27.5 C
Phnom Penh

លោក ហ៊ុន សែន ថា​គ្មាន​អនុភាព​អាសិរពិស​ណា​អាច​បំបែក​មិត្តភាព​ដែកថែប​កម្ពុជា-ចិន​បាន​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំ​ខ្មែរ​ដែល​មាន​ទំនោរ​ទៅ​រក​មហាអំណាច​កុម្មុយនីស្ត​ចិន លោក ហ៊ុន សែន នៅ​ថ្ងៃទី​២២ ឧសភា នេះ បាន​និយាយ​បែប​បញ្ឆិត​បញ្ឆៀង​បែប​សំដៅ​ទៅ​កាន់​សហរដ្ឋ​អាមេរិក ហើយ​បាន​អួត​ពី​ទំនាក់ទំនង​កម្ពុជា និង​ចិន ថា​គ្មាន​អនុភាព​អាសិរពិស​ណា​អាច​បំបែក​បំបាក់​មិត្តភាព​ដែកថែប​រវាង​កម្ពុជា និង​ចិន​បាន​ទេ បន្ទាប់ពី​លោក​បាន​ខិតខំ​ប្រឹងប្រែង​ចង​មិត្តភាព​ជាមួយ​ចិន កន្លងមក។

មេដឹកនាំ​ខ្មែរ​ក្រាញ​អំណាច​តាម​របៀប​របប​កុម្មុយនីស្ត លោក ហ៊ុន សែន លើកឡើង​ក្នុង​ពិធី​សម្ពោធ​រោងចក្រ​ផលិត​សម្បក​កង់​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុង​ព្រះសីហនុ នៅ​ថ្ងៃទី​២២ ខែ​ឧសភា ឆ្នាំ​២០២៣ នេះ​ថា ចិន​បាន​ជួយ​កម្ពុជា​ច្រើន​ណាស់​ទាំង​ផ្លូវ ទាំង​ស្ពាន ព្រលាន​យន្តហោះ និង​ពហុកីឡដ្ឋាន​ដែល​បាន​ប្រកាស​បើក​ព្រឹត្តិការណ៍​ស៊ីហ្គេម​កាលពី​ពេល​ថ្មីៗ​នេះ ជាដើម ដូច្នេះ​បើ​មិន​ឲ្យ​កម្ពុជា​ទៅ​ពឹង​ចិន តើ​ឲ្យ​កម្ពុជា​ទៅ​ពឹង​ណា។

លោក ហ៊ុន សែន អះអាង​ថា មិត្ត​ចិន​មិន​ដែល​តម្រូវ​ឲ្យ​រដ្ឋាភិបាល​របស់​លោក ឬ​រូបលោក​ក្នុង​នាម​ជា​មេដឹកនាំ​ធ្វើ​នេះ ឬ​ធ្វើ​នោះ​នោះ​ទេ ប៉ុន្តែ​លោក ហ៊ុន សែន លើកឡើង​ដោយ​មិន​ចំ​ឈ្មោះ​ទៅ​កាន់​សហរដ្ឋ​អាមេរិក​ថា ពួកគេ​បាន​អនុវត្ត​ស្តង់ដារ​ពីរ​មក​លើ​ប្រទេស​កម្ពុជា ដោយ​ទាមទារ​ឲ្យ​កម្ពុជា​ធ្វើ​តាម​ខ្លួន ស្រប​ពេល​ដែល​អតីត​នាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា និង​អ្នកស្រី យីងឡាក់ ដែល​ត្រូវ​គេ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ពី​អំណាច ពួកគេ​ក៏​មិន​ដែល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ថៃ ទទួល​អ្នក​ទាំងនោះ​ចូល​ក្នុង​ប្រទេស​វិញ​នោះ​ដែរ។

លោក ហ៊ុន សែន បាន​រិះគន់​សំដៅ​ទៅ​កាន់​សហរដ្ឋ​អាមេរិក​ថា ពួកគេ​ស្រឡាញ់​តែ​មនុស្ស​មួយ​ក្រុម​ប៉ុណ្ណោះ ហើយ​ថែម​ទាំង​រាប់​អាន​ជាមួយ​លោក​ក្នុង​ភាព​មិន​ស្មោះត្រង់​ថែម​ទៀត។ លោក ហ៊ុន សែន បញ្ជាក់​ថា នៅ​ពេល​ដែល​លោក​ចង់​រាប់អាន​គេ​ជា​មិត្ត គឺ​ពិបាក​ណាស់ ស្រប​ពេល​ដែល​ចិន​ជា​ប្រទេស​ធំ​សុំ​លោក​រាប់អាន​ជា​មិត្ត​ទៅ​វិញ ហើយ​ជា​មិត្ត​ដែកថែប​ថែម​ទៀត។

ទោះជា​យ៉ាងណា​ក៏ដោយ អ្នកវិភាគ​ឯករាជ្យ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២២ ឧសភា នេះ​ថា ការ​លើកឡើង​បែប​ច្រឡោងខាម​របស់​លោក ហ៊ុន សែន បែប​នេះ ក៏​បង្ហាញ​ឲ្យ​ឃើញ​ពី​ទំនាក់ទំនង​កាន់តែ​ខ្លាំង​រវាង​រដ្ឋាភិបាល​របស់​គាត់​ជាមួយ​រដ្ឋាភិបាល​ចិន​ដែរ ថា​កម្ពុជា​កំពុង​ទទួល​បាន​ការ​យកចិត្ត​ទុកដាក់​ពី​ចិន​កាន់តែ​ខ្លាំង​នៅ​ពេលនេះ ទាំង​ការ​ជួយ​ជ្រោមជ្រែង​អំណាច និង​ការ​ផ្តល់​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​ទៅ​ថ្ងៃ​មុខ​បន្ត​ទៀត។

លោក គឹម សុខ លើកឡើង​ថា នៅ​ពេល​ដែល​ក្រុម​អ្នក​ប្រជាធិបតេយ្យ​ត្រូវ​បាន​គាបសង្កត់ និង​ធ្វើ​ទុក្ខបុកម្នេញ​ដោយ​អំណាច​របស់​គាត់​សព្វថ្ងៃ​នេះ លោក ហ៊ុន សែន កាន់តែ​ព្រហើន ព្រោះ​នេះ​គឺជា​ចរិត​នៃ​ពួក​មេដឹកនាំ​ដែល​កាន់​អំណាច​ផ្ដាច់ការ ប៉ុន្តែ​លោក ហ៊ុន សែន ភ្លេច​គិត​ថា​នៅ​ពេល​ដែល​អំណាច​របស់​គាត់​បាន​ឡើង​ដល់​កំពូល​ហើយ វា​ក៏​នឹង​ត្រូវ​ធ្លាក់​ចុះ​មកវិញ​ដែរ ដោយសារ​ការ​ទាមទារ​រក​យុត្តិធម៌​ពី​ជនរងគ្រោះ​ក្រោម​អំណាច​គាបសង្កត់​របស់​គាត់​ទាំង​អយុត្តិធម៌​នៅ​ទូទាំង​ប្រទេស​ជាង ៤០​ឆ្នាំ​មក​នេះ។

អ្នកវិភាគ​ឯករាជ្យ​រូប​នេះ​បញ្ជាក់​ថា ដោយសារតែ​លោក ហ៊ុន សែន ប្រើ​អំណាច​តាម​ទំនើងចិត្ត​បែប​នេះ​ហើយ បាន​ជា​សហគមន៍​អន្តរជាតិ​ចេះតែ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​របស់​គាត់​ងាក​ទៅ​រក​ការ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​ការ​អនុវត្ត​ឲ្យ​បាន​តាម​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​កម្ពុជា​រហូត​មក ដើម្បី​ការពារ​ឯករាជភាព​បូរណភាព​ទឹកដី និង​អធិបតេយ្យ​ជាតិ​របស់​កម្ពុជា​ទៅ​ថ្ងៃ​មុខ ព្រោះ​ជោគវាសនា​របស់​ប្រទេស​កម្ពុជា​មិនមែន​ស្ថិត​លើ​ការ​សម្រេច​របស់​លោក ហ៊ុន សែន ស្រេច​តែ​នឹង​ចិត្ត​នោះ​ទេ។

