29 C
Phnom Penh

លោក ហ៊ុន សែន អំពាវនាវ​ឱ្យ​គណៈសង្ឃ​បញ្ឈប់​វិវាទ​ដែល​កើត​ក្នុង​រង្វង់​សម្តេច​សង្ឃ​ជាបន្ទាន់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន អំពាវនាវ​ឱ្យ​គណៈសង្ឃ​ដែល​កំពុងតែ​វាយប្រហារ​គ្នា​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជុំវិញ​ការ​កើតទុក្ខ​មិន​សុខចិត្ត​រឿង​ដំឡើង​គោរមងារ​នោះ ត្រូវតែ​បញ្ឈប់​ជាបន្ទាន់ ដើម្បី​កុំ​ឱ្យ​ជម្លោះ​នេះ​បន្ត​វែងឆ្ងាយ​ទៅ​មុខ​ទៀត ហើយ​រឿង​នេះ​គ្មាន​នរណា​អាច​ដោះស្រាយ​បាន​ក្រៅពី​រូបលោក​ឡើយ។

ក្នុង​ពិធី​សម្ពោធ​ទីតាំង​ថ្មី​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ នៅ​ថ្ងៃទី​២៤ ខែ​ឧសភា ឆ្នាំ​២០២៣ នេះ បុរស​ខ្លាំង​លោក ហ៊ុន សែន បញ្ជាក់​ថា ជា​រឿង​ដែល​ហួសចិត្ត​បំផុត​ដែល​ថ្នាក់​កំពូល​របស់​ព្រះសង្ឃ​នៅ​កម្ពុជា​ចាប់ផ្តើម​បែកបាក់​ក្នុង​រង្វង់​គណៈ​មហានិកាយ​ខ្លួនឯង ដែល​ជា​បញ្ហា​មិន​គួរ​ឱ្យ​កើត​មាន ដូច្នេះ​ដើម្បី​កុំ​ឱ្យ​វិវាទ​នេះ​ចេះតែ​វែងឆ្ងាយ​ទៅ​មុខ​ទៀត មាន​តែ​សម្រុះសម្រួល​គ្នា​ប៉ុណ្ណោះ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​គណៈសង្ឃ​នាយក​បាន​ចោទ​សម្តេច​ព្រះ​ធម្មលិខិត សៅរ៍ ច័ន្ទថុល ថា​បាន​លួច​ដំឡើង​គោរមងារ​ឲ្យ​ព្រះសង្ឃ​ដទៃ​ទៀត​ខុស​ពី​ការ​សម្រេច​របស់​អង្គប្រជុំ​កាលពី​ពេល​ថ្មីៗ​នេះ។

កាលពី​ថ្ងៃទី​២៣ ខែ​ឧសភា ឆ្នាំ​២០២៣ លេខាធិការដ្ឋាន​នៃ​គណៈ​សង្ឃនាយក​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ដោយ​ចោទ​សម្តេច​ព្រះ​ធម្មលិខិត សៅរ៍ ច័ន្ទថុល្ល ថា​បាន​ក្បត់​ប្រធាន​អង្គប្រជុំ​សម្តេច​ព្រះ​ពោធវ័ង្ស អំ លឹមហេង ដែល​ជា​ព្រះសង្ឃ​នាយករង​ទី​១​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​លួច​ដំឡើង​គោរមងារ​ទៅ​ព្រះសង្ឃ​ដទៃ​ខុស​ពី​ការ​សម្រេច​របស់​ជំនុំ​សង្ឃ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​១៩ ខែ​មេសា ឆ្នាំ​២០២៣ សម្តេច​សង្ឃ​គណៈ​មហានិកាយ​ចំនួន ៨​អង្គ ដូចជា​ព្រះ​ពោធវ័ង្ស អំ លឹមហេង សម្តេច​ព្រះ​វនរ័ត្ន ណយ ច្រឹក និង​សម្តេច​ព្រះ​ធម្មលិខិត​បណ្ឌិត សៅរ៍ ច័ន្ទថុល្ល ជាដើម បាន​សម្រេច​ក្នុង​អង្គប្រជុំ​ជ្រើសរើស​ព្រះពុទ្ធ​វង្ស ហ៊ូ ឈីវនាថ គង់​នៅ​វត្ត​បទុមវតី ឱ្យ​ទទួល​គោរមងារ​ជា​ព្រះ​មហា​វិមលធម្ម​ព្រះរាជ​គណៈ​ថ្នាក់​ទោ។

បន្ទាប់ពី​សម្រេច​ក្នុង​អង្គប្រជុំ នៅ​ថ្ងៃទី​២៤ ខែ​មេសា ឆ្នាំ​២០២៣ គណៈ​សង្ឃនាយក​បាន​ធ្វើ​លិខិត​មួយ​ដោយ​ស្នើសុំ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ឱ្យ​ស្នើ​ទៅ​ព្រះមហាក្សត្រ​ផ្តល់​គោរមងារ​ដល់​ព្រះ​ពុទ្ធវង្ស ហ៊ូ ឈីវនាថ ជា​ព្រះ​មហា​វិមលធម្ម​ផង​ដែរ។ រហូត​ដល់​ថ្ងៃទី​១ ខែ​ឧសភា ឆ្នាំ​២០២៣ ព្រះមហាក្សត្រ​ក៏​បាន​ផ្តល់​គោរមងារ​ដល់​ព្រះ​ពុទ្ធវង្ស ហ៊ូ ឈីវនាថ ជា​ព្រះ​មហា​វិមលធម្ម​តាម​ការ​ស្នើសុំ​នេះ។

យ៉ាងណា​ក៏ដោយ នៅ​ថ្ងៃទី​២០ ខែ​ឧសភា ឆ្នាំ​២០២៣ ស្រាប់តែ​បែក​ធ្លាយ​ព្រះរាជក្រឹត្យ​មួយ​ទៀត​ដែល​បាន​ផ្តល់​គោរមងារ​ដល់​ព្រះភិក្ខុ មួង ស្រឿង ដែល​មាន​ឈ្មោះ​ថ្មី​ក្នុង​ព្រះពុទ្ធសាសនា​ថា មួង សទ្ធាពុទ្ធ ពង្ស ដែល​ជា​ព្រះ​គ្រូ​ចៅអធិការ​វត្ត​វាំងចាស់ ត្រូវ​បាន​ផ្តល់​គោរមងារ​ជា​ព្រះ​មហា​វិមលធម្ម តាមរយៈ​សម្តេច​ព្រះ​ធម្មលិខិត សៅរ៍ ច័ន្ទថុល្ល ដែល​បាន​ស្នើសុំ​កាលពី​ថ្ងៃទី​៣ ខែ​មេសា ឆ្នាំ​២០២៣ ទៅ​វិញ។

ជុំវិញ​បញ្ហា​នេះ លេខាធិការដ្ឋាន​នៃ​គណៈ​សង្ឃនាយក អះអាង​ថា ក្រោយ​បែកធ្លាយ​ព្រះរាជក្រឹត្យ​នេះ គណៈសង្ឃ​ក៏​បាន​សាកសួរ​ទៅ​សម្តេច​ព្រះ​ធម្មលិខិត សៅរ៍ ច័ន្ទថុល្ល អំពី​រឿង​នេះ​ដែរ តែ​ព្រះអង្គ​ឆ្លើយ​ថា​មិន​ដឹង ដែល​ចម្លើយ​នេះ គណៈសង្ឃ​នាយក​ចាត់ទុក​ជា​ចម្លើយ​ទុច្ចរិត។

គោរមងារ​ជា​ព្រះ​មហា​វិមលធម្ម ត្រូវ​បាន​ផ្តល់​ដោយ​សម្តេច​ព្រះបាទ នរោត្តម សីហនុ ដល់​ព្រះភិក្ខុ ពិន សែម តាំងពី​ឆ្នាំ​១៩៥៣ មក ប៉ុន្តែ​គោរមងារ​នេះ​ត្រូវ​បាន​ប្រជុំ​វាយតម្លៃ និង​សម្រេច​ផ្តល់​ឱ្យ​ព្រះ​ពុទ្ធវង្ស ហ៊ូ ឈីវនាថ វិញ បន្ទាប់ពី​ព្រះភិក្ខុ ពិន សែម ត្រូវ​ដំឡើង​គោរមងារ​ជា​សម្តេច​ព្រះ​ព្រហ្ម​រត្នមុនី កាលពី​ចុងខែ​មេសា ឆ្នាំ​២០២៣ កន្លងទៅ​នេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ ប្រភព​គណៈសង្ឃ​នាយក​ទម្លាយ​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃទី​២៤ ឧសភា នេះ​ថា អំពើពុករលួយ​នៅ​ក្នុង​ជួរ​សម្តេច​សង្ឃ​មិន​ខុស​ពី​មន្ត្រី​រាជការ​ទូទៅ​នោះ​ទេ ជាពិសេស​ព្រះសង្ឃ ឬ​ព្រះ​គ្រូ​ចៅអធិការ​ដែល​ចង់​ឡើង​ឋានៈ​បុណ្យ​ស័ក្តិ ឬ​ចង់​បាន​គោរមងារ តែង​ប្រើ​លុយកាក់​រត់ការ​សូកប៉ាន់​មន្ត្រី​សង្ឃ​ដែល​ជា​រាជាគណៈ​ឱ្យ​ជួយ​ស្នើសុំ​ឱ្យ​ខ្លួន​រហូត​មក ជាពិសេស​ទង្វើ​របស់​សម្តេច​ព្រះ​ធម្មលិខិត សៅរ៍ ច័ន្ទថុល នៅ​ពេលនេះ​ក៏​ទាក់ទង​នឹង​អំពើពុករលួយ​ដែរ។

ប្រភព​ដដែល​លើកឡើង​ថា អំពើពុករលួយ​ក្នុង​ជួរ​គណៈសង្ឃ​នេះ​បាន​រីក​រាលដាល​ទៅ​តាម​វត្ត​នានា​នៅ​គ្រប់​ទីកន្លែង​ទាំងអស់ ជាពិសេស​មន្ទីរ​ធម្មការ និង​សាសនា តែង​ប្រើ​អំណាច​គាប​សង្កត់​ព្រះសង្ឃ​ដែល​ជា​ព្រះ​គ្រូ​ចៅអធិការ​ឱ្យ​បង់​លុយ​ឱ្យ​ខ្លួន​តាម​រដូវកាល ជាដើម ជា​ថ្នូរ​នឹង​ការ​រក្សា​តំណែង​ជា​ចៅអធិការ​វត្ត​បាន​យូរ​អង្វែង​ទៅ​ថ្ងៃ​មុខ​បន្ត​ទៀត៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស