ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (ASEAN Parliamentarians for Human Rights) ហៅកាត់ថា APHR បានចេញលិខិតចំហមួយទៅកាន់មេដឹកនាំក្រុមប្រទេសមហាអំណាចសេដ្ឋកិច្ចទាំង ៧លើពិភពលោក បង្ហាញពីការព្រួយបារម្ភអំពីស្ថានភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានៅមុនការបោះឆ្នោតជាតិឆ្នាំ២០២៣ ដោយទាមទារឲ្យរដ្ឋាភិបាលឯកបក្សរបស់លោក ហ៊ុន សែន ដោះលែងអ្នកទោសនយោបាយទាំងអស់ដោយឥតលក្ខខណ្ឌ។
ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (APHR) បានសរសេរលិខិតទៅកាន់មេដឹកនាំប្រទេស G7 ដូចជានាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau ប្រធានាធិបតីបារាំង លោក Emmanuel Macron អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz នាយករដ្ឋមន្ត្រីអ៊ីតាលី អ្នកស្រី Giorgio Meloni នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kushida នាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេស លោក Rishi Sunak និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joseph R. Biden ជាដើម កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ នេះ ដោយលើកឡើងថា ស្ថានភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យបានធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះចាប់តាំងពីលោក ហ៊ុន សែន បានប្រើប្រាស់តុលាការរំលាយគណបក្សសង្គ្រោះជាតិកាលពីឆ្នាំ២០១៧ កន្លងទៅ។
ប្រភពដដែលលើកឡើងថា រយៈពេលចុងក្រោយនេះ លោក ហ៊ុន សែន បានគំរាមអ្នកគាំទ្របក្សប្រឆាំងដោយចំហ និងព្រមានប្រើអំពើហិង្សាលើរាងកាយ ខណៈពេលប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ វីអូឌី ដែលនៅសេសសល់ចុងក្រោយ ក៏ត្រូវបានបិទ រួមនឹងការកាត់ទោសលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិឲ្យជាប់ឃុំក្នុងផ្ទះរយៈពេល ២៧ឆ្នាំថែមទៀត។
ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស ជំរុញឲ្យមេដឹកនាំក្រុមប្រទេស G7 ដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជា ដើម្បីឲ្យរដ្ឋាភិបាលឯកបក្សរបស់លោក ហ៊ុន សែន ដោះលែងអ្នកទោសនយោបាយទាំងអស់ដោយឥតលក្ខខណ្ឌ បញ្ឈប់ការបៀតបៀនលើពួកគេ និងធ្វើឲ្យដំណើរការនៃការបោះឆ្នោតនាពេលខាងមុខប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ដែលអនុញ្ញាតឱ្យគណបក្សប្រឆាំងចុះឈ្មោះ និងប្រកួតប្រជែងក្នុងការបោះឆ្នោតនេះដោយគ្មានការរើសអើង។
ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (APHR) បញ្ជាក់ថា បើរដ្ឋាភិបាលរបស់លោក ហ៊ុន សែន នៅតែកម្ទេចបក្សប្រឆាំងទៀតនោះ ក្រុមប្រទេស G7 ត្រូវតែបដិសេធកុំទទួលយកភាពស្របច្បាប់នៃការបោះឆ្នោតនាខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ដោយសារទង្វើនោះគឺកាន់តែបង្ហាញច្បាស់ថាលោក ហ៊ុន សែន មានចេតនាប្រើការបោះឆ្នោតជាឧបករណ៍ដើម្បីអំណាចខ្លួនឯងប៉ុណ្ណោះ។
កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ បណ្ដាញសហគមន៍ខ្មែរនៅក្រៅប្រទេស បានចាប់ផ្តើមធ្វើយុទ្ធនាការស្វែងរកហត្ថលេខាអ្នកគាំទ្រតាមប្រព័ន្ធអនឡាញលើញត្តិរបស់ពួកគេ ដើម្បីទាមទារឲ្យផ្អាកការបោះឆ្នោតជាតិនៅកម្ពុជានាពេលខាងមុខនេះ ក្រោមហេតុផលថា ការបោះឆ្នោតនេះគឺជាការបោះឆ្នោតដែលគ្មានតម្លាភាព សេរី ត្រឹមត្រូវ និងយុត្តិធម៌ ព្រោះជាការបោះឆ្នោតមួយដែលពោរពេញដោយការគាបសង្កត់ពីបក្សកាន់អំណាចរបស់លោក ហ៊ុន សែន។
បណ្ដាញសហគមន៍ខ្មែរដែលមានមូលដ្ឋាននៅបរទេស អំពាវនាវឲ្យសហគមន៍អន្តរជាតិបញ្ជាក់ទៅកាន់របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យបានច្បាស់ថា លទ្ធផលនៃការបោះឆ្នោតនៅចុងខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ គឺគ្មានសុពលភាពឡើយ ហើយត្រូវដាក់ទណ្ឌកម្មផ្នែកពាណិជ្ជកម្មបន្ថែមទៀត ដើម្បីឲ្យរដ្ឋាភិបាលឯកបក្សសព្វថ្ងៃនេះងាកទៅរកការបោះឆ្នោតមួយតាមការណែនាំរបស់អង្គការសហប្រជាជាតិវិញ។
បណ្ដាញសហគមន៍ខ្មែរខាងលើអះអាងថា អង្គការសហប្រជាជាតិបានរកឃើញថា លទ្ធផលនៃការបោះឆ្នោតជាតិនៅខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ នឹងមិនអាចចាត់ទុកថាជាការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ឡើយ ដោយសារតែគេរកឃើញថាដើម្បីឈ្នះការបោះឆ្នោតនេះ រដ្ឋាភិបាលរបស់លោក ហ៊ុន សែន បានបង្កើនការគាបសង្កត់យ៉ាងឃោរឃៅលើគណបក្សនយោបាយ មន្ត្រីបក្សក្រៅរដ្ឋាភិបាល រួមទាំងសកម្មជនសង្គម អង្គការសង្គមស៊ីវិល និងសារព័ត៌មានឯករាជ្យថែមទៀតក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។
ក្រុមអ្នកសង្កេតការណ៍លើកឡើងថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជានៅមុនការបោះឆ្នោតជាតិសព្វថ្ងៃនេះ កំពុងស្ថិតក្នុងស្ថានភាពអាប់អួរយ៉ាងខ្លាំង ដោយសារតែការធ្វើទុក្ខបុកម្នេញពីសំណាក់បក្សកាន់អំណាចរបស់លោក ហ៊ុន សែន លើសកម្មជនសង្គម សារព័ត៌មានឯករាជ្យ បក្សក្រៅរដ្ឋាភិបាល ក្នុងនោះពួកគេបានរងនូវការប្តឹងផ្តល់ ការរឹបអូសទ្រព្យសម្បត្តិ ការចាប់ខ្លួនដូចជាលោក សុន ឆ័យ និងលោក រ៉ុង ឈុន និងការកាត់ទោសឱ្យជាប់គុកទាំងអយុត្តិធម៌ ដូចជាលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ជាដើម។
ក្រៅពីបំបិទសិទ្ធិនយោបាយដល់សកម្មជន និងមន្ត្រីបក្សក្រៅរដ្ឋាភិបាល បក្សកាន់អំណាចបានបោសសម្អាតសារព័ត៌មានឯករាជ្យ ដូចជាអង្គភាពសារព័ត៌មាន វីអូឌី ថែមទៀត ដែលធ្វើឱ្យស្ថានភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានៅពេលនេះកំពុងធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ៕