ចំណែក​អតីត​អ្នកទោស​នយោបាយ និង​ជា​មន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២២ ឧសភា នេះ​ដែរ​ថា ការ​ដែល​លោក ហ៊ុន សែន លើក​សរសើរ​ពី​ចិន​មិនមែន​ជា​រឿង​ចម្លែក​នោះ​ទេ ព្រោះ​ចិន​មិន​ខ្វល់​ថា​កម្ពុជា​នឹង​ធ្លាក់​ចុះ ឬ​ឡើង​ខ្ពស់​ទៅ​ជា​បែប​ណា​នោះ​ទេ សំខាន់​ចិន​គ្រាន់តែ​ដឹង​ថា ពួកគេ​អាច​រក​ផល​ប្រយោជន៍​អ្វី​ខ្លះ​បាន​ពី​កម្ពុជា​ប៉ុណ្ណោះ ដូច្នេះ​ចិន​មិន​លូកលាន់​ដាច់ខាត​ទោះ​កម្ពុជា​មាន​ការ​រំលោភ​សិទ្ធិមនុស្ស ឬ​ការ​ធ្វើ​ឲ្យ​ធ្លាក់​ចុះ​នូវ​ការ​ដឹកនាំ​តាម​បែប​ប្រជាធិបតេយ្យ​ក៏ដោយ។

លោក មាជ សុវណ្ណារ៉ា លើកឡើង​ថា ដោយឡែក​ប្រទេស​លោក​សេរី ដូចជា​សហរដ្ឋ​អាមេរិក និង​សហគមន៍​អឺរ៉ុប ជាដើម គេ​ខ្វល់ខ្វាយ​ណាស់​ពី​ការ​ធានា​នូវ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ និង​លទ្ធិប្រជាធិបតេយ្យ​ពី​រដ្ឋាភិបាល​ដែល​កំពុង​ដឹកនាំ​ប្រទេស ដូច្នេះ​ការ​ទាមទារ ឬ​ការ​ជំរុញ​នានា​របស់​ប្រទេស​លោក​សេរី ដោយ​តម្រូវ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​នេះ ឬ​ធ្វើ​នោះ​មិនមែន​ដើម្បី​ផលប្រយោជន៍​របស់​ពួកគេ​ទេ គឺ​ដើម្បី​តែ​ផលប្រយោជន៍​ពលរដ្ឋ​ខ្មែរ និង​មុខមាត់​របស់​រដ្ឋាភិបាល​ខ្លួនឯង​ប៉ុណ្ណោះ។

អតីត​អ្នកទោស​នយោបាយ​រូប​នេះ​បញ្ជាក់​ថា សម្រាប់​កម្ពុជា ទាំង​ចិន និង​អាមេរិក គឺ​ពិត​ជា​សំខាន់​ក្នុង​ការ​តភ្ជាប់​ទំនាក់ទំនង​នយោបាយ​ការទូត​ឲ្យ​ល្អ ប៉ុន្តែ​កម្ពុជា​ក៏​មិន​ត្រូវ​យក​ខ្លួន​ទៅ​ចងភ្ជាប់​នឹង​មហាអំណាច​មួយ​ណា​នោះ​ដែរ ព្រោះ​ការ​ធ្វើ​បែប​នេះ​នឹង​នាំ​ឱ្យ​ខ្លួន​ធ្លាក់​ចូល​ទៅ​ក្នុង​ការ​ប្រកាន់​និន្នាការ​ម្ខាងៗ​ប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស