29 C
Phnom Penh

អតីត​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​១៤​នាក់​ត្រូវ​បាន​លើកលែង​ទោស​បន្ទាប់ពី​សុំទោស​លោក ហ៊ុន សែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រះមហាក្សត្រ​លើកលែង​ទោស​ដល់​អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ១៤​នាក់ ក្នុង​សំណុំរឿង «រួម​គំនិត​ក្បត់ និង​ញុះញង់» ឲ្យ​មាន​សេរីភាព​វិញ បន្ទាប់ពី​បាន​សុំទោស​លោក ហ៊ុន សែន ដែល​ជា​អ្នក​បញ្ជា​ឲ្យ​សមត្ថកិច្ច​ចាប់​ខ្លួន។

យោង​តាម​ព្រះរាជក្រឹត្យ​របស់​ព្រះករុណា ព្រះបាទ សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​កម្ពុជា កាលពី​ថ្ងៃទី​២៣ ខែ​ឧសភា ឆ្នាំ​២០២៣ បាន​ត្រាស់​បង្គាប់​លើកលែង​ទោស​ដល់​អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ១៤​នាក់ ចាប់​ពី​ថ្ងៃ​ឡាយព្រះហស្តលេខា​តទៅ។

អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ១៤​នាក់​នោះ​មាន៖

  1. លោក កែវ ថៃ
  2. លោក ស៊ុន ធន់
  3. លោក គង់ សំអាន
  4. លោក ឡុង ផារី
  5. លោក ពៀត ម៉ាប់
  6. លោក សុខ ចាន់ថា
  7. លោក យឹម សារ៉េត
  8. លោក ងិន ឃាន
  9. លោក វឿង វាសនា
  10. លោក ឃុត ច្រិក
  11. លោក ជុំ ចាន់
  12. លោក ឃឹម ភាណា
  13. លោក ញ៉ែម វាន
  14. និង​លោក ថៃ សុគន្ធា។

ការ​លើកលែង​ទោស​អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ១៤​នាក់​ដែល​គេ​ស្គាល់​ថា​ជា​មន្ត្រី ជា​ចៅសង្កាត់ និង​ជា​ជំទប់ ដែល​បាន​ជាប់​ឆ្នោត​កាលពី​បោះឆ្នោត​ឆ្នាំ​២០១៧ នេះ បាន​ធ្វើឡើង​តាមរយៈ​លិខិត​សុំ​ការ​អន្តរាគមន៍​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ១៤​នាក់​នេះ ត្រូវ​បាន​តុលាការ​ក្រោម​បញ្ជា​របស់​លោក ហ៊ុន សែន កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់ៗ​ចន្លោះ​ពី ៣ ទៅ ៧​ឆ្នាំ ពី​បទ «រួម​គំនិត​ក្បត់ និង​ញុះញង់» ពាក់ព័ន្ធ​នឹង​ដំណើរ​វិលត្រឡប់​មក​កម្ពុជា​របស់​លោក សម រង្ស៊ី កាលពី​ឆ្នាំ​២០១៩។ គិត​មក​ដល់​ឆ្នាំ​២០២៣ នេះ ពួកគេ​ជាប់​ពន្ធនាគារ​ម្នាក់ៗ​ចន្លោះ​ពី ២ ទៅ ៣​ឆ្នាំ​ហើយ។

នៅ​អំឡុង​ពេល​ជាប់​ពន្ធនាគារ ក្រុម​សាច់ញាតិ​របស់​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចេញ​តវ៉ា​ជា​ហូរហែ ដែល​ហៅថា​ជា​ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ។ ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ ជា​ញឹកញយ​បាន​ប៉ះទង្គិច​ជាមួយ​នឹង​អាជ្ញាធរ​នា​អំឡុង​ពេល​ដែល​ពួកគេ​ចេញ​តវ៉ា ដើម្បី​ទាមទារ​ដោះលែង​ស្វាមី និង​សាច់ញាតិ​ដែល​ជាប់​ពន្ធនាគារ។

គិត​មក​ដល់​ពេលនេះ​មាន​សកម្មជន​អតីត​បក្ស​សង្គ្រោះ​ជាតិ​ចំនួន ២៤​រូប​ហើយ ដែល​ទទួល​បាន​ការ​លើកលែង​ទោស និង​ត្រូវ​បាន​ដោះលែង​នៅ​ក្នុង​សំណុំរឿង​ក្បត់​ជាតិ ក្រោយ​ពេល​ដែល​ពួកគេ​បាន​សុំទោស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស