30 C
Phnom Penh

លោក ហ៊ុន សែន ថា​ការ​មិន​លើកលែង​ទោស​ឱ្យ​លោក កឹម សុខា ដោយសារ​លោក​មិន​ទុកចិត្ត​អន្តរជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំ​ខ្មែរ​ក្រាញ​អំណាច​ជាង ៤០​ឆ្នាំ លោក ហ៊ុន សែន ព្រមាន​សហគមន៍​អន្តរជាតិ​នៅ​ថ្ងៃទី​២៣ ឧសភា នេះ​ថា ការ​ដែល​លោក​មិន​លើកលែង​ទោស​ឱ្យ​លោក កឹម សុខា ដោយសារតែ​រដ្ឋ​បរទេស​ទាំងនោះ​មិន​ទុក​មុខ​ឲ្យ​លោក​កន្លងមក ដែល​តែងតែ​ជួប​លោក​ហើយ ហើយ​នាំគ្នា​ទៅ​ជួប​លោក កឹម សុខា ដែល​ជា​ពិរុទ្ធជន ដែល​ទង្វើ​នេះ​គឺជា​នយោបាយ​ចាប់​ដៃ​ជាន់​ជើង។

នៅ​ក្នុង​ពិធី​សម្ពោធ​អគារ​មន្ទីរពេទ្យ​កាល់ម៉ែត នៅ​ថ្ងៃទី​២៣ ខែ​ឧសភា ឆ្នាំ​២០២៣ នេះ លោក ហ៊ុន សែន អះអាង​ថា ពិរុទ្ធជន​ដែល​តុលាការ​កម្ពុជា​ផ្ដន្ទាទោស​ឱ្យ​ជាប់​គុក ហើយ​ថែម​ទាំង​ជាប់​យូរ​ថែម​ទៅ​ទៀត​នោះ គឺ​ដោយសារ​រដ្ឋ​បរទេស​ទាំងនោះ​ស្រឡាញ់​អ្នក​ជាប់​គុក​ពេក ដូច្នេះ​ការ​ដែល​អ្នក​ទាំងនោះ​ជាប់​គុក​យូរ ក៏​ដោយសារតែ​រដ្ឋ​បរទេស​ទាំងអស់​នោះ​ដែរ។

មេដឹកនាំ​ខ្មែរ​ដែល​ក្រាញ​អំណាច​រូប​នេះ​លើកឡើង​ថា មូលហេតុ​ដែល​លោក​មិន​ទុកចិត្ត​រដ្ឋ​បរទេស​ទាំងនោះ ដោយសារតែ​ពួកគេ​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា និង​មាន​ជំនួប​ជាមួយ​លោក​ហើយ តែ​បែរ​ជា​នាំគ្នា​ទៅ​ជួប​ជាមួយ​ពិរុទ្ធជន​បន្ត​ទៀត​ទៅវិញ ក្នុង​នោះ​លោក ហ៊ុន សែន លើក​ជា​សំណួរ​ថា តើ​ការ​ធ្វើ​ដូច្នេះ​ពួកគេ​ចាត់ទុក​លោក​ជា​ក្មេង​បៀម​ដៃ ឬ​យ៉ាង​ណា?

លោក ហ៊ុន សែន ព្រមាន​ថា ចាប់ពី​ពេលនេះ​តទៅ ឱ្យ​តែ​អ្នក​ណា​ហ៊ាន​អន្តរាគមន៍​ចំពោះ​បុគ្គល​ណា​ដែល​តុលាការ​បាន​សម្រេច​ផ្ដន្ទាទោស បុគ្គល​នោះ​នឹង​ត្រូវ​អនុវត្ត​ទោស​តាម​ច្បាប់​កំណត់​ដោយ​គ្មាន​ការ​លើកលែង​ទោស​នោះ​ជាដាច់ខាត ដើម្បី​កុំ​ឱ្យ​មាន​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​ពី​បរទេស​ខាងក្រៅ​បន្ត​ទៀត។

ការ​ព្រមាន​នេះ ធ្វើឡើង​បន្ទាប់ពី​អង្គទូត​នានា​តែង​ទៅ​ជួប​លោក កឹម សុខា ជា​បន្តបន្ទាប់ បើ​ទោះបីជា​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​រង​នូវ​ការ​ចោទប្រកាន់​ពី​បទ​ក្បត់​ជាតិ​ពី​សំណាក់​រដ្ឋាភិបាល​លោក ហ៊ុន សែន ហើយ​ក៏ដោយ។

អ្នកវិភាគ​ឯករាជ្យ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៣ ឧសភា នេះ​ថា ការ​គំរាមកំហែង​របស់​លោក ហ៊ុន សែន ទៅ​កាន់​អង្គទូត​នានា​នៅ​ថ្ងៃ​នេះ​គ្រាន់តែ​បង្ហាញ​ពី​ចរិត​នយោបាយ​ចេញពី​ព្រៃ​របស់​គាត់ ដែល​មិន​យល់​អ្វី​ទៅ​ដែល​ហៅ​ថា​នយោបាយ​ការទូត​ប៉ុណ្ណោះ។ លោក​បន្ថែម​ថា ដើម្បី​ដោះស្រាយ​បញ្ហា​នៅ​កម្ពុជា​ដែល​កំពុងតែ​ជាប់​គាំង អ្នក​ការទូត​ត្រូវតែ​ជួប​គ្រប់​ភាគី​ជម្លោះ​ទាំងអស់ ដូចជា​លោក កឹម សុខា លោក សម រង្ស៊ី និង​សង្គម​ស៊ីវិល ជាដើម មិនមែន​ជួប​តែ​លោក ហ៊ុន សែន ម្នាក់​នោះ​ទេ។

លោក​បន្ត​ថា ឧទាហរណ៍​ជាក់ស្តែង បើ​ទោះបីជា​ប្រធានាធិបតី​ឥណ្ឌូនេស៊ី ជំទាស់​ទៅ​នឹង​លោក ពូទីន ប្រកាស​សង្គ្រាម​លើ​ទឹកដី​អ៊ុយក្រែន​ក៏ដោយ ក៏​គាត់​ត្រូវតែ​ធ្វើ​ទស្សនកិច្ច​ទៅ​ជួប​ទាំង​ប្រធានាធិបតី​អ៊ុយក្រែន និង​ប្រធានាធិបតី​រុស្ស៊ី ដែរ ដើម្បី​សម្របសម្រួល​រក​ការ​បញ្ចប់​ជម្លោះ ព្រោះ​គាត់​មិន​អាច​ជួប​ភាគី​តែ​ម្ខាង​ជាដាច់ខាត។

លោក គឹម សុខ លើកឡើង​ថា ម្យ៉ាង​វិញ​ទៀត ការ​ដែល​លោក ហ៊ុន សែន ព្រមាន​អង្គទូត​ថា​ជា​នយោបាយ​ចាប់​ដៃ​ជាន់​ជើង​នោះ​ក៏​ជា​ការ​បង្ហាញ​ថា លោក ហ៊ុន សែន មិន​យល់​ពី​ប្រជាធិបតេយ្យ​ដែរ ព្រោះ​ថា​ប្រជាធិបតេយ្យ​មិនមែន​ដើម្បី​នរណា​ម្នាក់​នោះ​ទេ ប៉ុន្តែ​គឺ​ដើម្បី​ទាំងអស់​គ្នា ដូច្នេះ​កាលណា​មាន​ជម្លោះ​នៅ​ក្នុង​ផ្ទៃក្នុង​ជាតិ​ដែល​រដ្ឋធម្មនុញ្ញ​ចែង​ពី​ការ​ប្រកាន់​យក​របប​ប្រជាធិបតេយ្យ​ហើយ​នោះ គឺ​ត្រូវ​បង្កើត​ឲ្យ​មាន​ការ​ជួប​ផ្សះផ្សា សម្របសម្រួល​ពី​គ្រប់​ភាគី​ដែល​ពាក់ព័ន្ធ​ទាំងអស់​ដើម្បី​បញ្ចប់​ជម្លោះ ហើយ​នេះ​ក៏​ជា​ចំណុច​ស្នូល​នៃ​ដំណើរការ​ប្រជាធិបតេយ្យ​ដែរ។

អ្នកវិភាគ​ឯករាជ្យ​រូប​នេះ​បញ្ជាក់​ថា ការ​គំរាម​របស់​លោក ហ៊ុន សែន មិន​ឲ្យ​បរទេស​អន្តរាគមន៍​លើ​អ្នក​ជាប់​ឃុំ​ដែល​រង​នូវ​ការ​ផ្ដន្ទាទោស​ទាំង​អយុត្តិធម៌​នោះ គ្រាន់តែ​ជា​វិធី​ការពារ​ខ្លួន​ដែល​កំពុង​ជាប់​ផុង​ក្នុង​ល្បិច​នយោបាយ​សម្លាប់​មុខ​របស់​គាត់​ខ្លួនឯង​ប៉ុណ្ណោះ ព្រោះ​សហគមន៍​អន្តរជាតិ​គេ​នឹង​នៅតែ​បន្ត​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បង្ហាញ​ជំហរ​បន្ថែម​ទៀត​លើ​ករណី​កាត់ទោស​អ្នក​នយោបាយ និង​អ្នកទោស​មនសិការ​នានា​ទាំង​អយុត្តិធម៌​កន្លងមក។

លោក​បន្ថែម​ថា ដើម្បី​បិទ​ការ​ទាមទារ​នេះ លោក ហ៊ុន សែន មាន​តែ​ប្រកាស​គំរាម​បិទ​ផ្លូវ​តែប៉ុណ្ណោះ ប៉ុន្តែ​ការ​ធ្វើ​បែប​នេះ គឺជា​នយោបាយ​បំផ្លាញ​ខ្លួនឯង​ទៅវិញ ព្រោះ​សហគមន៍​អន្តរជាតិ​នឹង​មិន​ទម្លាក់​ចោល​រឿង​នេះ​ឡើយ។

ចាប់តាំងពី​អំឡុង​ខែ​ឧសភា ឆ្នាំ​២០២០ មក ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​ទទួល​ជួប​ពិភាក្សា​ជាមួយ​ឯកអគ្គរដ្ឋទូត​របស់​ប្រទេស​ដែល​ប្រកាន់​របប​ប្រជាធិបតេយ្យ​ជា​បន្តបន្ទាប់ ដូចជា​ប្រទេស​អាល្លឺម៉ង់ សហភាព​អឺរ៉ុប អាមេរិក បារាំង អូស្ត្រាលី ជប៉ុន រហូត​ដល់​អញ្ជើញ​ឱ្យ​លោក​ទៅ​ចូល​ក្នុង​កិច្ចប្រជុំ​នៃ​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច G20 ថែម​ទៀត។

ការ​ដែល​ប្រទេស​ប្រកាន់​របប​ប្រជាធិបតេយ្យ​ទាំងនោះ​បង្ហាញ​ការ​យកចិត្ត​ទុកដាក់​លើ​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា បែប​នេះ គឺ​បង្ហាញ​ថា​ពួកគេ​មិន​ជឿ​លើ​រដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ចោទប្រកាន់​លោក កឹម សុខា ថា​បាន​ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ​នោះ​ឡើយ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស