មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន អះអាងថា បញ្ហាព្រំដែនកម្ពុជា-ថៃ គឺជារឿងក្តីក្ដាំដែលហួសពីសមត្ថកិច្ចរបស់កិច្ចព្រមព្រៀងទីក្រុងប៉ារីស ខណៈកម្ពុជា បានប្តឹងថៃ ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ទៅហើយ។
ថ្លែងក្នុងកិច្ចប្រជុំព្រឹទ្ធសភា នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន លើកឡើងថា បញ្ហាព្រំដែនរវាងកម្ពុជា-ថៃ បានដើរហួសពីសមត្ថភាពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ទៅហើយ ព្រោះរាជរដ្ឋាភិបាលកម្ពុជា បានប្ដឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ព្រមទាំងវេទិកាអន្តរជាតិនានាដទៃទៀតទៅហើយនោះ។
លោក ហ៊ុន សែន ជំរុញឱ្យអ្នកដែលទាមទារឲ្យរដ្ឋាភិបាលកម្ពុជា លើកយកបញ្ហាព្រំដែនកម្ពុជា-ថៃ ប្ដឹងទៅសហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដាក់សំណើដោយខ្លួនឯងដើម្បីឱ្យប្រាកដថា តើមេដឹកនាំប្រទេសទាំងនោះឯកភាពឬក៏អត់។
មេដឹកនាំបក្សកាន់អំណាចរូបនេះ បញ្ជាក់ថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មិនមានសមត្ថកិច្ចក្នុងការដោះស្រាយ ឬសម្របសម្រួលបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ ឡើយ ព្រោះកិច្ចព្រមព្រៀងនេះបានអស់សុពលភាពតាំងពីសភាធម្មនុញ្ញ បានក្លាយទៅជាសភាជាតិ បង្កើតរដ្ឋាភិបាល និងការបញ្ចប់បេសកកម្មរបស់អង្គការសហប្រជាជាតិនៅកម្ពុជា មកម្ល៉េះ។
លោក ហ៊ុន សែន គូសបញ្ជាក់ថា អ្នកដែលទាមទារឱ្យរដ្ឋាភិបាលលើកយកបញ្ហាព្រំដែនប្តឹងថៃ ទៅសហប្រធានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដោយសារពួកគេមិនបានសិក្សាឱ្យជ្រាលជ្រៅ និងលម្អិតទៅលើខ្លឹមសារនៃកិច្ចព្រមព្រៀងនេះ ទើបពួកគេចេះតែទាមទារឱ្យរដ្ឋាភិបាលធ្វើតាមរឿងដែលពួកគេមិនយល់បែបនេះ។
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺជាកិច្ចព្រមព្រៀងអន្តរជាតិមួយដែលត្រូវបានចុះហត្ថលេខាទទួលស្គាល់ដោយប្រទេសចំនួន ១៨ប្រទេស ដើម្បីបញ្ចប់ជម្លោះនយោបាយនៅកម្ពុជា ផង ដើម្បីបញ្ឈប់ការឈ្លានពានពីបរទេសជិតខាងមកលើកម្ពុជា ផង ហើយក៏ដើម្បីកសាងកម្ពុជាឡើងវិញក្រោយពីសង្គ្រាមផ្ទៃក្នុងដ៏រ៉ាំរ៉ៃអស់ជាច្រើនទសវត្សរ៍ផងដែរ។
ជុំវិញបញ្ហានេះ អ្នកវិភាគនយោបាយសង្គម បណ្ឌិត ឡៅ ម៉ុងហៃ បានលើកឡើងកាលពីថ្ងៃទី២៣ ខែតុលា ក្នុងថ្ងៃខួប ៣៤ឆ្នាំនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ថា មិនដឹងជាមូលហេតុអ្វីបានជារដ្ឋាភិបាលមិនយកកិច្ចព្រមព្រៀងទីក្រុងប៉ារីស ទៅដោះស្រាយការឈ្លានពានទឹកដីខ្មែរពីប្រទេសថៃ។
បណ្ឌិត ឡៅ ម៉ុងហៃ លើកឡើងថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មានពីរផ្នែក ក្នុងនោះ ផ្នែកទី២ បានចែងយ៉ាងច្បាស់អំពីការធានាអន្តរជាតិចំពោះអធិបតេយ្យភាព ឯករាជ្យ បូរណភាពទឹកដី អព្យាក្រឹតភាព និងឯកភាពជាតិរបស់កម្ពុជា។
អ្នកវិភាគនយោបាយសង្គមរូបនេះ បញ្ជាក់ថា ការធានានេះគឺរដ្ឋាភិបាលកម្ពុជា និងភាគីនានានៃកិច្ចព្រមព្រៀងនេះ បានសន្យាយ៉ាងឱឡារិកថានឹងថែរក្សា ការពារ និងគោរពគ្រប់បែបយ៉ាងទាំងអស់ដល់អធិបតេយ្យភាព ឯករាជ្យ បូរណភាព និងភាពមិនអាចរំលោភបាននៃដែនដី អព្យាក្រឹតភាព និងឯកភាពជាតិរបស់កម្ពុជា។
ចំណែកស្ថានទូតបារាំងប្រចាំកម្ពុជា អះអាងក្នុងថ្ងៃខួប ៣៤ឆ្នាំនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែរថា ប្រទេសបារាំង ដែលបានធ្វើជាសហប្រធានលើកិច្ចព្រមព្រៀងនេះ នៅតែប្រកាន់ខ្ជាប់យ៉ាងពេញលេញចំពោះមរតកនៃគោលការណ៍នានានៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលបានចែងក្នុងរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា សព្វថ្ងៃនេះ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

