34 C
Phnom Penh

សមត្ថកិច្ច​ដោះលែង​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​និង​សហការី​បន្ទាប់​ពី​ឃាត់​ខ្លួន​ប្រហែល​ពីរ​ម៉ោង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លោក ស្រ៊ុន ស្រ៊ន កញ្ញា សោភា និង​អ្នក​ធ្វើ​ដំណើរ​ជាមួយ ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​ក្រចេះ ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើងវិញ​ក្រោយពី​មាន​ការ​ឃាត់​ខ្លួន​កាលពី​ល្ងាច​ថ្ងៃ​ពុធ ទី​២៤ ឧសភា នេះ អំឡុង​ពេល​ដែល​ពួកគេ​កំពុង​ធ្វើការ​ផ្សាយ​បន្ត​ផ្ទាល់​អំពី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​នៅ​ក្រុង​ក្រចេះ ខេត្ត​ក្រចេះ។

សារព័ត៌មាន The Cambodia daily មិន​អាច​សុំ​ការ​បំភ្លឺ​ពាក់ព័ន្ធ​នឹង​មូលហេតុ​នៃ​ការ​ឃាត់​ខ្លួន​នេះ​ពី​សមត្ថកិច្ច​ខេត្ត​ក្រចេះ បាន​នៅឡើយ​ទេ។

ការ​ឃាត់​ខ្លួន​នេះ បន្ទាប់ពី​ពួកគាត់​បាន​ធ្វើ​ដំណើរ​ត្រឡប់​មកពី​ផ្សព្វផ្សាយ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នៅ​កម្ពុជា​ក្រោម​វិញ​ដោយ​ឆ្លងកាត់​ខេត្ត​ក្រចេះ។

គិត​មក​ដល់​ពេលនេះ សារព័ត៌មាន The Cambodia daily នៅ​មិនទាន់​អាច​ទាក់ទង​គ្រួសារ​លោក ស្រ៊ុន ស្រ៊ន ជុំវិញ​រឿង​សមត្ថកិច្ច​ឃាត់​ខ្លួន​លោក និង​សហការី​របស់​លោក​បាន​នៅឡើយ​ទេ។

លោក ស្រ៊ុន ស្រ៊ន និង​កញ្ញា សោភា តែងតែ​ផ្សព្វផ្សាយ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ជា​រៀង​រាល់ថ្ងៃ ដើម្បី​អប់រំ និង​ពន្យល់​ដល់​ពលរដ្ឋ​ឲ្យ​យល់ដឹង​អំពី​ច្បាប់​ជាតិ និង​អន្តរជាតិ។ លើស​ពី​នេះ កន្លងមក ពួកគាត់​ក៏​បាន​លើក​ទឹកចិត្ត​ពលរដ្ឋ​ដែល​រងគ្រោះ​ត្រូវ​ហ៊ាន​ធ្វើការ​តស៊ូ​មតិ និង​ការពារ​សិទ្ធិ​សេរីភាព​របស់​ខ្លួន ដោយ​ការ​ដាក់​បណ្ដឹង​តវ៉ា​នៅ​ពេល​មាន​ការ​រំលោភ​ដីធ្លី និង​ការ​ប្រព្រឹត្ត​អំពើពុករលួយ​ជាដើម​ពី​សំណាក់​អ្នក​មាន​អំណាច ឬ​មន្ត្រី​រដ្ឋាភិបាល។

មិន​ត្រឹម​តែ​ឲ្យ​ពលរដ្ឋ​យល់​អំពី​សិទ្ធិ​ទេ អ្នក​ទាំង​ពីរ​ក៏​បាន​បង្ហាញ​ពី​កាតព្វកិច្ច និង​ទំនួល​ខុសត្រូវ​របស់​រដ្ឋាភិបាល​កម្ពុជា​ចំពោះ​ប្រទេស​ជាតិ និង​ប្រជាពលរដ្ឋ​ផង​ដែរ។ ក្រៅពី​ផ្សព្វផ្សាយ​កិច្ចព្រមព្រៀង​ហើយ លោក ស្រ៊ុន ស្រ៊ន និង​កញ្ញា សោភា ក៏​បាន​ពន្យល់​ពី​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​របស់​ប្រទេស​កម្ពុជា​ទៅ​កាន់​ប្រជាពលរដ្ឋ ដើម្បី​ឲ្យ​ពួកគាត់​បាន​ដឹង​អំពី​សិទ្ធិ​សេរីភាព និង​កាតព្វកិច្ច​របស់​រដ្ឋាភិបាល​ផង​ដែរ។

ក្រៅពី​ការ​ផ្សព្វផ្សាយ​ច្បាប់ សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​រូប​នេះ​ក៏​បាន​បង្កើត​ការងារ​ឲ្យ​ពលរដ្ឋ​ធ្វើ​នៅ​ពេល​ដែល​ពួកគេ​មិន​មាន​ថវិកា​សម្រាប់​ដោះស្រាយ​បញ្ហា​ក្នុង​គ្រួសារ។

កាលពី​ពេល​ថ្មីៗ​នេះ បុរស​ខ្លាំង​កាន់​អំណាច​ត​ពូជ​នៅ​កម្ពុជា គឺ​លោក ហ៊ុន សែន បាន​ព្រមាន​ទៅ​លោក ស្រ៊ុន ស្រ៊ន ដោយ​កុំ​ឲ្យ​តាំងខ្លួន​ជា​គ្រូ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ទៀត។ ការ​ព្រមាន​របស់​លោក ហ៊ុន សែន នា​ពេលនេះ បន្ទាប់ពី​លោក ស្រ៊ុន ស្រ៊ន និង​កញ្ញា សោភា បន្ត​ផ្សព្វផ្សាយ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស រដ្ឋធម្មនុញ្ញ និង​ច្បាប់​ពាក់ព័ន្ធ​ផ្សេង​ទៀត​ទៅ​ពលរដ្ឋ បើ​ទោះបី​កន្លងមក​ពួកគាត់​ធ្លាប់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​រួច​ម្ដង​ហើយ​ក្ដី៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស