27 C
Phnom Penh

លោក ហ៊ុន សែន ទុក​ឱកាស​ឱ្យ​លោក ជា ប៉ូច ត្រឹម​ចុង​ខែ​ឧសភា​មុន​នឹង​លោក​ប្តឹង​ទៅ​តុលាការ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន បដិសេធ​មិន​ទទួល​យក​ការ​សុំទោស​របស់​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើង​ទៀន លោក ជា ប៉ូច ទេ ប៉ុន្តែ​ទុក​ឱកាស​ឲ្យ​លោក ជា ប៉ូច ធ្វើការ​សម្រេច​ចិត្ត​ដើម្បី​ខ្លួនឯង និង​ក្រុម​គ្រួសារ​រហូត​ដល់​ថ្ងៃទី​៣០ ខែ​ឧសភា នេះ មុន​នឹង​លោក​សម្រេច​ចិត្ត​ប្តឹង​ទៅ​តុលាការ។

បុរស​ខ្លាំង​កាង​អំណាច​ផ្ដាច់មុខ​នៅ​កម្ពុជា លោក ហ៊ុន សែន បាន​សរសេរ​លើ​ប្រព័ន្ធ​ទំនាក់ទំនង​តេឡេក្រាម​របស់​ខ្លួន​កាលពី​ថ្ងៃទី​២១ ឧសភា នេះ​ថា លោក​បាន​បញ្ជា​ឲ្យ​មេធាវី​របស់​លោក​ត្រៀម​រៀបចំ​ដំណើរការ​តាម​ផ្លូវ​ច្បាប់​រួចរាល់​ហើយ​លើ​ករណី​លោក ជា ប៉ូច និង​គណបក្ស​ភ្លើង​ទៀន ដែល​បាន​ចេញ​លិខិត​បដិសេធ​ឲ្យ​លោក ជា ប៉ូច ចុះហត្ថលេខា​ជុំវិញ​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន Fresh news ចំពោះ​សំឡេង​បែកធ្លាយ​របស់​ខ្លួន​កាលពី​ពេល​កន្លងទៅ​នេះ។

ជាង​នេះ​ទៀត លោក សេង ម៉ារ៉ាឌី និង​គណបក្ស​ភ្លើង​ទៀន ក៏​ត្រូវ​ចេញ​មក​បកស្រាយ​លើ​ករណី​នេះ​ផង​ដែរ ព្រោះ​លិខិត​បដិសេធ​នោះ​ត្រូវ​បាន​ព្រាង​ដោយ​លោក សេង ម៉ារ៉ាឌី ក្នុង​ចេតនា​វាយប្រហារ​លើ​អង្គភាព​សារព័ត៌ Fresh news ដើម្បី​រក្សា​កិត្តិយស​ខ្លួនឯង​ទាំង​បំពាន​ដោយ​មិន​ខ្វល់​ពី​យុត្តិធម៌។

លោក ហ៊ុន សែន ចោទ​ថា អ្វី​ដែល​លោក ជា ប៉ូច បាន​លើកឡើង​អំពី​ការ​ទម្លាក់​រូបលោក គឺជា​វប្បធម៌​សងសឹក​មិន​ចេះ​ចប់​ទាំង​លោក ជា ប៉ូច ខ្លួនឯង​ជា​ក្រុម​របស់​លោក សម រង្ស៊ី ដូច្នេះ​លោក​នឹង​មិន​ទទួល​យក​ការ​សុំទោស​របស់​លោក ជា ប៉ូច ឡើយ។

លោក ហ៊ុន សែន រំលឹក​ថា លោក ជា ប៉ូច គួរតែ​គិត​ខ្លួនឯង​ទៅ​ថា តើ​គួរ​ធ្វើ​បែប​ណា​ដើម្បី​ខ្លួនឯង និង​ក្រុម​គ្រួសារ ឬ​សុខចិត្ត​សែង​ខ្មោច​លោក សម រង្ស៊ី យក​ទៅ​កប់ ដែល​លោក​ចង់​សំដៅ​ថា ឬ​មួយ​លោក ជា ប៉ូច នៅតែ​បន្ត​គាំទ្រ​លោក សម រង្ស៊ី រហូត​ដល់​ថ្ងៃ​ស្លាប់។

លោក ហ៊ុន សែន ព្រមាន​ថា ទាំង​សារ​សំឡេង និង​លិខិត​របស់​លោក ជា ប៉ូច សុទ្ធតែ​បាន​ទទួល​ស្គាល់​នូវ​ពាក្យ​ថា ទម្លាក់ ហ៊ុន សែន ឲ្យ​បាន ដូច្នេះ​លោក​សូម​ផ្តាំ​ទៅ​លោក ជា ប៉ូច វិញ​ថា ពាក្យ​ទម្លាក់​មាន​វិធី​ច្រើន​យ៉ាង តើ​លោក ជា ប៉ូច ចង់​ធ្វើ​តាម​របៀប​បោះឆ្នោត តាម​វិធី​ធ្វើ​រដ្ឋប្រហារ​យោធា ឬ​តាម​ការ​ប្រើប្រាស់​នូវ​បដិវត្តន៍​ពណ៌។

កាលពី​ថ្ងៃទី​១៣ ខែ​ឧសភា ឆ្នាំ​២០២៣ លោក ហ៊ុន សែន បាន​ទម្លាយ​សំឡេង​របស់​លោក ជា ប៉ូច ដែល​លើកឡើង​ក្នុង​កិច្ចប្រជុំ​មួយ​ជាមួយ​សមាជិក​គណបក្ស​ភ្លើង​ទៀន​អំពី​ការ​ប្ដេជ្ញា​ចិត្ត​ទម្លាក់​លោក ហ៊ុន សែន ឲ្យ​បាន ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ថា​នឹង​ត្រូវ​ធ្វើ​តាម​វិធី​ណា​នោះ​ទេ។

បន្ទាប់ពី​បែកធ្លាយ​សំឡេង​នេះ​ភ្លាម លោក ជា ប៉ូច ក៏​បាន​ធ្វើ​ដំណើរ​ចេញ​ទៅ​ប្រទេស​ថៃ ក្រោម​ហេតុផល​ព្យាបាល​ជំងឺ​បេះដូង ប៉ុន្តែ​មួយ​ថ្ងៃ​ក្រោយ​សំឡេង​បែកធ្លាយ គឺ​នៅ​ថ្ងៃទី​១៤ ខែ​ឧសភា លោក ជា ប៉ូច បាន​សរសេរ​លិខិត​មួយ​ច្បាប់​ទៅ​កាន់​លោក ហ៊ុន សែន ដោយ​ប្រកាស​បដិសេធ​ចំពោះ​សារ​សំឡេង​បែកធ្លាយ ដែល​ត្រូវ​បាន​ចុះផ្សាយ​ដោយ​សារព័ត៌មាន Fresh news នោះ​ថា ជា​ឃ្លីប​វីដេអូ​កាត់​ត​តែប៉ុណ្ណោះ។

លោក ជា ប៉ូច អះអាង​ថា សកម្មភាព​នយោបាយ​របស់​លោក​ជាមួយ​គណបក្ស​ប្រឆាំង​នៅ​ប្រទេស​កម្ពុជា​កន្លងមក និង​ទៅ​ថ្ងៃ​មុខ នៅតែ​ង​ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​អហិង្សា និង​សន្តិវិធី ស្រប​តាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ​១៩៩១ និង​រដ្ឋធម្មនុញ្ញ​ជា​ធរមាន ដើម្បី​ប្រជាធិបតេយ្យ សេរីភាព ការ​គោរព​សិទ្ធិមនុស្ស និង​ភាព​សុខដុមរមនា​នៃ​ប្រជាជាតិ​ខ្មែរ​ទាំងមូល។

យ៉ាងណា​ក៏ដោយ នៅ​ថ្ងៃទី​១៥ ខែ​ឧសភា ឆ្នាំ​២០២៣ លោក ជា ប៉ូច បាន​ចេញ​លិខិត​មួយ​ច្បាប់​ទៀត​ដើម្បី​សុំទោស​លោក ហ៊ុន សែន ដោយ​បញ្ជាក់​ថា ពាក្យ​ទម្លាក់​នោះ គឺ​សំដៅ​ដល់​ការ​ការ​បោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ ដែល​ធ្វើ​ឡើង​ជា​រៀងរាល់ ៥​ឆ្នាំ​ម្តង​តែប៉ុណ្ណោះ មិន​មែន​តាម​វិធី​ណា​ផ្សេង​នោះ​ទេ។

ក្នុង​រយៈពេល​ចុងក្រោយ​នេះ ត្រូវ​គេ​សង្កេត​ឃើញ​ថា មន្ត្រី និង​សកម្មជន​គណបក្ស​ភ្លើង​ទៀន​ត្រូវ​រង​នូវ​ការ​ធ្វើ​ទុក្ខបុកម្នេញ​យ៉ាង​ខ្លាំង​ពី​សំណាក់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន មាន​អ្នក​ខ្លះ​ជាប់​បណ្តឹង អ្នក​ខ្លះ​ត្រូវ​រឹបអូស​ផ្ទះ អ្នក​ខ្លះ​ទៀត​ត្រូវ​ចាប់​ខ្លួន ចំណែក​គណបក្ស​ភ្លើង​ទៀន​ត្រូវ​បាន​បដិសេធ​មិន​ឱ្យ​ចូលរួម​ការ​បោះឆ្នោត​ថែម​ទៀត។

ក្រៅពី​រង​នូវ​ការ​ចាប់​ខ្លួន និង​រង​នូវ​ការ​រឹបអូស​ទ្រព្យសម្បត្តិ​ពី​សំណាក់​លោក ហ៊ុន សែន ក៏​មាន​ការ​បង្ខិតបង្ខំ​ឱ្យ​សកម្មជន និង​មន្ត្រី​ជាន់ខ្ពស់​បក្ស​ភ្លើង​ទៀន​ផ្សេង​ទៀត​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ។ ជាក់ស្តែង ដូចជា​សមាជិក​អចិន្ត្រៃយ៍​របស់​គណបក្ស​ភ្លើង​ទៀន លោក កែត ឃី ដែល​បាន​សរសេរ​លិខិត​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា កាលពី​ថ្ងៃទី​២០ ខែ​ឧសភា ថ្មីៗ​នេះ​ក៏​ដោយសារតែ​ការ​គំរាមកំហែង និង​ការ​បង្ខិតបង្ខំ​ដែរ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស