អតីតតំណាងរាស្ត្ររបស់បក្សសង្គ្រោះជាតិមួយរូបលើកឡើងថា ការប្រកាសធានានូវការផ្ទេរអំណាចដោយសន្តិវិធីរបស់នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា ទៅឱ្យគណបក្សដែលឈ្នះឆ្នោត គឺជាគំរូល្អមួយសម្រាប់នយោបាយប្រទេសថៃ ដែលខុសពីមេដឹកនាំខ្មែរលោក ហ៊ុន សែន ដែលក្រាញអំណាច និងកំពុងរៀបចំផែនការផ្ទេរអំណាចទៅឲ្យកូនខ្លួនឯងថែមទៀតនោះ។
លោក អ៊ុំ សំអាន បានសរសេរនៅលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២៥ ឧសភា នេះថា ប្រសិនបើនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា ចង់ក្រាញអំណាចដូចលោក ហ៊ុន សែន គាត់ក៏អាចធ្វើបានដែរតាមរយៈនៃការរំលាយបក្សប្រឆាំងធំៗរបស់ប្រទេសថៃ នៅមុនការបោះឆ្នោតមកដល់ ដូចដែលលោក ហ៊ុន សែន រំលាយគណបក្សសង្គ្រោះជាតិកាលពីឆ្នាំ២០១៧ កន្លងទៅដូច្នោះដែរ។
លោកបន្តថា ទង្វើរបស់លោក ប្រាយុទ្ធ ចាន់អូចា ដែលមិនរំលាយបក្សប្រឆាំង និងរៀបចំឲ្យមានការបោះឆ្នោតដែលអាចចូលបានពីគ្រប់ភាគីបែបនេះ បង្ហាញពីភាពក្លាហានដោយហ៊ានទទួលខុសត្រូវរបស់គាត់ ដែលខុសពីលោក ហ៊ុន សែន ជាមេដឹកនាំដែលកំសាកមិនហ៊ានរៀបចំឲ្យមានការបោះឆ្នោតដោយត្រឹមត្រូវ និងតម្លាភាព ដោយព្រមទទួលលទ្ធផលដែលខ្លួនបានប្លន់ពីគណបក្សសង្គ្រោះជាតិដោយឥតអៀនខ្មាសកន្លងមក។
លោកបញ្ជាក់ថា លោក ហ៊ុន សែន មិនត្រឹមតែខ្លាចអតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី និងប្រធានអតីតគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ទេ សូម្បីតែសកម្មជន និងមន្ត្រីបក្សប្រឆាំងផ្សេងទៀត រួមទាំងគណបក្សភ្លើងទៀនផង ក៏គាត់មិនហ៊ានប្រកួតប្រជែងក្នុងការបោះឆ្នោតដោយសេរី និងយុត្តិធម៌ដែរ។
កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ កាសែត Bangkok Post របស់ប្រទេសថៃ បានចុះផ្សាយថា នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានប្រកាសធានាពីការផ្ទេរអំណាចដោយសន្តិវិធីពីរដ្ឋាភិបាលបណ្ដោះអាសន្នរបស់លោកទៅឱ្យរដ្ឋាភិបាលថ្មី ខណៈវិធានការជាច្រើនកំពុងត្រូវបានអនុវត្ត ដើម្បីការពារសេដ្ឋកិច្ចជាតិអំឡុងនីតិវិធីផ្ទេរអំណាចនេះ។
លោក ប្រាយុទ្ធ ចាន់អូចា បានលើកឡើងថា អំឡុងពេលដែលប្រទេសថៃបន្តដំណើរឆ្ពោះទៅមុខ លោកនឹងបន្តការពារប្រជាជនបន្តទៀត ដើម្បីរង់ចាំរដ្ឋាភិបាលថ្មីឡើងមកកាន់អំណាចបន្តពីរដ្ឋាភិបាលរបស់លោក ព្រោះលោកមិនមានបញ្ហាជាមួយគ្រប់ភាគីណាមួយនោះឡើយ ដោយសារតែលោកគោរពតាមនីតិវិធីប្រជាធិបតេយ្យដែលកំពុងដំណើរការសព្វថ្ងៃនេះ។ ជាងនេះទៀត លោក ប្រាយុទ្ធ ចាន់អូចា បានជំរុញឱ្យគ្រប់ភាគីទាំងអស់កុំឱ្យបង្កើតសេណារីយ៉ូបំភិតបំភ័យណាមួយពីស្ថានការណ៍នយោបាយ ដែលអាចធ្វើឱ្យប្រជាជនផ្ទុះកំហឹងផងដែរ។
ការអះអាងរបស់នាយករដ្ឋមន្ត្រីថៃ បែបនេះ ធ្វើឡើងផ្ទុយស្រឡះពីនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ទាំងស្រុង ដែលតែងប្រកាសពីសង្គ្រាមប្រសិនបើគណបក្សប្រជាជនកម្ពុជារបស់លោកចាញ់ឆ្នោត។
ជាក់ស្តែង កាលពីចុងឆ្នាំ២០២២ ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៅរាជធានីភ្នំពេញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គំរាមថា ប្រសិនបើគណបក្សប្រជាជនកម្ពុជាមិនអាចគ្រប់គ្រងអំណាចបន្តទេ សង្គ្រាមនឹងផ្ទុះឡើងដោយចៀសមិនរួចឡើយ។ ការព្រមានរបស់លោក ហ៊ុន សែន នៅពេលនោះ ត្រូវគេកត់សម្គាល់ឃើញថាជាការព្រមានទៅកាន់ពលរដ្ឋខ្មែរនៅមុនការបោះឆ្នោតថ្នាក់ជាតិ ដែលធ្វើឡើងនៅថ្ងៃទី២៣ ខែកក្កដា ដែលនៅសល់ប្រមាណជិត ២ខែទៀតនេះ។
ទាក់ទិននឹងបញ្ហានេះ ក្រុមអ្នកសង្កេតការណ៍លើកឡើងថា កម្ពុជាក្រោមការដឹកនាំរបស់គណបក្សកាន់អំណាចដែលមានលោក ហ៊ុន សែន ជាមេដឹកនាំ បានរំលោភកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស រំលោភច្បាប់ រំលោភសិទ្ធិមូលដ្ឋានរបស់ពលរដ្ឋ ជាន់ឈ្លីលទ្ធិប្រជាធិបតេយ្យ និងធ្វើឱ្យបាត់បង់នូវអធិបតេយ្យជាតិយ៉ាងធ្ងន់ធ្ងរ តាមរយៈនៃប្រើអំណាចតាមបែបយោធាដែលគណបក្សប្រជាជនកម្ពុជាតែងតែលួចស្ទើរតែគ្រប់អាណត្តិរហូតមក។
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា បានលើកឡើងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិលើកទី៤៩ នៅទីក្រុងហ្សឺណែវ កាលពីចុងឆ្នាំ២០២២ ថា ទិដ្ឋភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានៅតែមានការព្រួយបារម្ភយ៉ាងខ្លាំង ដោយសារលំហសេរីភាពរបស់ពលរដ្ឋ និងនយោបាយនៅកម្ពុជាកាន់តែរួមតូច និងកំពុងដើរថយក្រោយ៕