងៃទី​១៣ ខែ​ឧសភា ឆ្នាំ​២០២៣ ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily ថា បទ​នេះ​បើ​យក​ទៅ​ច្រៀង​រាំ​លេង​តាម​ភូមិ​បាន ប៉ុន្តែ​គេ​មិន​គួរ​ឲ្យ​តម្លៃ​រហូត​យក​ច្រៀង​ក្នុង​ព្រឹត្តិការណ៍​ធំ​របស់​ប្រទេស​ជាតិ​ទេ ព្រោះ​បទ​នេះ​គ្មាន​ខ្លឹមសារ​ផ្សព្វផ្សាយ​វប្បធម៌ ឬ​អរិយធម៌​របស់​ខ្មែរ​ទៅ​កាន់​ពិភពលោក​នោះ​ឡើយ។

លោក គឹម សុខ លើកឡើង​ថា​ការ​ជ្រើសរើស​បទចម្រៀង​មក​ប្រគំ​ក្នុង​ព្រឹត្តិការណ៍​របស់​ជាតិ គឺ​ដើម្បី​បង្ហាញ​ពិភពលោក​ឱ្យ​ស្គាល់​ពី​វប្បធម៌​អរិយធម៌​របស់​ខ្មែរ មិនមែន​គ្រាន់តែ​ដើម្បី​កំដរ​អ្នក​ទស្សនា​នោះ​ទេ ប៉ុន្តែ​ក៏​ត្រូវ​បង្ហាញ​ទៅ​កាន់​ពិភពលោក​នូវ​ភាព​អស្ចារ្យ​របស់​ខ្មែរ​ដែរ ព្រោះ​ព្រឹត្តិការណ៍​ធំៗ​នីមួយៗ​របស់​ជាតិ មិន​ងាយ​មាន​ឱកាស​ផ្សព្វផ្សាយ​បែប​នេះ​ទេ។

ទាក់ទិន​នឹង​បញ្ហា​នេះ វីរសិល្បករ​ខ្មែរ លោក សុះ ម៉ាច ធ្លាប់​បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ថ្ងៃទី​៧ ឧសភា កន្លងទៅ​នេះ​ថា បទចម្រៀង​ដែល​លើក​មក​ប្រគំ​ក្នុង​ព្រឹត្តិការណ៍​នេះ ប្រសិនបើ​មាន​ការ​ស្លៀក​សម្លៀកបំពាក់​ប្រពៃណី​ខ្មែរ គឺ​កាន់តែ​ល្អ ដើម្បី​បង្ហាញ​ពី​អរិយធម៌​ដ៏​យូរលង់​ដែល​ខ្មែរ​មាន ក្នុង​ការ​ទាក់ទាញ​ពិភពលោក​ឱ្យ​ស្គាល់​កាន់តែ​ច្បាស់​នូវ​អរិយធម៌​របស់​ខ្មែរ​ផង​ដែរ។

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា លោក ហ៊ុន សែន គ្មាន​បំណង​ឡង់សេ «បទ​មី​ឆុង មី​កំប៉ុង មីឆា» នេះ​ទេ ប៉ុន្តែ​គាត់​មាន​ចេតនា​អុជអាល​ឱ្យ​មាន​ជម្លោះ​រវាង​ក្រុម​តារាចម្រៀង និង​លោក គឹម សុខ ប៉ុណ្ណោះ ព្រោះ​គាត់​មិន​ពេញចិត្ត​នឹង​លោក គឹម សុខ ដែល​តែង​ប្រឆាំង​នឹង​គាត់ ព្រមទាំង​ជីក​កកាយ​ចេតនា​របស់​គាត់​ដែល​បិទបាំង​ក្នុង​ការ​បើក​ព្រឹត្តិការណ៍​ស៊ីហ្គេម​នៅ​ពេលនេះ​ថែម​ទៀត​នោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស